អ្នកមានជម្លោះដីធ្លីជាមួយ​ក្រុមហ៊ុន​វៀត​ណាម​នៅ​ខេត្ត​ក្រចេះ​បន្ត​រក​មេដឹក​នាំ​ជួយ

តំណាង​អ្នកមាន​ជម្លោះ​ដីធ្លី ជាមួយ​ក្រុម​ហ៊ុន​វៀត​ណាម នៅ​ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ចន្ទ​នេះ​ បាន​បន្ត​ឡើង​មក​ភ្នំពេញ​ជាថ្មី​ទៀត ស្នើ​ឱ្យ​មេដឹកនាំ​ជួយ​អន្តរាគមន៍​យក​ដី​ជាង ៥០០​ហិកតា ដើម្បី​ឱ្យ​ពួក​គេ​បាន​អាស្រ័យ​ផល​ឡើង​វិញ ក្រោយ​​រង​គ្រោះ​ជិត​១ឆ្នាំ គំរាម​កំហែង​ជីវិ​ត​ពួក​គេជិត​ ៣០០​គ្រួសារ ។

បើតាម​តំណាងអ្នកតវ៉ា នៅ​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ ពួក​គេ​៦នាក់ បាន​ដើរ​ដាក់​ញត្តិ​ទៅ​ក្រសួង​យុត្តិធម៌ និង​ក្រសួង​កសិកម្ម ឱ្យ​ជួយ​ពន្លឿន​ការ​ដោះ​ស្រាយ ។

ពួកគេ​អះអាង​ថា ការ​អូស​បន្លាយ​រក​ដំណោះ​ស្រាយ​នេះ មិន​ត្រឹម​ធ្វើ​ឱ្យ​ពួក​គេ​ជួប​វិបត្តិ​ជីវភាព​ប៉ុណ្ណោះ​ទេ​ តែ​ក្រុម​ហ៊ុន​វៀត​ណាម​នេះ បាន​ប្តឹង​តំណាង​ពួក​គេ​ចំនួន​៦នាក់ ដែល​សកម្ម​ចេញ​មក​​តវ៉ា​ទៅ​តុលាការ ចោទ​ថា​កសិករ​ជា​អ្នក​បំពាន​ក្រុម​ហ៊ុន​ទៅ​វិញ។

អ្នកស្រី អែល រ៉ូហ្សា និយាយថា មន្ត្រីនៅក្រសួង​យុត្តិធម៌​បាន​អះ​អាង​ថា ពួកគេ​នឹង​ផ្តល់​ព័ត៌​មាន​តាម​ក្រោយ​ពី​សំណើរ​សុំ​កិច្ច​អន្តរាគមន៍​ ដើម្បី​ស្វែង​រក​យុត្តិ​ធម៌​ជុំ​វិញ​ជម្លោះ​ដីធ្លី​នេះ។

អ្នកស្រីថា៖ «ដីពលរដ្ឋ​មាន​តិច​ទេ​សម្រាប់​អាស្រ័យ​ផល ប៉ុន្តែ​សម្រាប់​ដៃ​មន្ត្រី​វិញ​មាន​ច្រើន ២០​ទៅ​៣០​ហិកតា និង​ខ្លះ​១០០​ហិកតា ។ រីឯ​ត្រឹម​មេ​ការ​វៀត​ណាម​សោះ មាន​ដី​លក់​ហើយ​មាន​ដី​ជួល​ឱ្យ​ក្រុម​ហ៊ុន​ទៀត។ ខ្ញុំចង់​ឱ្យ​មន្ត្រីរដ្ឋាភិបាល​រក​យុត្តិធម៌​កន្លែង​ហ្នឹង​ឱ្យ​ច្បាស់»។

ដូចគ្នា​នេះដែរ តំណាងអ្នកភូមិមា្នក់ទៀត គឺ​លោក ភេម ឡៃ ឱ្យ​ដឹង​ថា ជិត​១ឆ្នាំ​ទៅ​នេះ ពួក​គេ​បាន​ឡើង​មក​ភ្នំពេញ រក​កិច្ច​អន្តរាគមន៍​ពី​មេដឹក​នាំ​ញឹក​​ញាប់ ប៉ុន្តែ​​ថា ​មក​​ដ​ល់​​ពេល​​នេះ​​គ្មាន​ដំណោះ​​ស្រាយ​​ទេ។

លោកថា៖ «ក្រុមហ៊ុន​ពីមុន​គេ​ថា​ គេ​កាយ​ក្រវ៉ាត់​ព្រំដី​ហ្នឹង​ គេ​កាយ​សិន​ទេ ចំាំ​គេ​ដោះ​ដូរ​ដី​ឱ្យ​ប៉ុន្តែ​ជិត​១ឆ្នាំ​ទៅ​នេះ អត់​មាន​ដី​ដោះ​ដូរ​ឱ្យ​ទេ។ អាជ្ញាធរ​វិញ​រក​ដំណោះ​ស្រាយ​ឱ្យ​ដែរ ប៉ុន្តែ​ដំណោះ​ស្រាយ​ប្រជា​ពលរដ្ឋ​ទទួល​យក​អត់​បាន ហៅ​ទៅ​ដោះ​ស្រាយ​កាន់​ជើង​តែ​ខាង​ភាគី​ក្រុម​ហ៊ុន»។

អ្នកនាំពាក្យសមាគម​​ការពារ​​សិទ្ធិ​​មនុស្ស​អាដ​ហុក លោក យិន ម៉េងលី មាន​​ប្រសាសន៍ថា​ការ​បន្ត​អូស​បន្លាយ​មិន​ព្រម​ដោះ​ស្រាយ​នេះ ធ្វើឱ្យ​ប៉ះ​ពាល់​ដល់​ជីវភាព​ពលរដ្ឋ​ជា​ខ្លាំង ជាពិសេស​កូនៗ​ពួក​គេ​អាច​ប្រឈម​បោះ​បង់​ការ​សិក្សា​ដោយ​សារ​ខ្វះ​ខាត​ថវិកា និង​បំណុល។

លោកថា៖ «ក្រសួង​ដែល​ពាក់​ព័ន្ធ​ដែល​ប្រជាពលរដ្ឋ​ឡើង​មក​តវ៉ា​ ដាក់​ពាក្យ​បណ្ដឹង ​ហាក់​ដូច​ជា​ស្ងៀម​ស្ងាត់ ​ហើយ​ឱ្យ​ក្រុម​ហ៊ុន​ប្ដឹង​ប្រជា​ពលរដ្ឋ​ទៅ​តុលាការ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ពួក​គាត់ ប៉ះ​ពាល់​ដល់​ការ​សិក្សា​ប៉ះ​ពាល់​ដល់​ធនធាន​របស់​ប្រទេស​ទៅ​ទៀត»។

បើតាមញត្តិចុះថ្ងៃទី១៩ ខែ​មិថុនា ឆ្នាំ២០២៤ ដែល​អ្នក​ភូមិ​ដាក់​ទៅ​ក្រសួង​ដែន​ដី បាន​ឱ្យដឹង​ថា កាលពី​ថ្ងៃ​​​ទី​៣០ ខែ​ឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុន​កសិកម្ម​យុវជន​​ស្វាយ​រៀង ដែល​គេ​ស្គាល់​ថា​ជា​ក្រុម​ហ៊ុន​វៀត​ណាម បាន​យក​គ្រឿង​ចក្រ​មក​ឈូស​ឆាយ​ព័ទ្ធ និង​បំផ្លាញ​ដំណាំ​ស្រូវ ដំឡូង​មី និង​ដើម​ស្វាយ​ចន្ទី ដើម្បី​យក​ដី​ពលរដ្ឋ ស្ថិត​នៅ​ឃុំ​កោះ​ខ្ញែរ ស្រុក​សំបូរ ខេត្ដ​ក្រចេះ បាន​ប៉ះ​ពាល់​ពលរដ្ឋ​៥ភូមិ​សរុប​ជាង​ ២០០​គ្រួសារ។

បើទោះ​បី​ពួកគេ​បាន​កាន់​កាប់ និង​អាស្រ័យ​ផល​តាំង​ពី​ឆ្នាំ​១៩៨២​មក និង​អ្នក​ខ្លះ​ទៀត​ឆ្នាំ​២០០៨ មុន រដ្ឋ​ផ្ដល់​ដី​ឱ្យ​ក្រុម​ហ៊ុន​វៀតណាម​ក្នុង​ការ​វិនិយោគ។

ជុំវិញបញ្ហានេះ ពួក​គេ​បាន​ឡើង​មក​ភ្នំពេញ​រក​ក្រសួង​ពាក់​ព័ន្ធ ជួយ​អន្តរាគមន៍​ញឹក​ញាប់ ឱ្យ​ជួយ​​ទប់​​ស្កាត់​ ប៉ុន្តែ​​ថា​​មក​ដល់​​ពេល​នេះ​គ្មាន​ដំណោះ​ស្រាយ​ទេ។

ពួកគាត់ថា ចំពេល​យុត្តិ​ធម៌​​ត្រូវ​​បាន​​ស្ថាប័ន​​ជាតិ​​កប់​​ចោល ក្រុមហ៊ុនវៀតណាម បាន​​បង្កើន​​ការ​​ប្រើ​​ដៃ​តុលាការ ប្តឹង​​​ចោទ​​ប្រកាន់​តំណាងពួកគាត់ជាជនរងគ្រោះទៅវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ