មន្ត្រីនគរបាលខេត្តកំពង់ចាមម្នាក់ ត្រូវបានគេរាយការណ៍ថា បានរងរបួសត្រង់ភ្លៅ ក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសប្លន់ ក្នុងសង្កាត់បឹងកុក ខេត្តកំពង់ចាម ខណៈជនសង្ស័យម្នាក់ ត្រូវបានចាប់ខ្លួន។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ត្រូវបានគេដកស្រង់សម្តីមកចុះផ្សាយលើគេហទំព័រអាវុធហត្ថ នៅថ្ងៃទី២៥ខែកុម្ភៈនេះថា នៅម៉ោង៦ព្រឺកថ្ងៃអង្គារនេះ មានករណីផ្ទុះអាវុធបណ្តាលឱ្យរបួសនគរបាល១រូបចំភ្លៅ។
ប្រភពនោះ បញ្ជាក់ថា ហេតុការណ៍ផ្ទុះអាវុធបានកើតឡើង នៅភូមិឡតិ៍ឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ក្នុងប្រតិបត្តិការ កម្លាំងនគរបាល បានចុះបង្ក្រាបជនសង្ស័យប្លន់ម៉ូតូ ក្រោយមកជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន។
បើតាមប្រភពខាងលើ ជនសង្ស័យឈ្មោះ អែម នាង ហៅប្រេស៊ីល មុខរបរអ្នករត់តាក់ស៊ី និងជាបុគ្គលិកវីង រស់នៅភូមិកំពង់ឬស្សី ឃុំជីរោទិ៍ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបច្ចុប្បន្នស្នាក់នៅផ្ទះកើតហេតុ។
ជនសង្ស័យនេះធ្លាប់ជាប់ពន្ធនាគាររយៈពេល១៨ឆ្នាំ ពីបទឃាតកម្ម នៅពន្ធនាគារត្រពាំងផ្លុង។ ជនសង្ស័យបានអះអាងថា បានចូលបម្រើអាវុធហត្ថនៅឆ្នាំ១៩៩៣ វគ្គទី១ តែបានរត់ចោលជួរនៅឆ្នាំ១៩៩៩។
តាមការស្រាវជ្រាវរបស់ជំនាញ បុគ្គលិកកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឈ្មោះ អែម នាង មិនមានក្នុងបញ្ជីគ្រប់គ្រងកងរាជអាវុធហត្ថទេ។
យ៉ាងណា ប្រភពនោះមិនបានប្រាប់ឈ្មោះនគរបាលដែលរងរបួសទេ ដោយឡែកគេហទំព័រស្នងការនគរបាលខេត្តកំពង់ចាម មិនបញ្ជាក់រឿងនេះដែរ ដោយឃើញតែវីដេអូ អមដោយអ្នកអត្ថាធិប្បាយថា ហេតុការណ៍ចុះបង្ក្រាបនេះ មានការបាញ់តដៃនិងកម្លាំងសមត្ថកិច្ចដែលចុះបង្ក្រាប៕