បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានជូនដំណឹងពីវិធានទប់ស្កាត់ អំពើឆបោកតាមអនឡាញ ដោយអះអាងថា កំពុងកើតឡើងក្នុងស្ថានប័នរបស់ខ្លួន ដែលឱ្យភាគីពាក់ព័ន្ធត្រូវមានការប្រុងប្រយ័ត្ន។
នេះបើតាមលិខិតជូនដំណឹងរបស់ (ប.ស.ស.) ជូនដំណឹងទៅនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន សាធារណជន និងសមាជិក ប.ស.ស. ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
ស្ថាប័ននោះ បាននិយាយថា ថ្មីៗនេះ មានករណីឆបោកសមាជិក ប.ស.ស. តាមប្រព័ន្ធអនឡាញ ដោយការបន្លំខ្លួនជាមន្ត្រី ប.ស.ស. ប្រើប្រាស់រូបថត និងនិមិត្តសញ្ញា ប.ស.ស. ឬក្លែងបន្លំលិខិតជូនដំណឹងបង់ភាគទាន។
ប្រភពនោះបញ្ជាក់ថា ល្បិចឆបោកនោះ ឧក្រិដ្ឋជនបានប្តូរលេខគណនីធនាគារ ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. ទៅជាលេខគណនីធនាគារ ឬ QR Code ផ្ទេរប្រាក់គណនីផ្ទាល់ខ្លួន និងបានទាក់ទងទៅកាន់សមាជិកដោយផ្ទាល់តាមតេឡេក្រាម ឬប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត ដើម្បីណែនាំឱ្យរដ្ឋបាលសហគ្រាស គ្រឹះស្ថាន និងសមាជិក ប.ស.ស. ធ្វើការបង់ភាគទានតាមលេខគណនី ឬ QR Code ក្លែងបន្លំនោះ។
បេឡាជាតិសន្តិសុខសង្គម គូសបញ្ជាក់ថា ក្នុងន័យនេះ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមបញ្ជាក់ជូនថា ប.ស.ស. មិនមានគោលការណ៍ឱ្យម្ចាស់សហគ្រាស គ្រឹះស្ថាន និងសមាជិក ប.ស.ស បង់ភាគទានទៅគណនី ដែលមានឈ្មោះផ្ទាល់ខ្លួនរបស់ជនណាម្នាក់ឡើយ។
ជុំវិញអំពើឆបោកនេះ ប.ស.ស. ថាខ្លួនកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីស្រាវជ្រាវវែកមុខជនឆបោក ដើម្បីនាំយកមកទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
នគរបាលជាតិ កាលពីថ្ងៃទី២៤ ខែកុម្ភៈនេះ បានអះអាងថា សមត្ថកិច្ចបានឆ្មក់ចូលទីតាំងពីរកន្លែង ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រកឃើញជនបរទេស ២៣០នាក់ ភាគច្រើនជនជាតិថៃ កំពុងសំងំលាក់ខ្លួនធ្វើប្រតិបត្តិការអនឡាញខុសច្បាប់ និងមានមេខ្លោងជាជនជាតិចិន។
ក្រៅពីនេះ ក៏មានសេចក្តីរាយការណ៍ដូចគ្នា បានកើតឡើងនៅខេត្តកំពត កំពង់សោម ភ្នំពេញ និងក្រុងបាវិត ខេត្តស្វាយរៀងផងដែរ៕