ថៃបន្តរកឃើញជនសង្ស័យ​ចម្រុះ​ជាតិ​សាសន៍​ពាក់​ព័ន្ធ​បទ​ល្មើស​ឆបោក​ក្នុង​ក្រុង​ប៉ោយ​ប៉ែត

ថៃបានអះអាង​ថា ខ្លួន​បាន​សហការ​ជាមួយ​សមត្ថកិច្ច​កម្ពុជា បង្រ្កាប​បទ​ល្មើស​ឆបោក​អន​ឡាញ​ខុស​ច្បាប់ ចាប់​ជន​សង្ស័យ​ចម្រុះ​ជាតិ​សាសន៍ ប្រមាណ​ជាង ២០០នាក់ ក្នុង​ក្រុង​ប៉ោង​ប៉ែត​ ទឹក​ដី​កម្ពុជា​ នាពេល​ថ្មីៗ​នេះ​បន្ថែម​ទៀត ដែល​ការណ៍នេះ ហាក់​ស៊ី​គ្នា​ទៅ​នឹង​ការ​ចោទ​ថា គ្រួសារ​ហ៊ុន​នៅ​ពី​ក្រោយ​បទ​ឧក្រិដ្ឋ​នេះ ។

កាលពីថ្ងៃ​ទី​២៣ ខែកុម្ភៈ សារព័ត៌មានថៃ Bangkork Post បានចុះផ្សាយថា «ជនបរទេស​​ចំនួន ២១៥​នាក់ រួម​​ទាំ​ង​​ជ​ន​ជាតិ​​ថៃ ត្រូវ​បាន​ជួយ​សង្គ្រោះ​លើទឹ​ក​ដី​កម្ពុ​ជា​ពាក់ព័ន្ធ​នឹង​អំពើ​​ឆបោក​នៅ​​កម្ពុជា»។

ប្រភព​បន្ត​ថា នគរបាល​កម្ពុជា​បាន​ជួយ​សង្គ្រោះ​ជនបរទេស​​ចំនួន ២១៥​​នាក់ ក្នុង​​នោះ ១០៩​​នាក់​ ​ជា​ជន​ជាតិ​​ថៃ ចេញ​ពី​​បរិវេណ​​ឆបោក​​ក្នុង​​ក្រុ​ង​ប៉ោយ​ប៉ែត បន្ទាប់ពី​មានការ​សហការ​គ្នារវាង​ថៃ និង​​កម្ពុជា​។

ប្រភពនោះ អះ​អាង​ថា ប្រតិបត្តិ​ការ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កិច្ច​ប្រជុំ​បន្ទាន់​កាល​ពី​ថ្ងៃ​សុក្រ រវាង​អគ្គ​អធិការ​នគរបាល​​ភូមិន្ទ​ថៃ និង​មន្ត្រី​នគរបាល​កម្ពុជា ដើម្បី​លុប​បំបាត់​ក្រុម​ឆបោក ​ឬ​ហៅ Call Centre។

ប្រភពបន្តថា ប៉ូលិស​កម្ពុជា​​បាន​​ឆ្មក់​​ចូល​​អគារ​ ៣​ជាន់ ​ក្នុង​​ខេត្ត​​បន្ទាយ​មាន​ជ័យ ដែល​ព័ត៌​មាន​រាយ​ការណ៍​​ថា ​ជ​ន​​ឆបោក​​ចិន​​ជួល​​អគារ​ ដើម្បី​​ធ្វើ​​​អាជីវកម្ម​​ឆបោក​ តាម​អ៊ីនធឺណិត និង​​ល្បែង​ស៊ីសង​នៅ​កម្ពុជា។

ជនបរទេសទាំង ២១៥នាក់ ចាប់​បាន​អំឡុង​ពេល​ឆ្មក់​ចូល រួម​មាន​ជន​ជាតិ​ថៃ ១០៩នាក់ (ស្រី៥៤នាក់) ប៉ាគីស្ថាន​៥០​នាក់ ឥណ្ឌា​៤៨​នាក់ តៃវ៉ាន់​៥នាក់ និង​ឥណ្ឌូនេស៊ី​៣នាក់ ខណៈ​ប៉ូលីស​កម្ពុជា​កំពុង​សាក​សួរ​និង​កំណត់​ទិន្នន័យ​ពួក​គេ។

ជុំវិញរឿងនេះ​ តំណាងរាស្រ្តបក្សសង្គ្រោះ​ជាតិ លោក សួន សូរីដា និយាយ​ប្រាប់​VOD​នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​នេះ​ថា ករ​ណី​​នេះ ឆ្លុះ​បញ្ចាំង​ពី​​កម្សោយ​របស់​​មេដឹក​នាំ​កម្ពុជា។

​លោកបន្តថា ករណីអាជ្ញាធរ​ថៃ​ជួយ​បង្រ្កាប​នេះ មិន​មែន​ជា​លើក​ទី​១​ទេ ដែល​ឆ្លុះបញ្ចាំងកាន់តែច្បាស់ថា មេដឹកនាំ​កម្ពុជា​គ្មាន​ឆន្ទៈ​ច​ង់​បង្រ្កាប ឬលុបបំបាត់អំពើឆបោកនៅកម្ពុជា ។

លោកហាក់ស្តីបន្ទោសថា មេដឹកនាំដែលក្តោបអំណាច​យូរ មិនខ្វល់ពីមុខមាត់​ប្រទេស ឬ​បង្ក​គ្រោះ​ថ្នាក់ ដល់​ពលរដ្ឋ​នោះ​ទេ ដោយ​ធ្វើ​យ៉ាង​ណា​ឱ្យ​តែ​ការ​ពារ​អំណាច​បាន។

លោកថា៖ «បើ​នៅ​ពេល​ដែល​រដ្ឋាភិបាល​ថៃ ចុះ​មក​បង្ក្រាប​ល្បែង​អន​ឡាញ​ខុស​ច្បាប់​នៅ​ច្រក​ប៉ោយ​ប៉ែត​ជា​​​ប់ព្រំដែនកម្ពុជា​ថៃ​បែប​នេះ វា​បង្ហាញ​ពី​ភាព​អាម៉ាស់​របស់​រដ្ឋាភិបាល​កម្ពុជា​ ដែល​កង្វះ​សមត្ថ​ភាព​គ្រប់​​​គ្រ​ង ​និង​កង្វះ​ឆន្ទៈ​នៅ​ក្នុង​ការ​បំបាត់​ល្បែង​អនឡាញ​ខុស​ច្បាប់​នៅ​កម្ពុជា​យើង»។

សម្រាប់ លោក សូរីដា បញ្ហា​នេះ វា​នឹង​ជំរុញ​ឱ្យ​មាន​ចលាចល​សង្គម បើ​បទ​ឧក្រិដ្ឋ​នេះ​កាន់​តែ​រីក​ធំ ព្រោះ​វា​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ប្រទេស​ក្នុង​តំបន់ និង​គំរាម​កំហែង​ជីវភា​ព​​ប្រជាពលរដ្ឋ​ស្លូត​ត្រង់។

លោកថា៖ «ប្រទេស​កម្ពុជា​ ជា​ជម្រក​ល្បែង​អន​ឡាញ និង​អំពើ​ឆបោក​អីចឹង​ទៅ អាហ្នឹង​ជា​មុខ​មាត់​ទី១ ហើយ​ទី២ ល្បែង​ស៊ីសង​កើត​ឡើង​បែប​នេះ​ ជះ​ឥទ្ធិពល​ទៅ​លើ​សន្តិសុខ​ជាតិ អន្ដរ​ជាតិ ដូច​ជា អំពើ​ឆក់​ប្លន់ ​ហើយ​ភាព​ក្រីក្ររបស់​ពលរដ្ឋ​ខ្មែរ​យើង ព្រោះ​ល្បែង​ហ្គេម​អនឡាញ​នេះ មិន​មែន​លេង​តែ​ជន​ជាតិ​បរទេស​ទេ សូម្បី​តែ​ជន​ជាតិ​ខ្មែរ​យើង​ក៏​លេង​ដែរ ដូច្នេះ​វា​បង្ក​ផល​ប៉ះ​ពាល់​ដល់​សង្គម​ជាតិ»។

ឆ្លើយតបរឿងនេះ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន បាន​ការ​ពារ​វិធាន​បង្ក្រាប​បទ​ល្មើស​លើ​ទឹក​ដី​កម្ពុជា​នេះ ដោយ​អះ​អាង​ថា ភាគី​ថៃ​នឹង​មិន​អាច​ធ្វើ​ទៅ​បាន​ជោគ​ជ័យ​ទេ បើ​កម្ពុជា​មិន​សហការ​នោះ ។

លោក​គូស​បញ្ជាក់​ថា មុន​ឈាន​ដល់​វិធាន​ការ​ឆ្មក់​ចូល​បង្ក្រាប​បទ​ល្មើស​នៅ​ក្រុង​ប៉ោង​ប៉ែត​នេះ មន្ត្រី​ជំនាញ​កម្ពុជា និង​ថៃ បាន​​សហការគ្នា​ជាង​៣ខែមកហើយ។

លោកថា​៖« គ្មានប៉ូលិសថៃណា​ម្នាក់​មកធ្វើការជាមួយ​យើង​ទេ​ យើង​អត់​មាន​ទេ ប៉ុន្តែ​គ្រាន់​ថា​របៀប​នេះ​គេ​​ប្រើ​ប្រាស់​ព័ត៌​មាន ដើម្បី​លុប​លាង​នូ​វអ្វី​ដែល​ពាក់​ព័ន្ធ​នឹង​ប្រទេស​គេ ហើយ​គេ​ចង់​បង្ហាញ​ថា​គេ​មាន​អំ​ណា​ច​ធ្វើ​អី​ផ្ដេស​ផ្ដាស​បាន»។

យ៉ាងណា ​អតីត​ឧកញ៉ា លោក ហេង សិទ្ធី ធ្លាប់និយាយ​​ថា អ្នក​ឧកញ៉ា ហ៊ុន តូ នៅ​ពី​ក្រោយ​​ឧក្រិដ្ឋ​ជន​ ល​ក់​គ្រឿង​​ញឿន និង​​បទ​ឧក្រិដ្ឋ​​ឆបោក​​តាម​​អន​​ឡាញ ដែល​លោក​ចង់​ឃើញ​ លោក ហ៊ុន ម៉ាណែត ដែល​ត្រូវ​ជា​បង​ប្អួន​ជីដូន​មួយ​ចាត់​វិធាន​ការ​នេះ។

លោកថា៖ «កាលពី​មុន​គេ​ស្គាល់​កម្ពុជា ជា​ប្រទេស​អច្ឆរិយ អង្គរ​វត្ត ឥឡូវ​នេះ​គេ​ស្គាល់​កម្ពុជា​ដោយ​សារ ហ៊ុន តូ ការ​ពារ​ឧក្រិដ្ឋជន​អនឡាញ​កម្ពុជា​ ក្លាយ​ទៅ​ជា​កន្លែង​បោក​ប្រាស់ រក​ស៊ី​អនឡាញ​ខុស​ច្បាប់»

យ៉ាងណា ក្រោយ​ទម្លាយ​រឿង​នេះ អតីត​ឧកញ៉ា ហេង សិទ្ធី ត្រូវ​គេ​អះ​អាង​ថា​លោក​ត្រូវ​គេ​ចាប់​ខ្លួន​លើ​ទឹក​ដី​រុស្ស៊ី។

ដោយ​ឡែក ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្សអាដហុក លោក នី សុខា គាំទ្រ​ចំពោះ​ការ​បង្រ្កាប និង​ទប់​ស្កាត់​បទ​ល្មើស​ឆបោក​នេះ។ ប៉ុន្តែ​លោក​ថា​ កម្ពុជា​គួរ​បង្ហាញ​ឆន្ទៈ​មុះ​មុត​ក្នុង​ការ​បង្រ្កាប​ដោយ​ខ្លួន​ឯង។

លោក​បន្ត​ថា ដើម្បី​កុំឱ្យខ្មាស់​ប្រទេស​ជិត​ខាង រដ្ឋាភិបាល​និង​អាជ្ញាធរ​ពាក់​ព័ន្ធ គួរ​តែ​ដាក់​ចិត្ត​ដាក់​កាយ​បង្រ្កាប​បទ​ល្មើស​ទាំង​នេះ​ឱ្យ​មាន​ប្រសិទ្ធ​ភាព គឺ​កុំ​បណ្តោយ​ឱ្យ​ករណី​នេះ​បន្ត​កើត​មាន​ក្នុង​សង្គម​កម្ពុជា។

លោកថា៖ «ប្រទេស​យើង​ជា​ប្រទេស​មួយ ដែល​មាន​កន្លែង​រក​ស៊ី​ដែល​មិន​ត្រឹម​ត្រូវ មិន​សុចរិត​មាន​ការ​ឆបោក​ មាន​ការ​បោក​ប្រាស់​គ្នា ឬ​ក៏​មាន​ល្បែង​ស៊ីសង​មាន​អីហ្នឹង​ហូរ​ហែរ ជារឿង​មួយ​ដែល​វា​បង្ក​ហានិភ័យ​ទៅ​ដល់​អ្នក​ដែល​វិនិយោគ​ទុន ឬ​ក៏​អ្នក​ដែល​ចូល​ជា​ភ្ញៀវ​ទេសចរ ដើម្បី​បើក​រក​ស៊ី ដូច​ជា​មក​កម្សាន្ត​នៅ​ស្រុក​យើង អាហ្នឹង​វា​ជះ​ឥទ្ធិពល​មិន​ល្អ​ធ្វើ​ឲ្យ​គេ​ខ្លាច​រអា គេ​អត់​អាច​មក​រក​ស៊ី ឬ​ក៏​មក​លេង​ស្រុក​យើង​ទេ​ អ៊ីចឹង​អាហ្នឹង​វា​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​បញ្ហា​ទាំង​អស់​ហ្នឹង វា​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​នូវ​បញ្ហា​សេដ្ឋ​កិច្ច»។

កាល​​ពី​ថ្ងៃ​ទី​២៩ ខែមករា​ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានថៃ THAIRATH NEWS ចុះផ្សាយ​ថា តាម​​រយៈ​​ការ​​ចុះ​​​សង្កេត​​ផ្ទាល់ អគារ​​​ខ្ពស់ៗ​​​ច្រើន​​​កន្លែង ភាគ​ច្រើន​មាន​​ម្ចាស់​​ជា​ជនជាតិ​ចិន ក្នុង​​​​ក្រុង​​​ប៉ោយ​​​ប៉ែត ខេត្ត​បន្ទាយ​​មាន​​ជ័យ បាន​ក្លាយ​​ជា​ជម្រក​ពួក​ឧក្រិដ្ឋជន​ឆបោក​តាម​ប្រព័ន្ធ​​អន​ឡាញ នាំឱ្យមានការព្រួយបារម្ភ និង​​បង្ក​ភាព​ភ័យ​ខ្លាច​ក្នុង​តំបន់​នោះ។

ប្រភពនោះ បញ្ជាក់ថា នៅក្រុងប៉ោយប៉ែត មាន​​ក្រុម​ឆបោក​តាម​អន​ឡាញ (Callsenter)​ នៅ​​តាម​​អគារ​ផ្សេងៗ​​រាប់​​រយ​​អគារ​ មាន​ជន​ជាតិ​ចិន ​ជា​ម្ចាស់​ហើយ​មាន​បុគ្គលិក​ប្រហែល ១៥០០នាក់ រស់​នៅ​​គ្មាន​​ការ​លួ​ច​​លាក់​នៅ​អគារ​ ២៥ជាន់ ដែល​ជា​កាស៊ីណូ​ធំ​នៅ​ក្រុង​ប៉ោយ​ប៉ែត។

យ៉ាងណា ​ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តមួយចំនួន​ទៀត​របស់ប្រទេស​កម្ពុជា ក៏​ត្រូវ​បាន​រក​ឃើញ​បទ​ឧក្រិដ្ឋ​​​ឆបោក​​តាម​អន​ឡាញ​នេះ​ដូច​គ្នា​ដែរ។

ក្នុង​រយៈពេល ៦ខែ​ដើ​ម​ឆ្នាំ២០២៤ អាជ្ញាធរ​​កម្ពុជា​ បាន​​បញ្ជូន​​ជន​​សង្ស័យ​ជនជាតិ​ចិន​​ជាង ១ពាន់ ២​រយ​នាក់ (១២០០នាក់) ឱ្យត្រឡប់​ទៅ​​ប្រទេស​​ចិ​ន​វិញ ក្រោយ​រក​ឃើញ​ថា ​ពួកគេ​​ពាក់​ព័ន្ធ​ប្រតិបត្តិការ​នៃ​​អំពើ​ឆបោក​​តាម​​អនឡាញ​នៅ​កម្ពុជា។

លើសពីនេះរយៈពេល ៩ខែ​ដើម​ឆ្នាំ២០២៤ កម្ពុជា​បាន​​សហការ​​ជាមួយ​​ស្ថាន​ទូត​​​ឥណ្ឌា​​​ប្រចាំ​​ក្រុង​ភ្នំពេញ​ ជួយ​​​សង្គ្រោះ​​​ជន​ជាតិ​​​ឥណ្ឌា​​​ជិត ៨រយ​នាក់ (៧៧០) ចេញ​​​ពី​កន្លែង​ឆបោក​តាម​​អនឡាញ​បញ្ជូន​ទៅ​ប្រទេ​ស​កំណើត​ពួកគេ​វិញ។

បន្ថែម​ពីនេះ ប៉ុន្មានថ្ងៃមុននេះ កម្ពុជាបានបណ្តេញជនជាតិ​វៀត​ណាម ប្រមាណ​ជា ២១៣​នាក់ ចេញ​ពី​កម្ពុជា តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត ខេត្ត​ស្វាយ​រៀង ក្រោយ​រក​ឃើញ​ពួក​គេ​ពាក់​ព័ន្ធ​បទ​ឆបោក​តាម​​អន​ឡា​ញ និង​បង្ខាំង​មនុស្ស​ខុស​ច្បាប់ និងកំហែង​យក ជាដើម។

ករណី​ដូចគ្នានេះ អំឡុងខែមេសាឆ្នាំ២០២៤ កម្ពុជា​បានបណ្តេញជនជាតិវៀតណាម​ជាង ២៣១​នាក់ ចេ​​ញ​​​ពី​កម្ពុជា ពាក់ព័ន្ធពីបទល្មើសបទឆបោកតាមអនឡាញដូចគ្នា ដែលរកឃើញក្នុងខេត្តព្រះសីហនុ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ