ភាពចម្រូងចម្រាស់នៅតាមខ្សែបន្ទាត់ព្រំដែន មិនថាជាមួយឡាវ និងថៃ ឬវៀតណាមទេ កម្ពុជាសង្កេតឃើញថា តែងមានភាពរកាំរកូសជាប់ជានិច្ច បើទោះបីមេដឹកនាំកម្ពុជា គឺលោក ហ៊ុន សែន ធ្លាប់បានវាយបកទៅអ្នកចោទប្រកាន់វិញថា កម្ពុជាមិនបានបាត់បង់ដីទៅប្រទេសជិតខាងសូម្បីមួយមីលីម៉ែត្រ។
បើទោះជាបែបណា ការបញ្ជាក់ជំហរនេះ នាំឱ្យមានការលើកឡើងថា ការអះអាងរបស់ លោក ហ៊ុន សែន កង្វះការទទួលខុសត្រូវក្នុងនាមជាមេដឹកនាំប្រទេស។
ស្ថិតក្នុងអំណាចដែនដីផងនោះ លោក ហ៊ុន សែន បានប្រើយុទ្ធសាស្ត្រនេះជាបន្តបន្ទាប់ ក្នុងអំណាចគ្រប់គ្រងរដ្ឋរបស់លោកច្រើនទសវត្សរ៍ទៅនេះ ដោយមិនខ្វល់ការរិះគន់ ដូចពាក្យសុភាសិតបុរាណតែងពោលថា «ឆ្កែចេះតែព្រុះ មនុស្សចេះតែដើរ »។
ក្នុងន័យនេះ មានន័យថា បើទោះជាអតីតនាយករដ្ឋមន្រ្តី ធ្លាប់បង្ហាញពីឆន្ទៈនយោបាយក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ខ្លួនបែបណាក្តី ក៏ការជ្រៀតជ្រែតទាំងដែនទឹក និងដែនគោកមកលើកម្ពុជា ពីសំណាក់ប្រទេសជិតខាង ទំនងជាមិនខុសពីអតីតកាលប៉ុន្មានដែរទេ។
តើការប្រកាសរបស់លោក ហ៊ុន សែន ដែលធ្លាប់អះអាងថា នឹងមិនឱ្យបាត់បង់ដីទៅបរទេសសូម្បីមួយមីលីម៉ែត្រ ជាការឆ្លុះបញ្ចាំងបែបណាទៅវិញ?។
តើពិតទេដែលថា ក្នុងសម័យទំនើបនេះទៅហើយ កម្ពុជានឹងមិនខាតបង់ដែនទឹក និងដែនគោកទៅប្រទេសជិតខាង មានថៃ ឡាវ និងវៀតណាមជាដើមនោះ?។
គេហាក់មិនពិបាកមើលទេអំពីថាស្ថានភាពទឹកដីកម្ពុជា ក្នុងពេលបច្ចុប្បន្ននេះ បើធៀបនឹងប្រវត្តិដែលកម្ពុជាធ្លាប់ឆ្លងកាត់ដ៏ជូរចត់ ក្នុងអតីតកាលនោះ។
កម្ពុជា នៅក្នុងសម័យរាជព្រះបាទអង្គឌួង និងព្រះមហាក្សត្រក្រោយៗមកទៀត ទឹកដីទាំងមូលរបស់កម្ពុជា ស្ទើរនឹងបាត់បង់ទៅយួន និងសៀមទៅហើយ។
ប៉ុន្តែដោយមានភក្តីភាពចំពោះជាតិ និងមាតុភូមិពីព្រះមហាក្សត្រ ក្នុងរជ្ជកាលនាសម័យនោះ បានសង្រ្គោះកម្ពុជាឱ្យមានរូបរាងដូចសព្វថ្ងៃនេះ។ ការប្រើគ្រប់មធ្យោបាយរបស់ព្រះមហាវីរក្សត្រ នៅក្នុងអតីតកាលជាការឆ្លុះបញ្ចាំងឱ្យឃើញពីព្រះទ័យយកចិត្តទុកដាក់ចំពោះជាតិ និងមាតុភូមិ បើទោះជាត្រូវប្រឈមមុខនឹងការលះបង់ផលប្រយោជន៍ប្រជាជន និងជាតិខ្លះក្តី។
ក្រៅពីមហាក្សត្រ នៅមានបុព្វបុរសខ្មែរមួយចំនួនទៀត ដែលមានភក្តីភាពចំពោះទឹកដីដែរ ដូចជាឧកញ៉ាក្រឡា ហោមគង់ អាចារ្យហែមចៀវ អាចារ្យមៀន និងអាចារ្យពោធិ៍កំបោរជាដើម គឺសុទ្ធសឹងតែជាអ្នកលះបង់ ក្នុងន័យដើម្បីបុព្វហេតុជាតិ និងទឹកដី ហើយម្នាក់ៗ សុទ្ធតែបានប្រើជីវិតធ្វើជាដើមទុន ទើបសល់ដែនទឹក និងដែនគោកដល់សព្វថ្ងៃ សម្រាប់មនុស្សជំនាន់ក្រោយរស់នៅ។
តើកម្ពុជាពេលនេះ បានដើរឆ្ងាយចេញពីដានប្រវត្តិសាស្រ្តនេះហើយឬនៅ? បើគេពិនិត្យមើលពីឯកសារស្តីពីប្រវត្តិសាស្រ្តកម្ពុជា បង្ហាញថា បើទោះជាពេលវេលាបានកន្លងផុតទៅជាង១០០ឆ្នាំទៅហើយក្តី ក៏កម្ពុជាពេលនេះនៅតែស្ថិតក្នុងគ្រោះថ្នាក់ មិនខុសគ្នាពីអតីតកាលប៉ុន្មានដែរទេ។
លោក ហ៊ុន សែន រងការចោទប្រកាន់ថា បានសាងកំហុសមួយដ៏ធំ ដែលធ្វើឱ្យវៀតណាម ទទួលបានផលចំណេញមិនតិចឡើយ ពីការបោះបង្គោលព្រំដែនគោក និងដែនទឹក។
នៅអំឡុងឆ្នាំ២០១៣ ក្នុងពេលគណបក្សសង្រ្គោះជាតិ មិនទាន់ត្រូវបានរំលាយដោយតុលាការកំពូល ពលរដ្ឋនៅតាមខ្សែបន្ទាត់ព្រំដែន ស្រែកយំស្ទើររាល់ពេល ដោយពួកគេអះអាងថា ការបោះបង្គោលព្រំដែន តាមយន្តការធ្មេញរណានេះ បានធ្វើឱ្យដីស្រែ និងដីចំការ ត្រូវបាត់បង់ទៅវៀតណាម មិនថានៅខេត្តស្វាយរៀង កំពង់ចាម ព្រៃវែង តាកែវ មណ្ឌលគិរី និងខេត្តក្រចេះទេ។
ពលរដ្ឋនៅក្នុងតំបន់គោលដៅទាំងនោះ តែងត្អូញត្អែរមិនឈប់ដោយអះអាងថា ដីស្រែ និងដីចម្ការមួយផ្នែកធំ ត្រូវធ្លាក់ចូលទៅក្នុងដៃវៀតណាម នៅពេលគណៈកម្មាធិការព្រំដែននៃប្រទេសទាំងពីរ កំណត់ការបោះបង្គោលព្រំដែនចុងក្រោយនេះ។
កំហុសធំទី២របស់លោក ហ៊ុន សែន ដែលនាំឱ្យវៀតណាមបានដៃយ៉ាងនេះ នោះក៏ព្រោះទីក្រុងហាណូយ ពឹងផ្អែកទាំងស្រុងលើកិច្ចព្រមព្រៀងទ្វេភាគី លោក ហ៊ុន សែន កាលនៅរដ្ឋមន្រ្តីកាបរទេស ក្នុងពេលដែលវៀតណាមគ្រប់គ្រងកម្ពុជាពេញដៃ ឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥។
ឧកបរណ៍ច្បាប់ទាំងនេះហើយ ដែលក្រុមអ្នកប្រជាធិបតេយ្យចោទប្រកាន់ថា លោក ហ៊ុន សែន កំពុងដើរបញ្ច្រាសកិច្ចព្រមព្រៀងសន្ធិសញ្ញាទីក្រុងបារីស ស្តីពីកម្ពុជាឆ្នាំ១៩៩១។
ធម្មនុញ្ញជាអន្តរជាតិនេះហើយ បានត្រួសត្រាយផ្លូវឱ្យកម្ពុជា ទទួលបានជំនួយពីសហគមន៍អន្តរជាតិ និងបើកលំហឱ្យមានទីផ្សារពាណិជ្ជកម្មសេរី។
ប៉ុន្តែទំនងជា លោក ហ៊ុន សែន មើលឃើញថា ប្រសិនបើទុកឱ្យស្ថានភាពនយោបាយ ឈានទៅរកប្រជាធិបតេយ្យពេញទី តាមការគូសវាសពីសហគមន៍អន្តរជាតិ ទំនងជាផែនការវៀតណាម ចង់វាទទីទឹកដីជ្រោយឥណ្ឌូចិននេះ ដែលមានគណបក្សប្រជាជនកម្ពុជា ជាប្រតិបត្តិករដ៏មានប្រសិទ្ធិភាព ប្រហែលជានឹងមិនអាចមិនសម្រេចទៅតាមបំណងប្រាថ្នារបស់វៀតណាបានឡើយ។
គណបក្សប្រជាជនកម្ពុជា ដែលត្រូវបានវៀតណាម បង្កើតឡើងតាំងពីឆ្នាំ១៩៥១ ក្រោមឈ្មោះជាបក្សពលករបដិវត្តវៀតណាម និងដូរឈ្មោះជាបន្តបន្ទាប់ រហូតបានផ្លាស់មកជាគណបក្សប្រជាជនកម្ពុជា ដូចសព្វថ្ងៃនេះ គឺមានក្បាលម៉ាស៊ីនមិនតិចនាក់ទេ ក្នុងនោះមានទាំង ប៉ុល ពត ប៉ែន សុវណ្ណ និងចាន់ស៊ី ជាដើម ដែលលើកបន្តុបដោយវៀតណាម មិនអាចរស់នៅដោយស្រួលឡើយ នៅពេលក្បត់មាគ៌ាបក្ស។
មិនថាលោក ប៉ែន សុវណ្ណ ឬ ប៉ុល ពត ដែលជាមេដឹកនាំបដិវត្តដ៏កំពូលទេ នៅពេលវៀតណាមដឹងថា ពួកគេក្បត់បក្សដើម ដែលជាបក្សកុម្មុយនីស្តហើយ វៀតណាមតែងរកវិធីគ្រប់បែបយ៉ាង បង្កើតឱ្យមានការសង្ស័យលែងទុកចិត្តគ្នា និងប្រើវិធីកម្ចាត់ក្រោមហេតុផលក្បត់អង្គការ និងមាគ៌ាបក្ស ជាពិសេសរៀបចំយុទ្ធសាស្រ្តនយោបាយមហារីកផ្ទៃក្នុង ដូចរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរគ្មានកំហុសជិត២លាននាក់ ត្រូវស្លាប់ដោយមិនមានបទល្មើសអ្វីទាំងអស់។
ក្រៅពីនេះ លោក ប៉ែន សុវណ្ណ នៅពេលប្រឆាំងផែនការ ក៥ ដែលដាក់ចេញដោយវៀតណាម ត្រូវជាប់គុកងងឹតអស់ពេលជាច្រើនឆ្នាំ។
ដោយឡែក ចំពោះ លោក ហ៊ុន សែន វិញដែលទំនងជាលើកបន្តុបដោយវៀតណាដែរ ហាក់មានវាសនាខ្ពស់ជាងគេពីមេដឹកនាំមុនៗ និងមេកើយរបស់លោក គឺលោក ប៉ែន សុវណ្ណ។
រហូតមកដល់ពេលនេះ មិនត្រឹមតែលោក ហ៊ុន សែន ទេ ដែលរស់នៅដោយសោយសុខលើគំនរទ្រព្យ សូម្បីកូនៗរបស់លោក ក៏ទទួលបានកេរ្តិ៍មរត៌កទាំងនេះដូចគ្នាដែរ។
ការដែលនាំឱ្យ លោក ហ៊ុន សែន អាចឈរជើងបានមកដល់សព្វថ្ងៃនេះ ក្រៅពីប្រធានគណបក្សប្រជាជនកម្ពុជារូបនេះ អាចជាមេដឹកនាំដែលចិត្តដាច់ និងហ៊ានធ្វើអ្វីៗឱ្យតែខ្លួនសម្រេចបំណងហើយ ទំនងជាបានគុណបារមីពីកិច្ចព្រមព្រៀងសន្ធិសញ្ញាកំណត់បង្គោលព្រំដែនឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥នេះ ទើបអតីតនាយករដ្ឋមន្រ្តីរូបនេះនៅអាចអួតបាន រហូតរកវិធីបំបែកគំនិតចេះសម្លាប់ដៃគូនយោបាយរបស់ខ្លួន ដោយគ្មានស្រណោះសូម្បីបន្តិចឡើយ។
ក្រៅពីនេះ នៅមានសមិទ្ធិផលជាច្រើនទៀត ដែលលោក ហ៊ុន សែន ជួយសម្រេចបំណងឱ្យវៀតណាម ក្នុងនោះជួយជ្រោមជ្រែងសាងសង់ស្តុបមិត្តភាពកម្ពុជា-វៀតណាម បានគ្រប់រាជធានី ខេត្តក្រុង នៅក្នុងប្រទេសកម្ពុជា។
ភាពជោគជ័យនេះ នៅមិនទាន់គិតដល់រដ្ឋបាលរបស់លោក ហ៊ុន សែន ជួយសម្រួលឱ្យវៀតណាមអាចបើកសមាគមវៀតណាមលើទឹកដីកម្ពុជាបាន គ្រប់ទាំង២៥ រាជធានី-ខេត្តទៀតនៅឡើយផង។
មិនតែប៉ុណ្ណោះ បណ្តាប្រទេសនៅលើពិភពលោកនេះ ប្រហែលជាមួយគ្មានពីរទេ ដែលអាចបើកសិទ្ធិឱ្យជនអន្តោប្រវេសន៍ ជាពិសេសពលរដ្ឋវៀតណាម មានសិទ្ធិ និងទទួលបានអ្វីៗពីរដ្ឋាភិបាលទីក្រុងភ្នំពេញ ស្រួលដូចពលរដ្ឋជាម្ចាស់ប្រទេសដែរ។
កាលពីឆ្នាំ២០១៨ រដ្ឋបាលខេត្តកំពង់ឆ្នាំង និងរដ្ឋាភិបាលទីក្រុងភ្នំពេញ បានកាត់ដៃទំហំ៤០ហិតកា ជួយផ្គត់ផ្គង់ឱ្យពលរដ្ឋវៀតណាមជាង ២ពាន់គ្រួសារ ដែលបំលាស់ទីពីភូមិបណ្តែតទឹក នៅលើដៃទន្លេសាប ឱ្យមករស់នៅលើគោកវិញ។
ការជ្រោមជ្រែងនេះ នៅមិនទាន់គិតដល់លំហូរនៃជនអន្តោប្រវេសន៍វៀតណាមផ្សេងទៀត ដែលហូរចូលមកកម្ពុជារាល់ថ្ងៃ ដែលទំនងជាគ្មានឆ្លងកាត់ការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅឡើយផង។
មិនតែប៉ុណ្ណោះ សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលជួយឱ្យសន្ធិសញ្ញាឆ្នាំ១៩៨៥ រស់ឡើងវិញ ក្នុងពេលកម្ពុជាស្ថិតក្រោមការត្រួតត្រាដោយវៀតណាមនោះ បានធ្វើឱ្យដែនគោក និងដែនទឹក ត្រូវបាត់បង់ទៅវៀតណាមមិនតិចគីឡូម៉ែត្រនោះឡើយ។
តាមរយៈយន្តការនេះ កម្ពុជាត្រូវបាត់បង់ដែនសមុទ្រចំនួន ៣ម៉ឺនគីឡូម៉ែត្រការ៉េ ខណៈកោះត្រល់ និងប្រជុំកោះដទៃទៀត ក៏ត្រូវរបូតទៅវៀតណាមដូចគ្នាដែរ។ ការខាតបង់នេះ មិនមែនតែវៀតណាមទេ ជាមួយថៃឯណោះវិញ កម្ពុជាក៏ត្រូវបាត់បង់ដែនសមុទ្រដូចគ្នាដែរ។
តាមរយៈឯកសារស្តីពីការចរចាដោយសម្ងាត់ នៅឆ្នាំ១៩៩៧ រវាងថៃហើយនិងវៀតណាម គឺថៃដណ្តើមបានដែនសមុទ្រកម្ពុជា ៣ម៉ឺនគីឡូម៉ែត្រការ៉េបន្ថែមទៀត។
ការច្បាមយកផ្ទៃសមុទ្រខ្មែរនេះ តាមពិតទៅលោក ហ៊ុន សែន ក៏ធ្លាប់បានតវ៉ាជាមួយថៃ នៅទីក្រុងបាងកកម្តងដែរ ប៉ុន្តែភាគីថៃតម្រូវឱ្យលោក ហ៊ុន សែន ទៅទាមទារជាមួយវៀតណាមដូចគ្នា ដោយប្រើប្រាស់សន្ធិសញ្ញាដែនទឹកប្រវត្តិសាស្រ្តឆ្នាំ១៩៨២ មកដោះស្រាយ។
តែចាប់តាំងពីពេលនោះមក បញ្ហានៃការតវ៉ារបស់លោក ហ៊ុន សែន នៅបន្តស្ងៀមស្ងាត់រហូតដល់ពេលបច្ចុប្បន្ន។
ស្របពេលកោះគុត ដែលស្ថិតក្នុងខេត្តកោះកុង មានផ្ទៃក្រឡាប្រមាណ ១០៥គីឡូម៉ែត្រការ៉េ មានបណ្តោយប្រវែង ២៥គីឡូម៉ែត្រ និងទទឹង ៩គីឡូម៉ែត្រ ដែលឯកសារជាច្រើនបញ្ជាក់ថា កម្ពុជាត្រូវមានចំណែកពាក់កណ្តាលដែរនោះ រដ្ឋាភិបាលគ្រួសារហ៊ុនមិនបានប្រើយន្តការអន្តរជាតិ ដើម្បីទាមទារទេ ទោះពេលនេះថៃកំពុងគ្រប់គ្រងកោះគុតនេះទាំងស្រុងក្តី។
នេះជាភស្តុតាងមួយទៀត ដែលបងប្អូនអាចឆ្លើយដោយខ្លួនឯងបានថា តើក្រោមការដឹកនាំរបស់គ្រួសារហ៊ុន កម្ពុជាមិនបានបាត់បង់ទឹកដីទៅប្រទេសជិតខាងសូម្បីមួយម៉ីលីម៉ែត្រ ដូចលោក ហ៊ុន សែន អះអាង ឬក៏យ៉ាងណា?
លើសពីនេះ ភាពមិនច្បាស់លាស់ដោយយខ្លួនឯង នូវចំពោះមុខជម្លោះនៃការដណ្តើមគ្នាកាន់កាប់ប្រាសាទតាមាន់តូច តាមាន់ធំ និងប្រាសាទតាក្របី ជាកម្មសិទ្ធិរបស់កម្ពុជា តែបច្ចុប្បន្នប្រាសាទតាមាន់តូចត្រូវបានថៃគ្រប់គ្រងទំាំងស្រុង រីឯប្រាសាទតាក្រី និងប្រាសាទតាមាន់ធំ ត្រូវបានពុះចែកគ្នាគ្រប់គ្រង។
នេះជាភស្តុតាងមួយទៀត ចង្អុលបង្ហាញថា តើសារនយោបាយរបស់គ្រួសារហ៊ុន ដែលថា ក្រោមការគ្រប់គ្រងរបស់ខ្លួន មិនបានធ្វើឱ្យកម្ពុជាបាត់ទឹកដីទៅប្រទេសជិតខាងសូម្បីមួយមីលីម៉ែត្រ? សូមបងប្អូនពិចារណាដោយខ្លួនឯង។
ជារួម បើទោះជាការកំណត់ព្រំដែនគោក ឬព្រំដែនទឹកតាមយុទ្ធសាស្រ្តណាក៏ដោយ ក៏កម្ពុជាបច្ចុប្បន្ននេះ ប្រហែលជានឹងបាត់បង់ទាំងដែនទឹក និងដែនគោកទៅប្រទេសជិតខាង ដូចការអះអាងរបស់ពលរដ្ឋនៅតាមព្រំដែន ដែលគេពិបាកនឹងប្រកែកបានណាស់។
មួយវិញទៀតកិច្ចព្រមព្រៀងដោះដូរដីតាមបន្ទាត់ព្រំដែន ក្រសួងការបរទេសវៀតណាម បានបង្ហាញថាភូមិមួយចំនួន ដែលត្រូវដោះដូរ គឺស្ថិតនៅក្នុងខេត្តមណ្ឌលគិរី ខេត្តស្វាយរៀង និងខេត្តរតនគិរី ហើយនៅភូមិដទៃទៀត ដែលត្រូវទូទាត់នៅពេលក្រោយ៕