ក្រុមអ្នកឃ្លាំមើលសង្គម និងអ្នកនយោបាយ ពីគណបក្សក្រៅរដ្ឋាភិបាល យល់ឃើញថា កិច្ចប្រជុំកំពូលត្រីភាគី ដែលធ្វើឡើងនៅទីក្រុងហូជីមិញ កាលពីសប្តាហ៍កន្លងទៅនេះ គឺជាការរុញឱ្យកម្ពុជាផុងខ្លួនកាន់តែជ្រៅទៅក្នុងឥទ្ធិពលនៃគោលនយោបាយឥណ្ឌូចិន ដែលរៀបចំដោយវៀតណាម ក្នុងការច្បាមយកទាំងកម្ពុជា និងឡាវ ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ដូចដែលវៀតណាមធ្លាប់អនុវត្តបានដោយជោគជ័យ ទៅលើប្រទេសចម៉្បាយ៉ាងដូច្នោះដែរ។
កាលពីថ្ងៃទី២២ ខែកុម្ភៈ កន្លងទៅនេះ កម្ពុជា ឡាវ និងវៀតណាម បានបើកកិច្ចប្រជុំដោយសម្ងាត់ប្រចាំឆ្នាំ ទៅតាមផែនការរបស់ខ្លួន នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ ព័ត៌មានស្តីពីកិច្ចប្រជុំនេះ គ្មាននណារម្នាក់បានដឹងសូម្បីបន្តិចឡើយពីកិច្ចថ្នាក់កំពូលនេះ។ ដំណឹងដែលត្រូវគេផ្សព្វផ្សាយ គឺទទួលបានពីព័ត៌មានរបស់រដ្ឋវៀតណាម ជាអ្នកបញ្ចេញនៃកិច្ចប្រជុំត្រីភាគីនេះប៉ុណ្ណោះ។
លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ឱ្យដឹងថា តាមពិតទៅកិច្ចប្រជុំនេះ គឺជាការប្រជុំរបស់បក្សកុម្មុយនីស្តឥណ្ឌូចិន ដែលផ្តួចផ្តើមដោយលោក ហូ ជីមិញ។
លោកបន្តថា មែនទែនទៅ នេះជាការប្រជុំប្រចាំឆ្នាំដែលជារូបភាពហាក់សាមញ្ញ និងធម្មតា ប៉ុន្តែនៅពីក្រោយនៃការអនុវត្តកិច្ចប្រជុំ ដែលវៀតណាមមិនដែលរំលងម្តងណានោះ គឺជាការអនុវត្តផែនការលេបទឹកដីបន្តរបស់លោក ហូ ជីមិញ ហើយយុទ្ធសាស្រ្តនេះ សាធារណរដ្ឋសង្គមនិយមវៀតណាម សម្រេចបានជោគជ័យមួយចំនួនរួចទៅហើយ ហើយក៏កំពុងតែអនុវត្តផែនការបន្តទៀត ធ្វើយ៉ាងណា វាទទីយកកម្ពុជាឱ្យបាន។
លោកថា៖ «យើងមើលរូបភាពនៃការប្រជុំប៉ុន្មានថ្ងៃមុនហ្នឹងវាសាមញ្ញទេ ហើយហាក់បង្ហាញពីកិច្ចសហប្រតិបត្តិការធម្មតា រវាងប្រទេសទាំងបីហ្នឹង។ ប៉ុន្តែបំណងស៊ីជម្រៅហ្នឹង គឺខាងភាគីវៀតណាមគេធ្វើឱ្យសម្រេចបាននូវផែនការយុទ្ធសាស្រ្តរបស់ ហូជីមិញ។ ហើយផែនការយុទ្ធសាស្រ្តរបស់ ហូជីមិញ ហ្នឹងទី១គឺគេព្យាយាមច្បាមលេបទឹកដីប្រទេស ដែលជាភូមិផងរបងជាមួយហ្នឹង មកគ្រប់គ្រងខ្លួនឯង »។
យ៉ាងណា សម្រាប់កិច្ចប្រជុំត្រីភាគីលើកនេះ ដែលស្ថិតក្រោមចំណុះនៃបក្សកុម្មុយនីស្តឥណ្ឌូចិន គឺទាំងកម្ពុជា ឡាវ និងវៀតណាម បាននាំមនុស្សជំនាន់ក្រោយរបស់ពួកគេ ទៅចូលរួមនៅក្នុងជំនួបកម្រិតកំពូលនេះដែរ។
ទម្លាប់បែបនេះ គឺពុំមានទេពីមុនមក។ ភាគីវៀតណាម មានទាំងប្រធានាធិបតី និងនាយករដ្ឋមន្រ្តី។ ចំពោះរឿងនេះ មិនខុសពីកម្ពុជា និងឡាវនោះឡើយ។
ពីខាងកម្ពុជា ក្រៅពីលោក ហ៊ុន សែន ដែលជាអ្នកជួយជ្រោមជ្រែង ក្នុងការអនុវត្តផែនការបក្សកុម្មុយនីស្តឥណ្ឌូចិនហើយ លើកនេះ លោក ហ៊ុន សែន ខ្លួនឯងក៏នាំលោក ហ៊ុន ម៉ាណែត ទៅជាមួយផង។
ដូច្នេះ កិច្ចប្រជុំត្រីភាគី ដែលក្រុមអ្នកវិភាគចាត់ទុកថា ជាគ្រោះថ្នាក់សម្រាប់ជាតិនេះ លោក ហ៊ុន សែន បានព្យាយាមរុញកម្ពុជាឱ្យផុងខ្លួន កាន់តែជ្រៅដែលពិបាកនឹងដកខ្លួនបាន ពីផែនការលេបទឹកដីនៃបក្សកុម្មុយនីស្តឥណ្ឌូចិនរបស់ លោក ហូ ជីមិញ ណាស់។
តាមឯកសារស្តីពីប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា បង្ហាញថា បក្សកុម្មុយនីស្តឥណ្ឌូចិន ដែលបង្កើតឡើងដោយលោក ហូ ជីមិញ ក្នុងឆ្នាំ១៩៣០ នោះគឺជាចលនាកុម្មុយនីស្តមួយ នៅជ្រោយឥណ្ឌូចិន ស្របពេលលទ្ធិកុម្មុយនីស្តរីកដុះដាលខ្លាំង ប្រឆាំងទៅនឹងអាណានិគម។
ដោយឡែក នៅឥណ្ឌូចិន ដែលស្ថិតក្រោមអាណានិគមបារាំង ចលនានៃបក្សកុម្មុយនីស្តនេះ បានប្រមូលផ្តុំចលនាដែលមកពី ពីរប្រទេសផ្សេងទៀត គឺកម្ពុជា និងឡាវ។
ចំពោះកម្ពុជាវិញ បក្សកុម្មុយនីស្តនេះ បានពង្រីកខ្លួនជាបន្តបន្ទាប់ ចាប់ពីតាំងពីការបង្កើត កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយអាចារម្យ មៀន ឬហៅថា សឺន ង៉ុកមិញ។ តែក្រោយមកបក្សកុម្មុយនីស្តមួយនេះ បានប្រែរូបរាងជាបន្តបន្ទាប់ មកជាបក្សប្រជាជនបដិវត្តន៍ខ្មែរ មុនប្តូរមកជាគណបក្សប្រជាជនកម្ពុជា ពេញលេញនៅចន្លោះឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩១។
ចំណែក លោក អ៊ុំ សំអាន អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ចាត់ទុកថា មិនយូរទៀតទេ តាមរយៈការជួយជ្រោមជ្រែងសព្វបែបយ៉ាងរបស់លោក ហ៊ុន សែន និងគណបក្សដែលមានដើមកំណើតចេញពីវៀតណាមមួយនេះ នឹងជួយឱ្យវៀតណាមច្បាមយកកម្ពុជាបានដោយស្រួល ក្នុងរយៈពេលណាមួយ។
មិនតែប៉ុណ្ណោះ តាមរយៈកិច្ចប្រជុំរបស់បក្សកុម្មុយនីស្តឥណ្ឌូចិន ដែលធ្វើជាប្រចាំនេះ បង្ហាញឱ្យឃើញថា ផែនការលេបទឹកដី និងពង្រីកខ្លួនរបស់វៀតណាម កាន់តែឈានដល់ផែនការយុទ្ធសាស្រ្ត ដែលវៀតណាមគ្រោងទុកហើយ។
លោកថា៖ «ហូជីមិញ បានកំណត់ដំណើរឆ្ពោះមកទិសខាងលិច ដោយលេបត្របាក់យកកម្ពុជា និងឡាវ។គេចាត់ទុកជាកូនជឹង ដាក់ទៅជាប្រទេសតែមួយជាមួយនឹងវៀតណាមនៅពេលអនាគត។ ដូច្នេះកិច្ចប្រជុំហ្នឹង គឺជាកិច្ចប្រជុំរវាងកូនចៅហើយនិងចៅហ្វាយនាយ ឬជាចៅហ្វាយនាយជាមួយនិងកូនជឹង។ កម្ពុជា និងឡាវ ជាកូនជឹងរបស់ប្រទេសវៀតណាម ដែលជាបងធំ ឬជាចៅហ្វាយនាយ។ ហើយកិច្ចប្រជុំហ្នឹង នឹងបន្តអនុវត្តនៅតំបន់អភិវឌ្ឍន៍ត្រីកោណ CLV ជាបន្តទៀត តែគ្រាន់តែដូររូបភាពប៉ុណ្ណោះឯង»។
ខុសពីអ្វីដែលអ្នកឃ្លាំមើលសង្គម និងអ្នកនយោបាយបក្សជំទាស់ចោទប្រកាន់នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លើកឡើងថា តាមពិតទៅកិច្ចប្រជុំត្រីភាគីរវាងប្រទេសទាំងបីនេះ មិនមែនធ្វើឡើងដើម្បីសង្កត់ប្រទេសណាមួយ ក្នុងន័យដាក់ឱ្យនៅក្រោមចំណុះរបស់ប្រទេសណាមួយនោះឡើយ។
ផ្ទុយទៅវិញ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមរូបភាពពង្រីកសាមគ្គី ក្នុងនាមប្រទេសជិតខាងដែលធ្លាប់រងគ្រោះដោយសង្រ្គាម និងអាណានិគមដូចគ្នា នៅក្នុងអតីតកាលប៉ុណ្ណោះ។
ជាងនេះទៀត លោកថា ការប្រជុំនេះ មិនមែនរៀបចំដោយជាក់លាក់ តែលើទឹកដីវៀតណាមឡើយ ដែលមានន័យថា ជំនួបកំពូលរបស់បក្សនយោបាយពីប្រទេសឡាវ កម្ពុជា និងវៀតណាមនេះ គឺតែងរៀបចំផ្លាស់វេនគ្នារហូត។
លោកថា៖ «អញ្ចឹងទេយើងនិយាយថា ការប្រជុំរវាងមេដឹកនាំកំពូលរបស់គណបក្សនៃប្រទេសទាំងបីហ្នឹង វាទៅជាវប្បធម៌ដែលមានតាំងពីយូរលង់ណាស់មកហើយ។ ហើយប្រទេសទាំងបីហ្នឹង គេអនុវត្តជាមិត្តភាពក្នុងនាមប្រទេសជាភូមិផងរបងជាមួយ ជាបងប្អូនជិតខាងគ្នា។ ហើយទី២ គឺថាមានយូរលង់អង្វែងណាស់មកហើយ ក្នុងសាមគ្គីភាពហ្នឹងគឺមានជាយូរអង្វែងណាស់មកហើយ ដូចខ្ញុំរៀបរាប់អញ្ចឹងមានតាំងពីប្រជាជននៃប្រទេសទាំងបី ស្ថិតនៅក្រោមនឹមត្រួតត្រារបស់អាណានិគមនិយមបារាំងមកម៉្លេះ »។
បើទោះជាមានការបកស្រាយលម្អិត និងការការពារបែបនេះពីមន្រ្តីរដ្ឋាភិបាលថា កម្ពុជានឹងមិនរអិលផុងខ្លួន ចូលអន្ទាក់បក្សកុម្មុយនីស្តឥណ្ឌូចិន ដែលជាផែនការរបស់លោក ហូ ជីមិញ ក្តីក៏រដ្ឋាភិបាលកម្ពុជា រងការចោទប្រកាន់ពីក្រុមសំឡេងជំទាស់ថា លោក ហ៊ុន សែន និងគណបក្សរបស់លោក បានជួយសម្រេចបំណងរបស់វៀតណាមមួយចំនួនរួចទៅហើយ។
គេសង្កេតឃើញថា គ្មានអតីតមេដឹកនាំកម្ពុជាណាមួយ ដែលរួចខ្លួនឡើយ ក្នុងពេលពួកគេហ៊ានប្រឆាំងនឹងផែនការលេបទឹកដីរបស់វៀតណាមនេះ នៅក្នុងអតីតកាល។
លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្រ្តី នៅក្នុងរបបសាធារណៈរដ្ឋប្រជាមានិតកម្ពុជា ត្រូវជាប់គុកងងឹតវៀតណាមអស់ជាច្រើនឆ្នាំ ព្រោះតែហ៊ានប្រឆាំងផែនការ ក៥ ដែលបង្កើតឡើងដោយមេដឹកនាំវៀតណាមលោក ឡេ ឌឹកថូ ។
ក្រោយមកទៀត លោក ចាន់ ស៊ី ត្រូវស្លាប់ដោយមិនដឹងពីមូលហេតុ នៅរុស្ស៊ី ព្រោះតែគេរកឃើញថាគ្មានភាពស្មោះត្រង់នឹងវៀតណាម ខណៈដែល ប៉ុល ពត បងធំទី១របស់របបកម្ពុជាប្រជាធិបតេយ្យ ដែលដើមឡើយជាកូនជឹងរបស់វៀតណាម ក៏មានវាសនាមិនខុសពីមេដឹកនាំដទៃទៀតដែរ នៅពេលដឹងថាបានក្បត់នឹងបក្សកុម្មុយនីស្តឥណ្ឌូចិននេះ។
ដោយឡែក ចំពោះលោក ហ៊ុន សែន ដែលរងការចោទប្រកាន់ថា លើកបន្តុបដោយវៀតណាមដែរ មានវាសនាហាក់ខុសគ្នាពីអតីតមេដឹកនាំខ្មែរទាំងនោះ។ នៅក្នុងអំណាច នៃការដឹកនាំក្នុងរយៈពេលជិត៤០ឆ្នាំមកនេះ លោក ហ៊ុន សែន តែងជួយសម្រួលកិច្ចការគ្រប់បែបយ៉ាង ឱ្យវៀតណាមបានច្រើន ដូចជា ជួយសាងសង់ស្តុបមិត្តភាពកម្ពុជាវៀណាម បង្កើតសមាគមវៀតណាមពេញស្រុកខ្មែរ ជាពិសេសជួយសម្រួលឱ្យជនអន្តោប្រវេសន៍វៀតណាម មានប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ស្របច្បាប់រាប់ម៉ឺនគ្រួសារ នៅក្នុងប្រទេសកម្ពុជាថែមទៀតផង។
ការធ្វើដូចនេះ កម្រមានប្រទេសដែលជាប់របងជាមួយគ្នាអនុញ្ញាតណាស់។ ករណីប្រទេសថៃ ទោះខ្មែររស់នៅរាប់ឆ្នាំ ឬរៀបការជាប្តីប្រពន្ធក៏ដោយ ក៏មិនបានផ្តល់សញ្ជាតិឱ្យដែរ។ សហរដ្ឋអាមេរិក ក៏មិនងាយនឹងផ្តល់សញ្ជាតិដូចគ្នា ឱ្យពលរដ្ឋម៉ិកស៊ីកូ ដែលប្រទេសទាំងពីរមានព្រំដែនជាប់គ្នា។
ជុំវិញរឿងនេះ ក្រោយកិច្ចប្រជុំកំពូលត្រីភាគីកន្លងទៅបាន ៣ថ្ងៃ រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម បានផ្តាំផ្ញើជាថ្មីទៀត នៅចំពោះមុខលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ឱ្យជួយមើល និងផ្តល់ភាពស្របច្បាប់បន្ថែមដល់ពលរដ្ឋវៀតណាម។
ការដាស់តឿនរបស់មន្រ្តីវៀតណាម ដែលគេសង្កេតឃើញថា បានកើតឡើងសឹងតែរាល់ពេលចំពោះមន្រ្តីកម្ពុជានេះ ធ្វើឡើងក្នុងដំណើរនៃការបំពេញទស្សនកិច្ចរបស់ លោក ប្រាក់ សុខុន សម្រាប់វេទិកាអនាគតអាស៊ានលើកទី២ កាលពីថ្ងៃទី២៥ ខែកុម្ភៈ នៅទីក្រុងហូជីមិញ។
កាសែតវៀតណាម បានរាយការណ៍ថា ក្រៅពីមានការបារម្ភចំពោះជោគវាសនាលើពលរដ្ឋរបស់ខ្លួន ដែលកំពុងរស់នៅលើទឹកដីកម្ពុជាហើយ រដ្ឋាភិបាលវៀតណាម នៅបន្តរំលឹកពីទំនាក់ទំនងស៊ីជម្រៅរវាងប្រទេសទាំងពីរ ទាំងលើផ្នែកសេដ្ឋកិច្ច និងនយោបាយទៅថ្ងៃអនាគតបន្ថែមទៀត។
មិនតែប៉ុណ្ណោះ អ្នកនយោបាយទាំងពីរ ត្រូវបានកាសែតដកស្រង់សំដីមកចុះផ្សាយថា ពួកគេបានសន្យាភ្ជាប់ទំនាក់ទំនងឱ្យតែកាន់តែរឹងម៉ាំជាងនេះទៀត ជាពិសេសបញ្ជ្រាបគោលនយោបាយទៅដល់យុវជនជំនាន់ក្រោយ៕