អ្នកនយោបាយក្រៅរដ្ឋាភិបាល និងអ្នកឃ្លាំមើលសង្គម ជំរុញឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គួរអនុវត្តឱ្យបានជាក់ស្តែង ចំពោះអ្វីដែលលោកបាននិយាយចៀសវាងគ្រាន់តែនិយាយ ដើម្បីប្រជាភិថុតិ មាត់និយាយផ្សេងតែធ្វើផ្សេង ដែលលទ្ធផលបានត្រឹមតែកាន់តែធ្វើឱ្យមានការបាក់បែកជាតិកាន់តែខ្លាំង។
ជាក់ស្តែង នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតជ័យលាភី នៅខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហ៊ុន ម៉ាណែត បានថ្លែងក្នុងសម្តីដើមថា «គ្មានអ្នកណាស្រឡាញ់ខ្មែរ ជាងខ្មែរនោះទេ បើខ្លាចបាត់បង់ប្រទេស ខ្មែរត្រូវប្រឹងទាំងអស់គ្នា ពង្រឹងខ្លួនយើង ពង្រឹងជាតិយើង ពង្រឹងស្រុកយើង ពង្រឹងខេត្តយើង ដើម្បីពង្រឹងភាពម្ចាស់ការណ៍ ការពារនូវអ្វីដែលយើងមាន ហើយរួមសាមគ្គីគ្នា បង្កើនសក្ដានុពលបន្ថែមទៀត»។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត លើកឡើងថា រដ្ឋាភិបាលនឹងធ្វើការវិនិយោគបន្ថែម និងឥតឈប់ឈរ ទៅលើធនធានមនុស្ស គឺពង្រឹងការវិនិយោគនិងអភិវឌ្ឍន៍កូនខ្មែរ មិនមែនទៅពង្រឹងអភិវឌ្ឍន៍កូនអ្នកណាប្រទេសណានោះទេ។ រាជរដ្ឋាភិបាលដឹងតែវិនិយោគ ផ្តល់ឱកាសអាហារូបករណ៍ផ្សេងៗឱ្យកូនខ្មែររៀនកាន់តែច្រើន ដើម្បីម្ចាស់ការដឹកនាំប្រទេសតទៅទៀត ដែលនេះហើយជាកិច្ចការសំខាន់។
លោកថា៖ «ខ្លាចបាត់ប្រទេសអត់មានអីខុសទេ ខ្ញុំក៏ខ្លាចបាត់ដែរ ខ្ញុំមានកូន៣នាក់ វានឹងមានកូនទៅជាចៅខ្ញុំ ហើយនឹងមានបន្តចៅទួតចៅលួត។ យើងឆ្លងកាត់សង្គ្រាមច្រើនមកហើយ ប៉ុន្តែកុំឱ្យការភ័យខ្លាចនោះ ក្លាយទៅជាការបាក់ទឹកចិត្តហើយមិនខំ ហើយគិតតែពីមើលគ្នាឯងមិនទុកចិត្តគ្នាឯង ដែលជាកត្តាធ្វើឱ្យកាន់តែបាត់បង់ខ្លាំង។ តែផ្ទុយទៅវិញ បើកាន់តែខ្លាចកាន់តែខំ កូនខ្មែរបើកាន់តែខ្លាចត្រូវខំប្រឹងរៀនសូត្រ ដើម្បីពង្រឹងសមត្ថភាពម្ចាស់ការខ្លួនឯង»។
ការថ្លែងរបស់ លោក ហ៊ុន ម៉ាណែត នេះបានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមខ្លះ និងអ្នកនយោបាយក្រៅរដ្ឋាភិបាល មានមន្ទិល។ ពួកគេបានជំរុញឱ្យមានការអនុវត្តជាក់ស្តែង ដោយចាប់ផ្តើមពីការដោះលែងអ្នកទោសមនសិកាទាំងអស់ និងបើកឱ្យមានលំហរសេរីភាព និងប្រជាធិបតេយ្យឡើងវិញ។
លោកអ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាសហស្ថាបនិកគណបក្សកែទម្រង់កម្ពុជាបាននិយាយថា សារនេះមិនមានអ្វីប្លែកទេ។ ប៉ុន្តែលោកថា អ្វីដែលសំខាន់ ទង្វើដែលកើតឡើងរាប់សតវត្សរ៍មកនេះ ខ្មែរតែងតែឈ្លោះគ្នាឯងកាប់សម្លាប់គ្នាឯងរហូតមកដល់ពេលនេះ។
លោកគូសបញ្ជាក់ថា សារនេះសូម្បីពលរដ្ឋក៏យល់ដូចនេះដែរ តែការពិតវាឃើញតែបែកបាក់ផ្ទៃក្នុងជាតិឃើញតែកើតមានជម្លោះប៉ះទង្គិច រវាងខ្មែរគ្នាឯង។ លោកថា មួយភាគធំ គឺដោយសារមានការជ្រៀតជ្រែកពីខាងក្រៅ ក៏ព្រោះតែខ្មែរគ្នាឯងមិនព្រមចុះសម្រុងគ្នា។
សម្រាប់ លោក អ៊ូ ច័ន្ទរ័ត្ន ការប៉ះទង្គិចកាប់សម្លាប់គ្នាធ្វើបាបគ្នាទៅវិញទៅមក គឺកើតឡើងជាបន្តបន្ទាប់ ទោះបីមានសារបែបនយោបាយបែបនេះញឹកញាប់ក្តី។
លោកបន្តថា អ្វីដែល លោក ហ៊ុន ម៉ាណែត លើកឡើងជាការងាយទេ ប៉ុន្តែអ្វីដែលយើងចង់ឃើញគឺសកម្មភាពជាក់ស្តែង ឬក៏ទង្វើជាក់ស្តែងរបស់មេដឹកនាំមួយៗ ថាតើបង្ហាញពីការស្រឡាញ់គ្នារវាងខ្មែរនិងខ្មែរពិតប្រាកដដែរអត់។
ប៉ុន្តែផ្ទុយទៅវិញ លោកថា អ្នកខ្លះសុខចិត្តលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីពង្រឹងជាតិខ្លួនឯង ប៉ុន្តែជួនកាលក្លាយជាអ្នករងគ្រោះ ដោយសារការប្រឹងប្រែងដើម្បីជួយជាតិទៅវិញ។
លោកលើកជាឧទាហរណ៍ថា ដូចការលើកឡើងពីរឿងទឹកដី ការពារធនធានធម្មជាតិក្តីជាដើម បែរជាត្រូវទទួលបានការចោទប្រកាន់ ដល់ដាក់ពន្ធនាគារអីជាដើម ដែលការណ៍នេះ លោកថា ពិបាកវិនិច្ឆ័យថា សារនយោបាយនេះបានភ្ជាប់ទៅនឹងការអនុវត្តជាក់ស្តែង ។
លោកថា៖ «អ្វីដែលត្រូវធ្វើទៅមុខ គឺត្រូវប្រឹងប្រែងយ៉ាងម៉េច ធ្វើឱ្យមានឯកភាពជាតិ វាជារឿងសំខាន់ហើយការដែលចង់រកការឯកភាពជាតិនេះ ត្រូវតែមានមធ្យោបាយ ត្រូវមានមាគ៌ាត្រឹមត្រូវមួយសម្រាប់ទទួលបានពីគ្រប់ភាគី ហើយខ្ញុំយល់ថា មាគ៌ាដែលត្រឹមត្រូវហើយអាចរកឯកភាពជាតិហ្នឹងឃើញ គឺពង្រឹងលទ្ធិប្រជាធិបតេយ្យហ្នឹងឱ្យបានត្រឹមត្រូវទៅឱ្យបានប្រសើរទៅ ហើយពង្រឹងការគោរពសិទ្ធិមនុស្សឱ្យបានត្រឹមត្រូវទៅ ហើយពង្រឹងផ្នែកយុត្តិធម៌ហ្នឹង ធ្វើម៉េចឱ្យមានយុត្តិធម៌សង្គមឱ្យបានត្រឹមត្រូវទៅ ខ្ញុំជឿថា វាអាចនឹងរឹងម៉ាំហើយប្រទេសជាតិហ្នឹង»។
លោកសង្កត់ធ្ងន់ថា ជាតិមួយប្រសិនបើមានការឯកភាពជាតិរឹងមាំ ប្រទេសជាតិនឹងរឹងមាំ ហើយគ្មានអ្នកណាអាចចូលមកជ្រៀតជ្រែកផ្ទៃក្នុងរបស់ជាតិបានទេ ហើយក៏គ្មានអ្នកណាមកបំបែកបំបាក់យើងបានដែរ។
ប្រហាក់ប្រហែលនេះដែរ ចំណែកលោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី និយាយថា ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី គឺល្អដែលគួរតែមានការអនុវត្តជាក់ស្តែង ជាជាងគ្រាន់តែនិយាយចោល។
លោកគូសបញ្ជាក់ថា ពីព្រោះជាតិសាសន៍ណាក៏ដោយ ចាំបាច់ណាស់ គឺត្រូវតែមានការឯកភាពជាតិ ពង្រឹងផ្ទៃក្នុងនិងសាមគ្គីភាពជាតិ។
សម្រាប់លោក មាជ សុវណ្ណារ៉ា នៅក្នុងរបបប្រជាធិបតេយ្យសេរីពហុបក្ស ការឱ្យគំនិតយោបល់ពហុគំនិត គឺសំខាន់ណាស់ ដូច្នេះអ្នកដឹកនាំរដ្ឋាភិបាលត្រូវតែចាប់ផ្តើមធ្វើឱ្យឃើញជាក់ស្តែង និងធ្វើការដោះស្រាយនូវអ្វីដែលគណបក្សក្រៅរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងពលរដ្ឋម្ចាស់ឆ្នោតបានលើកឡើង។
លោកថា អ្វីដែលគណបក្សក្រៅរដ្ឋាភិបាល អង្គការសង្គមស៊ីវិល បានបញ្ចេញមតិលើកឡើងពីបញ្ហាដែលកើតឡើងនៅក្នុងសង្គម រដ្ឋាភិបាលមិនត្រឹមតែមិនបានយកចិត្តទុកដាក់ដោះស្រាយនោះទេ ថែមទាំងមានការចោទពីបទញុះញង់ បទបង្កវិទ្ធង្សនាធ្វើឱ្យវឹកវរបង្កើតនូវបទល្មើសព្រហ្មទណ្ឌ ចាប់គ្នាដាក់គុកដាក់ច្រវាក់ថែមទៀត។
ហេតុដូច្នេះលោកលើកឡើងថា អ្វីដែលជាការចាប់ផ្តើមរួមសាមគ្គីគ្នា គឺត្រូវចាប់ផ្តើមបង្កើតឱ្យមានវប្បធម៌សន្ទនាមួយ ដែលអាចទទួលយកមតិយោបល់គ្នាទៅវិញទៅមកបាន ក្នុងការបំពេញនូវការខ្វះចន្លោះរបស់បក្សកាន់អំណាច ហើយនិងបក្សក្រៅរដ្ឋាភិបាល។
លោកថា៖ «យើងត្រូវមើលថាតើប្រទេសកម្ពុជា នៅតែជាប្រទេសដែលនិយាយមិនបាន ប៉ុន្តែបើនិយាយការពារ ប្រជាភិថុតិមានតែការចាប់មនុស្សដាក់គុក អាហ្នឹងជាចាប់ផ្តើមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត(មែនតែ)[…]យើងសាទរ សាទរនៅត្រង់ថា បើយើងនៅមាននិន្នាការបក្សផ្សេងគ្នាក៏ដោយ ប៉ុន្តែយើងត្រូវរកអាចំណុចណាដែលជាចំណុចរួម តម្កល់ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជារាស្ត្រ ខ្ញុំសាទរ»។
បន្ថែមពីនេះ មាត្រា៦២ នៃរដ្ឋធម្មនុញ្ញបានចែងថា រដ្ឋយកចិត្តទុកដាក់ជួយដោះស្រាយមធ្យោបាយផលិតការពារថ្លៃផលិត ជូនកសិករ និងជួយរកទីផ្សារលក់ផលិតផល។
បន្ថែមពីនេះ មាត្រា៦៣ ចែងដែរថា រដ្ឋយកចិត្តទុកគ្រប់គ្រងទីផ្សារ ជួយឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានកម្រិតសមរម្យ។
មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
មាត្រា៥១ ចែងថា ព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស។ ពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន។ អំណាចបែងចែកដាច់ពីគ្នា រវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។
ចំណែកមាត្រា៥២ ចែងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យបូរណភាពទឹកដី អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការឯកភាពជាតិ។
ការប្រើតុលាការធ្វើជាអាវុធ ដើម្បីបំបិទមាត់ក្រុមអ្នកនយោបាយបក្សប្រឆាំង សកម្មជនព្រំដែន សកម្មជនសិទ្ធិមនុស្ស និងសកម្មជនបរិស្ថានជាដើម មិនមែនត្រឹមមិនបានឆ្លុះបញ្ចាំងការពិតទៅលើសារនយោបាយ ដែលថា «គ្មានអ្នកណាស្រឡាញ់ខ្មែរ ជាងខ្មែរប៉ុណ្ណោះទេ វាថែមទាំងរំលោភរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរដូចបានលើកឡើងខាងលើនេះផងដែរ។
ភស្តុតាងមួយទៀត ដែលបានបញ្ជាក់ពីការធ្វើនយោបាយបែបប្រជាភិថុតិ ឬធ្វើឱ្យប្រជាពលរដ្ឋយល់ខុសនេះ ក៏វាបានស្តែងឱ្យឃើញផងដែរ ការចាប់ខ្លួនមនុស្សជាង១០០នាក់ ក្នុងសំណុំរឿង(CLV) និងសកម្មជនចលនាមាតាធម្មជាតិដ៏លេចធ្លោទាំង៦នាក់ ដាក់ពន្ធនាគារពី៦ទៅ៨ឆ្នាំ ចោទពីបទរួមគំនិតក្បត់ ដោយសារតែភាពសកម្មរបស់ពួកគេលើបញ្ហាការពារបរិស្ថាន។
ការប្រើប្រព័ន្ធតុលាការធ្វើជាអាវុធដើម្បីបំបិទមាត់អ្នករិះគន់នេះ ក៏មិនមែនតុលាការអន្តរជាតិជាអ្នកកាត់ទោសទេ គឺតុលាការកម្ពុជាដែលគេស្គាល់ថាជាឧបករណ៍របស់គ្រួសារហ៊ុន ដែលវិធាននេះ រងការរិះគន់ថា ជាការអាម៉ាស់របស់ប្រព័ន្ធយុត្តិធម៌ ធ្វើឱ្យកម្ពុជាបន្តបាក់មុខលើឆាកអន្តរជាតិ។
ចំណែកលោកបណ្ឌិត មាស នី អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គម បានថ្លែងថា សង្គមមួយដែលស្អប់ការពិត តែងជួបប្រទះរឿងដដែលៗដោយចៀសមិនផុត។
លោកថា ខ្មែរយើងមានមោទនភាពចំពោះសម័យអង្គរដ៏រុងរឿង ប៉ុន្តែយើងមិនដែលរំលឹកមេរៀននៃការបែកបាក់អង្គរ និងភាពវឹកវរក្រោយសម័យអង្គរដែលនាំឲ្យខ្មែរបែកបាក់ បាត់បង់ទឹកដីនោះទេ។
លោកលើកឡើងថា សម័យកាលនីមួយៗក្រោយអង្គរ យើងច្រើនមានអំនួតខ្លាំងតែរៀងខ្លួន តែគ្រប់សម័យ ខ្មែរកាន់តែខ្សោយ ការបែកបាក់មានកាន់តែធ្ងន់ធ្ងរ ចំណែកទឹកដីក៏ចេះតែបាត់បង់បន្តបន្ទាប់ ហើយការពឹងផ្អែកអ្នកជិតខាងបានក្លាយទៅជាមធ្យោបាយដដែលៗ សម្រាប់យកប្រៀបលើខ្មែរគ្នាឯង។ នៅសម័យកាលខ្លះសងគុណគេតាមរយៈកាត់ទឹកដីឱ្យគេក៏មាន។ ចំណុចខ្សោយមួយរបស់ខ្មែរ គឺមិនព្រមរៀនពីបរាជ័យ តែគិតពីអំនួត។
យ៉ាងណា អ្នកតាមដានបញ្ហាព្រំដែន ដែលមិនចំណុះឱ្យបក្សកាន់អំណាច បានអះអាងថា ក្រោមការដឹកនាំដោយគ្រួសារហ៊ុន ដែលវៀតណាមលើកបន្តុបឱ្យឡើងកាន់អំណាច ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ បានធ្វើឱ្យបាត់បង់ទឹកដីជាច្រើនទៅប្រទេសវៀតណាម និងថៃ ។
ពួកគេសំអាងថា ការបាត់បង់ទឹកដីទៅប្រទេសជិតខាងនេះ ក្រោយពីលោក ហ៊ុន សែន គំរាមរំលាយរបបរាជានិយមអាស្រ័យធម្មនុញ្ញចោល បើព្រះមហាក្សត្រខ្មែរ មិនព្រមឡាយព្រះហស្តលេខា ធ្វើឱ្យន្ធិសញ្ញាព្រំដែនខុសច្បាប់ រស់ឡើងវិញនៅឆ្នាំ២០០៥ ដើម្បីបំពេញមហិច្ឆតាវៀតណាមលេបទឹកដីខ្មែរទេនោះ។
ចំណងនេះ ប្រទេសជិតខាង បន្តចងមេដឹកនាំគ្រួសារហ៊ុនរហូតបច្ចុប្បន្ន ដែលធ្វើឱ្យបន្ទាត់នយោបាយខ្មែរមិនអាចរកការផ្សះផ្សាជាតិបាន។
រីឯពលរដ្ឋខ្មែរដែលបារម្ភបាត់ទឹកដី និងសកម្មជនសង្គមដទៃទៀត រួមទាំងអ្នកជំរុញយុត្តិធម៌សង្គម ត្រូវតុលាការគ្រួសារហ៊ុន ចាប់ដាក់ពន្ធនាគារ ហើយតាំងខ្លួនជាមេដឹកនាំស្នេហាជាតិ ក្នុងអន្ទាក់ប្រទេសជិតខាង ដើម្បីតែការពារប្រយោន៍គ្រួសារ បន្សល់ទុកជនរងគ្រោះច្រើនលាននាក់ និងខ្លះរស់នៅទាំងភ័យខ្លាចលើទឹកដីកំណើតរបស់ខ្លួន៕