លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានលើកឡើងក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៤-២០២៥ នៅថ្ងៃទី២៥ ខែកុម្ភៈថា មានតែការអប់រំដែលមានគុណភាពទេ ដែលអាចជួយឱ្យកូនៗរបស់អ្នកផុតពីភាពក្រីក្រ មានចំណេះដឹងខ្ពង់ខ្ពស់ មានការងារធ្វើល្អ និងអាចកែប្រែវាសនាមនុស្សបាន។
លោកថា ការរៀនសូត្រ គឺជាការបណ្តុះនូវគំនិតឱ្យពួកគាត់ចេះស្រឡាញ់ ចេះស្រមើស្រមៃ ចង់ចេះចង់ដឹង។ កត្តាទាំងនេះហើយដែលធ្វើឱ្យពួកគាត់មានភាពរីកចម្រើន មានចំណេះដឹងខ្ពង់ខ្ពស់ ដែលអាចកែប្រែនូវជោគវាសនារបស់គាត់។
លោកបន្ថែមថា ការវិនិយោគទៅលើកុមារជារឿងសំខាន់ណាស់ ជាពិសេសនៅមត្តេយ្យសិក្សា ព្រោះជាការវិនិយោគដែលមានប្រសិទ្ធភាពខ្ពស់ជាងគេ។ លោកថា ឪពុកម្តាយភាគច្រើនតែងតែសន្សំលុយទុកឱ្យកូន ទៅរៀនសាលាល្អនៅឧត្តមសិក្សា ឬមធ្យមសិក្សា ប៉ុន្តែផ្ទុយទៅវិញ ការវិនិយោគទៅលើមត្តេយ្យសិក្សានេះហើយ ដែលផ្តល់នូវផលលាភខ្ពស់ជាងគេ៕