ជុំវិញការជំរុញយុត្តិធម៌ លោក លិម គិមយ៉ា ពីភាគីបារាំង មន្ត្រីជាន់ខ្ពស់នគរបាលជាតិ បានអះអាងថា កម្ពុជាត្រូវការភស្តុតាងបន្ថែមទៀតពីភាគីថៃ មុនស៊ើបអង្កេតលើជនសង្ស័យ លី រតនរស្មី និង ពេជ្រ គីមស្រ៊ិន ដោយថា មិនអាចធ្វើទៅបាន ត្រឹមដីកាមួយសន្លឹកនោះទេ។
កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក Jacques Pellet បានជួបពិភាក្សា ជាមួយអគ្គស្នងការរង និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ លោក ឌី វិជ្ជា ជុំវិញយុត្តិធម៌ លោក លិម គិមយ៉ា តំណាងរាស្ត្រគណបក្សសង្ក្រោះជាតិ ដែលត្រូវគេបាញ់ស្លាប់លើទឹកដីថៃ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ពោលគឺបានកន្លងទៅជាង១ខែទៅនេះ។
ក្រោយជំនួប ស្ថានទូតបារាំងប្រចាំកម្ពុជា បានលើកឡើងថា ក្នុងជំនួបនោះ ភាគីបារាំងបានលើក « អំពីវិធានការធ្វើឡើង ដោយអាជ្ញាធរកម្ពុជា ក្នុងការស៊ើបអង្កេតរបស់តុលាការថៃ ជុំវិញឃាតកម្មលើពលរដ្ឋបារាំង លោក លិម គិមយ៉ា»។
ប្រភពបញ្ជាក់ថា ប្រទេសបារំាង កំពុងតាមដានដោយយកចិត្តទុកដាក់ អំពីការស៊ើបអង្កេត ដែលធ្វើឡើងដោយប្រទេសថៃ ដើម្បីស្វែងរកការពិតចំពោះករណីឃាតកម្មនេះ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន និយាយប្រាប់VODនៅថ្ងៃទី២៥ ខែកុម្ភៈនេះថា ក្នុងជំនួបនោះ ភាគីបារាំង បានដាក់បញ្ហា ពីការចង់ដឹងអំពីលទ្ធផលនៃការស៊ើបអង្កេតលើបុគ្គលដែលថៃចោទប្រកាន់ ពាក់ព័ន្ធឃាតកម្មលើ លោក លិម គិមយ៉ា។
លោកបញ្ជាក់ថា លោក ឌី វិជ្ជា បានឆ្លើយតបទៅភាគីបារាំងវិញថា កម្ពុជានឹងធ្វើការស៊ើបអង្កេតករណីនេះ តែត្រូវរងចាំកិច្ចសហការពីភាគីថៃ សម្រាប់ការផ្តល់ភស្តុតាង និងឯកសារពាក់ព័ន្ធបន្ថែមទៀត ដើម្បីរៀបចំនីតិវិធីនានា ឈានទៅស៊ើបអង្កេតករណីនេះ ដោយមិនអាចធ្វើទៅបានត្រឹមចេញដីកាជូនដំណឹងនោះទេ។
លោកថា៖ «យើងនឹងធ្វើការស៊ើបអង្កេត និងរងចាំកិច្ចសហប្រតិបត្តិការណ៍ជាមួយភាគីថៃ សម្រាប់ការផ្តល់ភស្តុតាងនិងឯកសារនានា ដើម្បីរៀបចំនិតីវិធីនឹងធ្វើការស៊ើបអង្កេត តែដល់ពេលនេះយើងឃើញតែដីកាថៃ និងនិវេទក្រហមស្នើសុំការចាប់ខ្លួន តែឯកសារពាក់ព័ន្ធផ្សេងទៀត យើងអត់មាន ចឹងយើងពិបាកក្នុងការស៊ើបអង្កេត»។
តំណាងរាស្រ្តបក្សសង្គ្រោះជាតិ លោក សួន សូរីដា ចាត់ទុកការលើកឡើងរបស់នគរបាលជាតិនេះ គ្រាន់តែជាលេស ដើម្បីគេចចេញពីការទទួលខុសត្រូវ លើវិធានចាប់បញ្ជូនជនសង្ស័យប៉ុណ្ណោះ ដោយលោកថា ជនសង្ស័យទាំងពីរ ត្រូវបានតុលាការព្រហ្មទណ្ឌថៃចេញដីកាឱ្យចាប់ខ្លួន និងប៉ូលិសអន្តរជាតិបានចេញនិវេទន៍ក្រហម ប្រកាសឱ្យចាប់ខ្លួនផងដែរ។
យ៉ាងណា លោកគិតថា ភាគីបារាំងមិនបោះបង់ការតាំងចិត្តរបស់គេ ក្នុងការជំរុញឱ្យបន្តស៊ើបអង្កេតតាមចាប់ខ្លួនជនសង្ស័យ លី រតនរស្មី និងពេជ្រ គីមស្រ៊ិន នោះទេ ព្រោះលោក លិម គិមយ៉ា មានសញ្ជាតិបារាំង។
សម្រាប់ លោក សូរីដា បើរដ្ឋាភិបាលនៅតែបន្តលាក់បាំងជនសង្ស័យទាំងពីរនាក់នោះទៀត ឆ្លុះបញ្ចាំងកាន់តែច្បាស់ថា ពួកគេមានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មបាញ់សម្លាប់ លោក លិម គិមយ៉ា។
លោកថា៖ «បើសិនជារដ្ឋាភិបាលកម្ពុជា នៅតែព្រងើយកន្តើយ មិនចាប់បញ្ជូនជនសង្ស័យ លី រតនរស្មី និងពេជ្រ គីមស្រ៊ិន ទេ អាហ្នឹងរដ្ឋាភិបាលកម្ពុជាវិញទេ ដែលធ្វើឱ្យមហាជនខ្មែរដាក់ការសង្ស័យថា មានជាប់ព័ន្ធករណីឃាតកម្មសម្លាប់លោក លិម គិមយ៉ា ទី២ មហាជនខ្មែរស្តីបន្ទោសថា រដ្ឋាភិបាលកម្ពុជាមិនយកចិត្តទុកដាក់លើជនជាតិខ្មែរ គឺលោក លិម គិមយ៉ា ដែលត្រូវបានគេបាញ់សម្លាប់លើទឹកដីថៃ»។
ប្រធានក្រុមអ្នកច្បាប់អមរិន្ទ លោក សុខ សំអឿន យល់ថា បើតាមដីការបស់ថៃ ឬនិវេទន៍ក្រហមរបស់ប៉ូលីសអន្តរជាតិ អាចជាភស្តុតាងជំរុញឱ្យមានការចាប់ខ្លួនជនសង្ស័យ ប៉ុន្តែវាអាស្រ័យលើឆន្ទៈរបស់ថ្នាក់ដឹកនាំទៅវិញទេ។
លោកថា៖ «យើងបានដីកាបង្កាប់ឱ្យតាមចាប់ខ្លួនពីតុលាការថៃហើយ ខ្ញុំថាអាហ្នឹងដូចជាគ្រប់គ្រាន់ហើយ ជាទស្សនខ្ញុំ។ ក៏ប៉ុន្តែក្រែងល៎ អាជ្ញាធរខ្មែរត្រូវអ្វីផ្សេងទៀតៗ ខ្ញុំមិនដឹងដែរ»។
ប្រធានអង្គការប្រជាធិបតេយប្រចាំនៅប្រទេសអូស្រ្តាលី លោក ស៊ឹង សែនករុណា យល់ថា ការបន្តលាក់បាំងជនសង្ស័យរបស់មេដឹកនាំកម្ពុជា ឆ្លុះបញ្ចាំងថា ខ្លួនពិតជាមានជាប់ពាក់ព័ន្ធករណីឃាតកម្មនេះ។
លោកថា ដើម្បីកុំឱ្យខ្មាស់បរទេស គឺតុលាការថៃ ប៉ូលីសអន្តរជាតិអាំងទែប៉ូល និងភាគីបារាំង មេដឹកនាំកម្ពុជា ត្រូវចាប់បញ្ជូនជនសង្ស័យទាំងពីរនាក់នោះ ឱ្យតុលាការថៃ ដើម្បីសួរចម្លើយនិងផ្តន្ទាទោស។
លោកថា៖ «ការដែលបន្តលាក់បាំងនេះ គឺគេអាចមានមន្ទិលសង្ស័យថា វាជាប់ពាក់ព័ន្ធនឹងអ្នកមានអំណាចនៅកម្ពុជា ដែលគេមានការព្រួយបារម្ភថា បើបញ្ជូនជនសង្ស័យ លី រតនរស្មី និងពេជ្រ គិមស្រ៊ិន ទៅនឹងធ្វើឱ្យមានការបែកធ្លាយអ្នកនៅពីខាងក្រោយខ្នងជាដើម។ ចឹងរឿងដែលមិនចាប់បញ្ជូនហ្នឹង វាអាចប៉ះពាល់ដល់មុខមាត់ថ្នាក់ដឹកនាំ ទើបមិនហ៊ាននោះ»។
ប្រធានចលនាជាតិតស៊ូ លោក សម រង្ស៊ី បានបង្ហោះសារលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៥ ខែកុម្ភៈនេះដោយនិយាយថា លោក ឌី វិជ្ជា គួរតែសហការជាមួយបារាំង ដើម្បីវែកបង្ហាញមុខរកឃាតករពិតប្រាកដនៅពីក្រោយឃាតកម្ម លោក លិម គិមយ៉ា។ សម្រាប់ លោក សម រង្ស៊ី លោក ឌី វិជ្ជា គួរចេញមុខលាតត្រដាងអាថ៌កំបាំងដ៏កខ្វក់របស់ លោក ហ៊ុន សែន ។
កាលពីថ្ងៃទី២៤ ខែមករា បារាំង តាមរយៈឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ធ្លាប់លើកឡើងពីយុត្តិធម៌ លោក លិម គិមយ៉ា នៅចំពោះមុខ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាផងដែរ។
កាលថ្ងៃទី១៥ ខែមករា នគរបាលអន្តរជាតិ អាំងទែប៉ូល (Interpol) បានចេញនិវេទន៍ក្រហម (Red notice) ឱ្យស្វែងរកចាប់ខ្លួនអ្នកផ្តល់តម្រុយ ឱ្យបាញ់សម្លាប់លោក លិម គិមយ៉ា។
ដោយឡែក តុលាការព្រហ្មទណ្ឌថៃ ក៏បានចេញដីកាឱ្យតាមចាប់ខ្លួនជនសង្ស័យ លី រតនរស្មី តាមចម្លើយសារភាពរបស់ខ្មាន់កាំភ្លើងដែល លី រតនរស្មី ត្រូវបានលោក ហ៊ុន សែន តែងតាំងឱ្យធ្វើជាទីប្រឹក្សា នៅដើមឆ្នាំ២០២៤។
លោក លិម គិមយ៉ា អាយុ៧៣ឆ្នាំ ជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅទីក្រុងបាងកក ប្រទេសថៃ ជាងមួយខែទៅនេះ។ ក្រោយឃាតកម្ម មន្ត្រីជំនាញថៃ អះអាងថា ឃាតកម្មនេះរៀបចំជាប្រព័ន្ធបញ្ជាចេញពីកម្ពុជា។
ជុំវិញបញ្ហានេះ មន្ត្រីបក្សប្រឆាំងដាក់ការចោទថា ការបន្តលាក់បាំងជនសង្ស័យទាំងក្នុងសំណុំរឿងឃាតកម្មនេះ បញ្ជាក់ថា គ្រួសារហ៊ុន នៅជាមេខ្លោងនៅពីក្រោយឃាតកម្មនេះ៕