មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បង្ហោះសារភ្ជាប់នឹងរូបភាពវាយកូនគោល អំឡុងលោកមាន ជំងឺកូវីដ-១៩ថា អ្នកដែលបន់ឱ្យលោកឆាប់ស្លាប់ មានតិចតួចទេ ដោយចោទថា អ្នកទាំងនោះជាពួកក្រុមជ្រុលនិយម បើទោះបីការដឹកនាំរបស់លោក បានបន្សល់ទុកជនរងគ្រោះច្រើនលាននាក់ក្តី។
កាលពីយប់ថ្ងៃសៅរ៍ លោក ហ៊ុន សែន បានបង្ហោះសារថា លោកនឹងអវត្តមានក្នុងកិច្ចប្រជុំពេញអង្គនៅព្រឹទ្ធសភា រួមទាំងជំនួបផ្សេងៗបណ្តោះអាសន្ន ដោយសំអាងថា លោកឆ្លងជំងឺកូវីដ-១៩។
ដោយឡែក នៅថ្ងៃទី២៧ ខែកុម្ភៈនេះ លោក ហ៊ុន សែន បានបង្ហោះសារលើហ្វេសប៊ុករបស់លោកថា មានអ្នកបន់ឱ្យលោកឆាប់ជា មានចំនួនច្រើនលើសលប់។ តែថា មានអ្នកបន់ឱ្យលោកឆាប់ស្លាប់ មានចំនួនតិចតួច ដែលលោកថា អ្នកទាំងនោះ «សុទ្ធសឹងតែពួកជ្រុលនិយម»។
លោកគូសបញ្ជាក់ថា ទាំងគ្រូពេទ្យ និងបងប្អូនផ្សេងទៀត បានលើកទឹកចិត្តឱ្យលោកហាត់ប្រាណ ទើបឆាប់ជាសះស្បើយ។
យ៉ាងណា លោក ហ៊ុន សែន មិនបានបញ្ជាក់ថា ព័ត៌មានជុំវិញចំនួនអ្នកបន់ឱ្យលោកឆាប់ស្លាប់ តាមរបៀបណានោះទេ។
ជាការកត់សម្គាល់ គណបក្សសង្គ្រោះជាតិ ដែលតុលាការកំពូលរំលាយ ទាំងអយុត្តិធម៌ តាមបណ្តឹងរបស់លោក ហ៊ុន សែន នៅចុងឆ្នាំ២០១៧នោះ គណបក្សប្រឆាំងនោះ មានអ្នកគាំទ្រជិតពាក់កណ្តាលប្រទេស ដែលធ្វើឱ្យគណបក្សប្រឆាំងនោះដណ្តើមបានអាសនៈឃុំសង្កាត់ជិតពាក់កណ្តាល ពីបក្សកាន់អំណាច។ នេះមិនទាន់គិតពីការឈឺចាប់របស់អ្នករងការរំលោភបំពានដីធ្លី អ្នកចាញ់បោកក្រុមឧកញ៉ារាប់ម៉ឺននាក់ មិនទទួលបានយុត្តិធម៌ កសិករជួបវិបត្តិទីផ្សារ ពលរដ្ឋរាប់លាននាក់ជាប់បំណុលវណ្ឌក និងខ្លះត្រូវចាប់ដាក់ពន្ធនាគារតាមទំនើងចិត្ត ដោយគ្រាន់តែជំរុញឱ្យការពារទឹកដី និងជំរុញយុត្តិធម៌សង្គម៕