រដ្ឋាភិបាលអះអាងពីសេដ្ឋកិច្ចងើប​ឡើង​ខណៈពលរដ្ឋ​រួមរឹត​ដោយបំណុល

មន្រ្តីរដ្ឋាភិបាលអះអាង​ពី​សេដ្ឋកិច្ច​កម្ពុជា​ងើប​យ៉ាង​ឆាប់​រហ័ស ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិ​បាល​គ្រួ​សា​​រហ៊ុន​​​បើទោះ​បី​បន្ទាត់​នយោបាយ​នេះ បាន​​បន្សល់​​ទុក​​ពលរដ្ឋ​ច្រើន​លាន​នាក់ កំពុងធ្លាក់​ក្នុងវិ​បត្តិបំ​ណុល​វណ្ឌក ខ្លះ​​ប្រ​​ឈ​ម​ដាច់​បាយ គ្មានលុយព្យាបាលជំងឺ កសិករជួបវិបត្តិទីផ្សារ​ច្រើនទសវត្សរទៅនេះក្តី។

ការអះអាងរបស់មន្រ្តីរដ្ឋាភិបាលនេះ ធ្វើឡើងក្នុងវេទិកា​​សារព័ត៌មានលើកទី៦ រៀបចំ​ឡើងដោយ​អង្គភាព​អ្ន​កនាំ​​ពាក្យ​​រាជរដ្ឋាភិបាល នៅ​ថ្ងៃទី២៧ ខែ​កុម្ភៈ ឆ្នាំ២០២៥នេះ។

ក្នុងវេទិកា​នោះ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោក តាន់ ហ្សង់​ហ្រ្វង់​ស័រ ថ្លែង​ថា ក្នុងឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជា​កើន​បាន៦ភាគរយ ពោល​គឺបានវិលមករកស្ថានភាពដើម មុនផ្ទុះជំងឺកូវីដ​-​១៩ ក្នុងឆ្នាំ២០២០ ហើយ​ថា បើគ្មានសង្គ្រាម​​នៅលើពិភពលោកទេ ក្នុងឆ្នាំ២០២៥​នេះ សេដ្ឋកិច្ច​កម្ពុជា​នឹងបន្ដកើនអាចដល់៦.៣ភាគរយ ។

លោកថា៖ «ជារួមស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា បើប្រៀបធៀបនឹងស្ថានភាពម៉ាក្រូសេដ្ឋកិច្ច​សកល មិនអាក្រក់នោះទេ ប៉ុន្ដែផ្ទុយទៅវិញវាមានសន្ទុះខ្លាំង និងមាន​កម្ពស់ខ្ពស់។ ខ្ញុំលើកឡើងបែបនេះ ព្រោះថា ​តាងនាមរាជរដ្ឋាភិ​បាល តាងនាម​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ខ្ញុំចង់​លើកទឹកចិត្តឲ្យប្រជាជនខ្មែរ​មាន​សុទិដ្ឋិនិយម ដោយ​សារ​តែ​តួលេខដែលខ្ញុំលើកឡើងមុននេះ សុទ្ធតែចេញមកពីស្ថាប័នហិរញ្ញវត្ថុអន្ដរជាតិដូច​ជា ធនាគារពិភព​​លោក និង​IMF»។

ផ្ទុយ​ពីការថ្លែងរបស់មន្រ្តីរដ្ឋាភិបាល​នេះ អ្នក​ចាញ់​បោក​ក្រុម​ហ៊ុន​ពិភពដីមាស អស់​​លុយ​ចំនួន២ម៉ឺន​ដុល្លារ គឺលោក ប៊ុន ធឿន ប្រាប់​VODថា តាមលោកដឹងមានអ្នកសា្លប់ជិត១០នាក់ហើយ ដោយសារវិបត្តិបំណុលក្រោយចាញ់បោកក្រុមហ៊ុនមួយនេះ ខណៈវិបត្តិនេះកំពុងគំរាមដល់ជីវិតលោកផងដែរ។

លោកថា៖ «រាល់ថ្ងៃនេះហូប​ឱ្យ​តែ​ត្រឹម​មួយ​រស់​ទេ បើ​រឿង​ថា​ឱ្យ​ហូប​ទៅ​មាន​សាច់​មាន​ឈាម មាន​កម្លាំង​មាំមួន គឺ​អត់មាន​ទេ យើង​អត់​មាន​អី​ហូប​ទេ។ រាល់ថ្ងៃនេះ​មាន​ស្អី ឧបមាថា បើសិនជា​ឈឺ​ចាំ​តែ​ដេក​ចាំ​តែ​ថ្ងៃ​ស្លាប់។ ពីមុនៗ​មក​យើង​មាន មា​ន​ប្លង់ផ្ទះ ប្លង់ដី មួយសន្លឹក ពីរសន្លឹក ដាក់​ទៅមើលខ្លួនមើលអីទៅ តែឥលូវ​បើ​ក្រុម​ហ៊ុន​ហ្នឹង​វាឆបោក ក្រុម​បក្ស​ពួកវា ហ្នឹង​មក​បោក​លួង​លោម​យក​ទៅ​អស់​ហើយ ដាក់​ធនាគារ យក​លុយ​ឱ្យ​វា​អស់​ហើយ។ រាល់ថ្ងៃហ្នឹង​ចាំមើល​តែ​តុលាការ បើ​តុលាការ​មិន​ជួយ​ពន្លឿន ជួយ​ជំរុញ ពលរដ្ឋ​ស្លាប់អស់ហើយរាល់ថ្ងៃនេះ ពិបាកខ្លាំងបំផុត រឿងធនាគារ»។

ជាមួយគ្នានេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សួន សូរីដា យល់ឃើញថា នៅកម្ពុជា​ មានការរីកចំរើនខ្លាំង​ គឺមានតែការរកស៊ីឆបោកតាម​អនឡាញ ការលក់គ្រឿងញៀន និងគ្រឿង​ស្រវឹង​ទេ ហើយ​ថា បើពិនិត្យ​មើល​ជីវភាព​រាស្រ្តខ្មែរ​បច្ចុប្បន្ន​គឺ​ធ្លាក់​ចុះ​ខ្លាំង ខ្លះ​ជួបបំណុល​វណ្ឌ​ក រី​ឯ​អាជីវកម្ម​ផ្សេងៗបិទទ្វារ​ស្ទើ​រ​គ្រប់កន្លែង។

លោកថា៖ «ការនិយាយរបស់ ហ្សង់​ហ្រ្វង់​ស័រតាន់ ហើយ​និង លោក ប៉ែន បូណា ដែលប្រជាពលរដ្ឋខ្មែរ តែង​និយាយថា គ្រាន់​តែ​ជា​សេក និយា​យឱ្យ​តែ​ពិរោះ ហើយ​និយាយ​លើក​ជើង​ម្ចាស់របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ បើសិ​ន​ជា​ប្រមុខ​រដ្ឋាភិបាល​ស្តាប់​តែ​មនុស្ស​បញ្ជើច​បញ្ចើ និយាយ​បំផ្លើស​ការពិត អាហ្នឹង​គឺ​វា​រុញ​ឱ្យ​រដ្ឋាភិបាល​កា​ន់​តែ​ធ្លាក់​ទឹក​ទៅៗ។ ប្រជាពលរដ្ឋ​ខ្លួនឯង ច្បាស់​ណាស់​មិន​អាច​និយាយ​តាម​បែប​ប្រជា​ភិថុត បោក​ប្រជាពលរដ្ឋ​បាន​ទេ ព្រោះ​ប្រជាពលរដ្ឋ​គាត់​រង​គ្រោះ​ផ្ទាល់​ពីការ​គ្រប់​គ្រង»។  

បើតាម លោក សួន សូរីដា ក្នុងឆ្នាំ២០២៥នេះ រដ្ឋាភិបាលគ្រួសារហ៊ុន កំពុងខ្វះ​ថវិកា​ជាតិ​ជាង​ ១ពាន់​លាន​ដុល្លារ​ទៀត ហើយ​ទៅ​ដើរ​រក​ខ្ចី​លុយ​ចិន​តែ​ចិន​មិន​ឱ្យទៀ​ត ដែល​លោក​ថា នេះ​ជាភស្តុតាង បង្ហាញ​ថា ជាការធ្លាប់ចុះនៃសេដ្ឋកិច្ច​ជាតិ​ធ្ងន់ធ្ងរ ។

សារព័ត៌មានអន្តរជាតិ Reuters បានរាយការណ៍កាលពី​ខែធ្នូ ឆ្នាំ២០២៤​ថា ចិនដែលជាម្ចាស់បំណុល​ឈរនៅ​លំដាប់​ទី១​របស់​កម្ពុជា បាន​ផ្អាក​អនុម័ត​ផ្តល់​កម្ចី​ដល់​កម្ពុជា​ក្នុង​ឆ្នាំ២០២៤។

Reuters បញ្ជាក់ថា ប្រទេសចិន​ដែល​ជា​ម្ចាស់​បំណុល​ធំ​ជាងគេ​របស់​កម្ពុជា ពោល​គឺ​ជាង​មួយភាគ​បី​នៃបំណុល​ចំនួន ១១,៦ពាន់​លាន​ដុល្លារ​របស់​ខ្លួន បាន​ផ្អាក​ការ​ផ្តល់​កម្ចី​សម្រាប់​រយៈពេល​៣ត្រីមាស​ដំបូង​នៃឆ្នាំ២០២៤។

ជាមួយគ្នានេះ អំឡុង​ខែ​តុលា ឆ្នាំ​២០២៤ រដ្ឋាភិបាលគ្រួសារហ៊ុន បានចេញអនុក្រឹត្យ​បោះ​ពុម្ពក្រដាស​ប្រាក់​ប្រភេទ​២០​ម៉ឺន​រៀល ចំនួន​២០លាន​សន្លឹក ស្មើ​ប្រមាណ​១ពាន់​លាន​ដុល្លារ​អាមេរិក ខណៈ​ចំនួននេះ គឺប្រហាក់ប្រហែលនឹងថវិកា​ដែលរដ្ឋាភិបាលកំពុង​ខ្វះខាតសម្រាប់គម្រោងចំណាយក្នុងឆ្នាំ២០២៤ កន្លងទៅ។

ដោយឡែកអ្នកឯកទេសផ្នែក​សង្គម គោលនយោបាយ និងសេដ្ឋកិច្ច លោក ឌី គន្ធា មើលឃើញ​ថា កម្ពុជាមានវិបត្តិជាច្រើនទាំងវិស័យ​កសិកម្ម ទេសចរណ៍ វិបត្តិ​បំណុល វិស័យ​ទេស​ចរណ៍ ហើយ​ក៏​មានអត្រាពលរដ្ឋចំណាក​ស្រុករាប់​លាន​​នាក់ បើ​ប្រៀបធៀប​ជាមួយវៀតណាម និង​ថៃ។

ក្នុងន័យនេះ លោក​ចាត់ទុក​ការ​លើក​ឡើង​របស់​មន្រ្តី​រដ្ឋាភិបាល គ្រាន់​តែ​ជា​​លេស​ការ​ពារ​ខ្លួនតែ​ប៉ុណ្ណោះ ហើយ​វប្បធម៌​បែ​ប​នេះ កំពុង​រុញ​ឱ្យ​ពលរដ្ឋ​កាន់​តែ​រង​គ្រោះពី​ការ​ដឹក​នាំ​មិន​ទទួល​ស្គាល់​ការ​ពិត​បែប​នេះ។

លោកថា៖ «រដ្ឋាភិបាលពីមួយអាណត្តិ​ទៅមួយ​អាណត្តិ នៅ​តែ​បន្ត​វប្បធម៌​អភិរក្ស ជំងឺ​ដោះ​សារ​ទៅ​លើ​វិបត្តិ​សេដ្ឋ​កិច្ចសង្គម​កម្ពុជា ម្ដង​ហើយ​ម្ដង​ទៀត មិ​ន​ត្រឹម​តែ​មិន​បាន​ដោះស្រាយអ្វីដែលជាបញ្ហា កាត់​បន្ថយ​ភាព​ក្រីក្រ ឬ​ភាព​អត់​​ឃ្លាន ឬ​ក៏​ការ​លើក​កម្ពស់​គុណ​ភាព​អប់រំ ឬ​ក៏​គុណភាព​សេវា​ថែ​ទាំ​សុខ​ភាព​សាធារណៈ​ប៉ុណ្ណឺង​ទេ។ មានន័យថា អ្វីដែលជាជំងឺរ៉ាំរ៉ៃនៅក្នុងវិបត្តិ​សេដ្ឋកិច្ចកម្ពុជាដ៏ធ្ងន់ធ្ងរហ្នឹង! នឹង​ក្លាយ​ទៅ​ជារោគ​មហារីក ហើយនឹងអាចធ្វើឲ្យប្រទេសកម្ពុជា​នឹ​ង​ប្រឈម​មុខមហា​គ្រោះ​មហន្តរាយ​ហិរញ្ញវត្ថុ»។ 

បើតាមរបាយការណ៍​ពី CBC ចេញផ្សាយអំឡុងខែមេសា ឆ្នាំ២០២៤ រកឃើញថា ពលរដ្ឋខ្មែរជិត៥លាននាក់ជាប់បំណុល។ ចំនួននេះ​មិន​ទាន់​រាប់​បញ្ចូល​ជន​រ​ង​គ្រោះ រា​ប់​ម៉ឺនគ្រួសារទៀត ដែលកំពុងរួមរឹត​ដោយ​វិបត្តិ​បំណុល ដោយ​សារ​ពួក​គេ​ចាញ់​បោក​ក្រុម​ឧកញ៉ា​លក់​អចល​ន​ទ្រព្យ ដែលស្និ​ទ្ធ​នឹង​មេដឹកនាំ មាន​ឧកញ៉ា ឡេង ណាវ៉ាត្រា អតីតឧកញ៉ា ហ៊ី គឹមហុង និង​អតីតឧកញ៉ា ឡេង ចាន់ណា ជាដើម។

ករណីនេះ ធ្វើឱ្យជនរងគ្រោះខ្លះបានសម្លាប់ខ្លួនជាបន្តបន្ទាប់ ដោយសារតែយុត្តិធម៌​របស់​ពួកគេ ត្រូវ​បាន​ប្រព័ន្ធ​យុត្តិធម៌​ដែល​ជា​ឧបករណ៍​នយោបាយ បាន​កប់​ចោល​ច្រើន​ឆ្នាំ។ ក្រៅពី​នេះ កសិករ​នៅ​តាម​បណ្តាខេត្ត-រាជធានី​ខ្លះ កំពុងរងការរំលោភបំពានដីធ្លី រួមទាំងជនជាតិដើមភាគតិច ។

រីឯវិបត្តិទីផ្សារលក់កសិផលវិញ កសិករនៅតែបន្តរងគ្រោះ ដែល​ជាផ្នែកជំរុញ​ឱ្យ​មាន​លំហូរ​ចំណាក​​ស្រុក​ខុស​ច្បាប់ ប្រឈម​​នឹង​គ្រោះ​ថ្នាក់​ច្រើន​ម៉ឺន​​នាក់​​ក្នុង​មួយ​ឆ្នាំៗ ដែលខ្លះគេចផុតពីការស្លាប់ ត្រូវ​បានភាគី​ថៃ​ដឹក​មក​ទម្លាក់​ចោល​នៅ​តាម​ព្រំដែន​ជាដើម។

បន្ថែមលើនេះ ហេតុការណ៍មនុស្សរាប់រយនាក់ មានទាំងចាស់ជរា ជនពិការ ស្ត្រីទន់ខ្សោយ និងមនុស្សពេញកម្លាំង​ផង​នោះ ហើយមានពលរដ្ឋ៤នាក់ស្លាប់ ក្នុងពេលប្រជ្រៀតគ្នាយក​អង្ករ២គីឡូ​ក្រាម និង​លុយ​៤ម៉ឺន​រៀល ពី​​​​ឧកញ៉ា សុខ គង់ កាល​ពី​ខែមករា ឆ្នាំ២០២៥ ត្រូវបា​ន​គេមើល​ឃើញ​ថា វា​ជា​ភស្តុតាង​បញ្ជាក់​ច្បាស់​ថា រាស្រ្តខ្មែរមិនទាន់​ងើប​ផុត​ពី​ភាព​ក្រីក្រ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ