ពលករខ្មែរនៅកូរ៉េខាងត្បូង អះអាងថា មន្រ្តីទូតកម្ពុជាបានគំរាមថានឹងមានការ «ចាប់វាយខ្នោះ» បើពួកគេនៅបន្តធ្វើបាតុកម្មទាមទារកោះគុត តាមការគ្រោងទុកលើទឹកដីកូរ៉េនោះ ការណ៍នេះ រងការរិះគន់ថា គ្រួសារហ៊ុនបន្តដើរលើបន្ទាត់នយោបាយ បម្រើមហិច្ឆតាបរទេសឈ្លានពាន ដើម្បីតែការពារអំណាច។
ការគំរាមនេះ ចំពេលពលករខ្មែរនៅកូរ៉េគ្រោងធ្វើបាតុកម្មទ្រង់ទ្រាយធំ នៅថ្ងៃទី២ ខែមីនា ខាងមុន ដើម្បីជំរុញឱ្យរដ្ឋាភិបាលគ្រួសារហ៊ុន ប្រើប្រាស់យន្តការអន្តរជាតិ ការពារកោះគុតដែលថៃកំពុងគ្រប់គ្រង។
ពលករខ្មែរនៅកូរ៉េ កញ្ញា ចន្ធី ប្រាប់VODថា ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ អ្នកស្រី ជ្រឹង បុទុមរង្សី និងមន្រ្តីម្នាក់ទៀតឈ្មោះ វិចិត្រ បានមកតំបន់ដែលគាត់ស្នាក់ក្នុងប្រទេសកូរ៉េ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយហាមកុំឱ្យចូលរួមបាតុកម្មនាពេលខាងមុខ។
ប្រភពបន្តថា មន្រ្តីទូត២រូបនោះ បញ្ជាក់ថា ខ្លួនចុះមកដើម្បីដឹងពីសុខទុក្ខក្រុមពលករខ្មែរនៅប្រទេសកូរ៉េ តែបែរជាគំរាមថា ក្រុមប៉ូលិសកូរ៉េ នឹង «ចាប់ខ្លួន និងវាយខ្នោះ» លើបាតុករដែលចូលរួមបាតុកម្មបង្កភាពរញ៉េរញ៉ៃដល់ប្រទេសរបស់គេ។
កញ្ញាថា៖ «គាត់និយាយថាបើសិនជាអាច កុំចូលរួមបាតុកម្មតាមការញុះញង់ដោយសារប៉ូលីស នៅកូរ៉េបានទាក់ទងទៅគាត់២ដងថា បាតុកម្មហ្នឹងមានគ្នាប៉ុន្មាននាក់ចូលរួម កុំឲ្យរញ៉េរញ៉ៃដូចជាពេលបាតុកម្ម CLV ។ ដោយសារតែមានប៉ូលិសគេ គេថាបើយើងរញ៉េរញ៉ៃ គេនឹងវ៉ៃខ្នោះបញ្ជូនចូលឡាន។ ដល់ពេលហើយខ្ញុំក៏បាននិយាយថា រឿងបាតុកម្មវាអត់មានដឹងមុនទេថាមនុស្សប៉ុន្មាននាក់ៗ ខ្ញុំនិយាយរៀងប្រឆាំងគាត់! គាត់និយាយអត់ចង់ឱ្យខ្ញុំប្រឆាំង ឬក៏អត់ចង់ឲ្យយើងហ្នឹងបញ្ចេញជាយោបល់អីទេ គាត់ថាអូនឯងទៅដល់ទីណាក៏ដោយ បើសិនជាអូនឯងមានបញ្ហា អូនឯងទៅរកម៉ែឪអូនឯងហើយ អាហ្នឹងគាត់បានបោះពាក្យនិយាយដាក់ខ្ញុំ»។
បើតាម កញ្ញា ចន្ធី ប្រកាសជំហរថា ទោះមានការគំរាមបែបនេះក្តី ក៏ខ្លួននៅតែប្តេជ្ញាចូលរួមធ្វើបាតុកម្មតាមការគ្រោងទុក ដើម្បីការពារទឹកដី។
កញ្ញាថា៖ «គោលជំហរខ្ញុំនៅតែបន្តបង! ខ្ញុំអត់ខ្លាចការគំរាមកំហែងរបស់គាត់ !ខ្ញុំគឺជាប្រជាពលរដ្ឋម្នាក់ដែរ អ៊ីចឹងខ្ញុំត្រូវមានសិទ្ធិបញ្ចេញយោបល់និងសិទ្ធិ ដែលយើងចង់ធ្វើអ្វីមួយ។ ដោយសារតែខ្ញុំ ខ្ញុំស្រឡាញ់ទឹកដីខ្ញុំ ខ្ញុំមិនចង់ឲ្យទឹកដីខ្លួនបាត់បង់ ហើយមិនមែនតែបាតុកម្មលើកហ្នឹងទេ ពីមុនៗ ក៏ខ្ញុំបាតុកម្មហើយទៅមុខមានការបាតុកម្ម ខ្ញុំនៅតែចូលរួម»។
អ្នកនាំពាក្យក្រុមបាតុកម្ម លោក សូត្រ វាន់ឌី ប្រាប់VOD នៅថ្ងៃទី១៧ ខែកុម្ភៈនេះថា លោកបានទទួលព័ត៌មានជុំវិញការគំរាមកំហែងនេះដែរ ហើយបានប្រាប់រឿងនេះទៅមន្រ្តីពាក់ព័ន្ធនៅកូរ៉េរួចរាល់ហើយ។
លោកបញ្ជាក់ថា ក្រុមប៉ូលិសកូរ៉េ បានធានាអះអាងថា គ្មានការចាប់វាយខ្នោះក្រុមបាតុករដូចការគំរាមរបស់មន្រ្តីទូតខ្មែរនោះទេ។
លោកថា៖ «ពួកយើងដែលរៀបចំបាតុកម្ម ទាក់ទងទៅកាន់ស្ថាប័ននៅកូរ៉េចំនួនបី នៅទីក្រុងសេអ៊ូលហើយដែរ ហើយយើងបាននិយាយពីបញ្ហាហ្នឹងដែរ គឺដាច់ខាត អត់មានរឿងអ៊ីចឹងកើតឡើង កុំឱ្យពួកយើងព្រួយបារម្ភអី ហើយគាត់នឹងប្រឹងប្រែងក្នុងការជួយរៀបចំសណ្តាប់ធ្នាប់ និងការពារសុវត្ថិភាពពលករទាំងអស់ដែលបានមកធ្វើបាតុកម្ម»។
បើតាមលោក សូត្រ វាន់ឌី សកម្មភាពបាតុកម្ម ក្រៅពីជំរុញឱ្យរដ្ឋាភិបាលខ្មែរប្តឹងតុលាការអន្តរជាតិ (ICJ) ការពារកោះគុតហើយ ក្រុមបាតុករក៏ទាមទារឱ្យរដ្ឋាភិបាលស្តារប្រជាធិបតេយ្យ គោរពតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដោះលែងអ្នកទោសមនសិកា បញ្ឈប់ការគំរាមកំហែងឆ្លងដែន និងដោះស្រាយបញ្ហាជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ជាដើម។
លោកថា៖ «ក្នុងនាមយើងជាខ្មែរ ដែលរស់នៅក្រៅប្រទេស យើងស្រឡាញ់ទឹកដីយើង មិនចង់ឲ្យមានការបាត់បង់ទឹកដីរបស់យើង ជាពិសេសរឿងកោះគុតនេះ កំពុងតែគេទន្រ្ទានយក កាន់កាប់ហើយ មានតែជំរុញហើយជំរុញទៀត ឱ្យដោះស្រាយតាមនីតិវិធីទៅកាន់តុលាការអន្តរជាតិ ICJ»។
VOD បានព្យាយាមទាក់ទងតាមលេខទូរសព្ទ ដែលមានលើហ្វេសប៊ុកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ តែគ្មានការឆ្លើយតប។
យ៉ាងណាក្តី តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ចាត់ទុកសកម្មភាពគំរាមកំហែងនេះ ថាជាការគំរាមកំហែងឆ្លងដែនលើពលករខ្មែរនៅក្រៅប្រទេស។
លោកចាត់ទុកថា ទង្វើបែបនេះ វាឆ្លុះបញ្ចាំងកាន់តែច្បាស់ថារដ្ឋាភិបាលគ្រួសារហ៊ុន កំពុងបម្រើមហិច្ចតាប្រទេសជិតខាង ឱ្យលេបទឹកដីខ្មែរបានសម្រេច។
លោកថា៖ «ការគំរាមពលករ និងយុវជន មិនឲ្យចូលរួមបាតុកម្មនេះ គឺបង្ហាញពីការបម្រើមហិច្ឆតាឈ្លានពានរបស់បរទេសមកលើទឹកដីរបស់កម្ពុជា។ ហើយតាមពិតគួរតែលើកទឹកចិត្តឲ្យពលករចូលរួមបាតុកម្ម ឱ្យបានច្រើនដើម្បីទាមទារទឹកដីយើងមកវិញ! ប៉ុន្តែផ្ទុយទៅវិញពួកគេបែរជាទៅគំរាមពលករ និងយុវជននៅកូរ៉េខាងត្បូងទៅវិញ។ អ៊ីចឹងមានន័យថាពួកគេកំពុងបម្រើមហិច្ឆតាឈ្លានពានទឹកដីពីសំណាក់ប្រទេសជិតខាងហើយ! ហើយចង់កាត់កោះគុត ហើយនឹងកាត់ទឹកដីខ្មែរយើងទៅឲ្យប្រទេសជិតខាង ដើម្បីឲ្យប្រទេសជិតខាង ដូចជាពិសេសប្រទេសថៃ ប្រទេសវៀតណាមហ្នឹងជួយការពារអំណាចរបស់ខ្លួន »។
យ៉ាងណាជុំវិញជម្លោះកោះកុតនេះ នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ជារឿយៗ ប្រកាសមិនប្រើប្រាស់យន្តការអន្តរជាតិ ដើម្បីប្តឹងទាមទារយកកោះគុតតាមការជំរុញនោះទេ ដោយប្រកាសជំហរចរចាទ្វេភាគីជាមួយថៃ។
ប៉ុន្តែ នាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ន កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញមុខប្រកាសនៅមុខទីស្ដីការគណៈរដ្ឋមន្រ្តីថៃថា កោះកុតជាកម្មសិទ្ធិរបស់ថៃ។
សម្រាប់អ្នកឃ្លាំមើលកិច្ចការព្រំដែន លោក អ៊ុំ សំអាន បញ្ជាក់ថា ការអះអាងដែលភាគីថៃថាកោះគុតជាកម្មសិទ្ធិរបស់ខ្លួន គឺផ្ទុយទាំងស្រុងពីសន្ធិសញ្ញាបារាំង- សៀម ឆ្នាំ១៩០៧ ដែលចែងថា ព្រំដែនសមុទ្រកម្ពុជា-សៀម គឺត្រូវដើរតាមចំនុចខ្ពស់បំផុតនៃកោះគុត។ យោងតាមការកំណត់នេះ កម្ពុជាត្រូវទទួលបាន២/៣នៃទំហំកោះទាំងមូលនេះ។
លោកគូសបញ្ជាក់ថា ភាគីថៃបានចូលកាន់កាប់កោះគុត និងផ្នែកដែនសមុទ្រខ្មែរនៅតំបន់ «ត្រួតស៊ីគ្នា»នោះ បន្ទាប់ពីលោក ហ៊ុន សែន បានចុះកិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្ត្រឆ្នាំ១៩៨២ សម័យវៀតណាមត្រួតត្រាកម្ពុជាមកម្លេះ។
លោកក៏បានទម្លាយភស្តុតាងដែរថា បើពិនិត្យតាមរយៈផែនទីភ្ជាប់ជាមួយអនុសារណៈនៃការយោគយល់ឆ្នាំ២០០១ជាមួយថៃ កោះគុតត្រូវបានកាត់ឆ្វៀលទៅឱ្យប្រទេសថៃ ដោយឧបនាយករដ្ឋមន្ត្រី លោក សុខ អាន កាលនៅមានជីវិត តាមបញ្ជារបស់លោក ហ៊ុន សែន ជាហេតុធ្វើឱ្យមេដឹកនាំគ្រួសារហ៊ុនមិនហ៊ាននិយាយការពារកោះកុត ថាជារបស់ខ្មែរទេ។
បន្ថែមលើនេះ លោក អ៊ុំ សំអាន បានបង្ហោះសារលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៧ ខែកុម្ភៈនេះថា ការបាត់បង់កោះគុតអាចបណ្តាលឱ្យកម្ពុជាបាត់បង់តំបន់សមុទ្រត្រួតស៊ីគ្នាទំហំ ២៦០០០គីឡូម៉ែត្រការ៉េ និងអាចបាត់បង់ប្រេង និងឧស្ម័នតម្លៃប្រមាណ ៣០០ពាន់លានដុល្លារបន្ថែមទៀត។
លោកផ្ញើសារថា ដើម្បីកុំឱ្យស្តាយក្រោយដូចការបាត់បង់កោះត្រល់ ពលរដ្ឋខ្មែរគួរចូលរួមមហាបាតុកម្មការពារកោះគុតនៅទីក្រុងសេអ៊ូល ហើយថាបើមានការចូលរួមច្រើនរហូតដល់ជាង ៣ម៉ឺននាក់ ដូចករណីបាតុកម្មរឿងប្រឆាំងតំបន់ត្រីកោណ CLV នោះទើបរដ្ឋាភិបាលគ្រួសារហ៊ុនយល់ព្រមប្តឹងករណីកោះគុតទៅតុលាការអន្តរជាតិ (ICJ)៕