អ្នកជំនាញបារម្ភ​ពីវិបត្តិ​​សេដ្ឋកិច្ច​សង្គម​ បើ​គ្មាន​​វិធាន​ទប់​ស្កាត់​ពី​ហានិ​ភ័យ

អ្នកជំនាញផ្នែកសេដ្ឋកិច្ច បារម្ភពីវិបត្តិ​សេ​ដ្ឋកិច្ចសង្គម​​​​​ដែល​អាច​ជះ​ឥទ្ធិពល ​ដល់​ការ​អភិវឌ្ឍ​មុខ​ងារ​​​​​ម៉ាក្រូ និងមីក្រូ​សេដ្ឋកិច្ចនៅកម្ពុជា​​​ ស្របពេលដែលអតិផរណា​ដែលបង្ហាញដោយធនាគារ​ជាតិនៃកម្ពុជា ថាមានការ​កើនឡើង​ ៦% ក្នុង​ខែមករា ឆ្នាំ២០២៥នេះ​ ដែលករណីនេះ ពួកគេ​បាន​​ជំរុញ​ឱ្យ​រដ្ឋាភិបាល​​ ត្រូវ​ដោះស្រាយ​សំណុំវិបត្តិ​​សេដ្ឋកិច្ច​មួយ​ចំនួ​ន​​ឱ្យប្រសើរឡើងវិញ​ បើ​ពុំ​នោះ​ទេ នឹង​​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាពរបស់ពលរដ្ឋ។

ការ​លើកឡើង​នេះ បានធ្វើឡើង​ក្រោយ​ពីធនាគារ​ជាតិ​នៃ​កម្ពុជា នៅថ្ងៃ​ទី២៤ ខែកុម្ភៈ ឆ្នាំ​២០២៥ បាន​ចេញ​របាយការណ៍​មួយ ដោយ​​លើក​ឡើង​​ថា អតិផរ​ណាស​ម្រាប់​​ខែ​​មករា ឆ្នាំ​២០២៥ បាន​កើន​ឡើង​ចំនួន ៦% ក្នុង​នោះ មុខទំនិញដែលមាន​កម្រិត​អតិផរណា​កើន​លើស​ពី ៥% មាន​​ដូច​​ជា ផលិតផលសម្លៀកបំពាក់​និងស្បែកជើងកើន ១០,៤%, អាហារ និង​ភេសជ្ជៈ​មិន​​មែ​ន​​ជាតិ​​ស្រវឹង​កើន​​​ឡើង ៧,៨%, ការកម្សាន្ត និងវប្បធម៌កើនឡើង ៥,៤% និង​ម្ហូប​អាហារ​នៅ​​តាម​ភោជនីយ​ដ្ឋានកើ​ន​ឡើង​ចំនួន ៥%។

ចំណេកឯ ​មុខ​ទំនិញ​ដែ​ល​មាន​កម្រិត​​អតិផរណា​កើន​ក្រោម ៥% វិញ មានដូចជា​​ ការសិក្សា ទំនិញ និង​សេវា​កម្ម​ផ្សេងៗ ភេសជ្ជៈមានជាតិស្រវឹង និងថ្នាំជក់ ផ្ទះសម្បែង ទឹក អគ្គិសនី ឧស្ម័ន និងឥន្ធនៈដទៃទៀត គ្រឿងសង្ហារឹម សម្ភារៈប្រើប្រាស់គ្រួសារ និងការថែទាំផ្ទះជាប្រចាំ សុខាភិបាល និងគមនាគមន៍។

អ្នកឯកទេសផ្នែកសង្គម គោលនយោបាយ និងសេដ្ឋកិច្ច លោក ឌី គន្ធា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​​២៥ ខែ​កុម្ភៈ​​នេះ​ថា បើ​ទោះជា​អតិផរណា​​សេដ្ឋកិច្ចកម្ពុជា​នៅ​ក្នុង​ខែ​មករា​ ឆ្នាំ២០២៥​​ មាន​ការ​កើន​​ឡើង​​​ចន្លោះ​​​ពី ៥%​ទៅ១០% ទៅតាម​មុខ​ទំនិញ​​ផលិត​ផលមួយចំនួន និង​​​មុខទំនិញ​​និង​ផ្នែក​មួយចំនួន​ទៀត​​​កើន​ឡើង​​ក្រោម​៥%ក្តី ប៉ុន្តែគេ​សង្កេតឃើញថា សេដ្ឋកិច្ច​​​ និង​វិបត្តិ​សង្គម​នៅ​​​កម្ពុជា នៅតែ​​មានហានិភ័យ​នៅឡើយ បើមិនមានវិធានការ​ដោះស្រាយ​ជាកញ្ចប់ទេនោះ។

លោកបន្តថា វិបត្តិ​សេដ្ឋកិច្ច​សង្គមដែល​នៅមានហានិភ័យ និង​ទាមទារឱ្យដោះស្រាយ​ជាកញ្ចប់​នោះ​ មានដូចជា វិបត្តិ​​រូបបិយវត្ថុជាតិ​ដែល​គ្មានគុណតម្លៃ​​​នៅ​លើទីផ្សារ, វិបត្តិ​បំណុល​របស់​ពលរដ្ឋ​ បំណុល​​សាធារណៈ ឬបំណុល​របស់​រដ្ឋ, វិបត្តិការ​ប្រាក់, វិបត្តិ​​ឥណទាន និង​​វិបត្តិ​អតិផរណា​​សេដ្ឋកិច្ចដែលសំដៅលើទំនិញ​ប្រើប្រាស់ សំលៀក​បំពាក់ ថ្នាំពេទ្យ អគ្គិសនី ទឹក និង​ចំណី​​អាហារ​ដែលមានតម្លៃ​ខ្ពស់ និង​​មិន​សម​ស្រប​​ទៅ​នឹង​​ចំណូល​របស់​ប្រជា​ពលរដ្ឋ​ជា​ដើម។

ក្រៅពីនោះ លោកថា វិបត្តិគ្មានការ​ងារធ្វើ វិបត្តិវិនិយោគ វិបត្តិចំណាកស្រុកដែលបង្ក​បាត់​បង់​កម្លាំង​ពលកម្ម​ក្នុង​ស្រុក វិបត្តិ​ទីផ្សារ និង​វិបត្តិ​ផ្សេងៗ​ទៀត រួម​ទាំង​វិបត្តិ​លើ​ការ​ហូរ​ចូល​នូវ​ផលិត​​​​​ផល​​​កសិកម្ម ភេសជ្ជៈ សាច់បង្កក និង​ទំនិញផ្សេងៗដែលហូរ​ចូល​ពី​ប្រទេស​​ជិត​​ខាង ក៏​បង្ក​​​ឱ្យ​ប៉ះពាល់​​ដល់​​សុខភាព និង​ប៉ះពាល់ដល់ឆ្នាំងបាយរបស់ពលរដ្ឋផងដែរ​។

លោក​បានគូសបញ្ជាក់​ថា៖ «ប្រសិនជាថ្នាក់ដឹកនាំរាជ​រដ្ឋាភិបាលកម្ពុជា​ មិនផ្តោត​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​​ការ​​​ដោះ​ស្រាយ​វិបត្តិសេដ្ឋកិច្ច​សង្គម ​ដូចដែលខ្ញុំបានរៀបរាប់​​នោះ​​ទេ​ ​វា​​នឹង​បង្ក​ឱ្យ​ប្រទេស​​កម្ពុជា នឹង​​ប្រឈម​នូវ​វិបត្តិ​សេដ្ឋកិច្ច​សង្គម​ ក្នុងនោះ​គឺវិបត្តិម៉ាក្រូ​សេដ្ឋកិច្ច មីក្រូ​​សេដ្ឋ​កិច្ច​ វិប​ត្តិ​​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ និងវិបត្តិសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងមានកម្រិត​ធ្ងន់ធ្ងរ​ឡើង​​​​ដែល​​អាច​​ធ្វើ​ឱ្យ​គោលដៅ​រដ្ឋាភិបាល​ លើកកម្ពស់​សន្តិសុខស្បៀង និងគោលដៅ​រដ្ឋាភិបាល​លើក​កម្ពស់​​ការ​អភិវឌ្ឍ​ប្រកប​ដោយចីរភាព​​​ នឹង​ទទួលបរាជ័យរយៈ​ពេល​​យូរ​អង្វែង​តែ​ម្តង»។

បើតាម លោក ឌី គន្ធា សូចនាករសំខាន់ៗ​នៃគោលដៅ​​អភិវឌ្ឍន៍ប្រកប​ដោយ​ចីរ​ភាព រយៈ​ពេល​​យូរ​អង្វែង គឺ​ការ​កាត់បន្ថយភាពក្រីក្រ ការ​កាត់បន្ថ​យភាពស្រែកឃ្លាន ការ​លើកកម្ពស់​សុខមាល​ភាពរបស់ប្រជាពលរដ្ឋ និងសង្គម​ និង​ការអប់រំប្រកបដោយគុណភាពជាដើម។

លោកបន្ថែមថា៖ «បើគោលដៅអភិវឌ្ឍន៍​ប្រកប​ដោយចីរភាព និងគោលដៅ​​លើកកម្ពស់​សន្តិ​សុខ​​​ស្បៀង​​​របស់រាជរដ្ឋាភិបាល​កម្ពុជា ទទួល​​បរាជ័យហើយនោះ គឺវាស្មើនឹង​សេដ្ឋកិច្ច​សង្គម​កម្ពុជា ទទួលបរាជ័យ វាស្មើនឹង​ផលិត​ផលសរុប​ក្នុង​ស្រុក​​​របស់ប្រទេស​​​កម្ពុជា ឬហៅកាត់​ថា GDP ក៏នឹង​ទទួលបរាជ័យ​រយៈពេលវែងផងដែរ»។

អតីត​តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន​ មាន​ប្រសាសន៍ថា ជាទូទៅ ប្រទេស​ដែល​​មាន​​ការ​កើន​ឡើង​នៃអ​តិផរណា​ខ្ពស់ នោះ​​មិនមែន​ជា​រឿង​​​ល្អ​សម្រាប់​​សេដ្ឋកិច្ច​នោះទេ ហើយ​​ប្រទេស​ទាំង​ឡាយ​នៅក្នុងពិភព​លោក រដ្ឋាភិបាល​​គេ​​តែ​ង​តែ​​​រក្សា​ធ្វើយ៉ាង​​ម៉េចឱ្យ​អតិផរណា​​មានស្ថេរភាព​ទាប អាចត្រឹម​ ៣%​ក្នុងមួយឆ្នាំ​។ ប៉ុន្តែនៅកម្ពុជា លោកថា បែរ​ជា​មាន​ការ​​កើ​ន​ឡើង​អតិផរណា​​​​​​ខ្លាំង​​គួរ​ឱ្យ​កត់​សម្គាល់ ជាពិសេស​ការ​​កើន​​ឡើង​​ផ្នែក​​​​​ម្ហូប​​​​អាហារ និង​ភេសជ្ជៈ​​មិន​​មែន​ជា​​​គ្រឿង​​​ស្រវឹង ដែល​ធ្វើឱ្យប៉ះពាល់ខ្លាំង​ជីវភាពរបស់​​ពលរដ្ឋ និង​​​អ្នក​ដែល​មាន​ប្រាក់​ចំណូល​ទាប។

លោកថា៖ «ជាក់ស្តែង​ នៅក្នុងប្រទេស​យើង មាន​ការ​ត្អូញត្អែរ​ច្រើន​​ទាំងអាជីវករ ទាំង​កសិករ ទាំង​​​កម្មករ​អត់ការ​ងារអីធ្វើជាដើម ហើយចំណូល​មន្ត្រីរាជការ ក៏មិនមាន​អីកើនឡើង ម្លោះ​ហើយ អតិផរណា​ធ្វើឱ្យប៉ះពាល់ដល់​ជីវភាពហើយជា​ទូទៅ​ លើក​លែង​តែ​អ្នក​ដែល​មាន​ចំណូល​​​ច្រើនៗ នោះ​មិន​​សូវ​ជា​មាន​ការ​​ប៉ះពាល់​ខ្លាំង​ទេ។ ប៉ុន្តែ​យើងឃើញ នៅ​ក្នុង​ប្រទេស​យើង​​ជាក់​ស្តែង​មួយ​រយៈ​នេះ មាន​ការ​​ប៉ះ​ពាល់​ខ្លាំង​ ទាំង​សេដ្ឋ​កិច្ច ក៏​មិន​សូវ​ជា​កើន ហើយ​អតិផរណា​​​​ហ្នឹង​​កើន​ខ្ពស់ ម្លោះហើយវាប៉ះពាល់ ប៉ះពាល់​​​ដល់ជីវភាព ការ​រស់នៅរបស់ពលរដ្ឋ​ហ្នឹង​ខ្លាំង»។

បើតាម លោក អ៊ូ ច័ន្ទរ័ត្ន ដើម្បីដោះស្រាយ​​វិបត្តិសេដ្ឋកិច្ចបានខ្លះ​ ជាទ្រឹស្តី ​និងការ​អនុវត្ត​របស់​ប្រទេស​​មួយចំនួន គឺគេ​បោះពុម្ភលុយ​បន្ថែម​ក្នុងកម្រិត​មួយ​ដែលជំរុញកំណើនសេដ្ឋកិច្ច​ ហើយ​​បង្កើត​​ការងារ​​ក្នុង​ស្រុកឱ្យ​​កាន់តែច្រើន ព្រម​ទាំង​​ដំឡើងប្រាក់បៀវត្សរ៍​ជូន​មន្ត្រី​រាជការ ធ្វើ​ឱ្យ​ពួក​គាត់​អាច​ចាយ​វាយ​​ទិញ​​ផលិត​​ផល​ក្នុងស្រុក​​បាន​ច្រើន នោះ​​ចលនា​នៃសេដ្ឋកិច្ច​ដំណើរ​ការ។

សម្រាប់ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា និងជាបណ្ឌិតផ្នែកសេដ្ឋកិច្ច​ លោក គី សេរីវឌ្ឍន៍ យល់ថា​ ការ​កើនឡើងនូវកម្រិតអតិផរណានាខែមករា ដើម​ឆ្នាំ​នេះ​ គឺ​ដោយ​​​សារ​សន្ទុះ​នៃ​​ការ​​ចំណាយ និង​​​សន្ទុះចំណូល​​របស់​ពលរដ្ឋ​ផ្នែក​លក់រាយ មានការ​កើន​ឡើង​​ខ្លាំង ​ក្នុង​​​អំឡុងចូលឆ្នាំសកល បុណ្យ៧មករា និង​ចូល​ឆ្នាំចិន ដែលធ្វើឱ្យទំនិញ​ឡើង​ថ្លៃ។

សម្រាប់ខែកុម្ភៈនេះ លោកប៉ាន់ស្មានថា កម្រិតអតិផរណា​​អាចនឹងធ្លាក់ចុះទាបជាងមុនវិញ ព្រោះសន្ទុះ​នៃ​ការ​ទិញ​ទំនិញ​នៅ​លើទី​ផ្សារ​ហាក់​ថម​ថយ ស្រប​ពេល​​ដែល​ធនាគារជាតិ​​នៃ​កម្ពុជា បាន​​​រៀបចំគោលនយោបាយ​មួយ ​ដែល​ធ្វើឱ្យ​​​​មាន​​​ស្ថិរភាព​អត្រា​​ប្តូរ​​ប្រាក់​ បើ​ទោះ​ជា​ដុល្លារ​​មិ​ន​ធ្លាក់​ថ្លៃ រួម​និង​​​ការ​ថយចុះនៃ​តម្លៃប្រេង​សាំង។

ករណីនេះ លោក គី សេរីវឌ្ឍន៍ យល់ថា៖ «​ស្ថានភាព​នៃអតិផរណា​របស់​ប្រទេស​កម្ពុជា វាមិនមែនជាស្ថានភាពមួយដែល​ពុះកញ្ជ្រោល​ ក្តៅកគុក​​ ហើយ​ធ្វើឱ្យជួបវិបត្តិនោះទេ»។

លោកស្រី ជា សិរី ទេសាភិបាល​ធនាគារ​ជាតិនៃ​កម្ពុជា​ ត្រូវបាន​ស្រង់​សម្តីមកចុះផ្សាយ​លើ​ទំព័រ​​​​ហ្វេសប៊ុក​របស់ធនាគារជាតិនៃកម្ពុជាដែរ​ថា អតិផរណា​​ដែលកើនឡើង​ ៦%នេះ ជា​តួ​លេខ​​​សន្ទស្សន៍​​ថ្លៃ​​ទំនិញ​​​ខែ​​មករា ឆ្នាំ​២០២៥ ធៀប​នឹងខែមករា ឆ្នាំ២០២៤ ខណៈ​អត្រា​អតិផរណា​​ខែ​មករា ធៀបនឹង​ខែធ្នូ មានកម្រិតត្រឹម ០,៣%​ប៉ុណ្ណោះ។

លោកស្រីពន្យល់ថា តួលេខនេះឃើញខ្ពស់ ដោយសារកាលពីខែមករា ឆ្នាំ២០២៤ សន្ទស្សន៍​ថ្លៃ​ទំនិញមា​ន​កម្រិត​អវិជ្ជមាន​ដល់​ -០.៥% ប៉ុន្តែ​​អតិផរណាខ្ពស់​នៅ​ខែ​មករា ឆ្នាំ​នេះ គឺដោ​យ​សារ​​មាន​​ការ​​ឡើង​​​ថ្លៃ​​នៃ​​ម្ហូប​អាហារ នៅរដូវ​​ចូលឆ្នាំប្រពៃណីចិន និងវៀតណាម ស្រប​ពេល​ដែល​​មាន​​កំណើន​​ភ្ញៀវ​​ទេស​ចរ​ជាតិ​​និង​​អន្តរ​ជាតិ ដែល​ធ្វើ​​ឱ្យ​​សន្ទស្សន៍​ថ្លៃ​ម្ហូប​អាហារ​ទូទៅ​កើន​ឡើង ៧,៨%។

លោកស្រីថា បើ​គណនាអតិផរណា ដកថ្លៃម្ហូបអាហារ និងភេសជ្ជះមិនស្រវឹងចេញ នោះ​អតិផរណា នៅ​សល់​តែ ៣,៧% ប៉ុណ្ណោះ ដូច្នេះមិនអាចនិយាយថា កា​រ​ឡើង​ថ្លៃ ៦% ចំពោះ​គ្រប់​ទំនិញ​​នោះ​​ទេ។​ ការប្រមូលថ្លៃទំនិញ គឺត្រូវធ្វើឡើងដោយវិទ្យាស្ថានជាតិស្ថិតិជាប្រចាំ លើចំនួនមុខទំនិញជាក់លាក់ចំនួន ២៥៩មុខ ពីទីតាំងលក់មួយចំនួនជាក់លា​ក់ ដែល​គេ​ហៅ​ថា​កន្ត្រក​ទំនិញ។ ក្រោយពីទទួលបា​នស​ន្ទស្សន៍​ថ្លៃ ធនាគារជាតិ​នៃ​កម្ពុជា គណនា​អត្រា​អតិផរណា​ប្រចាំ​ខែ​ និង​ប្រចាំ​ឆ្នាំ។

លោកស្រី ជា សិរី បានគូសបញ្ជាក់ដែរថា៖ «អាត្រាអតិផរណា គឺជាសូចនាករ​មួយ​ដែល​អ្នក​រៀប​​ចំ​គោល​នយោបាយ អាច​យល់​អំពី​ស្ថាន​ភាព​ថ្លៃ​ទំនិញ និង​រៀប​ចំ​គោល​នយោបាយ​សម​ស្រប ដើម្បី​រក្សា​អំណាច​ទិញ​របស់​ប្រជាជន។ កា​រ​រក្សា​ស្ថាន​ភាព​ថ្លៃជា​មុខ​ងារ​ភារកិច្ច​ចម្បង​មួយ​​របស់​ធនាគារ​ជាតិ​នៃក​ម្ពុជា តាម​រយៈ​ការ​ប្រើ​ឧបករ​ណ៍គោល​នយោបាយ​រូបិយ​វត្ថុ ប៉ុន្តែ​រដ្ឋា​ភិបាល​ក៏​មាន​ភារកិច្ច​សំខាន់​ផង​ដែរ តាម​រយៈ​កា​រ​ប្រើ​ឧបករ​ណ៍គោល​នយោបាយ​សារ​ពើ​ពន្ធ និង​ជំរុញ​ផលិត​ភាព​សម្រាប់ប្រើប្រាស់ក្នុងស្រុក»។

បើតាម​ទេសាភិបាលធនាគារ​ជាតិនៃកម្ពុជា លោកស្រី ជា សិរី ថ្លែង​ក្នុង​កម្មិវិធី​សន្និបាត​បូក​សរុប​​លទ្ធផល​ការ​​ងារ​ប្រចាំឆ្នាំ២០២៤ និងទិសដៅការងារ​ឆ្នាំ២០២៥របស់​ធនាគារជាតិនៃ​កម្ពុជា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឱ្យដឹងថា ស្ថានភាពអតិផរណានៅកម្ពុជា ជា​មធ្យម​មាន​កម្រិត​ត្រឹម ០.៨% នាឆ្នាំ២០២៤ ដោយ​សារ​ការ​ធ្លាក់​ថ្លៃ​ប្រេង​ឥន្ធនៈ ម្ហូប​អាហារ ស្រប​ពេល​ដែល​​ទំនិញ និងសេ​វា​ផ្សេងៗ​ទៀត​ឡើង​ថ្លៃ​យឺត។

លោកស្រីថា កម្រិតទាបនៃអតិផរណា​បានបង្ហាញ​ថា ធនាគារជាតិនៃកម្ពុជា សម្រេចបាន​នូវបេសកកម្មចម្បងរបស់ខ្លួន ក្នុងការអនុវត្តនយោបាយ​រូបិយវត្ថុ ស្របតាមក្របខ័ណ្ឌគោល​នយោ​បាយ​ម៉ាក្រូសេដ្ឋកិច្ច របស់រាជរដ្ឋាភិ បាល។ អត្រាអតិផរណាទាបនេះ បានរួមចំណែក​យ៉ាង​សំខាន់ ក្នុងការជួយរក្សាកម្រិតជីវភាពរស់នៅ​របស់ប្រជាជនកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ