ការបង្កើត​ក្រុម​ថ្មី​បង្រ្កាប​បទ​ឧក្រិដ្ឋ​អនឡាញ​រង​ការ​រិះ​គន់​​ថា​​ជា​​ល្បិច​​បិទ​បាំង​កំហុស​មេដឹកនាំ

ការបង្កើតក្រុមបង្រ្កាបបទឧក្រិដ្ឋឆបោកតាមអនឡាញ ត្រូវ​គេ​មើល​ឃើញ​ថា​ជា​យុទ្ធ​សាស្រ្ត​ចាស់ ដើម្បី​បិទ​បាំង​កំហុស​​មេដឹកនាំ​ដែល​បាន​ប្រមូល​ក្រុម​ឧក្រិដ្ឋ​ជន​ដាក់​ក្បែរ​ខ្លួន ធ្វើ​ឱ្យ​កម្ពុជា​រង​​ភាព​អាម៉ាស់​លើ​ឆាក​អន្តរ​ជាតិ និង​បាន​គំរាម​គំហែង​ជីវភាព​ពលរដ្ឋ​ច្រើន​លាន​នាក់។  

ពួកគេព្រួយ​បារម្ភ​ថា រូបភាពនេះ​នឹង​បន្ត​គំរាម​គំហែង​ជីវិត​ពលរដ្ឋ​ខ្មែរ យូរ​ឆ្នាំ​ទៀត បើ​គ្មាន​ចរន្ត​ផ្លាស់​ប្តូរ ដើម្បី​ពង្រឹង​ប្រព័ន្ធ​នីតិ​រដ្ឋ​ទេ​នោះ។

ការលើកឡើង​នេះ ក្រោយ​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន បាន​បង្កើត​គណៈ​កម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ដែល​មាន​នាយករដ្ឋ​មន្រ្តី លោក ហ៊ុន ម៉ាណែត​ជា​ប្រធាន ខណៈ​មេឧក្រិដ្ឋ​ជន​ជា​ច្រើន​ជា​ទីប្រឹក្សា​លោក ហ៊ុន សែន។

បើតាមសេចក្តីសម្រេច​ចុះថ្ងៃទី២០ ខែកម្ភៈ ឆ្នាំ២០២៥​នោះ បញ្ជាក់​ថា ក្រុម​ថ្មី​នេះ មាន​ភារកិច្ច​ស៊ើប​អង្កេត​ដើម្បី​បង្រ្កាប​ការឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ដាក់​ចេញ​វិធាន​ការ​ទប់​ស្កាត់​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា និង​សហការ​ជាមួយ​ប្រទេស​ពាក់​ព័ន្ធ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ជាដើម។

ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះ​ជាតិ លោក អ៊ុំ សំអាន ចាត់​ទុក​ថា ការ​បង្កើត​ក្រុម​ថ្មី​នេះ គ្រាន់​តែ​ជាល្បិ​ច​ជួយ​បិទ​បាំង​កំហុស លោក ហ៊ុន សែន ដែល​បាន​ឱប​ក្រសោប​ពួក​ឧក្រិដ្ឋ​ជន​ដាក់​ក្បែរខ្លួន​តែ​ប៉ុណ្ណោះ។

លោកព្រមានថា បទ​ឧក្រិដ្ឋ​ឆបោក​តាម​អន​ឡាញ នឹង​បន្ត​ពង្រីក​ខ្លួន​ជ្រក​ក្រោម​ឆ័ត្រ​មេដឹកនាំ​កាន់​តែ​ខ្លាំង ដោយ​ថា មន្រ្តី​អនុវត្តច្បាប់ ​នឹង​មិន​ហ៊ាន​ចាត់​វិធាន​ការ​លើ​មេឧក្រិដ្ឋ​ជនទាំង​​នោះ​ទេ ព្រោះ​​លោក ហ៊ុន សែន គឺជា​អ្នក​កាង​នៅ​ពី​ក្រោយ ដើម្បី​ឱ្យ​ឧក្រិដ្ឋជន​ទាំង​នោះ រក​លុយ​ចិញ្ចឹម​​អំណាច​របស់​ខ្លួន។

លោកថា៖ «បទល្មើសទាំងអស់នេះ គឺ​កើត​ឡើង​ដោយ​សារ​តែ​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ នៅ​កម្ពុជា ហើយ​មួយ​ទៀត​ដោយ​សារ​តែ​តុលាការ​យើង​ ជា​តុលាការ​ពុក​រលួយ ជា​តុលាការ​មិន​ឯករាជ្យ។ សំខាន់​មួយ​ទៀត ដោយ​សារ​មេដឹកនាំ​ប្រទេស​ ដូច​ជា​លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ហ្នឹង​យក​ពួក​ឧក្រិដ្ឋជន​ទៅ​ដាក់​ជុំវិញ​ខ្លួន ជាពិសេស​លោក ហ៊ុន សែន តែ​ម្តង​គឺ យក​ឧកញ៉ា លី យ៉ុង​ផាត់ ឧកញ៉ា កុក អាន ឧកញ៉ា ចេន ហ្ស៊ី សុទ្ធ​តែ​ជា​អ្នក​ពាក់​ព័ន្ធ​ទៅ​នឹង​បទ​ឧក្រិដ្ឋ​នៃ​ការ​បង្ខាំង​មនុស្ស​ឱ្យ​ឆបោក​តាម​អន​ឡាញ»។

ជា​ការកត់សម្គាល់ ក្រុមឧកញ៉ាដែលអន្តរជាតិ​រកឃើញ​ថា ជា​ឧក្រិដ្ឋ​ជន សុទ្ធ​សឹង​តែ​ជា​មនុស្ស​ដែល​នៅ​គៀក​នឹង​គ្រួសារ​ហ៊ុន។

ពួកគេទាំងនោះ រួមមានដូច​ជា ឧកញ៉ា លី យ៉ុងផាត់ ឧកញ៉ា ហ៊ុន តូ និង​ឧកញ៉ា ចេន ហ្ស៊ី ដែល​ត្រូវ​តុលាការ​ចិន​រក​ឃើញ​ថា ជាឧក្រិដ្ឋជន​លាង​លុយ​ និង​ឆបោក​តាម​អន​ឡាញ ជាដើម។

ថ្មីៗនេះ ឧកញ៉ា លី យ៉ុង​ផាត់ អ្នក​គ្រប់​គ្រង​លុយ​ឱ្យ​បក្ស​កាន់​អំណាច ត្រូវ​ក្រសួង​រតនាគារ​ជាតិ​អាមេរិក ដាក់​ទណ្ឌ​កម្ម​បង្កក​ទ្រព្យ​សម្បត្តិ ក្រោយ​មាន​ជាប់​ពាក់​ព័ន្ធ​ការ​ជួញ​ដូរ​មនុស្ស ការ​រក​ស៊ី​ឆបោក​តាម​អន​ឡាញ។

ចំណែក ឧកញ៉ា ហ៊ុន តូ ត្រូវបាន​អន្តរជាតិ​រក​ឃើញ​ថា ជា​ឧក្រិដ្ឋជន​លាង​លុយ​កខ្វក់ មេខ្លោង​ឆបោក​តាម​អន​ឡាញ និង​ឧក្រិដ្ឋ​ជន​គ្រឿង​ញៀន តែ គ្មាន​ស្ថាប័ន​ជាតិ​នៅ​កម្ពុជា បើក​ការ​ស៊ើប​អង្កេត​លើ​ក្មួយ​ប្រុស​ លោក ហ៊ុន សែន រូបនេះទេ។

សម្រាប់ ប្រធា​នក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយ​ថា ការ​បង្កើត​ក្រុម​ថ្មី​ដើម្បី​បង្រ្កាប​អំពើ​ឆបោក​​តាម​អនឡាញ​នេះ វា​គ្មាន​ប្រសិទ្ធិ​ភាព​ទេ ព្រោះ​ឧក្រិដ្ឋ​ជន​ទាំង​នោះ ជាប់​ពាក់​ព័ន្ធ​យ៉ាង​ស៊ី​ជម្រៅជា​មួយ​គ្រួសារ​ហ៊ុន។

លោកសង្កត់​ធ្ងន់​ថា ការ​បរាជ័យ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទប់​ស្កាត់​បទ​ឧក្រិដ្ឋ​ឆបោក​នេះ បាន​ធ្វើ​ឱ្យ​បាត់​បង់​ភ្ញៀវ​ទេសចរ និង​អ្នក​មក​វិនិយោគ នាំ​ឱ្យប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ ហើយ​ថា​ពលរដ្ឋ​ខ្មែរ​នឹង​ធ្លាក់​ខ្លួន​ក្រីក្រ ដែល​វា​នឹង​គំរាម​ដល់​ជីវភាព​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស បើមេ​ដឹក​នាំ​មិន​ហ៊ាន​វះ​កាត់​ឧក្រិដ្ឋ​ជន​ដែល​ជា​ទីប្រឹក្សា​របស់​ខ្លួន​នោះ។

លោកថា៖ «សូម្បីតែមាន​ភស្តុតាង​ជាក់​ស្តែង ដែល​ផ្តល់​ដោយ​ភ្នាក់​ងារ​ស៊ើប​អង្កេត​អន្តរ​ជាតិ ឬ​ក៏​ប្រទេស​លោក​សេរី​ហើយ នៅ​តែ​រដ្ឋាភិបាល​កម្ពុជា​ស៊ុំ​គ្រលំ​ដដែល។ បន្ត​លាក់​លៀម​ពួក​ឧក្រិដ្ឋ​ជន ជាពិសេស​ពួក​មន្រ្តី​ធំៗ​របស់​រដ្ឋាភិបាល​​ហ្នឹង! នៅ​ជាប់​ស្រកាក​នៅ​ពី​ខាង​ក្រោយ​ខ្នង​នៃ​អំពើ​ឧក្រិដ្ឋ​កម្ម ហើយ​គ្រួសារ លោក ហ៊ុន សែន ជា​អ្នក​ការ​ពារ​ពួក​ឧក្រិដ្ឋជន​ទាំង​អស់​នោះ ។ លោក ហ៊ុន សែន ខ្លួន​ឯង​ហ្នឹង​កំពុង​តែ​ប្រើប្រាស់​យន្ត​ការ​សេវា​កម្ម បទ​ឧក្រិដ្ឋកម្ម​ឆបោក​ហ្នឹង ដើម្បី​បន្ត​ជីវិត​នយោបាយ​យ៉ាង​ជូរ​ជត់​ធ្វើ​បាប​ប្រជាពលរដ្ឋ​ខ្មែរ បំផ្លិច​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​កម្ពុជា»។

កាល​ពីខែឧសភា ឆ្នាំ២០២៤ របាយ​ការណ៍​របស់​វិទ្យាស្ថាន​សហរដ្ឋអាមេរិក​ដើម្បីស​ន្តិភាព (USIP) ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីន​តុន ចេញ​ផ្សាយ​រក​ឃើញ​ថា កម្ពុជា​បាន​លួច​លុយ​ពី​ពិភព​លោក​ជាង ១២ពាន់​លាន​ដុល្លារ​ក្នុង១ឆ្នាំៗ តាម​រយៈ​ឧស្សាហ​កម្ម​ឆបោក​តាម​អន​ឡាញ។

ប្រភ​ព​នោះថា​ ក្រុមអ្នក​មាន​អំណាច​នៅ​កម្ពុជា ជា​អ្នក​ចាំ​ការ​ពារ​ឧស្សាហកម្ម​ឆបោក​តាម​អន​ឡាញ ដោយ​សារ​តែ​ភាព​ចំណេញ​មហាសាល​នៃ​ឧស្សាហកម្ម​មួយ​នេះ។

ជាមួយគ្នានេះ ក្នុងឆ្នាំ២០២៤​ដដែល ប្រទេស​កូរ៉េ ក៏បាន​ប្រកាស​អាសន្ន​ពី​ការ​ភ័យ​ខ្លាច​អំពើ​ចាប់​ជំរិត​នៅ​កម្ពុជា​ផង​ដែរ ដោយ​ហាម​ពលរដ្ឋ​ខ្លួន​មិន​ឱ្យ​ធ្វើ​ដំណើរ​មក​កាន់​កម្ពុជា ខណៈ ប្រទេស​ឥណ្ឌា​ក៏​ធ្លាក់​រក​ឃើញ​ថា ជនជាតិ​ខ្លួន​ប្រមាណ ៥ ០០០នាក់ បាន​រង​គ្រោះ​ដោយ​ការ​បង្ខាំង​មនុស្ស​ខុស​ច្បាប់​នៅកម្ពុជា។

ដោយឡែក នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ​២០២៥ សារព័ត៌មានថៃ Bangkork Post បាន​ចុះផ្សាយ​ថា «ជន​បរទេស​ចំនួន ២១៥នាក់ រួមទាំងជនជាតិ​ថៃ ត្រូវ​បាន​ជួយ​សង្គ្រោះលើ​ទឹកដី​កម្ពុជា​ ពាក់​ព័ន្ធ​នឹង​អំពើ​ឆបោក​នៅ​កម្ពុជា»។

ប្រភព​​បន្ត​ថា នគរបាល​កម្ពុជា​ បាន​ជួយ​សង្គ្រោះ​ជនបរទេស​​ចំនួន ២១៥​​នាក់ ក្នុង​​នោះ ១០៩​​នាក់​ ​ជា​​ជន​ជាតិ​​ថៃ ចេញ​ពី​​បរិវេណ​​​ឆបោក​​​ក្នុង​​​ក្រុ​​ង​ប៉ោយ​ប៉ែត បន្ទាប់ពី​មានការ​សហការ​គ្នា​រវាង​​ថៃ និង​​​កម្ពុជា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ