គណបក្សនៅក្រៅរដ្ឋាភិបាល ចោទប្រកាន់រដ្ឋបាលខេត្តឧត្តរមានជ័យថា បានបង្កើតឱ្យមានបទល្មើសអនឡាញព្រោងព្រាត នៅច្រកព្រំដែនអន្តរជាតិជាំស្រងាំ និងច្រកព្រំដែនអន្លង់វែង ដែលបញ្ហានេះអាជ្ញាធរនៅថ្នាក់ក្រោមជាតិ គួរបើកការស៊ើបអង្កេតបន្ទាន់មួយ ដើម្បីប្រាកដថាគោលនយោបាយភូមិឃុំមានសុវត្ថិភាព អាចជឿទុកចិត្តបាន ដែលជាការឆ្លើយតបក្នុងការបញ្ចៀសពីភាពអនាធិបតេយ្យនៅក្នុងសង្គម។
សំឡេងប្រជាធិបតេយ្យ វីអូឌី ទើបទទួលបានលិខិតមួយច្បាប់នៅថ្ងៃនេះ របស់គណបក្សដើម្បីកម្ពុជា ដែលស្នើទៅរដ្ឋបាលខេត្តឧត្តរមានជ័យ។
តាមរយៈលិខិតដែលចេញកាលពីថ្ងៃទី១២ ខែកុម្ភៈ បង្ហាញថា អាជ្ញាធរខេត្តឧត្តរមានជ័យ បានបណ្តែតបណ្តោយនាំឱ្យមានអំពើល្មើស តាមរយៈល្បែងអនឡាញ កើតឡើងពេញបន្ទុកនៅតាមច្រកព្រំដែនកម្ពុជាថៃ។ ប្រភពបន្តថា ផ្អែកតាមតម្រុយដែលទទួលបាន គឺល្បែងអនឡាញនេះ កំពុងវាយលុកនៅតាមទីតាំងចំនួន២កន្លែង គឺនៅច្រកព្រំដែនអន្តរជាតិជាស្រងាំ និងច្រកព្រំដែនអន្លង់វែង។
លោក ឯម សុខសុវណ្ណ ប្រធានគណបក្សដើម្បីកម្ពុជា បាននិយាយនៅក្នុងលិខិតនោះថា រដ្ឋបាលខេត្តឧត្តរមានជ័យ គួរបើកការស៊ើបអង្កេតចំពោះបទឧក្រិដ្ឋនៃបទល្មើស ដូចមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គម កាលពីពេលថ្មីៗនេះ ដែលបានលាតត្រដាងពីការរីកដុះដាល និងតម្រុយនៃបទល្មើសអនឡាញ នៅក្នុងភូមិសាស្រ្តនៃខេត្តឧត្តរមានជ័យនេះ។
ប្រទេសកម្ពុជា មួយរយៈពេលចុងក្រោយនេះ រងការចោទប្រកាន់ និងទទួលភាពអាម៉ាស់នៅចំពោះមុខប្រទេសក្នុងតំបន់ និងអន្តរជាតិជាបន្តបន្ទាប់ ថាជាជម្រកដ៏សុខសាន្ត សម្រាប់ក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ។ របាយការណ៍ស៊ើបអង្កេតនានា បានបង្ហាញថា អ្នកដែលរកស៊ីជាមួយនិងក្រុមសង្គមងងឹតទាំងនេះ គឺភាគច្រើនជាសែស្រឡាយ និងមនុស្សដែលជួយរកប្រភពចំណូលឱ្យលោក ហ៊ុន សែន។
លោក ហ៊ុន តូ ដែលត្រូវជាក្មួយរបស់លោក ហ៊ុន សែន ក៏ត្រូវជាប់ឈ្មោះជាអ្នកនៅពីក្រោយ នៃអំពើល្មើសនេះដែរ។ ក្រៅពីនេះ នៅមានក្រុមឧកញ៉ាមួយចំនួនទៀត មានដូចជាលោក ឧកញ៉ា លី យ៉ុងផាត់ និងលោកឧកញ៉ា កុក អាន ជាដើម ក៏មានឈ្មោះក្នុងបញ្ជីខ្មៅដែលរកឃើញថា នៅពីក្រោយនៃឧក្រិដ្ឋកម្មល្បែងអនឡាញនេះដូចគ្នា។
កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលខេត្តបន្ទាយមានជ័យ បង្កើតភាពអាម៉ាស់ម្តងរួចហើយឱ្យកម្ពុជា ក្រោយពីអាជ្ញាធរថៃ និងក្រុមនគរបាលរបស់ខ្លួន រកឃើញថា ប្រភពនៃបទល្មើសនេះ គឺស្ថិតនៅក្នុងទឹកដីនៃប្រទេសកម្ពុជា។ តាមរយៈការចេញផ្សាយដោយបណ្តាញសារព័ត៌មានថៃ ដែលស្រង់សំដីរបស់នគរបាលថៃ លើកឡើងថា យុទ្ធនាការបំបែកសំបុកក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ នៅក្រុងប៉ោយប៉ែតនេះ គឺជាផែនការកម្ចាត់បទល្មើស និងជាកាត់ផ្តាច់សរសៃឈាមសំខាន់នៃក្រុមមជ្ឈមណ្ឌល Call Center នៅប្រទេសកម្ពុជា។
តាមរយៈយុទ្ធនាការនេះ ភាគីថៃបានកាត់ផ្តាច់ប្រព័ន្ធអ៊ីនធើណេត ប្រព័ន្ធភ្លើង និងប្រព័ន្ធផ្គត់ផ្គង់ផ្សេងទៀត ដែលនាំទៅដល់ការតភ្ជាប់នៃបទល្មើសនេះ ហើយអាជ្ញាធរថៃ បានបន្តរឹតបន្តឹងសន្តិសុខ ក្នុងតំបន់សំខាន់ៗ នៅតាមខ្សែបន្ទាត់ព្រំដែនស្រុកអារញ្ញ ខេត្តស្រះកែវ ឈមនឹងប្រទេសកម្ពុជា។ វិធានការនេះ ដោយបំពាក់កាមេរ៉ាសុវត្ថិភាព CCTV ដើម្បីបង្រ្កាប និងទប់ស្កាត់នៃការវិលត្រឡប់មកវិញជាថ្មីទៀត នៃអំពើឆបោកតាមអនឡាញនេះ។
ដូចគ្នានេះដែរ ប្រទេសឥណ្ឌា កាលពីពាក់កណ្តាលឆ្នាំ២០២៤ ក្រសួងការបរទេសឥណ្ឌា ធ្លាប់បានជូនដំណឹងឱ្យពលរដ្ឋរបស់ខ្លួន ត្រូវប្រុងប្រយ័ត្នខ្ពស់ ព្រោះករណីឆបោកតាមអនឡាញកំពុងរីកដុះដាលគួរឱ្យព្រួយបារម្ភនៅកម្ពុជា និងប្រទេសមួយចំនួនទៀត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ សារព័ត៌មាន The Indian Express កាលពីចុងខែមីនា ឆ្នាំ២០២៤ ចេញផ្សាយថា មានពលរដ្ឋឥណ្ឌាប្រមាណ៥ពាន់នាក់ បានក្លាយជាជនរងគ្រោះព្រោះតែចាញ់បោក ពីបទល្មើសឆបោកតាមអនឡាញនេះនៅកម្ពុជា។
សំឡេងប្រជាធិបតេយ្យ វីអូឌី បានព្យាយាមស្នើការបំភ្លឺជាច្រើនដងតាមទូរស័ព្ទ ពីអភិបាលខេត្តឧត្តរមានជ័យ លោក មាន ចាន់យ៉ាដា និងមន្រ្តីរដ្ឋបាលខេត្តផ្សេងទៀត ប៉ុន្តែទូរស័ព្ទចូលគ្មានអ្នកទទួល នៅថ្ងៃនេះ។
យ៉ាងណាទាក់ទងនឹងល្បែងអនឡាញ និងអំពើឆបោកតាមប្រព័ន្ធអ៊ីនធើណេតនេះ លោក ហ៊ុន សែន កាលនៅជានាយករដ្ឋមន្រ្តី ធ្លាប់បានចេញសារាចរណែនាំម្តងរួចហើយមក។ អតីតនាយករដ្ឋមន្រ្តីរូបនេះ និយាយនៅក្នុងលិខិតកាលពីខែសីហា ឆ្នាំ២០១៩ ថាមានជនបរទេសមួយចំនួន កំពុងប្រើប្រាស់កម្ពុជា ជ្រកក្រោមរូបភាពល្បែងភ្នាល់មួយនេះ។
បើតាមលោក ហ៊ុន សែន អាជ្ញាធរ និងកម្លាំងជំនាញ ត្រូវទប់ស្កាត់បទល្មើសបច្ចេកវិទ្យាតាមអនឡាញនេះឱ្យមានប្រសិទ្ធិភាព។ ប៉ុន្តែគេសង្កេតឃើញថា ចាប់តាំងពីពេលនោះមក បទល្មើសអនឡាញ និងអំពើឆបោកតាមប្រព័ន្ធអ៊ីនធើណេតនេះ កើតឡើងទ្វេដង។ បញ្ហានេះ នាំឱ្យមានការចោទប្រកាន់ និងដាក់បន្ទុកថា អ្នកដែលអនុញ្ញាតឱ្យមានបទល្មើសនេះកើតឡើង ភាគច្រើនគឺជាមនុស្សជំនិត និងកូនចៅរបស់លោក ហ៊ុន សែន។ ពួកគេអាចរកចំណូលបានពីបទល្មើសឆបោក តាមប្រព័ន្ធអនឡាញនេះ រាប់សែនលានដុល្លារ។
សម្រាប់លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ឱ្យដឹងថា មកដល់ពេលនេះទៅហើយ ភាគីកម្ពុជាហាក់នៅរក្សាភាពស្ងប់ស្ងាត់ ជុំវិញការរិះគន់ដោយចំៗ ពីសំណាក់ប្រទេសក្នុងតំបន់ និងអន្តរជាតិ ចំពោះបទល្មើសអនឡាញនេះ។ លោកបន្តថា កម្ពុជាហាក់ដូចបង្ហាញជំហរ ធ្វើមិនដឹងមិនឮចំពោះអំពើល្មើសនេះ បើទោះជាមានរបាយការណ៍ ដៅចំទៅតាំង និងអ្នកនៅពីក្រោយ នៃបទក្រិដ្ឋ និងអំពើឆបោកតាមអនឡាញនេះ យ៉ាងណាក៏ដោយ។
លោកថា៖ «ការឆបោកតាមអនឡាញ យើងមិនទាន់ឃើញមានការធានាណាមួយបញ្ហាទាំងអស់ហ្នឹង មានភាពល្អប្រសើរនៅឡើយទេ។ ដោយសារយើងឃើញសហគមន៍អន្តរជាតិ និងប្រទេសដែលពាក់ព័ន្ធនឹងអំពើឆបោកនៅកម្ពុជានេះ នៅតែមានប្រតិកម្ម ហើយក៏មិនទាន់មានការឆ្លើយតបជាវិជ្ជមានណាមួយចេញពីអាជ្ញាធរនៅឡើយ ដូច្នេះបញ្ហាទាំងអស់នេះ នៅតែជាចំណុចរសើប》។
បើតាមលោក សេក សុជាតិ អ្វីដែលនៅតែជាបញ្ហាសម្រាប់កម្ពុជា អាចមកពីមន្រ្តីខ្វះឆន្ទៈនយោបាយពិតប្រាកដ ក្នុងការលុបបំបាត់បទល្មើសអនឡាញនេះ។ ហើយម្យ៉ាងទៀត កត្តាដែលមិនចាត់វិធានការនេះ ក៏អាចបណ្តាលមកពីកម្ពុជាខ្វះមន្រ្តីដែលមានធនធានលើផ្នែកនេះដែរ។ សម្រាប់ភាគីថៃវិញ ហាក់មានប្រតិកម្មលឿន និងភាពរសើបខ្លាំងចំពោះបញ្ហានេះ ខុសពីកម្ពុជា។
ក្រោយរកឃើញការថយចុះដែលពុំធ្លាប់មាននៃចំនួនភ្ញៀវទេសចរចិន មកពីដីគោក ព្រោះតែបារម្ភនឹងការឆបោកតាមប្រព័ន្ធអនឡាញនេះ រដ្ឋបាលរបស់លោកស្រី ផេ ថងថាន បានជួបភ្លាមជាមួយមេដឹកនាំចិន លោក ស៊ីជីនពីង ដើម្បីរកច្រកចេញ និងផ្តល់ទំនុកចិត្តចំពោះភ្ញៀវទេសចរចិនឡើងវិញ។ ក្រោយជំនួបនោះ រដ្ឋបាលរបស់លោកស្រី ក៏សម្រេចចិត្តប្រើវិធានការក្តៅ ដោយកាត់ផ្តាច់មធ្យោបាយ នៃការទំនាក់ទំនងប្រព័ន្ធអ៊ីនធើណេត ជាប់ប្រទេសជិតខាងមានដូចជា ភូមា និងកម្ពុជា ជាដើម៕