ក្រសួងមហាផ្ទៃ ក្រើនរំលឹកដល់អាជ្ញាធររាជធានី-ខេត្ត ពីការជួយសម្របសម្រួលដល់ការរៀបចំវេទិកាពិគ្រោះយោបល់របស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងផ្នែកច្បាប់ និងសិទ្ធិដល់ប្រជាពលរដ្ឋ ដែលហាក់បង្ហាញពីការស្តារលំហសេរីភាពសង្គមស៊ីវិល និងការបញ្ចេញមតិឡើងវិញ ក្រោយរងការរិះគន់ថាមានការរឹតត្បិតសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ក្នុងរយៈកាលកន្លងមក។
ក្នុងលិខិតរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ផ្ញើជូនអភិបាលរាជធានី-ខេត្តទាំងអស់ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះ បានលើកឡើងថា កន្លងមក ក្រសួងបានណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត ត្រូវសម្របសម្រួលរៀបចំវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យបានរៀងរាល់ឆមាស ឬតាមការចាំបាច់ ដើម្បីរួមគ្នាពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម ព្រមទាំងសំណើរសំណូមពរនានា ហើយដាក់ចេញនូវវិធានការដោះស្រាយឱ្យសមស្រប និងទាន់ពេល។
តែយ៉ាងណា ក្រសួងថា ក្នុងការអនុវត្តជាក់ស្តែង មានរដ្ឋបាលរាជធានី-ខេត្តមួយចំនួន នៅពុំទាន់អនុវត្តឱ្យបានពេញលេញ ស្របតាមសេចក្តីណែនាំរបស់ក្រសួងនោះទេ ដែលកត្តានេះ ត្រូវបានអង្គការសង្គមស៊ីវិល លើកឡើងពីភាពអសកម្មទាំងនេះ។
ករណីនេះ លោក ស សុខា បានណែនាំជាថ្មីដល់រដ្ឋបាលរាជធានី-ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តការងារមួយចំនួនឡើងវិញ ដើម្បីពង្រឹង និងលើកកម្ពស់ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ តាមរយៈការរៀបចំវេទិកាពិគ្រោះយោបល់ ជាមួយអង្គការសង្គមស៊ីវិល ក្នុងការដោះស្រាយបញ្ហាប្រឈម សំណើ សំណូមពរ និងឆ្លើយតបទៅនឹងតម្រូវការនានារបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ ទៅកាន់គណៈអភិបាលរាជធានី-ខេត្ត ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បានលើកឡើងថា សមាគម អង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជីត្រឹមត្រូវ និងសហគមន៍នៅមូលដ្ឋាននានា មានសិទ្ធិសេរីភាពពេញលេញក្នុងការធ្វើសកម្មភាពរបស់ខ្លួន ដោយពុំចាំបាច់ជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន មុនពេលចាប់ផ្តើមធ្វើសកម្មភាពនោះឡើយ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី មានប្រសាសន៍នៅថ្ងៃទី២៨ ខែកុម្ភៈនេះថា ការណែនាំរបស់ក្រសួងនេះ មិនមែនជារឿងថ្មីនោះទេ ខណៈបញ្ហានៃការរឹតត្បិតសេរីភាពបញ្ចេញមតិ និងការជួបជុំរបស់ពលរដ្ឋ និងសង្គមស៊ីវិល នៅតែកើតមានដដែលៗ នៅតំបន់មូលដ្ឋានមួយចំនួន។
លោកបន្តថា ដូចករណីថ្មីៗនេះ ខាងមន្ត្រីសមាគមអាដហុក បានចុះទៅខេត្តមួយ ដើម្បីជួបប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធនឹងបញ្ហាដីធ្លី ប៉ុន្តែអាជ្ញាធរនៅទីនោះនៅតែបន្តសុំលិខិតអនុញ្ញាត និងរបៀបវារៈពីសមាគម ដែលផ្ទុយទៅនឹង សជណ របស់ក្រសួងកាលពីឆ្នាំ២០១៨ ដែលមិនតម្រូវឱ្យការការសុំអនុញ្ញាតជាមុន សម្រាប់ការរៀបចំវគ្គបណ្តុះបណ្តាល ឬវេទិកាពិគ្រោះយល់ណាមួយ។
លោក យិន ម៉េងលី យល់ថា ការក្រើនរំលឹករបស់ក្រសួងទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជារឿងល្អ ប៉ុន្តែក្រសួងគួរផ្សព្វផ្សាយឱ្យបានទូលំទូលាយបន្ថែមទៀត ទៅលើ សជណ កាលពីឆ្នាំ២០២៨នោះ និងគួរមានវិធានការរដ្ឋបាលទៅលើមន្ត្រីមូលដ្ឋានរូបណា ដែលនៅបន្តរារាំង និងរឹតត្បិតការរៀបចំវេទិការបស់សង្គមស៊ីវិល និងសហគមន៍។
លោកថា៖ «ចឹងការរៀបចំវេទិការបស់ក្រសួងក្រើនរំលឹកហ្នឹង គឺជារឿងល្អ ប៉ុន្តែបើសិនជាបញ្ហាដដែលៗ ហើយខេត្តមិនមានវិធានការ ហើយបណ្តាលឱ្យកើតឡើងពីមួយឆ្នាំទៅមួយឆ្នាំហ្នឹង ប៉ះពាល់ចឹង ទាក់ទិននឹងការរារាំង រឹតត្បិតហ្នឹង ទាល់តែមានចំណាត់ការ ទាល់តែមានចំណាត់ការទើបបានបញ្ហានេះប្រសើរឡើង»។
កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ សមាគមការពារសិទ្ធិមនុស្សអាដហុក ក៏បានចេញរបាយការណ៍មួយរកឃើញថា ក្នុងសកម្មភាពផ្សព្វផ្សាយ អំពីប្រជាធិបតេយ្យ សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលសមាគមអាដហុក បានរៀបចំឡើងក្នុងឆ្នាំ២០២៤ ដើម្បីលើកកម្ពស់ការយល់ដឹង និងពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋានចំនួន ៣១១វគ្គ ក្នុងខេត្តចំនួន២២ គឺមានជាង ៩០% មានការរឹតត្បិតពីអាជ្ញាធរតាមមូលដ្ឋាន ដោយរំលោភច្បាប់ជាតិ-ច្បាប់អន្តរជាតិ ជាពិសេសអនុវត្តផ្ទុយសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ។
សមាគមនេះ បន្តថា សកម្មភាពរបស់អាជ្ញាធរមូលដ្ឋាន ដែលរឹតត្បិតសេរីភាពបញ្ចេញមតិ សេរីភាពជួបជុំនោះ មានដូចជា អាជ្ញាធរមូលដ្ឋានសួររកលិខិតអនុញ្ញាត រារាំងមិនអនុញ្ញាតឱ្យធ្វើការផ្សព្វផ្សាយ មេភូមិតម្រូវឱ្យជូនដំណឹងមុនធ្វើការផ្សព្វផ្សាយ ថតរូប-វីដេអូនិងសុំបញ្ជីវត្តមាន មានវត្តមានឃ្លាំមើលនៅបរិវេណកន្លែងផ្សព្វផ្សាយ ដើរកត់ឈ្មោះពលរដ្ឋតាមផ្ទះក្រោយចូលរួមសកម្មភាពផ្សេងៗ សួរនាំគំរាមកំហែង និងហាមឃាត់ពលរដ្ឋមិនឱ្យចូលរួមការផ្សព្វផ្សាយជាដើម។
នាយកទទួលបន្ទុកផ្នែកកិច្ចការទូទៅនៃអង្គការការពារសិទ្ធមនុស្សលីកាដូ លោក អំ សំអាត បង្ហាញការគាំទ្រ និងសាទរចំពោះការក្រើនរំលឹករបស់ក្រសួង ពីកិច្ចសហការរវាងសង្គមស៊ីវិល និងអាជ្ញាធរថ្នាក់ក្រោមជាតិនេះ។
លោកថា កន្លងមក បើទោះជាក្រសួងធ្លាប់ប្រាប់ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ពីការមិនតម្រូវឱ្យជូនដំណឹងជាមុន ប៉ុន្តែអាជ្ញាធរមួយចំនួន នៅតែតម្រូវឱ្យជូនដំណឹងដដែល ហើយករណីខ្លះក៏មានការឃ្លាំមើល ថតរូប ថតវីដេអូ និងការហាមឃាត់ពលរដ្ឋ មិនឱ្យទៅចូលរួមក្នុងវេទិកានោះជាដើម ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបញ្ចេញមតិ និងការជួបប្រជុំ។
បើតាមអនុសាសន៍ លោក អំ សំអាត៖ «លិខិតណែនាំរបស់ក្រសួងមហាផ្ទៃ មានរួចហើយ ចឹងសំខាន់បំផុត គឺការអនុវត្តទេ អាជ្ញាធរមូលដ្ឋានត្រូវតែអនុវត្តខ្លឹមសារតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃ គួរតែណែនាំទៅដល់អាជ្ញាធរដែលនៅថ្នាក់មូលដ្ឋានហ្នឹង ហើយបើសិនជាមានអាជ្ញាធរណាមិនអនុវត្តតាម ហើយប្រព្រឹត្តផ្ទុយអំពីគោលការណ៍ណែនាំ អាហ្នឹងត្រូវមានវិធានការ»។
សម្រាប់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន ហាក់មានជំនឿតិចតួចពីប្រសិទ្ធភាព បើការដឹកនាំរបស់រដ្ឋាភិបាល នៅតែយកបទបញ្ជាធំជាងការអនុវត្តច្បាប់ ដោយថា ភាពសកម្មរបស់មន្ត្រីបានតែមួយភ្នែតក្រោយមានការជំរុញ ក្រោយមកវិលទៅរកធាតុដើមវិញ។
លោកថា៖ «ប៉ុន្តែយើងស្វាគមន៍ ដោយសារកាលណាមានការលើកឡើងជុំវិញបញ្ហារឹតបន្តឹងក្តី គាបសង្កត់ក្តីអីក្តីជាហូរហែចឹង ធ្វើឱ្យថ្នាក់ដឹកនាំហ្នឹងបានលឺបានដឹងពីក្រោមចឹងទៅ គាត់អាចលើកឡើងសារជាថ្មីមក ហើយមន្ត្រីអ្នកទៅអនុវត្តច្បាប់ ជាពិសេសអាជ្ញាធរដែនដីនៅតាមមូលដ្ឋានអីហ្នឹង ត្រូវការក្រើនរំលឹកញឹកញាប់មែនទែន ពីរឿងសិទ្ធិសេរីភាព ពីរឿងច្បាប់របស់សង្គមស៊ីវិល របស់គណបក្សនយោបាយផ្សេងៗហ្នឹង ព្រោះគាត់មានទម្លាប់ចឹង ជាពិសេសមន្ត្រីចាស់ៗពីមុនមកហ្នឹង គាត់នៅបន្តអាទម្លាប់រឹតត្បិតហ្នឹង គាត់ធ្លាប់ធ្វើកិច្ចការបែបហ្នឹងយូរ ហើយយូរទៅវាឆ្លងដល់មន្ត្រីថ្មីហ្នឹងទៀត មន្ត្រីថ្មីហ្នឹងជួនកាលចូលទៅក៏ស្តាប់បង្គាប់អ្នកចាស់ ហ្នឹង ធ្វើតាមគ្នាចឹងទៅ ហើយបើថ្នាក់ដឹកនាំហ្នឹងបានជំរុញ បានលើកឡើង បានរំលឹកចឹងទៅបានធូរស្រាលមកវិញមក»។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានទេនៅថ្ងៃនេះ។
រដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ មាត្រា៤១ ចែងថា ប្រជាពលរដ្ឋខ្មែរ មានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ភផ្សាយ សេរីភាពខាងការជួបជុំ។
សម្រាប់សេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស មាត្រា១៩ ចែងថា មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការមាន មតិ និងការសម្តែងមតិ។ សិទ្ធិនេះរាប់បញ្ចូលទាំងសេរីភាពក្នុងការប្រកាន់មតិដោយគ្មានការជ្រៀតជ្រែក និងសេរីភាពក្នុងការស្វែងរកការទទួល និងការផ្សព្វផ្សាយព័ត៌មាននិងគំនិតនានាដោយគ្មានព្រំដែន ទោះតាមរយៈមធ្យោបាយសម្តែងមតិណាមួយក៏ដោយ។ ចំណែក មាត្រា២០ មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការប្រជុំ ឬការបង្កើតសមាគមដោយសន្តិវិធី៕