សាលាឧទ្ធរណ៍ភ្នំពេញ សម្រេចបំបែកសំណុំរឿងទៅជា ៥សំណុំរឿង លើជនជាប់ចោទ ៣៧នាក់ ក្នុងនោះមានលោក ស៊្រុន ស្រ៊ន សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលត្រូវបានចោទប្រកាន់ពីបទ «ញុះញង់» ដោយសារការបញ្ចេញមតិពាក់ព័ន្ធនឹងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម។
នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញនេះ សាលាឧទ្ធរណ៍ភ្នំពេញ បានបើកសវនាការលើបណ្តឹងប្រឆាំងនឹងការបំបែកសំណុំរឿងរបស់សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសចំនួន ៤រូប គឺលោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា លោក សាន សិទ្ធិ និងលោក ចក់ បានមុនី។ សកម្មជនទាំងនោះ បានប្តឹងឧទ្ធរណ៍ជំទាស់នឹងសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីខែធ្នូ ឆ្នាំ២០២៤ ដែលបានបំបែកសំណុំរឿងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាមរបស់ពួកគេ ដែលមានជនជាប់ចាទសរុបចំនួន ៣៧នាក់ ទៅជាសុំណុំរឿងតូចៗចំនួន ៥សំណុំរឿង។
សវនាការបានប្រព្រឹត្តទៅតាមការគ្រោងទុក ដោយសាលាឧទ្ធរណ៍តម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការ។ នេះបើតាមការការឱ្យដឹងពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
អំឡុងពេលដែលសវនាការកំពុងប្រព្រឹត្តទៅ សាច់ញាតិ និងអ្នកគាំទ្រសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសប្រមាណ ៤០នាក់ បានប្រមូលផ្តុំគ្នានៅមុខសាលាឧទ្ធរណ៍ ដើម្បីបង្ហាញការគាំទ្រដល់ពួកគេ។
កាលពីចុងខែកក្កដា ឆ្នាំ២០២៤ សមត្ថកិច្ចបានចាប់ខ្លួនសកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ៤នាក់ រួមមាន លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា លោក សាន សិទ្ធិ និងលោក ចក់ បានមុន្នី នៅស្រុកវ៉ារិន ខេត្តសៀមរាប អំឡុងពេលពួកគាត់កំពុងរៀបចំបង្រៀនពលរដ្ឋអំពីសិទ្ធិសេរីភាព។ ការឃាត់ខ្លួននេះ ធ្វើឡើងក្រោយពីលោក ស្រ៊ុន ស្រ៊ន បង្ហោះសារតាមបណ្ដាញសង្គម រិះគន់តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម CLV-DTA។
មនុស្សប្រហែល ១០០នាក់ ត្រូវបានចាប់ខ្លួនចាប់តាំងពីចុងខែកក្កដា ហើយជាមួយនោះមានជាង ៦០នាក់ ដែលត្រូវបានចោទប្រកាន់ និងដាក់ពន្ធនាគារ សម្រាប់ការតវ៉ានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ផែនការប្រមូលផ្តុំ ឬបង្ហាញពីអារម្មណ៍របស់ពួកគេអំពីការជាប់ពាក់ព័ន្ធនៅក្នុងករណី CLV-DTA ។
ដីការបស់តុលាការ បានលើកឡើងថា ជនជាប់ចោទបានបង្កើតព័ត៌មាន «បំភ្លៃ» និង«ប្រឌិត» ដោយមានចេតនាទុច្ចរិត ញុះញង់ឱ្យមានការខឹងសម្បារប្រឆាំងនឹងថ្នាក់ដឹកនាំ ដែលបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ។
តែយ៉ាងណា ក្រោយមករដ្ឋាភិបាលបានប្រកាសដកខ្លួនចេញពី CLV-DTA រយៈពេល ២០ឆ្នាំ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីការតវ៉ា និងការរិះគន់តាមបណ្តាញសង្គម៕