អ្នកឃ្លាំមើលនិយាយថា ការដែលក្រសួងយុត្តិធម៌ បញ្ចេញព័ត៌មាន ពីវិធានផ្ទេរមុខតំណែងមន្ត្រីយុត្តិធម៌រាប់សិបនាក់ថ្មីៗនេះ មិនមែនជាការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ដើម្បីធានាយុត្តិធម៌សង្គមដូចមានចែងក្នុងរដ្ឋធម្មនុញ្ញទេ តែថាអាចជាយុទ្ធសាស្ត្របង្វែរព្រឹត្តិការណ៍នៃការរកឃើញបទឧក្រិដ្ឋឆបោកច្រើនជាង ។
ពួកគេថា រដ្ឋាភិបាលគ្រួសារហ៊ុន មិនដោះលែងតុលាការឱ្យក្លាយជាស្ថាប័នឯករាជ្យ ដើម្បីធានាយុត្តិធម៌សង្គមទេ ព្រោះខ្លាចរបូតអំណាច ដោយសារតែការធ្លាក់ចុះប្រជាប្រិយភាពច្រើនឆ្នាំទៅនេះ។
ការិះគន់នេះ ចំពេលក្រសួងយុត្តិធម៌ហាក់បានបង្ហាញឆន្ទៈ ក្នុងការកែទម្រង់ប្រព័ន្ធតុលាការ តាមរយៈសារព្រមានចាត់វិធានការមន្រ្តីយុត្តិធម៌ពុករលួយ ការផ្លាស់ប្តូរ និងផ្ទេរមុខតំណែង ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងនៅតាមបណ្តាខេត្តមួយចំនួន ជាដើម។
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន កត់សម្គាល់ថា ក្នុងអាណត្តិថ្មីនេះ ប្រព័ន្ធតុលាការត្រូវបានគ្រួសារហ៊ុន ប្រើដើម្បីបង្រ្កាបក្រុមសំឡេងជំទាស់ ដែលជាតួអង្គជំរុញយុត្តិធម៌សង្គមកាន់តែខ្លាំងបន្ថែមទៀត ដូចជា ការចាប់ខ្លួនសកម្មជនដីធ្លី សកម្មជនបរិស្ថាន ក្រុមអ្នកនយោបាយប្រឆាំង និងបង្រ្កាបអ្នកកាសែតឯករាជ្យជាដើម។
លោកថា៖ «កាលណាតុលាការឯករាជ្យធ្វើម៉េចបញ្ជាតុលាការឲ្យចាប់សកម្មជនសង្គម សកម្មជនបក្សប្រឆាំង សកម្មជនបរិស្ថាន ដាក់គុកបាន។ កាលណាតុលាការឯករាជ្យអាចនឹងចាប់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួន ជាមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជន ហើយអាចពាក់ព័ន្ធការចាប់ខ្លួនសមាជិករបស់ត្រកូលហ៊ុនមួយចំនួនហ្នឹងដាក់(គុក)ផងដែរ ហើយអាចនឹងចាប់ខ្លួន លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ដាក់គុកដែរ។ អ៊ីចឹងគេមិនអាចប្រើតុលាការជាឧបករណ៍នយោបាយ ដើម្បីបង្រ្កាបលើសកម្មជនបក្សប្រឆាំង ហើយវាអាចប៉ះពាល់ដល់ការកាន់អំណាចរបស់ខ្លួន ដែលតុលាការអាចចាប់ជនពុករលួយ មន្រ្តីរដ្ឋាភិបាលដាក់គុក» ។
យ៉ាងណា លោកថា កំណែទម្រង់អាចធ្វើទៅបាន វាលុះណាតែបើកលំហរប្រជាធិបតេយ្យ តាមរយៈការប្រកួតការបោះឆ្នោតដោយសេរី និងយុត្តិធម៌ មានសំឡេងប្រឆាំងនៅរដ្ឋសភាឡើងវិញ ទើបអាចជំរុញយន្តការកែទម្រង់ប្រព័ន្ធយុត្តិធម៌ទៅរួច ។
ជ្រុងមួយនៃរូបភាពកែទម្រង់នេះ តាមរយៈសេចក្តីប្រកាសព័ត៌មានកម្រាស់២ទំព័រ ស្តីពី លទ្ធផលការងារឆ្នាំ២០២៤របស់តុលាការកំពូល កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ជីវ កេង ដែលធ្លាប់រួមដៃរំលាយបក្សសង្រ្គោះជាតិ បានប្តេជ្ញាពង្រឹងប្រសិទ្ធិភាពនៃការអនុវត្តច្បាប់ លើកកម្ពស់យុត្តិធម៌សង្គមផងដែរ។
ប្រធានតុលាការកំពូល លោក ជីវ កេង បានព្រមានប្រើវិធានការច្បាប់ចំពោះមន្ត្រីតុលាការដែលប្រព្រឹត្តអំពើពុករលួយ បង្កការលំបាកដល់ពលរដ្ឋដែលមានរឿងក្ដីនៅតុលាការ។
បន្ថែមលើនេះ ថ្មីៗនេះ មានការផ្លាស់ប្តូរតំណែងប្រធានសាលាដំបូងខេត្តតាកែវ លោកស្រី ពេជ ម៉ារ៉ែន ទៅជាអនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ក្រោយដោះលែងទណ្ឌិតដែលជាប់ទោសពីបទឃាតកម្ម។
ជាមួយគ្នានេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់ VOD ថា ការដឹកនាំរបស់គណបក្សកាន់អំណាចបច្ចុប្បន្នបែបផ្កាច់ការ ហើយថា ស្ថាប័នតុលាការនៅក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន។
ក្នុងន័យនេះលោកថា កំណែទម្រង់បច្ចុប្បន្ន មិនអាចធានាយុត្តិធម៌សង្គម ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញបានទេ បើមន្ត្រីយុត្តិធម៌ក្រោមការបញ្ជាពី លោក ហ៊ុន សែន ជាប្រធានបក្សកាន់អំណាចដដែលនោះ។
លោកថា៖ «ពាក្យថា យុត្តិធម៌ត្រូវតែធ្វើការងារឯករាជ្យម្ចាស់ការ! បើសិនជាមន្ត្រីយុត្តិធម៌ធ្វើការបម្រើក្រោមគណបក្សនយោបាយទៅហើយ គណបក្សកាន់អំណាច គណបក្សប្រជាជនទៀត ក្រោមអំណាចលោក ហ៊ុន សែន ធ្វើម៉េចយុត្តិធម៌បាន! បើលោក ហ៊ុន សែន ជាមេបក្ស ហើយពួកមន្ត្រីយុត្តិធម៌ជាសមាជិកគណបក្ស ទៅធ្វើម៉េចកាត់ក្តីពួកលោក ហ៊ុន សែន ពួកលោក ហ៊ុន ម៉ាណែត អីកើត។ ខ្លាចអំណាចរអិលចេញពីដៃរបស់ខ្លួន ធ្លាក់ទៅលើអ្នកប្រជាធិបតេយ្យ វានាំឲ្យខ្លួនបាត់បង់ឱកាស ហើយបាត់បង់ឱកាសមិនមែនបាត់តែអំណាចទេ ដែលត្រូវបាត់បង់ការកេងប្រវ័ញ្ចទ្រព្យសម្បត្តិជាតិ»។
ជាការកត់សម្កាស់ មេដឹកនាំបក្សប្រឆាំងសុទ្ធតែរងគ្រោះពីប្រព័ន្ធតុលាការកម្ពុជា ដែលគេមើលឃើញថា ត្រូវបានគ្រួសារហ៊ុន ប្រើប្រាស់ដើម្បីកំទេចចេញពីទីលាននយោបាយ។
ជាក់ស្តែងមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ត្រូវបានតុលាការកម្ពុជាកាត់ទោសឱ្យជាប់ពន្ធនាគារសរុប រហូតដល់ប្រមាណជាង ១០០ឆ្នាំ ក្នុងសំណុំរឿងជាច្រើន ខណៈ លោក កឹម សុខា ត្រូវជាប់ចោទពីបទក្បត់ជាតិ ហើយត្រូវជាប់ឃុំក្នុងផ្ទះ ២៧ឆ្នាំ។
ដោយឡែក ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ត្រូវបានតុលាការផ្តន្ទាទោស កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បង្គាប់ឱ្យសងសំណងខូចខាតសរុបជាទឹកប្រាក់ ១លាន៥សែនដុល្លារ ទៅរដ្ឋាភិបាល ដែលជាភាគីដើមបណ្តឹង ក្រោមការចោទប្រកាន់ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ»។
រីឯ លោក សុន ឆ័យ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បច្ចុប្បន្នជាអនុប្រធានគណបក្សភ្លើងទៀនវិញ កាលពីឆ្នាំ២០២២ ត្រូវបានតុលាការបង្គាប់ឱ្យសងសំណងខូចខាតទៅគណបក្សប្រជាជនកម្ពុជា នូវទឹកប្រាក់ប្រមាណ ១លានដុល្លារ ពីបទបរិហារកេរ្តិ៍ ដោយសារលោករិះគន់ថា មានការលួចបន្លំសន្លឹកឆ្នោត អំឡុងការបោះឆ្នោតឃុំសង្កាត់ កាលពីឆ្នាំ២០២២។
បន្ថែមពីនេះ ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ២ឆ្នាំ និងដកសិទ្ធិនយោបាយរបស់លោក ក្រោមការចោទប្រកាន់ពីបទ ញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម កាលពីឆ្នាំ២០២៤។
ជាការកត់សម្គាល់ មន្ត្រីតុលាការគ្រប់ជាន់ថ្នាក់ តាំងពីសាលាដំបូងរហូតដល់សាលាឧទ្ធរណ៍ និងតុលាការកំពូល គឺជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែលជាគូប្រជែងនយោបាយរបស់គណបក្សប្រឆាំង ក្នុងនោះមានដូចជា ប្រធានតុលាការកំពូលក្នុងអាណត្តិ លោក ហ៊ុន សែន គឺលោក ឌិត មន្ទី ដែលលោក ឌិត មន្ទី ជាសមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា។
លោក ឌិត មន្ទី អំឡុងឆ្នាំ២០១៧ បានចេញសាលដីការំលាយគណបក្សសង្គ្រោះជាតិ កាលពី ចុងឆ្នាំ២០១៧ តាមបណ្តឹងមេដឹកនាំបក្សកាន់អំណាច ដែលពេលនោះលោក ឌិត មន្ទី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល កាន់សំណុំរឿងគណបក្សសង្គ្រោះជាតិ ក្នុងចំណោមអ្នកកាត់សេចក្តី៩នាក់ រួមទាំង លោក ជីវ កេង ជាចៅក្រម។
នៅអាណត្តិថ្មីរបស់ លោក ហ៊ុន ម៉ាណែត លោក ជីវ កេង ដែលធ្លាប់រួមដៃរំលាយគណបក្សសង្គ្រោះជាតិ ត្រូវតែងតាំងឱ្យធ្វើជាប្រធានតុលាការកំពូល ជំនួសលោក ឌិត មន្ទី ខណៈលោក ជីវ កេង ជាសមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា។
រដ្ឋធម្មនុញ្ញ បានចែងថា តុលាការជាស្ថាប័នឯករាជ្យ ការចែងបែបនេះ មានន័យថា អំណាចពីរទៀត ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ គឺអំណាចនីតិប្រតិបត្តិ និងអំណាចនីតិបញ្ញត្តិ មិនអាចបញ្ជាលើអំណាចតុលាការបានទេ ពោលគឺតុលាការធ្វើសេចក្តីសម្រេចដោយឯករាជ្យ ក្នុងនាមប្រជាពលរដ្ឋខ្មែរ ដើម្បីផ្តល់នូវយុត្តិធម៌ដល់រាស្ត្រ និងសង្គម ។
បើតាមរបាយការណ៍របស់គម្រោងយុត្តិធម៌ពិភពលោក ឆ្នាំ២០២៤ បង្ហាញថា កម្ពុជាបន្តស្ថិតក្នុងចំណាត់ថ្នាក់ជិតបាតតារាង ពាក់ព័ន្ធនឹងកម្រិតយុត្តិធម៌នៅក្នុងសង្គមកម្ពុជា ពោលគឺចំណាត់ថ្នាក់ទី១៤១ ក្នុងចំណោម១៤២ប្រទេស៕