ការគំរាមកំហែងសេរីភាពសារព័ត៌មាន​ជា​ការ​​បង្កើត​ឋាន​សួគ៌​ឱ្យ​មន្ត្រី​ពុក​រលួយ

អ្នកឃ្លាំមើល បាន​និយាយ​ថា សង្គម​មួយ​ដែល​គំរាម​កំហែង​សេរីភាព​អ្នក​សារព័ត៌​មាន វា​ជា​​​ឋាន​សួគ៌សម្រាប់​មន្ត្រី​​ពុក​​​រលួយ បង្កើតបាន​ជា​ដែនដី​ឧក្រិដ្ឋ​ជន បង្ក​វិនាស​កម្ម​ដល់​ប្រទេស​ជាតិ និង​ពលរដ្ឋ​ បើ​មេដឹក​នាំ​ខ្វះ​មនសិកា​ជាតិ។

ការលើក​ឡើង​នេះ ក្រោយ​ពី​អង្គ​ការ Freedom House បន្ត​រកឃើញ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា បន្តរួម​រឹត​ដោយ​ការ​គំរាម​កំហែង ដែល​បាន​ចេញ​ផ្សាយ​ថ្ងៃ​ទី​២៦ ខែ​​កុម្ភៈ ឆ្នាំ២០២៥ ។

Freedom House រកឃើញថា សេរីភាពជាមូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ធ្លាក់​ចុះ​ខ្លាំង ពោលទទួល​បាន​ពិន្ទុ​២៣ ក្នុង​ចំណោម​១០០​ពិន្ទុ ដែល​មូល​ហេតុ​ចម្បង មក​ពី​ឥទ្ធិពល​នយោបាយ។

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ចាត់​ទុកថា ​របាយការណ៍ដែ​ល​អង្គការ បានរកឃើញនេះ ​បា​នឆ្លុះ​បញ្ចាំងពី​ការ​​ពិ​តនៅកម្ពុជា។

លោកថា ការរកឃើញនេះ ជាភស្តុតាងមួយទៀតបញ្ជាក់ថា រដ្ឋាភិបាល​បន្ត​វេន​គ្រួសារ​ហ៊ុន កំពុង​បន្ត សម្លាប់​ប្រជា​ធិប​តេយ្យ ដើម្បី​សម្រេច​ផែន​ការ​ក្តោប​អំណាច​តាម​បែប​គ្រួសារ​និយម​ផ្តាច់​ការ។

លោកថា៖ «ការបំបិទ​សេរីភាព​នៃ​ការ​សម្ដែង​មតិ​ហ្នឹង ដោយ​សា​រ​តែ​ត្រកូល​ហ៊ុន​នេះ​ ចង់​ដឹក​នាំ​ប្រទេសបន្ត​ពូជ​របៀប​​ផ្ដាច់​ការ​ ដូច​នៅ​កូរ៉េ​ខាង​ជើង​អ៊ីចឹង គឺ​ធ្វើ​ឲ្យ​មាន​អំពើ​ពុក​រលួយ​អសកម្ម​របស់​មន្ត្រី​រដ្ឋាភិ​បាល​ របស់មន្ត្រី​ថ្នាក់​មូល​ដ្ឋាន​ដែល​វា​ធ្វើ​ឲ្យ​មាន​បក្ខ​ពួក​និយម​គ្រួសារ​និយម​ អ៊ីចឹង​ទៅ​រឿង​អយុត្តិធម៌​ក្នុងសង្គម​ច្រើន​ ប្រជាពលរដ្ឋ​គាំទ្រ​ការ​សម្តែង​មតិ​តវ៉ា​ច្រើន​ ត្រកូល​ហ៊ុន​ព្យាយាម​បំបិទ​សិទ្ធ​សេរីភាព​របស់ពួក​គេហ្នឹង មិន​ឲ្យ​តវ៉ា​ទេ​ វា​អាច​ប៉ះពាល់​ទៅ​ដល់​ការ​កាន់​តំណែង​របស់​ខ្លួន»។

បន្ថែមពីនេះ ប្រធាន​ស្ថាប័ន​​សារព័ត៌មាន VOD លោក ប៉ា ងួនទៀង បានលើកឡើងថា​ ការ​រក​ឃើញរបស់ Freedom House ​ជាសញ្ញា​ប្រាប់​ថា កម្ពុជា​ធ្លាក់​ក្នុង​អំពើពុ​ក​រលួយ​កាន់​តែ​ខ្លាំង ដែល​នាំ​ឱ្យ​ប្រទេសជាតិ និង​ពលរដ្ឋ​បន្ត​ធ្លាក់​ក្នុង​ភាព​ក្រីក្រ។

លោកថា៖ «ធ្វើម៉េ​ចនាំ​គ្នា​ជួយ​បន្លឺ​សំឡេង ហើយ​យើង​អប់​រំ​ប្រជាពលរដ្ឋ យុវជន​ខ្មែរ មាន​ការ​យល់​ពីភាព​ចាំបាច់​នៃ​សេរី​ភាព​សារ​ព័ត៌​មាន និង​សេរីភាព​បញ្ចេញ​មតិ ព្រោះ​សេរីភាព​ទាំង​នេះ គឺ​ធ្វើ​ឲ្យ​គាត់​អាចរស់​ក្នុង​សង្គម​មួយ ដែល​តម្លាភាព ដែលមានដំណើរការប្រជាធិបតេយ្យ ​ហើយ​សង្គម​មួយ​ដែល​មាន​តម្លាភាព​និង​ប្រជាធិប​តេយ្យ គឺ​ជាសង្គ​ម​មួយ​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ចំពោះ​ប្រជាពលរដ្ឋ និង​ជាតិទាំង​មូល»។

សម្រាប់ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​​សិ​ទ្ធិ​មនុស្ស​​លីកាដូ លោក អំ សំអាត ​លើកឡើងថា ប្រសិនបើសេរីភាពជាមូលដ្ឋាន និងសេរីភាពសារព័ត៌មានត្រូវបានរឹតត្បិត នោះនឹងធ្វើឱ្យមាន​ការ​ប៉ះពាល់​​​ដល់​ការ​អភិវឌ្ឍ​សង្គម និង​គំរាម​កំហែង​ដល់​ដំណើរការ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។

លោកថា៖ «វាប៉ះ​ពាល់ទៅដល់រឿងសិទ្ធិ និង​​សេរីភាព​របស់​ប្រជាពលរដ្ឋ ជាពិសេសសេ​រីភាព​ក្នុង​ការចូល​​រួម​ក្នុង​សង្គម​​ជាតិ​ ជាគ្រឹះ​​មួយ​នៃ​លទ្ធិ​ប្រជាធិប​តេយ្យ ដែល​ជួយ​កែលម្អ​ទៅ​នៅ​ក្នុង​សង្គម​បាន​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិលដូ​ច​គ្នា បើសិន​ជា​សកម្មភាព ឬ​សេរីភាព​ក្នុង​ការ​រឹត​ត្បិត​ចឹង​ ការ​ជួយ​ទៅដល់​ប្រជាពលរដ្ឋ និង​សហគមន៍​ហ្នឹង ក៏ត្រូវ​មាន​កម្រិត​ផង​ដែរ»។

VOD មិនអាចសុំការបញ្ជាក់បន្ថែម ពីអ្នកនាំពាក្យក្រសួងព៌ត័មាន លោក ទេព អស្នារិទ្ធ បាន​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ ដោយ​ហៅទូ​រសព្ទ​ចូល​ជាច្រើន​ដង​គ្មាន​អ្នក​ទទួល។

ប៉ុន្តែនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ធ្លាប់និយាយថា វិស័យព័ត៌មានបានដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការ​ចូល​រួម​ចំណែក ជំរុញ​តម្លាភាព​សង្គម និង​ដំណើរ​ការ​ប្រជាធិប​តេយ្យ។

ប៉ុន្តែ​ការអនុវត្តត្រូវបានគេមើលឃើញផ្ទុយពីនេះ​។ ផ្ទុយនៅ​ត្រង់​ថា ទាំង​រដ្ឋាភិបាល​ចាស់ និង​រដ្ឋាភិបាល​ថ្មី តែង​តែ​តាម​កម្ចាត់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​ហ៊ាន​និយាយ​ការ​ពិត ដើម្បី​ជំរុ​ញ​អភិបាល​កិច្ច​តាម​បែប​ប្រជាធិប​តេយ្យ។

វិធានបង្ក្រាបនេះ បានកើត​ឡើង​ជិត១០​ឆ្នាំ​ ចាប់​ពី​ឆ្នាំ២០១៧​មក ដែល​ធ្វើ​ឱ្យ​វិស័យ​សារព័ត៌មាន និងសិទ្ធិ​មនុស្ស រង​ការ​គំរា​ម​ជា​បន្ត​បន្ទាប់។

អង្គ​ការ​អ្នកកាសែត​គ្មាន​ព្រំដែន​ បាន​​ដា​ក់​​​កម្ពុជា​ឲ្យ​ជាប់​ចំណា​ត់ថ្នាក់ទី​១៥១​ ក្នុង​ចំណោម ១៨០​​ប្រទេស ​នៅក្នុង​សន្ទស្សន៍​​​សេរីភាព​សារព័ត៌​​មា​​ន​​ពិភព​លោក​​ឆ្នាំ​២០២៤ ដែលមានន័យថា កម្ពុជា​ជា​ប្រទេស​មានការ​គំរាម​​កំហែង​ដល់​​សេរីភាព​​សារព័ត៌​មាន​កាន់តែធ្ងន់ធ្ងរ​។

ចំណែក រដ្ឋធម្មនុញ្ញនៃ​ព្រះរាជាណាចក្រកម្ពុជា​ឆ្នាំ១៩៩៣ មាត្រា៤១​ ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ មានសេរីភា​ព​​ខាង​ការ​បញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន​ សេរីភាពខាងការ​បោះ​ពុម្ភ​ផ្សាយ សេរីភាព​ខាង​ការជួបជុំ។

សម្រាប់សេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស​ មាត្រា១៩ ចែងថា មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​​សេរីភាព​ក្នុង​កា​​រមាន​មតិ និងការ​សម្តែងមតិ។ សិទ្ធិនេះរាប់បញ្ចូល​ទាំងសេរីភាព​ក្នុងការ​ប្រកាន់​មតិ​​ដោយ​គ្មានការ​ជ្រៀត​ជ្រែក និងសេរីភាពក្នុងការ​ស្វែងរក​ការ​ទទួល និងការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន ​និងគំនិតនានា​ដោយគ្មាន​ព្រំដែន ទោះតាមរយៈមធ្យោ​បាយ​​សម្តែង​មតិ​ណា​មួយ​ក៏ដោយ។

ដោយឡែក អង្គការអ្នកកាសែតគ្មានព្រំដែន កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ធ្លាប់ចេញសេចក្តីថ្លែងការណ៍​រកឃើញ​ថា សេរីភាពសារព័ត៌មាននៅកម្ពុជា​បានធ្លាក់ចុះខ្លាំង ចាប់តាំងពីឆ្នាំ២០១៧ ពោលគឺនៅ​ពេល​អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បង្ក្រាបប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យជាបន្តបន្ទាប់ និងចុងក្រោយ​គឺវិទ្យុសំឡេងប្រជាធិបតេយ្យ VOD ត្រូវដកហូតអាជ្ញាប័ណ្ណ កាលពីខែកុម្ភៈ ឆ្នាំ២០២៣។

ប្រភពនោះ សង្កត់ធ្ងន់ទៀតថា រយៈពេលមួយឆ្នាំនៃការកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ហាក់កំពុងបន្តការបង្រ្កាបលើប្រព័ន្ធផ្សព្វផ្សាយឯងរាជ្យ បន្តពីលោក ហ៊ុន សែន ជាឪពុក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ