ព្រឹទ្ធសភា​សម្រេច​គាំទ្រ​សេចក្តីព្រាងច្បាប់​​ប្រឆាំង​ការ​មិន​ទទួល​ឧក្រិដ្ឋកម្ម​ក្នុង​​របប​ខ្មែរ​ក្រហម

ព្រឹទ្ធសភា​ ​ក្នុង​​សំឡេង​​៥៥ នៅថ្ងៃ​ទី​២៦​ ​ខែកុម្ភៈ ឆ្នាំ​២០២៥ បាន​​លើ​ក​ដៃ​គាំ​ទ្រ​​ទាំង​ស្រុង​ គ្មាន​​​ការ​​កែ​ប្រែ​សេចក្តី​ព្រាង​ច្បាប់​​ស្តីពី «ការ​​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​​ដែល​​ប្រព្រឹត្ត​ឡើង​​ក្នុង​​រយៈ​​កាល​នៃ​កម្ពុជា​​ប្រជា​ធិប​តេយ្យ»។

ច្បាប់នេះ​ ត្រូវ​បាន​​សមាជិក​​សភា​​ចំនួន ១១៥​នាក់ អនុម័ត​​កាល​ពី​ថ្ងៃទី​​១៨ ​ខែកុម្ភៈ ​ឆ្នាំ​២០២៥។

ច្បាប់​នេះ​មាន៧​មាត្រា​ ​កំណត់​​ដាក់​ទោស​ទណ្ឌ​​ដល់​​ជន​​ទាំង​​ឡាយ​ណា​ ដែល​​មិន​​ទទួល​​ស្គាល់​​ថា​ មាន​​របប​ប្រល័យ​ពូជ​សាសន៍​នៅកម្ពុជា ​ឱ្យ​ជាប់​ពន្ធនាគារ​ពី១ឆ្នាំ​​រហូតដល់​៥​ឆ្នាំ និង​​ពិន័យ​​ជា​ប្រាក់​​ពី ២៥០០ដុល្លារ​ទៅ ១២៥​០០០​ដុល្លារ​​អាមេរិក។

ទាំ​ង​រដ្ឋសភា ​និងព្រឹទ្ធសភា ​​សុទ្ធ​តែ​​បញ្ជាក់​​ថា សេចក្តី​ព្រាង​ច្បាប់​​ស្តីពីការ​​មិន​ទទួល​​ស្គាល់​​ឧក្រិដ្ឋកម្ម​​ដែល​បាន​​ប្រព្រឹត្តឡើងក្នុង​រយៈ​​កាល​កម្ពុជា​ប្រជាធិបតេយ្យ​នេះ បាន​រៀប​ចំ​ឡើង​​ក្នុង​គោល​បំណង​កំណត់​អំពី​ការ​ផ្តន្ទា​ទោស ​ចំពោះ​បុគ្គល​ទាំង​ឡាយ​​ដែ​ល​មិន​​ទទួល​​ស្គាល់​ ឬសម្រាល​ ឬបដិសេធ ឬជំទាស់​អត្ថិភាព​នៃ​ឧក្រិដ្ឋ​​កម្ម​​លើក​តម្កើង​ឧក្រិដ្ឋកម្ម​ដែល​​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈ​កាល​​នៃ​កម្ពុជា​ប្រជាធិប​តេយ្យ​ ក្នុង​​គោល​បំណង​​ផ្តល់​​យុត្តិធម៌​​ដល់​​ជន​រងគ្រោះ ​និង​ទប់​ស្កាត់​​កុំឱ្យឧក្រិដ្ឋ​កម្ម​ទាំងនេះ​ វិលត្រឡប់​មក​វិញ​នៅកម្ពុជា។

 អ្នកឃ្លាំ​មើល និង​អ្នកនយោបាយ​ក្រៅរដ្ឋាភិបាល​ខ្លះ​ថា ច្បាប់នេះ​មិន​​មាន​ភាព​ចាំបាច់ និង​​​ថា​​ធ្វើ​ឡើង​​ដើម្បីបំបិទ​សិទ្ធិបញ្ចេញ​មតិ​ទាក់ទង​នឹងរឿង​ប្រវត្តិសាស្រ្ត ធ្វើ​​ដើម្បី​​ផ្គាប់ចិត្ត​​វៀត​ណាម និង​​បំបិទ​មាត់​​មិន​​ឱ្យ​និយាយ​​រិះគន់​ថ្ងៃ​៧មករា​ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ