ការបន្តឃុំខ្លួន​សកម្មជន​២៣តុលាក្នុង​សំណុំរឿង CLV រង​ការ​រិះ​គន់​ថា​លើក​ទឹក​ចិត្ត​បរទេស​ឈ្លាន​ពាន

ចំណាត់​ការ​បន្ត​ឃុំ​ខ្លួន​សកម្ម​ជន​២៣​តុលា ក្នុង​សំណុំ​រឿង CLV មាន​ទាំង​ក្រុម លោក ស៊្រ៊ុន ស្រ៊ន ដែលសកម្ម​និយាយ​បញ្ហា​ទឹ​ក​ដី និងនិ​យាយ​ពី​សារ​សំខាន់​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារី​ស​នោះ ជំរុញ​ឱ្យ​មាន​​ការ​រិះ​គន់​ថា វិធាន​នេះ ជា​ការ​បិទ​បាំង​មហិច្ឆតា​បរទេស​ឈ្លាន​ពាន​ទឹក​ដី និង​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិ​ធម៌។

សាលាឧទ្ធរណ៍ភ្នំពេញ ​កា​ល​ពី​ថ្ងៃ​អង្គារ បាន​​បំបែក​សំណុំរឿង​សកម្មជន​ព្រំដែន​៣៧​នាក់​ ក្នុង​សំណុំ​រឿង CLV ក្នុង​នោះមាន​ទាំង​សកម្មជន​២៣​តុលា ក្រុម​លោក ស៊្រុន ស្រ៊ន ផង​ដែរ។

ក្រុម​លោក ស៊្រុន ស៊្រន ជាញឹកញាប់ សកម្ម​និយាយ​ពី​ប្រវត្តិ​សាស្ត្រ​វៀត​ណាម​លេប​ទឹក​ដី​ខ្មែរ និង​និយាយអំពី​សារ​សំខាន់​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភា​ព​ទី​ក្រុង​ប៉ារីស ពាក់​ព័ន្ធ​នឹង​បូរណ​ភាព​ទឹក​ដី​កម្ពុជា មិន​អាច​រំលោភបាន មុន​ការ​ចាប់​ឃុំ​ខ្លួន​ជិត​៧ខែ​ទៅ​នេះ ដែល​ពួក​គេ​រង​ការ​ចោទ​ពី​បទ«ញុះ​ញង់»។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលមានបទពិសោធន៍​ខាង​កិច្ចការ​ព្រំដែន លោក អ៊ុំ សំអាន បាននិយាយ​ថា ការ​បំបែក​សំណុំ​រឿ​ង​នេះ វា​ធ្វើ​ឱ្យ​ការ​កាត់​សេចក្តី​កាន់​តែយូរ ប្រៀ​បបាន​នឹង​ការ​ដាក់​ទណ្ឌកម្ម​ទៅ​​​លើ​​សកម្មជ​ន​២៣​តុលា និង​ឆ្លុះ​បញ្ចាំង​ថា ជា​វិធាន​បិទ​បាំង​មហិច្ឆតា​បរទេស​ឈា្លន​ទឹក​ដី​ខ្មែរ។

លោក​ថា៖ «ព្រោះយើងដឹងហើយ លោក ហ៊ុន សែន គាត់ត្រូវបានវៀតណាមលើកបន្តុបតាំងពីទសវត្សរ៍ទី៨០មក អ៊ីចឹងអ្នកណាដែលប្រឆាំងទៅនឹងមហិច្ឆតាឈ្លានពានរបស់វៀតណាម លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត នេះតែងតែធ្វើទុក្ខបុកម្នេញចាប់ដាក់ពន្ធនាគារបំបិទមាត់ ចាប់ដាក់គុកចឹងទៅ»។

សម្រាប់ លោក អ៊ុំ សំអាន វិធា​ននេះ​ក៏​បង្ហាញ​ផ​ង​ដែរ​ថា គ្រួសារ​ហ៊ុន បាន​បន្ត​ប្រើ​ដៃ​តុលាការ ដើម្បី​បំបិទមាត់ អ្នក​ដែល​ហ៊ាន​លាត​ត្រដាង​មហិច្ឆតា​បរទេស​ឈ្លាន​ពាន ដើម្បី​ជា​ថ្នូរ​ជួយ​ពង្រឹង​អំណាច​តត្រកូល។

លោកថា៖ «អ៊ីចឹង​វៀត​ណាម កាន់​តែ​បាន​ដៃ​កាន់​តែ​រំលោភ​បំពាន​ដី​របស់​យើង នៅ​តាម​ព្រំដែន​ហើយត្រកូល​ហ៊ុន​ គាត់​អនុញ្ញាត​ឲ្យ​វៀតណាម​ឈ្លាន​ពាន​ស្រេច​ចិត្ត​ហ្នឹង​ឯង ដើម្បី​ឲ្យ​វៀត​ណាម​ជួយ​រក្សាអំណាច​របស់​ខ្លួន អ៊ីចឹង​វា​ធ្វើ​ឲ្យ​ទឹកដី​របស់​យើង​កាន់​តែ​បាត់​បង់​ទៅៗ ហើយ​ថ្ងៃ​អនាគត​អាច​ក្លាយ​ជា​កម្ពុជា​ក្រោម​ទី​២ ក្លាយ​ជា​ប្រទេស​ចម្ប៉ា​ទី២ ព្រោះ​គ្រួសារ​ត្រកូល​ហ៊ុន​បម្រើ​មហិច្ឆតា​វៀត​ណាម»។

ដោយឡែកស្ថាបនិកគណបក្សកែទម្រង់​កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន បាន​និយាយ​ថា លោក​មិន​បាន​ដឹង​ថា ការបំបែក​សំណុំ​រឿង​នេះ តុលាការ​មាន​បំណង​អ្វី​ពិត​ប្រាកដ​ទេ។

ប៉ុន្តែលោកសង្កេតឃើញថា បញ្ហា​ព្រំដែន ទាំងប៉ែក​ខាងកើតជាប់ប្រទេស​វៀត​ណាម និងព្រំដែនប៉ែកខាងលិច​ជាប់​ប្រទេស​ថៃ រួមទាំង​បញ្ហា​កោះ​គុត លោក​ថា ជា​រឿង​រស៊ើប​ដែល​រដ្ឋាភិបាល​មិន​ចង់​ឱ្យ​និយាយ។

យ៉ាងណា លោក​យល់​ថា ក្នុងសង្គមប្រជាធិបតេយ្យ តុលាការ​មាន​កាតព្វ​កិច្ច​ផ្តល់​យុត្តិ​ធម៌ ដល់​ប្រជា​ពលរដ្ឋគ្រប់​រូប ដោយ​គ្មាន​ការ​រើស​អើង។

លោកថា៖ «បើសិនជាបំបែកហើយ ធ្វើឲ្យមានការយឺតយ៉ាវ ​​លើសំណុំរឿងច្រើនអាចនឹងបន្តពេលយូរហើយវាប៉ះពាល់ដល់សិទ្ធិទទួលបានយុត្តិធម៌របស់បុគ្គល ឬក្រុមនោះ ជួនកាលវាអាចអ៊ីចឹងណា៎ បើសិនជាអ៊ីចឹងមែន ការបំបែកសំណុំរឿងនេះ វាជារឿងអវិជ្ជមានទេ»។

ក្រុមអ្នក​ជំនាញ​សិទ្ធិមនុស្ស​នៃអង្គការ​សហប្រជា​ជាតិ​ បាន​និយាយថា តុលាការ​នៅ​កម្ពុជា ត្រូវ​បាន​បក្សកាន់​អំណាច​ប្រើ​ប្រាស់ ដើម្បី​បំបិទ​មាត់​អ្នក​រិះ​គន់ មាន​​កា​ររៀបចំ​​ច្បាស់​លាស់​លក្ខណៈ​​​ជា​ប្រព័ន្ធ​។

ពួកគេបាននិយាយដែរ​ថា សកម្មជន​សិទ្ធិ​មនុស្ស និង​សកម្មជន​ន​យោ​បាយ នៅ​ក្នុង​ប្រទេស​កម្ពុជា រង​ការយាយី និង​ផ្តន្ទា​ទោស​ដោយ​មិន​ត្រឹម​ត្រូវ បំពាន​សិទ្ធិ​សេរីភាព​បញ្ចេ​ញ​​មតិ ផ្ទុយ​ពី​កតិ​​​កា​ស​ញ្ញា​អន្តរជាតិ ស្ដីពីសិទ្ធិ​ពលរដ្ឋ និងសិទ្ធិនយោបាយ។

សម្រាប់​នាយក​គ្រប់​គ្រងទូទៅ​នៃអង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត និយាយ​ថា អ្វី​ដែលលោក​បារម្ភ​ជុំវិញ​ការ​បំបែក​សំណុំ​រឿង​នេះ គឺ​អាច​នឹង​អូស​ពេល​យូរ។ លោក​ថា កា​រ​អូស​ពេល​វេលា​យូរ វា​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌ ដែលសិទ្ធិនេះ ជា​សសរ​ស្តម្ភ​ស្នូល​នៃ​ប្រព័ន្ធ​យុត្តិ​ធម៌។

លោកថា៖ «សំណុំរឿងនេះ បើសិនជាអាចបញ្ចប់ទៅឲ្យបានឆាប់កាន់តែល្អ ជាពិសេសយើងចង់ឃើញឲ្យការអនុវត្តច្បាប់ហ្នឹងវាស្មើភាពគ្នា ព្រោះសំណុំរឿងដូចគ្នាមានអ្នកខ្លះអាចនៅក្រៅឃុំបណ្ដោះអាសន្នបាន ប៉ុន្តែអ្នកខ្លះមិនអាចនៅបាន អាហ្នឹងគួតែពិនិត្យ និងពិចារណាឲ្យបានស្មើភាពគ្នាផងដែរ»។

យ៉ាង​ណា ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន អំឡុង​ឆ្នាំ​២០១២ ធ្លាប់​ប្រើ​ពេល​ជាង​ ៥ម៉ោង បក​ស្រាយ​ថា ក្រោម​ការ​ដឹកនាំ​រប​ស់​លោក មិន​មាន​ការ​បាត់​បង់​ដី​ទៅ​ប្រទេ​ស​ជិត​ខាង ដូច​ការ​ចោទរបស់​ក្រុម​គណបក្ស​ជំទាស់​នោះ​ទេ។

លើសពីនេះ អ្នកនាំពាក្យរដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ គឺ​លោក ប៉ែន បូណា ធ្លាប់​អះ​អាង​ថា ក្រុម​អ្នក​បក្សប្រឆាំង​ចូល​ចិត្ត​បំប៉ោង​សភាព​ការណ៍ ទម្លាក់​កំហុស​ដាក់​មេដឹកនាំ​បក្ស​កាន់​អំណាច។

លោកថា៖ «ក្រុមនេះ សត្រូវរបស់សន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ សត្រូវក្នុងការអភិវឌ្ឍហើយនឹងសត្រូវរបស់មេដឹកនាំ ដែលកសាងប្រទេសបានល្អរឹងមាំនិងខ្លាំងពូកែ»។

យ៉ាងនេះក្តី គេនៅចាំបាន​ថា អំឡុង​ឆ្នាំ​២០០៥ លោក ហ៊ុន សែន ធ្លាប់គំរាម​រំលាយ​របប​រាជានិយម​អា​ស្រ័យ​​​ធម្មនុញ្ញ បើ​ព្រះ​មហាក្សត្រ​មិនព្រ​ម​ឡាយ​ព្រះហស្ត​លេខា​ធ្វើ​ឱ្យ​សន្ធិ​សញ្ញា​ព្រំដែន​ខុស​ច្បាប់ ឆ្នាំ១៩៨២ -៨៣ និ​ង៨៥ ឱ្យរស់ឡើងវិញ ដើម្បី​សម្រេច​មហិច្ឆតា​​វៀត​ណាម​លេប​ទឹ​ក​ដី​ទេ​នោះ។

លោកថា៖ «ខ្ញុំនិយាយជាមួយសម្តេចក្រុមព្រះហើយ ខ្ញុំថាព្រះអង្គ និយាយប្រាប់ឯកឧត្តម ស៊ុន ចាន់ថុល កុល ផែង ស៊ីសុវត្ថិ សន្ថារ៉ា នៅលើយន្តហោះ ហើយខ្ញុំប្រាប់សម្តេចក្រុមព្រះ ពេលដែលជួបតាមទូរសព្ទថា ព្រះអង្គបើលើកនេះវាពិបាកស៊ីញ៉េ ត្រូវពិនិត្យឡើងវិញ យើងគួរទុករាជានិយម ឬធ្វើសាធារណរដ្ឋឱ្យវា​​មានប្រធានាធិបតី»។

កិ​ច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បាន​មោឃភាព​​ចំពោះ​កិច្ច​ព្រម​ព្រៀង និងសន្ធិសញ្ញាទាំ​ង​ឡាយ​​ណា ដែល​បាន​ធ្វើ​ឡើង​អំឡុង​​វៀតណាម​​គ្រប់​​គ្រង​​កម្ពុជា ក្នុង​នោះ​មាន​ទាំង​សន្ធិ​សញ្ញា​ព្រំដែន ដែល​លោក ហ៊ុន សែន បាន​ចុះហត្ថ​លេខា​ជាមួយ​វៀត​ណាម​ផង​ដែរ។

តាមរយៈនៃសន្ធិសញ្ញាបំពេញបន្ថែម​ឆ្នាំ​២០០៥​នេះ កម្ពុជា វៀតណាម បាន​ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន បាន​សម្រេច​ជិត​១០០ បើទោះ​បី​គណបក្ស​ប្រឆាំង អះ​អាង​ថា ការ​បោះ​បង្គោល​ព្រំដែន នាសម័យ​​ទំនើប​​​នេះ ធ្វើ​ឱ្យ​កម្ពុជា​បាត់​ទឹក​ដី​តាម​បន្ទាត់​ព្រំដែន​រាប់​ពាន់​ហិកតា​ទៅ​វៀត​ណាម រួម​ទាំង​ប្រជុំ​កោះ​ជាច្រើន​ទៀ​ត រួម​ទាំង​កោះ​ត្រល់​ក៏ដោយ។

ជាការកត់សម្គាល់ គណបក្សប្រឆាំង​ដែលសកម្ម​លើ​ក​ឡើង​ពី​បញ្ហា​បូរណភាព​ទឹក​ដី និង​ជំរុញ​យុត្តិធម៌សង្គម ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​នៅ​ចុង​ឆ្នាំ​២០១៧ តាម​បណ្តឹង​បក្ស​កាន់​អំណាច។ វិធាននេះ ហាក់​បំពាន​លើ​ស្មារតី​រដ្ឋធម្ម​នុញ្ញ ត្រង់​មាត្រា​៥៥។

មាត្រា​៥៥ នៃរដ្ឋធម្មនុញ្ញ ចែង​​ថា សន្ធិ​សញ្ញា និង​​កិ​ច្ច​ព្រម​ព្រៀង​​ទាំ​ង​ឡាយ​​ណា​ ​ដែល​មិន​ស្រប​នឹង​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី អព្យាក្រឹតភាព និង​ឯកភាព​ជាតិ​របស់​កម្ពុជា ត្រូវ​លុប​ចោល។

រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អនុវត្តនយោបាយបង្រួបបង្រួម​ជាតិ ដើម្បីការពារឯកភាពជាតិ។

កម្ពុជា​មាន​ផ្ទៃដី​សរុប​ទំហំ ១៨១០៣៥​​គីឡូម៉ែត្រ​ការ៉េ ដែល​​មាន​​ព្រំដែន​​គោក​​ជាប់​​​ប្រទេស​​វៀត​ណាម​ប្រវែង ១២៧០​​គីឡូម៉ែត្រ។

ដោយ​ឡែក ក្រម​ព្រហ្មទណ្ឌ​មាត្រា​​៤៤០ ចែង​ថា «អំពើប្រ​គល់ឱ្យ​រដ្ឋ​បរទេស ឬ​ភ្នាក់​ងារ​បរទេស នូវដែនដីជាតិទាំង​ស្រុង ឬ​មួយ​ផ្នែក ជា​អំពើ​ក្បត់​ជាតិ ត្រូវ​ផ្តន្ទាទោសដា​ក់ព​ន្ធនាគារ​អស់​មួយ​ជីវិត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ