ប្រជាពលរដ្ឋជាង ៣០គ្រួសារ រស់នៅតាមដងផ្លូវជាតិលេខ៥៥ នៅតំបន់ភ្នំ១៥០០ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានទទូចជាថ្មីដល់រដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត កាត់ឆ្វៀលដី និងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់ ដោយថា ដីនោះពួកគាត់បានទិញតពីគេ និងរស់នៅជាយូរឆ្នាំមកហើយ មិនមែនជាការទន្ទ្រានដីព្រៃយកជាកម្មសិទ្ធិដូចការចោទប្រកាន់របស់អាជ្ញាធរនោះទេ។
ប្រជាពលរដ្ឋរស់នៅឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ លោក ឃឹម បុប្ផា បានថ្លែងប្រាប់វីអូឌីនៅថ្ងៃទី២៧ ខែកុម្ភៈនេះថា បច្ចុប្បន្ននេះ ពលរដ្ឋជាង៣០គ្រួសារ ដែលរស់នៅចន្លោះគីឡូម៉ែត្រ ១៣៥ និង១៣៨ នៅតែរស់នៅក្នុងភាពភ័យខ្លាចពីការបណ្តេញចេញដោយបង្ខំ ក្រោយពីអាជ្ញាធរខេត្ត បានជូនដំណឹងឱ្យពួកគាត់រុះរើ និងចោទថាពួកគាត់ទៅរុករានទន្ទ្រានដីរដ្ឋ។
លោកបន្តថា ពួកគាត់មិនបានកាប់រានដីព្រៃនោះទេ គឺបានទិញដីបន្តពីពលរដ្ឋ និងក្រុមយោធានៅតំបន់នោះ ដើម្បីសាងសង់ផ្ទះរស់នៅជាយូរឆ្នាំមកហើយ ហើយក៏មានឯកសារទិញលក់ ដែលទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋានផងដែរ តាំងពីក្រោមការដឹកនាំរបស់អភិបាលខេត្តចាស់ លោក ម៉ៅ ធនិន។
លោកបន្ថែមថា អាជ្ញាធរខេត្តដែលដឹកនាំដោយអភិបាលខេត្តថ្មី បានតម្រូវឱ្យពួកគាត់រុះរើសំណង់ចេញពីតំបន់នោះ ដោយផ្តល់ដីនៅទីតាំងផ្សេង និងគ្មានសំណងលើសំណង់រឹង និងថ្លៃរុះរើ ដែលករណីនេះប្រជាពលរដ្ឋពុំព្រមនោះទេ គឺសុំរស់នៅទីតាំងចាស់ដដែល។
លោកថា៖ «ពួកខ្ញុំមានតែសុំលើកដៃសុំសំពះដល់ថ្នាក់ដឹកនាំទាំងអស់ហ្នឹង សូមលោកមេត្តាជួយកាត់ឆ្វៀលដីហ្នឹងឱ្យប្រជាពលរដ្ឋរស់នៅទៅ ព្រោះដីហ្នឹងវាមិនធំទេ តូចៗហ្នឹង សុំរស់នៅហ្នឹងបានទៅ ព្រោះអីវាមិនងាយទេ ដូចជីវភាពខ្ញុំអី រុះរើដោះដូរ វាមិនងាយទេ»។
ពលរដ្ឋរស់នៅឃុំអន្លង់រាបម្នាក់ទៀត អ្នកស្រី លី ម៉ី មានប្រសាសន៍ថា ពាក់ព័ន្ធនឹងរឿងដីធ្លីនេះដែរ អាជ្ញាធរខេត្តបានប្តឹងម្តាយរបស់អ្នកស្រីទៅតុលាការថែមទៀត ដោយចោទប្រកាន់គាត់ថាបានរុករានដីព្រៃរបស់រដ្ឋ ដែលបច្ចុប្បន្នម្តាយរបស់គាត់ជាប់ពន្ធនាគារប្រមាណ ៤ខែមកហើយ នៅមិនទាន់មានការដោះលែងនៅឡើយ។
អ្នកស្រីថា ពួកគាត់ពុំបានទៅទន្ទ្រានដីរដ្ឋ ក្នុងតំបន់អន្ទង់អាំងដែលជាតំបន់ការពារបៃតង ដូចការចោទប្រកាន់របស់អាជ្ញាធរនោះទេ ដោយអះអាងថា ពួកគាត់រស់នៅក្រោមស្ពាន៣៥ ក្រៅតំបន់ការពារ។
អ្នកស្រីបន្តថា ពួកគាត់រស់នៅទីនោះយូរឆ្នាំមកហើយ ដោយមានឯកសារទិញលក់ដីធ្លីត្រឹមត្រូវ និងមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។
អ្នកស្រីថ្លែងថា៖ «បើសិនជាសម្តេច[នាយករដ្ឋមន្ត្រី]គាត់ប្រកាសថា យកតែតំបន់អន្ទង់អាំងអភិរក្សទៅជាតំបន់បៃតង ចឹងសុំឱ្យថ្នាក់ក្រោមធ្វើតាមប្រសាសន៍សម្តេច កុំមកយកពួកខ្ញុំដែលរស់នៅមិនពាក់ព័ន្ធតំបន់អន្ទង់អាំងទេ តែយកពួកខ្ញុំទៅគ្របដណ្តប់ចូលអន្ទង់អាំងទាំងអស់ ហើយមកចោទថាពួកខ្ញុំថារុករានព្រៃ ហើយបន្តចាប់មនុស្សដាក់គុកឥតល្ហែ តាមចាប់ប្រជាពលរដ្ឋផ្សេងៗទៀត តែចាប់អត់បាន ប្រជាពលរដ្ឋផ្សេងៗទៀតគាត់អត់នៅផ្ទះទេ អ្នកភូមិផ្សេងៗទៀតគាត់រត់អីចឹងទៅ ចឹងចាប់ម្តាយខ្ញុំហ្នឹងទេ ហើយចោទគាត់ថាជាមេខ្លោង។ មេខ្លោងយ៉ាងម៉េចបើខ្ញុំគ្មានដីចម្ការទេ មានតែដីមួយតួផ្ទះ»។
អ្នកស្រី លី ម៉ី ក៏បានអំពាវនាវដល់អាជ្ញាធរបញ្ឈប់ការចោទប្រកាន់ទៅលើប្រជាពលរដ្ឋ និងដោះស្រាយដីធ្លីជូនពលរដ្ឋ ព្រមទាំងស្នើដល់តុលាការទម្លាក់ចោលការចោទប្រកាន់ទៅលើម្តាយរបស់អ្នកស្រី និងដោះលែងគាត់ឱ្យមានសេរីភាពវិញ ដោយសារតែគាត់ពុំបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់។
អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយលោកបានចុចបិទទូរស័ព្ទ ក្រោយប្រាប់ថាខលទៅពីសារព័ត៌មាន វីអូឌី។
កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឱ្យផ្លាស់ទីចេញពីតំបន់ជិតផ្លូវអន្ទង់អាំងជាដាច់ខាត និងដកហូតទីតាំងដីនោះទុកជាសម្បត្តិរដ្ឋ។
រដ្ឋបាលខេត្តពោធិ៍សាត់ បញ្ជាក់ថា ប្រជាជនរស់នៅលើដីនោះដោយខុសច្បាប់ ហើយអាជ្ញាធរត្រូវរៀបចំដោះស្រាយតំបន់អន្ទង់អាំង ភ្នំ១៥០០ ឱ្យទៅជាតំបន់បៃតង។
ក្រោយមកនៅថ្ងៃទី០៦ ខែសីហា រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញលិខិតមួយទៀត ដោយបានកំណត់ទុកពេលឱ្យប្រជាពលរដ្ឋ ៣០ថ្ងៃ សម្រាប់ការរុះរើ និងចេញពីតំបន់អន្ទង់អាំងដោយខ្លួនឯង ហើយក្នុងករណីប្រជាពលរដ្ឋមិនព្រមរើចេញ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់។
ក្រោយចេញលិខិតទាំងនេះ ប្រជាពលរដ្ឋបានបង្ហាញក្តីបារម្ភម្តងរួចមកហើយ ពីការបណ្តេញចេញដោយបង្ខំ និងបានស្នើដល់រដ្ឋាភិបាលជួយអន្តរាគមន៍កាត់ឆ្វៀលដីជូនពួកគាត់ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មានការឆ្លើយតបណាមួយនៅឡើយ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី ដែលបានចុះអង្កេតករណីដីធ្លីនេះដល់ទីតាំងទំនាស់ បានលើកឡើងថា កន្លងមក រដ្ឋាភិបាល បានចេញ សជណ ដោយតម្រូវឱ្យពលរដ្ឋជាង ៦០គ្រួសារ ដែលរស់នៅលើដីផ្នែកខាងលើនៃស្ពានត្រង់ចុងគីឡូម៉ែត្រលេខ១៣៧ ដែលជាតំបន់អភិរក្សនោះ រុះរើចេញ ហើយពលរដ្ឋទាំងនោះ ក៏បានយល់ព្រមចាកចេញទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល។
ដោយឡែក ពលរដ្ឋជាង ៣០គ្រួសារនេះ លោកថា ពួកគាត់រស់នៅលើដីផ្នែកខាងក្រោមនៃស្ពាន ដែលមិនប៉ះពាល់ដីអភិរក្សនោះទេ ប៉ុន្តែបែរត្រូវប្រឈមការបណ្តេញចេញពីអាជ្ញាធរខេត្តដែរ និងមានការចោទប្រកាន់ពលរដ្ឋមួយចំនួនទៅតុលាការ រហូតដល់មានពលរដ្ឋម្នាក់ជាប់ពន្ធនាគារផងដែរ។
លោក ម៉េងលី បន្តថា បើតាមសាវតារឿងដីធ្លីនេះ គឺកាលពីអំឡុងឆ្នាំ២០០៧ ខាងក្រុមទាហានចម្រុះអង្គភាព បានទៅបោះទីតាំងនៅតំបន់នោះ ហើយមេបញ្ជាការបានចែកដីមួយចំនួនឱ្យទៅទាហានទាំងនោះដើម្បីរស់នៅ ហើយក្រោយមកទៀត អំឡុងឆ្នាំ២០១០ដល់ឆ្នាំ២០១៣ ក្រុមទាហានមួយចំនួន ក៏បានលក់ដីនោះបន្តទៅឱ្យប្រជាពលរដ្ឋ រហូតដល់មានការសាងសង់សំណង់រឹងសម្រាប់រស់នៅ ដោយគ្មានការហាមឃាត់ពីអាជ្ញាធរនោះទេ។ ហើយបើតាមការជួបជាមួយអាជ្ញាធរ លោកថា បច្ចុប្បន្ន អាជ្ញាធរខេត្តក៏មិនទាន់មានការកំណត់ព្រំដីតំបន់ការពារច្បាស់លាស់នៅឡើយដែរ។
លោកបន្ថែមថា៖ «អីចឹងយើងសុំឱ្យបោះបង្គោលឱ្យបានច្បាស់លាស់ ទី២ សុំឱ្យអាជ្ញាធរខេត្ត ទោះបីតុលាការឯករាជ្យក៏ដោយ ត្រូវពិភាក្សាគ្នារកមធ្យោបាយ ដោះប្រជាពលរដ្ឋម្នាក់ហ្នឹង ឱ្យចេញពីពន្ធនាគារសិន ឱ្យគាត់នៅក្រៅឃុំជាបណ្តោះអាសន្ន ឬក៏ទម្លាក់បទចោទគាត់សិនទៅ ហើយបន្តបោះបង្គោល ហើយរកមធ្យោបាយដោះស្រាយដល់ពួកគាត់។ ហើយរដ្ឋបាលខេត្តមានដីដោះដូរ ប៉ុន្តែចំណុចមួយទៀត គឺសំណងរបស់គាត់ ហើយការដឹកជញ្ជូន ការចំណាយ រដ្ឋបាលខេត្តអត់មានទេ រដ្ឋបាលខេត្តមានគម្រោងតែដោះដូរដី តែសំណងលើសំណង់អត់មានទេ អីចឹងបានយើងលើកបញ្ហានេះ យើងមានការកង្វល់ទៅលើការបណ្តេញគាត់ឱ្យចេញពីតំបន់នោះ តែមិនមានភាពច្បាស់លាស់ ដោយមិនមានយោងទៅលើឯកសារគតិយុត្តិណាមួយ ក្នុងការឱ្យគាត់ចាកចេញទេ។ យើងមានការសោកស្តាយ យើងមានការបារម្ភបញ្ហានេះ យើងបានសំណូមដើម្បីឱ្យគាត់ជួយបញ្ហានេះ ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅសុខដុមរមនាសិន ទម្រាំមានការអភិវឌ្ឍ ឬអភិរក្សតំបន់នោះជាផ្លូវការ»៕