ជនរងគ្រោះថា​ឧក្រិដ្ឋជន​ឆបោក ហ៊ី គឹមហុង ធ្វើ​ទីផ្សារ​ខណៈ​ប្រព័ន្ធ​ច្បាប់​កប់​យុត្តិធម៌​ពួក​គេ

ជនរងគ្រោះ អះអាងថា ឧក្រិដ្ឋជនឆ​បោក អតីត​ឧ​កញ៉ា​ ហ៊ី គឹម​ហុង បាន​ចាប់​ផ្តើម​ដំណើរការ​ទីផ្សារ​ផ្សព្វ​​ផ្សា​យ​លើ​បណ្តាញ​សង្គម ដើម្បី​ទាក់​ទាញ​អតិជន​ថ្មី​ ខណៈ​ពួក​គេ​ជាង​ ៨ពាន់​គ្រួសារ កំពុង​រង​គ្រោះ ដែល​កា​រណ៍នេះ​ពួក​គេ​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​ទប់​ស្កាត់ និង​ផ្តល់​យុត្តិធម៌។

បើតាមទំព័រហ្វេសបុក​របស់​ក្រុមហ៊ុន​ពិភព​ដីមាស​របស់​អតីត​ឧកញ៉ា ហ៊ី គឹម​ហុង ដែល​បាន​បង្ហោះ​​នៅថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៥ បាន​ផ្សព្វ​ផ្សាយ​ពី សកម្មភាព​ថ្នាក់​ដឹកនាំ​ក្រុម​ហ៊ុន​នេះ​ចុះ​ទៅ​ពិនិត្យ​ដី ដោយ​ភ្ជាប់​រូបភាព​ចំនួន​៧សន្លឹក ដែល​គេ​ឃើញ​រូបអ​តីត​ឧកញ៉ា ហ៊ី គឹមហុង រួម​ទាំង​​ក្រុម​ការ​ងារ​ច្រើន​នាក់ នៅ​ទីតាំង​វាល​ស្រែ​មួយ​កន្លែង នៅ​ខេត្ត​កំពង់​ស្ពឺ។

បើតាមពលរដ្ឋប្រាប់ VOD ថា ដីដែល​លោក ហ៊ី គឹម​ហុង ទិញ​នោះ​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ត្រាច​ទង ក្រុងឧដុង្គ​ម៉ែ​ជ័យ ក្នុង​ខេត្ត​កំពង់​ស្ពឺ។

ជនរងគ្រោះម្នាក់ លោក មម ម៉េត ប្រាប់​VOD​នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​ថា អតីត​ឧកញ៉ា ហ៊ី គឹម​ហុង សន្យា​លក់​ទ្រព្យ​សង​ជន​រង​គ្រោះ​ដែល​ស្ម័គ្រ​ចិត្ត​​រង​ចាំ​ដំណោះ​ស្រាយ ​ក្នុង​រយៈ​​ពេល​ ៣៦​ខែ​ទៀត ចំពេល​តុលាការ​បាន​​ចេញ​ដីកា​រក្សា​ការ​ពារ​ទ្រព្យ​អតីត​ឧកញ៉ា​រូប​នេះ រួច​រាល់​ហើយ​តាម​បណ្តឹង​ជន​រង​គ្រោះ​កើន​ឡើង​ជាង ៣ពាន់​នាក់។

បើ​តាម លោក ម៉ម ម៉េត ការ​ឱ្យរងចាំដំណោះស្រាយ ៣៦​ខែ​នោះ ជា​ល្បិច​បោក​របស់​លោក ហ៊ី គឹម​ហុង តែ​ប៉ុណ្ណោះ ហើយ​ថា អ្នក​ទទួល​យក​ដំណោះ​ស្រាយ​នេះ មាន​ប្រមាណ ២០០នាក់​​ប៉ុណ្ណោះ​ក្នុង​ចំណោម​អ្នក​ចាញ់​បោក​ជាង​ ៣ពាន់នាក់។

លោកថា៖ «តើ​លោក ហ៊ី គឹម​ហុង គាត់​សន្យា ជាមួយ​អ្នក​ដែល​គាំទ្រ​៣៦​ខែ នោះ​គាត់​ថា​នឹង​លក់​ទ្រព្យ​ដើម្បី​ដោះ​បំណុល​ ដោះ​ស្រាយ​ជាមួយ​នឹង​អតិថិជន​ដែល​គាត់​រង​ចាំ ៣៦ខែ អតិថិជន​ទាំង​អស់​គ្នា​ដែល​គាត់​ដាក់​ពាក្យ​ប្ដឹង​ហ្នឹង! គឺ​គាត់​បាន​បង្កក​ខ្លះ​ឃើញ​ចេញ​ដីកា​រក្សា​ការ​ពារ​ខ្លះ​ចេញ​ដីកា​សេចក្ដី​បន្ទុក​បណ្ដាក់​អស់​ហើយ តើគា​ត់​បាន​ទ្រព្យពីណា​យក​មក​លក់។ ដូច្នេះ​ហើយ​បាន​ខ្ញុំ​គិត​ថា​ លោក ហ៊ី គឹម​ហុង កំពុង​តែ​បន្ដ​បោក​បង​ប្អូន​យើង​បន្ត​ទៀត ដូច្នេះ​ហើយ​សូម​ឲ្យ​បង​ប្អូន​ទាំង​អស់​ មេត្តា​គិត​ឡើង​វិញ​ ថា​តើ​ទ្រព្យ​សម្បត្តិ បាន​ពី​ណា​មក​ទៀត បើ​អតិថិជន​ដែល​គាត់​ដាក់​ពាក្យ​បណ្ដឹង​នេះ គឺ​គាត់​បាន​បង្កក​អស់​ហើយ​នោះ»

លោក ម៉ម ម៉េត ចាញ់បោកក្រុមហ៊ុនពិភពដីមាសអស់​ជាង ៣ម៉ឺន​ដុល្លារ ដែល​លុយ​ខ្ចី​ធនាគារ ហើយ​លោក​ត្រូវ​បង់​ធនាគារ​ក្នុង​មួយ​ខែ​ជាង ៦០០​ដុល្លារ តែ​ដោយ​សារ​លោក​គ្មាន​លទ្ធភាព​បង់​សង ទើប​ធ្វើ​ឱ្យ​ធនាគារ​ព្រមាន​ប្រើ​វិធាន​ការ​ច្បាប់។

ជនរងគ្រោះម្នាក់ទៀត​ លោក ប៊ុន ធឿន ស្នើ​រដ្ឋាភិបាល​ទប់​ស្កាត់​កុំ​ឱ្យ​អតីត​ឧកញ៉ា ហ៊ី គឹម​ហុង បន្ត​ធ្វើ​សកម្មភាព​ឃោសនា​ណា​មួយ ព្រោះ​អាច​ធ្វើ​ឱ្យ​ពលរដ្ឋ​ផ្សេង​ទៀត បន្ត​ចាញ់​បោក​ឧកញ៉ា​រូប​នេះ​កាន់​តែ​ច្រើន។

លោកថា ៖ «ប្រជាពលរដ្ឋ​ប្ដឹង​ស្នើ​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ចង់​បាន​លុយ​ចង់​បាន​ដាក់​ឲ្យ​ច្បាប់​ដោះ​ស្រាយ ឲ្យ​បាន​លុយ​ហ្នឹង​មក​ទូទាត់​សង​ធនាគារ​វិញ​ទេ។ ប្តឹង​ទី១ ចង់​បាន​ឲ្យ​ ហ៊ី គឹម​ហុង ចេញ​មុខ​មក​ដោះ​ស្រាយ​ទូទាត់​សំណង ចង់​ឲ្យ​លក់​ទ្រព្យ ដែល​យក​លុយ​ប្រជាពលរដ្ឋ​ទៅ​ទិញ​របស់​របរ សម្ភារៈ​លក់​សង​មក​ប្រជាពលរដ្ឋ​វិញ។ ហើយ​បើ​អត់​មាន​ដំណោះ​ស្រាយ​ទេ បើ ហ៊ី គឺម​ហុង គ្មាន​ដំណោះ​ស្រាយ​ណា​មួយ ចង់​ឱ្យ​ចាប់​ចូល​​គុក​វិញ»។

ជាមួយគ្នានេះ ហ្វេសប៊ុក​ឈ្មោះ សេង ហាន បាន​ចែក​រំលែក​រូបភាព​អតីត​ឧកញ៉ា ហ៊ី គឺមហុង ដោយ​បញ្ចេញ​មតិ​ក្នុង​ន័យ​ដើម​ថា៖ «រឿង​ជំពាក់​លុយ​ប្រជាពលរដ្ឋ​រាប់​រយ​លាន​ដុល្លារ ថត​រូប​ពីរ​បី​ប៉ុស្តិ៍ ដើម្បី​បន្លំ​ភ្នែក​ប្រជាពលរដ្ឋ​មែន​ទេ? ស្ទីល​បែប​ហ្នឹង​ប្រើ​ដល់​កាល​ទៀត  ការពិត​នៅ​តែ​ការ​​ពិត សង​លុយ​ប្រជាពលរដ្ឋ​វិញ​ទៅ ចប់​រឿង​ហើយ។ ឈប់​សំដែង​អាស្ទីល​បែប​ហ្នឹង​ទៀត​ទៅ មិច​ហើយ ស្ទីល​បង្កើត​គណៈ​កម្មការ បន្លែ​សរីរាង្គ លក់​ទ្រព្យ ពូកែ​ណាស់​អាខាង​ល្បិច​កល​បោក​ហ្នឹង»។

ហ្វេសប៊ុកខ្លះទៀត ចាត់​ទុក​សកម្មភាព​ លោក ហ៊ី គឹម​ហុង នៅ​ពេល​នេះ ជា​ល្បិច​ដើម្បី​ចុះ​ទៅ​បោក​លុយ​ពលរដ្ឋ​ទៀត ហើយ​ពួក​គេ​បាន​ស្នើ​ឱ្យ​ពលរដ្ឋ​ទូទាំង​ប្រទេស ប្រុង​ប្រយ័ត្ន កុំ​ឱ្យ​ធ្លាក់​ខ្លួន​ជា​ជន​រង​គ្រោះ​កាន់​តែ​ច្រើន​ទៀត។

អតីត​​​ឧកញ៉ា ហ៊ី គឹមហុង ត្រូវ​​បាន​​​ចាប់ខ្លួន​​កាល​ពី​ខែ​សីហា ឆ្នាំ​២០២៣ ពីបទ​​​ឆបោក​​​ពលរដ្ឋ តែ​​ប្រមាណ ​៤ខែ​ក្រោយ​​​មក ​​ពោល​​គឺ​​​នៅ​​ខែ​​វិច្ឆិកា ឆ្នាំ​២០២៣ តុលាការ​​​ដោះ​​លែង​​​វិញ ក្រោយ​សន្យា​​​រក​លុយ​​សង​​​​​​ជនរង​គ្រោះ​​វិញ តែ​​ពេល​បាន​​​នៅ​​ក្រៅ​ឃុំ​ លោក​​បាន​​គេច​វេស​​​មិន​​គោរព​​សន្យា​​នោះ​​​ទេ។

ក្រោយមក ក្រុមជនរងគ្រោះ អះអាងថា អតីតឧកញ៉ា ហ៊ី គឹម​ហុង បាន​ប្រើ​ល្បិច​បង្កើត​គណៈ​កម្មាធិ​ការ ដោយ​គ្មាន​ការ​ចូល​រួម​ជន​រង​គ្រោះ ហើយ​សម្រេច​ពន្យា​ពេល​៣ឆ្នាំ​ទៀត ដើម្បី​រក​សង​លុយ​សង​តាម​លទ្ធភាព ដែល​ការណ៍​នេះ ពួក​គេ​ទាម​ទារ​ឱ្យ​ចាប់​ខ្លួន​ជន​ឆបោក​រូប​នេះ​ដាក់​ពន្ធនាគារ​វិញ និង​រឹប​អូស​ទ្រព្យ​សម្បត្តិ​សង​ពលរដ្ឋ ខណៈ​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ជិត ២០​នាក់​ ក្រោម​វិបត្តិ​បំណុល។

នាយក​ទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិ​មនុស្សលី​កាដូ លោក អំ សំអាត ចាត់​ទុក​ការ​បណ្តែត​បណ្តោយ​ឱ្យ​ក្រុម​ហ៊ុន​ធ្វើ​សកម្មភាព​បែប​នេះ នោះ​អាច​នឹង​ធ្វើ​ឱ្យ​មាន​ជន​រង​គ្រោះ​កាន់​តែ​ច្រើន​ទៀត បើ​រដ្ឋាភិបាល​មិន​ចេញ​មុខ​ទប់​ស្កាត់​បន្ទាន់​ទេ​នោះ។

លោក​ថា៖ «បញ្ហា​ប្រជាពលរដ្ឋ​ដែល​លោក​ត្រូវ​បាន​ចាញ់​បោក​ក្រុម​ហ៊ុន​ហ្នឹង មិន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ​ហ្នឹង! គួរ​តែ​ដោះ​ស្រាយ​សិន ហើយ​បើ​សិន​ជា​រឿង​ហ្នឹង មិន​ទាន់​បាន​ដោះ​ស្រាយ​ហើយ​ដំណើរ​ការ​ក្រុម​ហ៊ុន​ នៅតែ​បន្ត​លក់​ដី​លក់​អី​ជាប​ន្ត! អ៊ីចឹង វា​អាច​មាន​បញ្ហា​កើត​ឡើង​ជា​បន្ត​ទៀត​ទេ ពីព្រោះរឿង​ចាស់​មិន​ទាន់​ដោះ​ស្រាយ​ផង ហើយ​បើ​ក្រុម​ហ៊ុន​ដំណើរ​ការ​លក់​ដី​ហ្នឹង​បន្ត​ទៅ​ទៀត​មែន អាហ្នឹង​វា​ជា​បញ្ហា​មួយ​ដែល​មិន​គួរ​ដំណើរ​ការ ពេល​ហ្នឹង​គួរ​តែ​ដោះ​ស្រាយ​រឿង​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ឲ្យ​បាន​ចប់​ជាមុន​សិន»

ជុំវិញអំពើឆបោកនេះ​​​​ ក្រោយ​​យុត្តិធម៌​​សម្រាប់អ្នកចាញ់បោក អតីត​ឧកញ៉ា ហ៊ី គឹមហុង ​ត្រូវ​បាន​​​​កប់​ចោ​ល​​​ច្រើន​​​ឆ្នាំ និង​​​មាន​​​អ្នក​​ស្លាប់​​កើន​​ឡើង​ តែនៅ​​តែ​​គ្មាន​​ដំណោះ​​ស្រាយ​​នោះ ក្រុម​​ជន​​រង​គ្រោះ​​បាន​​ធ្វើ​យុទ្ធនាការ​​​លើ​បណ្តាញ​​សង្គម​​​ចោទ​​​​ថា ឧបសគ្គ​​​រារាំង​​​ដល់​​​ការ​​​ស្វែង​​រក​​យុត្តិ​ធម៌​​​សម្រាប់​ពួក​​គេ អាច​​​ជាប់​​​ពាក់​​ព័ន្ធ​​មន្ត្រី​មាន​​អំណាច នៅ​​ពីក្រោយ​​ក្រុម​ហ៊ុន​​ឆបោក​​នេះ ដោយ​​​​ក្នុង​​​នោះ ពួក​គេ​​បាន​​រំលេច​​មុខ​អនុ​ប្រធាន​​​គណបក្ស​​​ប្រជាជន​​កម្ពុជា ​​លោក​​ស្រី ម៉ែន សំអន និង​​អតីត​​ប្រធាន​​រដ្ឋសភា​ ​លោក ហេង សំរិន ​ផង​​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ