ច្បាប់​​ប្រឆាំងនឹងអ្នក​មិន​ទទួល​ស្គាល់​របប​ខ្មែរ​ក្រហម​ធ្វើ​ឡើង​ដើម្បី​​បំពេញ​​ចិត្ត​វៀត​ណាម

អ្នក​ឃ្លាំមើល​សង្គម ​បាន​ចោទសួរ​ពីភាព​ចាំបាច់​​​នៃ​ការ​​អនុម័ត​​សេចក្តី​ព្រាង​​ច្បាប់​ ​ស្តីពី ការ​ប្រឆាំង​នឹង​អ្នក​​មិ​ន​​ទទួល​​ស្គាល់​របប​ខ្មែរ​ក្រហម ដែល​ច្បាប់​​នេះ​​បាន​​កំណត់​ដាក់​​ទោស​​ទណ្ឌ​​ធ្ងន់​​ធ្ងរ​​ ខណៈ​​អ្នក​នយោ​បាយក្រៅ​​រដ្ឋាភិបាល លើកឡើង​ថា ច្បាប់នេះ​ ​មានលក្ខណៈ​នយោ​បាយ​ច្រើន​​ និង​ចាប់​​​បង្ខំ​ដែល​ធ្វើឱ្យប៉ះពាល់​​ដល់​​សិ​ទ្ធិ​​សេរីភាពបញ្ចេញ​មតិ ទាក់​ទង​នឹង​រឿង​ប្រវត្តិសាស្រ្ត។

​នៅពេល​ដែល​គេ​​មើល​មិនឃើញពីភាព​ចាំបាច់ នៃ​ការ​បង្កើត​ច្បាប់​​ស្តីពីការ​ប្រឆាំងនឹងអ្នក​មិន​ទទួល​ស្គាល់របប​​ខ្មែរ​ក្រហម​ អ្នក​ឃ្លាំមើលសង្គម​ និង​អ្ន​កនយោបាយ​ក្រៅ​រដ្ឋាភិបាល ​លើក​ឡើង​ថា ការបង្កើតច្បាប់​នេះ ​អាច​ធ្វើឡើង​ដើម្បីបំពេញចិត្តវៀតណាម និង​​ដើម្បី​​ធ្វើ​​ទុក្ខ​បុក​ម្នេញ​លើ​អ្នក​ដែល​​តែង​​តែ​រិះ​គន់​ថ្ងៃ៧​មករា​​ថា ជាថ្ងៃដែល​វៀតណាម​ចូលឈ្លាន​ពាន​កម្ពុជា។

សមាជិក​​សភា​ចំនួន ១១៥​នាក់ កាលពីថ្ងៃទី​១៨ ​ខែកុម្ភៈ ​ឆ្នាំ២០២៥ បាន​បោះ​​ឆ្នោត​​​គាំទ្រ​ជា​ឯកច្ឆន្ទ​ លើ​សេចក្តីព្រាង​ច្បាប់​ប្រឆាំង​នឹងអ្នក​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម​ ដែល​​បាន​​ប្រព្រឹត្ត​ឡើង​ក្នុង​​​របប​​កម្ពុជាប្រជាធិប​តេយ្យ​ខ្មែរក្រហម។ ​ច្បាប់​​ដែល​មាន៧​មាត្រានេះ​ បាន​កំណត់​ដាក់​ទោស​ទណ្ឌ​​ដល់​​ជន​​ទាំង​​ឡាយ​ណា​ ដែល​​មិន​ទទួល​ស្គាល់​ថា ​មាន​របប​ប្រល័យ​ពូជ​សាសន៍​​នៅកម្ពុជា ​ឱ្យ​ជាប់​​ពន្ធនាគារ​រហូតដល់ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២ ៥០០ដុល្លារ ​ទៅ ១២៥ ០០០​ដុល្លារ​​អាមេរិក។

សេចក្តីព្រាងច្បាប់​​ដែល​រដ្ឋសភាបាន​អនុម័ត​នេះ ត្រូវ​បាន​រៀបចំឡើង​​ទៅ​តាម​​ការណែនាំ​របស់​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ កាល​ពី​​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៤។ ​ច្បាប់ថ្មី នេះធ្វើ​ឡើង​ដើម្បី​​ជំនួស​​ច្បាប់​​ចាស់​ ​ដែល​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើ ​កាល​ពី​​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៣។

លោកអ៊ូ ច័ន្ទរ័ត្ន ​អតីតតំណាងរាស្ត្រគណបក្ស​សង្គ្រោះជាតិ​ និង​ជា​សហស្ថាបនិកគណបក្ស​កែ​​ទម្រង់​កម្ពុជា ​បា​ន​​ថ្លែង​ថា សេចក្តីព្រាង​ច្បាប់​​​​ស្តី​ពីកា​រ​​ប្រឆាំង​នឹង​អ្នក​​មិន​ទទួល​ស្គាល់​របប​ខ្មែរ​ក្រហម​ មាន​លក្ខណៈ​​នយោបាយ​​ច្រើន ​និងមាន​លក្ខណៈ​ចាប់​បង្ខំ ដែល​នឹង​ធ្វើឱ្យ​មាន​ចម្ងល់ និង​មាន​ការ​សួរ​ដេញដោល​ច្រើន​ទៅថ្ងៃក្រោយ​។

​តាម​ការយល់​ឃើញ​របស់លោក​ ច្បាប់​នេះ​​មិន​មានភាពចាំបាច់នោះទេ ខណៈ​បច្ចុប្បន្ន​កម្ពុជា​មាន​បញ្ហា​​ជា​អាទិភាពជា​​ច្រើន​ដែល​ត្រូវដោះស្រាយ​។​

លោក​លើកឡើងថា ​ច្បាប់​​​មួយ​​ៗ​​ធ្វើ​ចេញ​មក​ វាអាច​ធ្វើឱ្យ​មាន​ផល​វិជ្ជ​មាន​​ផង ​និង​អវិជ្ជមានផ​ង​​បើសិន​​ជា​មិន​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ ​ជាពិសេស​នឹងធ្វើឱ្យប៉ះពាល់​ទៅ​ដល់​ការ​បញ្ចេញ​មតិ​​ ដែល​មិន​ស្រ​ប​នឹង​រដ្ឋាភិបាល​ ហើយ​​បើយក​ច្បាប់​នេះជាមូល​ដ្ឋាន​​ភ្ជាប់​នឹងការ​លើកឡើង ​ជុំ​វិញ​ថ្ងៃ៧​មករា ​នោះ​​រឹត​​តែ​ជា​ប​ញ្ហា​ធ្វើ​​ឱ្យ​​មនុស្ស​​ជាច្រើន​លែង​ហ៊ាន​បញ្ចេញ​មតិ​ ពីព្រោះ​យើង​​ដឹងហើយ​រឿង​ខ្មែរ​​ក្រហម​​នេះ​ វា​ពាក់​ព័ន្ធ​ទៅ​នឹ​ង​ថ្ងៃ៧មករា ដែល​ជាថ្ងៃផ្តួល​រំលំ​របប​ខ្មែរក្រហម។

ប៉ុន្តែ​យើង​ក៏ដឹង​ដែរថា អតីត​ក្រុម​ចលនាខ្មែរ​តស៊ូនៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-ថៃ ​ក៏​បាន​សហ​ការ​​​​បណ្តេញ​កងទ័ព​វៀតណាម​ចេញពីប្រទេសកម្ពុជា​វិញ​ដែរ។

ដូច្នេះ ​លោក អ៊ូ ច័ន្ទ​រ័ត្ន ​​ចោទ​​សួរ​ថា​តើ​​អ្នក​​ទាំង​​អស់​គ្នា​​នោះ​​ទទួលស្គាល់ថា របប​ខ្មែរក្រហម​ជា​របប​ប្រល័យ​​ពូជ​​សាសន៍​ដែរ​ឬ​អត់ ? លោក​បន្ថែមថា ​ឆ្លង​កាត់​តាម​រយៈ​តុលាការ​ខ្មែរ​ក្រហម​ យើង​មើល​ទៅ​​ហាក់​​បីដូចជា​នៅមាន​ចំណុច​មិន​ច្បាស់លាស់ជាច្រើន ដោយសារ​តុលាការ​កូនកាត់នេះ ​មិន​បាន​ផ្តល់​នូវភាព​ពិស្តារ​ ថាតើ​មូលហេតុ​អ្វី​បាន​ជាខ្មែរសម្លាប់​ខ្មែរនៅក្នុង​របបនោះ។

ដូច្នេះបញ្ហា​វានៅ​ត្រង់ថា នៅតែមាន​អ្នក​ដែល​យល់​ឃើញផ្ទុយ​ ហើយ​នៅពេល​ច្បាប់នេះ​​ចេញ​មក​ គឺ​​នឹង​​មាន​​លក្ខណៈចាប់​បង្ខំថា​ត្រូវ​តែ​យល់​ស្រប​​ទៅ​តាម​ច្បាប់​នោះ​ ដែល​នេះ​ជាការ​បំបិទ​សិទ្ធិ​នៃ​ការ​​យល់​ឃើញ​ខុសគ្នា​របស់​បុគ្គលម្នាក់ៗ។

បើ​តាម​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​រូប​នេះ​​ ការធ្វើច្បាប់​នេះនៅ​ពេល​នេះ មិន​ទាន់​មាន​ភាព​ចាំបាច់ នៅ​ក្នុង​បរិបទ​នេះ ដោយ​សារ​តែ​សមាជិក​រដ្ឋ​សភា ​ដែល​បាន​លើកដៃ​ស្ទើរ​​តែ​ទាំង​​អស់ ​គឺចេញ​ពី​គណបក្ស​កាន់អំណាច ដូច្នេះ​​ហើយ​មិន​មាន​មតិផ្ទុយ​​នៅក្នុង​រដ្ឋសភា​​ ដែល​មាន​​ការ​សួរដេញដោលវែក​ញែក​​នោះទេ។

លោកថា៖ «ហើយ​អ្វីដែល​​ខ្ញុំ​លើកឡើង​ថា​ មានលក្ខណៈ​នយោបាយ​ច្រើននោះ​ ដោយសារច្បាប់​នេះ​បាន​រំលេច​ឱ្យឃើញ​ពីស្នាដៃ​របស់គណបក្ស​កាន់អំណាច ​ដែល​សហការជាមួយកងទ័ព​​វៀត​ណាម​ដើម្បី​​បញ្ចប់​របប​ខ្មែរក្រហម។ ដូច្នេះ​អ្វីដែល​សំខាន់​លើសពីនេះ​ ប្រជាពលដ្ឋ​ខ្មែរ​ទូទៅ ​ត្រូវ​តែ​ស្វែង​យល់​​ដោយ​ខ្លួន​ឯង​ សិក្សាដោយ​ខ្លួន​ឯង​ ឱ្យយល់ពីនយោបាយ​​ឆ្លង​កាត់កន្លង​មក​នេះ ពី​រឿងខ្មែរ​ក្រហម ​ពីរឿងមុនខ្មែរក្រហម ពីរឿង​ថ្ងៃ៧មករា ​ពីរឿងថ្ងៃ២៣​តុលា​​អី​ជា​ដើម​​នេះ​។ ដូច្នេះ​​អ្វី​ដែល​សំខាន់​​គឺការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ»

សម្រាប់​លោក ​អ៊ូ ច័ន្ទ​រ័ត្ន ប្រសិន​បើអ្នក​ច្បាប់​​របស់​​រដ្ឋាភិបាល​​យក​ហេតុផល ​ឬក៏កេង​ចំណេញ​ភ្ជាប់​​បញ្ហា​រិះ​គន់ ​ឬក៏​បញ្ហា​មិន​​ចុះសម្រុងគ្នា​​ជុំ​វិញ​​ថ្ងៃ​៧មករា ​ទៅ​​នឹង​​ច្បាប់​​ស្តី​ពីកា​រ​ប្រឆាំង​នឹង​អ្នក​​មិន​ទទួល​​ស្គាល់​​របប​ខ្មែរ​ក្រហម​នេះ នោះ​​វា​​នឹង​ធ្វើឱ្យប៉ះពាល់​ដល់ការ​បញ្ចេញមតិរបស់​អ្នក​​ដែល​​មិន​​ស្រប​នឹងរដ្ឋាភិបាល​ច្រើន។ ប៉ុន្តែ​​លោក​​បញ្ជាក់​ថា ជាទូទៅ​ ទាំង​មតិជាតិ​ និង​សហគមន៍​អន្តរជាតិ ក្នុង​ចំនួន​ច្រើន ​​រួម​ទាំង​តុលាការ​ខ្មែរក្រ​ហ​ម ​​បាន​ទទួល​ស្គាល់​រួច​ហើយ​​ថា របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ខ្មែរ​ក្រហម​ ​វាជារបប​​ប្រល័យ​​ពូជសាសន៍​​រួច​​ហើ​​យ ​ម្ល៉ោះ​ហើយ​ការ​ធ្វើ​ច្បាប់ ​ឬមិន​ធ្វើច្បាប់​ វាមិន​ខុសគ្នា​ប៉ុន្មាន​ទេ​។

ចំណែក​​លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្ស​ជំនាន់ថ្មី ​ថ្លែង​ថា ក្នុង​នាម​​លោក​​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​​ដែល​​បា​​ន​​​ឆ្លងកាត់របបខ្មែរក្រហម ដែលមានការ​​សម្លាប់​​រង្គាលខ្មែរគ្នា​​ឯង​ មិន​​មាន​ប្រតិ​កម្ម​​អ្វី​​ចំពោះ​​សេចក្តីព្រាង​ច្បា​ប់ ​ដែល​រដ្ឋសភាបាន​អនុម័តនោះទេ ​ពីព្រោះ​វា​ជា​រឿង​ប្រវត្តិ​សាស្ត្រ​មិន​​អាច​​បំភ្លៃបាន​ឡើយ​។

ប៉ុន្តែក្នុងនាមលោក​ជាប្រធានគណបក្ស​ក្រៅ​រដ្ឋាភិបាល ​​ការ​ធ្វើច្បាប់​មួយ​ៗ​​សូម​​ឱ្យ​​មាន​​សុច​រិត​ភាព ​មាន​​តម្លា​ភាព ដើម្បី​ធ្វើឱ្យ​​ពេល​ច្បាប់​​ចេញ​ទៅ​ អាច​​ទទួល​​យក​​បាន​​​ពី​គ្រប់​ភាគី ​គ្រប់​និន្នា​ការ​​នយោ​បាយ​​ ចៀសវា​ង​ការ​ចេញច្បាប់ទៅនាំឱ្យ​មាន​ការ​ប្រទាំង​ប្រទើស​គ្នា ​មិន​មាន​ការ​ឯកភាព​ផ្ទៃ​ក្នុង​ជាតិ ហើយ​ត្រូវ​ចាប់​បង្ខំឱ្យគោរព។

លោក​មាជ សុវណ្ណារ៉ា​ លើកឡើង​ថា មជ្ឈដ្ឋាន​ជាតិ ​និង​អន្តរ​ជាតិ​ខ្លះ​​ថា នៅ​ថ្ងៃ​ទី​៧ ​ខែ​មករា​ ឆ្នាំ​១៩៧៩ ​វៀតណាម​បាន​លើកទ័ព​ចូល​មក​ឈ្លាន​ពាន និង​​រំលោភ​អធិប​តេយ្យ​ភាព​​បូរណ​ភាព​ទឹក​ដី​កម្ពុជា។ ​ប៉ុន្តែ​​មជ្ឈដ្ឋាន​មួយ​ចំនួន ​ដូចជា គណបក្ស​ប្រជាជនកម្ពុជា​​​ថា កង​ទ័ព​​វៀតណាម​​មក​រំដោះ​​កម្ពុជា​​ឱ្យ​រួចផុត​ពីបន​ប្រល័យ​ពូ​ជ​សាសន៍ ដូច្នេះ​​ត្រូវ​​ទទួល​​ស្គាល់​​​របប​​បន​​ប្រល័យ​​​​ពូជ​សាសន៍​ដែល​​ខ្មែរ​​សម្លាប់​​ខ្មែរ​ ​ក្រោម​ការ​ដឹកនាំ​របស់ ​ប៉ុល ពត ខៀវ សំផន នួន ជា អៀង សារី តាម៉ុក​ និង​ស៊ុន សេន​ ជា​ដើម។

ប៉ុន្តែ​​មេបក្ស​ជំនាន់​​ថ្មី​រូបនេះ លើកឡើងថា អ្វីដែ​ល​​មាន​​ការ​​ចែង​ជាច្បាប់​ដាក់​ទោសទណ្ឌ​ធ្ងន់​ធ្ងរ​ឱ្យ​​ជាប់​​ពន្ធនា​គា​​រ​រហូត​ដល់​ពី ១ឆ្នាំទៅ​ ៥​ឆ្នាំ និង​​ពិន័យ​​ជាប្រាក់​​យ៉ាង​ច្រើន​ ​ដោយ​សារ​តែ​មិន​ទទួល​​ស្គាល់​​រប​ប​ខ្មែរក្រហម ​វាដូចជាធ្ងន់ធ្ងរពេកហើយ​ ខណៈ​​ដែល​​​នៅ​​ពីក្រោយ​របប​ខ្មែរ​ក្រហម​ដែល​​មាន​​ការ​សម្លាប់​រង្គាលនោះ គឺ​​វា​មា​ន​​​ការ​​ផ្សា​ភ្ជាប់​ទៅនឹង​ភូមិសាស្ត្រនយោបាយ​ វាមា​ន​និន្នា​ការ​​ពី​ប្រទេស​​កុម្មុយនីស្តចិន និង​ប្រទេសវៀត​ណាម​​ជាដើម។

វាសុទ្ធ​តែមាន​​ទាក់ទង​​ទៅនឹងការ​បង្កើតឱ្យមាន​ថ្នាក់​ដឹកនាំ​ខ្មែរ​ក្រហម និង​កងទ័ព​ខ្មែរ​ក្រហម និង​​ផ្តួល​រំលំ​រប​ប​សេនា​ប្រមុខ លន់ នល់ ​ហើយ​ក្រោយ​មក​​​មាន​​ចលនា​តស៊ូនៅប៉ែក​ខាងកើត ដែល​​ដឹកនាំ​​ដោយ​​ លោក ប៉ែន សុវណ្ណ លោក​​ហេង សំរិន លោក​ជា ស៊ីម និង​លោក​ហ៊ុន សែន​អី​ជា​ដើម ​​ហើយ​​បាន​​បង្កើត​រណសេរ្ស​២ធ្នូ​ក្នុង​​ឆ្នាំ១៩៧៨​ ហើយ​បាន​វាយ​ចូលកម្ពុជា​មក​ផ្តួល​​រំលំ​របប​ខ្មែរ​ក្រហម​​ នៅថ្ងៃទី​៧ ​ខែ​មករា ​ឆ្នាំ​១៩៧៩ ដោ​​យ​​​មាន​​ការ​ចូល​រួម​ពី​កងទ័ពវៀតណាម​​ជាង ​២​សែន​នាក់។

លោក​បន្ត​ថា រឿង​ខ្មែរ​ក្រហម​​ទុក​ឱ្យ​អ្នក​សរសេរ​ប្រវត្តិសាស្ត្រ​ ទុកឱ្យមជ្ឈដ្ឋានជាតិ​​និងអន្តរ​ជាតិ​គេ​វាយ​​តម្លៃ​ទៅ​ ​តែត្រង់​ថា ​រដ្ឋាភិបាល​បង្កើតច្បាប់​កំណត់​​អ្នក​​ណា​​ដែល​​មិន​​ទទួល​​ស្គាល់​​របប​​ខ្មែរ​ក្រហម​នឹង​​មាន​​ទោសទណ្ឌ​រហូត​ដល់ពិន័យប្រាក់​រាប់​សែនដុល្លារ​ ហើយ​​ជាប់​គុក​រហូត​ដល់​៥ឆ្នាំ នោះ​ ​​វាដូច​​ជា​ធ្ងន់​ធ្ងរ​ពេក​ហើយ​ គ្រាន់​តែការមិនជឿ។

លោកថា៖ «ចំណុច​មួយ​ទៀត ​ខ្ញុំ​មើល​ឃើញថា បក្ស​កាន់​អំណាច​​​ចង់ឱ្យគេដឹងថា ខ្លួនជាបក្ស​មួយ​ ដែល​​បាន​រំដោះ​ប្រជាពលរដ្ឋខ្មែរ​​ឱ្យ​រួច​ផុត​ពីការសម្លាប់​រង្គាល​ នៅក្នុង​របប​ខ្មែរក្រហមហ្នឹង គឺនៅ​ថ្ងៃទី​៧​ខែមករា។ ​​យើង​ត្រូវដឹង​ថា តើយើង​គួរ​តែបង្កើត​សត្រូវខ្មែរ​បង​ប្អូនគ្នា​ឯង​​បន្តទៅទៀត​ ព្រោះ​​តែប្រវត្តិសាស្ត្រ​​ដែល​យើង​បាន​បង្ហាញ​ហើយ​ថា វាពិតជាមាន​របបខ្មែរ​ក្រហម​​សម្លាប់​​រង្គាល​ពិត​​​មែន។ ប៉ុន្តែ​​អាថ៌​កំបាំង​​នៅ​​ពីក្រោយ​​បន​​ប្រល័​​យ​ពូជសាសន៍​ តើ​វាកើតចេញ​ពីប្រភព​ណា​វា​មាន​​ដើម​​ហេតុ វាមាន​ដើមខ្សែ​ចុង​ខ្សែ»

លោក ​មាជ សុវណ្ណារ៉ា​ លើកឡើង​ថា ការ​ធ្វើច្បាប់​មួយៗ​ ​គួរ​តែ​មានការ​ពិភាក្សា​ពិគ្រោះ​​យោបល់គ្នា​ជា​​ពហុគំនិត ទាំង​​​អង្គការ​សង្គម​ស៊ីវិល​ ទាំង​​បក្ស​​ក្រៅ​រដ្ឋាភិបាល​ ទាំង​មជ្ឈ​ដ្ឋាន​មហាជនជាតិ​និង​អន្តរ​ជាតិ​ ដើម្បី​​ឱ្យ​វា​មាន​​ការ​សម្រេចណាមួយ​​ជា​ពហុគំនិត ជាជាង​​ការ​​សម្រេច​ដោយ​អត្ត​នោ​ម័ត​តែ​ក្នុង​​នាម​​គណបក្ស​កាន់អំណាច ហើយ​ម​ក​​ចាប់​បង្ខំឱ្យគេគោរព​​ ខណៈ​​បច្ចុប្បន្ន​ រដ្ឋសភា​​​ស្ទើ​តែ​សភា​​ឯក​បក្ស​​ទៅ​ហើយ​។

វីអូឌី ​មិន​អាច​ទាក់ទង​ លោក​ ឡេង ប៉េង​ឡុង ​អគ្គលេខាធិការ​រដ្ឋសភា ​ដើម្បី​​ស្នើ​​សុំ​​ធ្វើការ​អត្ថា​ធិ​ប្បាយ​​ទាក់​​ទង​​នឹង​​ការ​អនុម័ត​ច្បាប់​នេះបានទេ នៅថ្ងៃទី​២៥​ខែកុម្ភៈ។

​ប៉ុន្តែ​នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មានរបស់​រដ្ឋសភា ​​កាលពី​​ថ្ងៃទី​១៨ ​ខែ​​កុម្ភៈ ​ឆ្នាំ​​២០២៥ ​បាន​បញ្ជាក់​​ថា សេចក្តី​​ព្រាង​​ច្បាប់​​ស្តីពីការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ ​ដែល​បាន​ប្រព្រឹត្តឡើងក្នុង​​រយៈ​កាល​​កម្ពុជា​ប្រជាធិបតេយ្យ​​ បាន​​រៀប​ចំ​ឡើង​ក្នុង​គោល​បំណងកំណត់​អំពីការ​ផ្តន្ទាទោស​​ចំពោះ​បុគ្គល​​ទាំង​​ឡាយ​​ដែ​ល​មិន​ទទួល​ស្គាល់ ឬ​សម្រាល​ ឬ​បដិសេធ ឬជំទាស់អត្ថិភាពនៃ​ឧក្រិដ្ឋ​​កម្ម​លើក​តម្កើង​​ឧក្រិដ្ឋកម្ម​ ​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈ​កាល​នៃកម្ពុជា​ប្រជាធិបតេយ្យ​ ក្នុង​​គោល​បំណង​​ផ្តល់​​យុត្តិធម៌​ដល់​ជន​រងគ្រោះ​ និង​ទប់​ស្កាត់​កុំឱ្យឧក្រិដ្ឋកម្មទាំងនេះ​ វិលត្រឡប់​មក​វិញ​នៅ​កម្ពុជា។

ជាមួយ​គ្នា​នេះ ក្រសួងយុត្តិធម៌ បាន​ចេញសេចក្តីថ្លែងការណ៍​មួយ​ កាលពីថ្ងៃ​ទី​១៨ ​ខែកុម្ភៈ ​ដោយ​ចាត់​ទុក​អ្នក​ដែល​មិន​ទទួលស្គាល់របបខ្មែរក្រហម ថាចង់ឲ្យរបបប្រល័យ​ពូជសាសន៍​​នេះ​កើត​ឡើង​​ជា​ថ្មី។ សេចក្តី​ថ្លែងការណ៍​​រប​ស់​ក្រសួង​យុត្តិធម៌នេះ ​ធ្វើឡើងបន្ទាប់ពីអ្នក​សារ​​ព័ត៌​​​មាន​អង់​គ្លេស លោក David Hutt បាន​លើក​ឡើង​ថា ការ​បង្កើត​ច្បាប់ស្តីពីការ​ប្រឆាំងនឹង​អ្នក​ដែល​​មិន​ទទួល​ស្គាល់ឧក្រិដ្ឋកម្មក្នុង​របបខ្មែរក្រហម គឺជាការរឹតបន្តឹងសិទ្ធិសេរីភាព​​បញ្ចេញ​​មតិ។

​យ៉ាង​ណាក្តី ​លោក វន ចាន់ឡូត អ្នក​សិក្សា​ផ្នែកច្បាប់​ បាន​ធ្វើការ​កត់សម្គាល់ថា កាលពីថ្ងៃទី​២១​ខែ​កុម្ភៈ ​ឆ្នាំ​២០២៥ មេដឹក​នាំ​ជាន់ខ្ពស់បក្សប្រជាជនកម្ពុជា បានជួបប្រជុំជាមួយមេដឹកនាំ​ជាន់​ខ្ពស់​​វៀត​ណាម​ នៅទីក្រុង​ហូជីមិញ ដែល​នេះ​​ទំនង​ជាហេតុផលចម្បងក្នុងកា​រ​​បង្កើត​​ច្បាប់​​ប្រឆាំង​​ទៅ​នឹង​ការមិនទទួលស្គាល់បទឧក្រិដ្ឋ ដែលប្រព្រឹត្តក្នុងរយៈកាល​កម្ពុជាប្រជា​ធិបតេយ្យ ដាក់​​ជាកា​រ​ប្រញាប់។

លោក​បាន​បញ្ជាក់​​ក្នុង​សម្តីដើមថា៖ «ប្រញាប់ឱ្យច្បាប់ចូលជាធរមាន និង​ប្រញាប់បានជួប​បង​​ធំ​របស់​ខ្លួន។ ខ្មែរក្រហម​និយម​ចិន​រលាយ​រលត់ ក្រោម​ដៃខ្មែ​រ​ក្រហម​និយម​វៀត​ណាម។ ពិត​ណាស់​មេ​ខ្មែរ​ក្រហម​ទាំង​ពីរ​ក្រុម​នេះ ត្រូវ​ទទួល​ខុស​ត្រូវ​ដូច​គ្នា​ ពី​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​​សាសន៍ និង​ឧក្រិដ្ឋ​កម្ម​សង្រ្គាម»។

ចំណែក ​លោក ​គឹម សុខ ​អ្នក​វិភាគនយោបាយ ​បាន​​សរសេរក្នុ​ង​​សំណេរ​ដើម​បែប​ចំ​អក​​ថា «ខំ​ប្រឹង​ធ្វើ​​ច្បាប់​​ប្រ​ឆាំង​​​នឹង​អ្នកមិន​ទទួល​ស្គាល់ឧក្រិដ្ឋកម្មក្នុង​របបខ្មែរក្រហម​រួច​​ហើយ ​ម្តេច​​មិន​ធ្វើ​​ច្បាប់​​​ប្រឆាំង​​នឹងអ្នកមិន​ទទួ​ល​​ស្គាល់​ឧក្រិដ្ឋកម្មក្នុង​ផែន​ការ​​ក-៥​​របស់​​វៀតណាម​ដែរទៅ​?»។  

គួរ​កត់សម្គាល់​ថា របប​ខ្មែរក្រហម ​បាន​គ្រប់គ្រងប្រទេសកម្ពុជា​​ ចាប់ពីថ្ងៃទី​១៧ ​ខែមេសា ​ឆ្នាំ​១៩៧៥ ​រហូត​ដល់​ថ្ងៃទី​៦​ ខែមករា ឆ្នាំ១៩៧៩ ពោល​គឺ​មាន​រយៈ​ពេល​៣ឆ្នាំ​៨ខែ និង​២០​ថ្ងៃ ហើយ​បាន​ធ្វើ​ឱ្យ​​​ពលរដ្ឋ​ស្លាប់ចន្លោះពី១​​លាន​​​កន្លះ ​ទៅ​៣​លាន​​នាក់ ដោយ​​សារ​​ការ​ធ្វើ​ទារុណ​កម្ម​ ការ​​វ៉ៃ ​​បាញ់​​សម្លាប់ ​ការបង្ខំឱ្យ​ធ្វើការលើសកម្លាំង​ និង​បង្អត់អាហារ​។

លោក នួន ជា ​ប្រធាន​រដ្ឋសភា និង​ជាមេមនោគមន៍​​វិជ្ជា​ក្នុង​របប​ខ្មែរក្រហម ​បាន​​ថ្លែង​អះ​អាង​នៅ​ក្នុង​​សវនាការ​សាលា​ក្តីខ្មែរក្រហម​ ​កាលលោក​នៅមាន​ជីវិតថា រដ្ឋាភិបាល​កម្ពុជា​​ប្រជា​ធិប​តេយ្យ​​មិន​​បាន​​សម្លាប់​​ប្រជាព​ល​រដ្ឋ​​ខ្មែរ​ខ្លួន​​ឯង​នោះ​ទេ។

ប៉ុន្តែ​លោក​ថា មានក្រុម​វៀតណាម​បង្កប់​​បាន​​ឆ្លៀត​​សម្លាប់​​ប្រជាពលរដ្ឋ​ខ្មែរ ​ដើម្បី​​ទម្លាក់​កំហុស​មក​​​លើ​​មេដឹក​នាំ​ខ្មែរ​​ក្រហម។

គណបក្ស​ប្រជាជន​កម្ពុជា ​ក្រោម​ការ​ដឹកនាំ​របស់​ លោក ​ហ៊ុន សែន ត្រូវបាន​គេមើល​ឃើញ​ថា បាន​​ក្រឡៃ​ប្រ​វត្តិ​​សាស្ត្រ​ និង​បំភ្លៃការពិត​មួយ​ចំនួន​ ជាពិសេស​​ការ​​ជាប់​​ពាក់​ព័ន្ធ​​របស់​​វៀត​ណាម​ជាមួយ​​របបខ្មែរក្រហម​។ លើស​ពីនេះ​ លោក ​ហ៊ុន សែន ​បាន​​ព្យាយាម​ធ្វើ​ឱ្យ​សន្ធិ​​សញ្ញា​​ព្រំដែន​ខុស​ច្បាប់​​ ដែលលោក​​បាន​ចុះហត្ថលេខានៅ​ក្នុង​ឆ្នាំ១៩៨២-៨៣ និង​៨៥​ ដែល​​​កិច្ច​​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​​ប៉ារីស​ ​២៣​តុលា​ឆ្នាំ​១៩៩១ បាន​​និរាករណ៍​​ចោល​​​ទៅ​​ហើយ​​នោះ ​ឱ្យក្លាយ​ជាស្របច្បាប់​តាម​​រយៈ​​សន្ធិសញ្ញាព្រំដែន​កម្ពុជា វៀតណាម​​​បំពេញ​បន្ថែម​ឆ្នាំ​២០២៥ និង​ព្យា​យាម​​បន្ត​​យក​ថ្ងៃ​៧​មករា​ ​ដាក់​ជាថ្ងៃបុណ្យ​ជាតិ​ ដើម្បី​​ដឹងគុណវៀត​ណាម ​បើ​ទោះ​បីជាមជ្ឈ​​ដ្ឋាន​ខ្មែរ​​ជាច្រើន និង​សហគមន៍​​អន្តរជាតិ​ ​បាន​ចាត់ទុកថា ថ្ងៃ៧មក​រា គឺ​ជាថ្ងៃ​ដែល​វៀតណាម​​បាន​​លើក​​ទ័​ព​​​ជាង​២០​ម៉ឺន​​នាក់ ​ចូលលុកលុយ​ឈ្លានពានកម្ពុជាក្តី។

យោងតាមការចុះផ្សាយដោយសារព័ត៌មានវៀតណាម នៅថ្ងៃទី២១ ខែកុម្ភៈ លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត រួម​នឹងថ្នាក់ដឹកនាំ​កំពូលៗ​​របស់​គណបក្ស​ប្រជាជន​​កម្ពុជា​មួយ​ចំនួន បាន​ទៅ​ជួប​ប្រជុំ​ប្រចាំ​ឆ្នាំ ​ជាមួយ​ លោកតូ ឡឹម អគ្គលេខាបក្សកុម្មុយ​នីស្ត​​វៀត​​ណាម។

នៅក្នុងកិច្ច​ប្រជុំកម្រិត​ខ្ពស់​​​ នៅទីក្រុង​ហូជីមិញនេះ មេដឹកនាំប្រទេសទាំង២ ​បាន​ឯកភាពគ្នា​​លើ​​ការ​​ពង្រឹងទំ​នាក់ទំនងផ្នែក​នយោបាយ លើក​កម្ពស់កិច្ច​សហប្រតិបត្តិការ​​ទ្វេ​ភាគី​ ​លើ​វិស័យ​ការ​ពារ​ជាតិ សន្តិសុខ សេដ្ឋកិច្ច ​ពាណិជ្ជ​កម្ម វប្បធម៌ អប់រំ និងទេសចរណ៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ