តំណាងជនជាតិដើមភាគតិច ៣នាក់ នៅភូមិប្រើសក្អក ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានតុលាការខេត្តព្រះវិហារ កោះហៅឱ្យចូលបំភ្លឺ ពីបទលួច តាមពាក្យបណ្តឹងរបស់តំណាងក្រុមហ៊ុនចិន ឈ្មោះរ៉ូយហ្វេង ខណៈពួកគេបោះតង់លើដីធ្លាប់អាស្រ័យផល ដើម្បីទប់ទល់នឹងការបំពានយកពីសំណាក់ក្រុមហ៊ុន។
យោងតាមដីកាកោះរបស់សាលាដំបូងខេត្តព្រះវិហារ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ដែលVODទទួលបាននៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
តុលាការខេត្តព្រះវិហារ បានបង្គាប់ឱ្យតំណាងជនជាតិដើមភាគតិច ៣រូប រួមមាន លោក សឿន ថា លោក ពាន សុផាត និង លោក អៀម អោន ចូលខ្លួនបំភ្លឺ នាថ្ងៃទី១០ ខែមីនា ខាងមុខនេះ ជុំវិញការប្តឹងចោទពីបទ អំពើលួច (ច្រូតស្រូវ និងដកដំឡូង) នៅចំណុចដីក្រុមហ៊ុន រ៉ូយហ្វេង (ខេមបូឌា) ។
តំណាងជនជាតិដើមភាគតិច លោក សឿន ថា ដែលរងការចោទបានថ្លែងប្រាប់ VOD នៅថ្ងៃទី២៧ ខែកុម្ភៈនេះថា លោកមិនប្រព្រឹត្តដូចការចោទទេ។
លោកបន្តថា ការចោទប្រកាន់លើពួកគាត់បែបនេះ វាបង្ហាញពីភាពអយុត្តិធម៌បំផុតសម្រាប់លោក ខណៈ ដីដែលពួកគាត់អាស្រ័យផលនោះ ជាដីដែលបន្សល់ទុកតាំងពីដូនតាមក។
លោកថា៖ «ខ្ញុំក៏អត់ដឹងថាមូលហេតុអីដែរ ឃើញគាត់ចោទប្រកាន់មកលើពួកយើងបែបនេះ ប៉ុន្តែខ្ញុំគិតថា រឿងនេះវាជារឿងអយុត្តិធម៌សម្រាប់ពួកខ្ញុំ ទាំងដែលពួកខ្ញុំមិនបានប្រព្រឹត្តដាក់តាមអ្វីដែលពួកគាត់ចោទប្រកាន់ មានន័យថា ពួកយើងមិនបានធ្វើអីទេ ពួកគាត់ចោទថាពួកយើងកាត់ ប្រៀបធៀបដូចជាចោរ ហើយព្រោះតែលួចរបស់គេ តាមពិតទៅ គឺមិនមានទេ វាមិនមានដូចអ្វីដែលគាត់បានចោទប្រកាន់ទេ គឺវាផ្ទុះស្រលះតែម្ដង»។
តំណាងជនជាតិដើមភាគតិចម្នាក់ទៀត លោក ពាន សុផាត និយាយថា ក្រុមហ៊ុនចិនឈ្មោះរ៉ូយហ្វេងទៅវិញទេ ដែលធ្លាប់រំលោភយកដីពួកគាត់ ដែលធ្លាប់អាស្រ័យផល។ លោកថា ការដែលអ្នកភូមិបោះតង់លើដីនោះ ដើម្បីទប់ស្កាត់ការរំលោភបំពាន មិនមែនជាទង្វើលួច ដូចការចោទទេ។
ម្យ៉ាងវិញទៀត លោកថា ករណីក្រុមហ៊ុនចិនបំពានដីពួកគាត់ មិនត្រឹមតែគ្មានដំណោះស្រាយប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញលោកបែរជាត្រូវរងនូវការចោទប្រកាន់ទៅវិញ។
បន្ថែមពីនេះ លោកក៏ស្នើឱ្យរដ្ឋាភិបាល ពន្លឿនស្វែងរកយុត្តិធម៌ និងដោះស្រាយបញ្ហានេះជូនពួកគាត់ ខណៈពួកគាត់កំពុងតែជួបវិបត្តិជីវភាព បញ្ហាបំណុល ដោយខ្វះចំណូល ហើយដីដែលពួកគាត់អាស្រ័យផលត្រូវក្រុមហ៊ុនរំលោភយកទៀត។
សម្រាប់អភិបាលខេត្តព្រះវិហារ លោក គីម រឹទ្ធី បដិសេធមិនឆ្លើយសំនួរ ដោយលោកជំរុញឱ្យសួរអ្នកនាំពាក្យសាលាខេត្តជំនួសវិញ។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី ជំរុញឱ្យតុលាការគួរតែទម្លាក់បទចោទលើពលរដ្ឋ ហើយងាកមកដោះស្រាយជម្លោះនេះ នៅក្រៅប្រព័ន្ធតុលាការវិញ។
លោកថា៖ «ដូចខ្ញុំធ្លាប់បានបញ្ជាក់ដដែលចឹង ថារវាងក្រុមហ៊ុននិងប្រជាពលរដ្ឋ បើប៉ះពាល់ដល់ប្រជាពលរដ្ឋកាត់ឆ្វៀលឱ្យប្រជាពលរដ្ឋទៅ ប្រមុខរដ្ឋាភិបាលក៏ធ្លាប់បានលើកដែរ ចៀសវាងការប្ដឹងផ្ដល់ដីក្រុមហ៊ុននោះ គឺដីរបស់រដ្ឋ ហើយប្រជាពលរដ្ឋនិងរដ្ឋដោះស្រាយគាត់ទៅ ឱ្យកាត់ឆ្វៀលទៅ ដើម្បីបញ្ចប់បញ្ហា អ៊ីចឹងសូមប្រើប្រាស់យន្តការនេះ ចៀសវាងការប្ដឹងទៅតុលាការធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ ធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើរចុះឡើង ពេលខ្លះគាត់ភ័យ គាត់រត់ចោលផ្ទះសម្បែងទៀត ធ្វើឲ្យប៉ះពាល់ដល់ជីវភាព ធ្វើឲ្យប៉ះពាល់ដល់កូនចៅរបស់គាត់ច្រើនណាស់»។
បើតាមពលរដ្ឋជាជនជាតិដើមភាគតិចកួយនៅតំបន់នោះ បានអះអាងថា ក្រុមហ៊ុនចិននេះ បានចូលមករំលោភបំពានតាំងពីឆ្នាំ២០១២ ពោលគឺជិត១៣ឆ្នាំទៅនេះ ដែលអាជ្ញាធរមិនអាចដោះស្រាយបាន ទោះក្រុមហ៊ុននេះ បានប្រកាសក្ស័យធុននៅឆ្នាំ២០១៩ក្តី។
ច្បាប់ភូមិបាល ដែលរដ្ឋសភាអនុម័តឱ្យប្រើ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០១ បានចែងពីកាតព្វកិច្ចរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ ការពារសិទ្ធិជនជាតិដើមភាគតិច លើសិទ្ធប្រើប្រាស់ដីធ្លីតាមរបៀបជនជាតិផងដែរ។
មាត្រា២៣ នៃច្បាប់នេះចែងថា សហគមន៍ជនជាតិដើមភាគតិច គឺដាំដុះលើដីដែលខ្លួនកាន់កាប់តាមក្បួនខ្នាត ទំនៀមទម្លាប់នៃការប្រើប្រាស់ដីជាសមូហភាព តាមបែបវប្បធម៌ និងប្រពៃណី។
ដីជនជាតិដើមភាគតិច មិនមែនមានតែដីដែលបានដាំដុះជាក់ស្តែងនោះទេ ប៉ុន្តែមានដីបំរុងចាំបាច់ ក្នុងការដូរវេនដំណាំថែមទៀត ដែលគេនិយមហៅថា ការធ្វើចំការវិលជុំ។
បន្ថែមពីនេះ មាត្រា២៨ ចែងថា គ្មានអាជ្ញាធរណាមួយ ក្រៅពីសហគមន៍អាចទទួលបានសិទ្ធិលើអចលនវត្ថុរបស់ជនជាតិដើមភាគតិចបានឡើយ។
ដោយឡែក ការបំពាននេះ ក៏បានបំពានលើកម្មវិធីនយោបាយរដ្ឋាភិបាលផងដែរ ដែលរដ្ឋាភិបាល បានប្តេជ្ញាចិត្តការពារប្រជាពលរដ្ឋក្រីក្រ ងាយរងគ្រោះ តាមរយៈកម្មវិធី«ផ្តល់ដី ការពារព្រៃ» ក្នុងគោលដៅដោះស្រាយបញ្ហាជូនពលរដ្ឋក្រីក្រដែលគ្មានដី៕