អ្នកជំងឺប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម ឬហៅកាត់ថា ប.ស.ស ត្អូញត្អែពីផលលំបាក និងមានភាពស្មុគស្មាញ ដោយពួកគេអះអាងថា ការផ្តល់សេវានៅតាមមន្ទីរពេទ្យរដ្ឋ គឺមានភាពយឺតយ៉ាវ ព្រមទាំងមានភាពស៊ាំញ៉ាំច្រើន ដោយអនុវត្តនីតិវិធីច្រើនពេក។
ថ្លែងប្រាប់សំឡេងប្រជាធិបតេយ្យ វីអូឌី នៅថ្ងៃនេះ ដែលស្នើសុំមិនបញ្ចេញឈ្មោះ ក្រុមអ្នកជំងឺដែលកាន់ប័ណ្ណ ប.ស.ស នៅក្នុងមន្ទីរពេទ្យអង្គឌួង និយាយថា លក្ខខណ្ឌរបស់បេឡាជាតិរបបសន្តិសង្គម ពិតជាមានបង្កភាពស្មុគស្មាញ និងនីតិវិធីស្អេកស្កះពេកណាស់។
ពួកគេបន្តថា ការធ្វើដូចនេះ នាំឱ្យអ្នកជំងឺកកស្ទះ និងបង្កផលលំបាក ហើយអ្នកខ្លះទៀត ត្រូវងើបតាំងពីម៉ោង ៣ទៅម៉ោង៤ទៀបភ្លឺ ដើម្បីរងចាំបានលេខចូលពិនិត្យជំងឺ។ បើមិនដូច្នេះ គឺអ្នកជំងឺសម្រុកកកកុញ មិនងាយបានពិនិត្យឡើយ។ មានអ្នកខ្លះ ត្រូវរងចាំដល់ទៅ២ថ្ងៃក៏មានដែរ ទើបអាចមានឈ្មោះត្រូវជួបគ្រូពេទ្យ។ ការប្រើពេលដ៏យូរបែបនេះ នោះក៏ព្រោះតែអ្នកជំងឺ ដែលប្រើប្រាស់ប័ណ្ណ ប.ស.ស នេះច្រើនណាស់ពេក។
ប្រភពដដែល បន្តថា បើពិនិត្យពីប្រសិទ្ធិភាពនៃការព្យាបាលនេះ មិនជាអស្ចារ្យប៉ុន្មានទេ ប៉ុន្តែដោយសារពួកគេគ្មានជម្រើសណាដែលល្អជាងនេះ ព្រោះតែការព្យាបាលតាមរយៈប្រើប័ណ្ណ ប.ស.ស នេះមិនអស់ប្រាក់។ ហេតុនេះ បើទោះជាត្រូវជួបការលំបាក និងភាពស្មុគស្មាញ ដោយការអនុវត្តនីតិវិធីបន្តិចក្តី ក៏ពួកគេបន្តតស៊ូដែរ ប្រសើរជាងដេកស្លាប់នៅផ្ទះ គ្មានថ្នាំព្យាបាល។
អ្នកជំងឺស្នើសុំឱ្យស្ថាប័ន បសស គួរបន្ថយគោលការណ៍ ចំពោះអ្នកដែលវេជ្ជបណ្ឌិត ឬគ្រូពេទ្យព្យាបាល ណាត់ជាលើកទី២ ឬមានការណាត់រួចហើយ គួរកុំឱ្យទៅឈរតម្រង់ជួរឡើងវិញ ដូចអ្នកទើបមកដល់ពីដំបូងធ្វើអ្វី។ ការអនុវត្តនីតិវិធីបែបនេះ ទី១កាត់បន្ថយ ការកកស្ទះអ្នកជំងឺហើយ ជាការជួយសម្រួលបន្ទុកភាពស្មុគស្មាញឱ្យអ្នជំងឺថែមទៀតផង៕