មន្ត្រីស្និទ្ធនឹងប្រធានគណបក្សសង្គ្រោះជាតិ បាននិយាយថា ជិត៨ឆ្នាំទៅនេះ លោក ហ៊ុន សែន បានប្រើតុលាការធ្វើទារុណកម្មលោក កឹម សុខា តាមទម្រង់ផ្សេងៗធ្វើឱ្យប៉ះពាល់មុខមាត់ប្រទេស និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលលោកជំរុញឱ្យមហាជនរួមគ្នាបន្លឺសំឡេងទាមទារយុត្តិធម៌ ដើម្បីពន្លឺប្រជាធិបតេយ្យ និងសេរីភាព ខណៈប្រព័ន្ធយុត្តិធម៌ និងសភា ត្រូវបានគ្រួសារហ៊ុនចងដៃជាប់ច្រើនទសវត្សរ៍ទៅនេះ។
សម្រាប់អ្នកឃ្លាំមើលវិញ ការចោទប្រកាន់ លោក កឹម សុខា ជាការគំរាមកំហែងខាងនយោបាយ ពីមេដឹកនាំបក្សកាន់អំណាច ដើម្បីគ្រប់គ្រងអំណាចបែបគ្រួសារនិយម ធ្វើឱ្យពលរដ្ឋរងគ្រោះយូរឆ្នាំទៀតបើគ្មានចរន្តកែផ្លាស់ប្តូរ។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានលោក ហ៊ុន សែន បញ្ជាឱ្យកម្លាំងចម្រុះឆ្មក់ចូលចាប់ខ្លួនទាំងពាក់កណ្តាលយប់ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៧ នៅគេហដ្ឋានរបស់លោក ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្រោយការចាប់ខ្លួន លោក ហ៊ុន សែន ចោទថា មេបក្សប្រឆាំងរូបនេះ គប់គិតជាមួយសហរដ្ឋអាមេរិក ចង់ផ្តួលរំលំរដ្ឋាភិបាលរបស់លោក ខណៈគណបក្សសង្គ្រោះជាតិរបស់ លោក កឹម សុខា ដែលជាបក្សប្រឆាំង ហក់ឡើងប្រជាប្រិយជិតទាន់គណបក្សកាន់អំណាចរបស់ លោក ហ៊ុន សែន។
លោក មុត ចន្ថា អតីតប្រធានខុទ្ទកាល័យ លោក កឹម សុខា បាននិយាយលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២ ខែមីនានេះថា ជិត៨ឆ្នាំទៅនេះ អ្វីដែលគួរឱ្យសោកស្តាយបំផុតនោះ គឺ លោក ហ៊ុន សែន បានប្រើដៃតុលាការធ្វើទារុណកម្មលើ លោក កឹម សុខា តាមទម្រង់ផ្សេងៗ។
លោកចាត់ទុកទង្វើនេះ ធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេស និងប្រជាពលរដ្ឋ ដែលលោកគិតថា មហាជនគួរចូលរួមស្រែកទាមទារយុត្តិធម៌ ដើម្បីពន្លឺប្រជាធិបតេយ្យ និងសេរីភាព។
បើតាម លោក មុត ចន្ថា រដ្ឋាភិបាលកម្ពុជារបស់ លោក ហ៊ុន សែន ពេលនោះ បានចោទសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ថា បានឃុបឃិតជាមួយ លោក កឹម សុខា និងគណបក្សសង្រ្គោះជាតិ ដើម្បីផ្តួលរំលំខ្លួន។
លោកថា ទោះបីមេធាវីតំណាងឱ្យរដ្ឋាភិបាល ខិតខំបិទបាំងឆ្ពិនភ្នែក ដោយប្រើប្រាស់អក្សរកាត់តាងឱ្យឈ្មោះពេញនៃរដ្ឋបរទេស និងអង្គការបរទេសក៏ដោយ ក៏ត្រូវបានគេដឹងយ៉ាងច្បាស់ក្នុងបន្ទប់សវនការថា«សហរដ្ឋអាមេរិក គឺជារដ្ឋបរទេសដែលត្រូវបាន លោក ហ៊ុន សែន បានចោទថាបានគប់គិតជាមួយ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ»។
ប្រភពនោះ ឱ្យដឹងទៀតថា បញ្ជីឈ្មោះរដ្ឋបរទេស អង្គការបរទេស និងបុគ្គលបរទេស ដែលមេធាវីរដ្ឋាភិបាលដាក់ចូលតុលាការដើម្បីចោទប្រកាន់ គឺបានសរសេរយ៉ាងច្បាស់ អំពីសហរដ្ឋអាមេរិក អង្គការអាមេរិក ដូចជា វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) ដែលជាផ្នែកមួយនៃគណបក្សសាធារណរដ្ឋរបស់លោកប្រធានាធិបតី ដូនណាល់ ត្រាំ និងអង្គការឃុនរ៉ាត អាល្លឺម៉ង់ (Konrad) នៃគណបក្ស CDU ដែលទើបជាប់ឆ្នោតថ្មីៗនេះ។
សម្រាប់លោក មុត ចន្ថា ទោះបីគេខំលាងខ្លួនថា គេគ្រាន់តែប្រើប្រាស់អក្សរកាត់ និងមិនបានឱ្យតុលាការកាត់ទោសរដ្ឋបរទេស គឺអាមេរិក និងអាល្លឺម៉ង់ ដូច្នេះវាមិនបានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីឡើយ ប៉ុន្តែគេភ្លេចគិតថា តុលាការបានធ្វើសេចក្តីសន្និដ្ឋានស្ថាពរនៅក្នុងសាលក្រម ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ដោយបានចោទប្រកាន់ចំៗ ទៅសហរដ្ឋអាមេរិក ដើម្បីធ្វើជាមូលដ្ឋានយកមកកាត់ទោស លោក កឹម សុខា។
លោកថា ដូច្នេះ ទោះបីតុលាការមិនបានកាត់ទោសសហរដ្ឋអាមេរិក អង្គការអាមេរិក និងអង្គការអាល្លឺម៉ង់ Konrad-CDU ក៏ដោយ គឺច្បាស់ណាស់សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ត្រូវបានចោទប្រកាន់ជាមេគំនិតធំនៅពីក្រោយអ្វីដែលគេហៅថា បដិវត្តន៍ពណ៌ ដែលគេបានចោទមកលើលោក កឹម សុខា។ លោកចាត់ទុក ល្បិចនេះ ដើម្បីលុបលាងទង្វើអាក្រក់របស់មេដឹកនាំបក្សកាន់អំណាច។
លោករំឭកថា ប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បានសរសេរលិខិតទៅ លោក ហ៊ុន សែន នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយបានបដិសេធយ៉ាងដាច់អហង្ការថា សហរដ្ឋអាមេរិក មិនមានបំណងណាមួយផ្លាស់ប្តូររបបនៅកម្ពុជាឡើយ។
លើសពីនេះ លោកថា ទោះបីជាលោក ដូណាល់ ត្រាំ បានបដិសេធជាផ្លូវការបែបនេះក្តី ក៏មេធាវីរបស់លោក ហ៊ុន សែន នៅតែដាក់បញ្ជីឈ្មោះនៃរដ្ឋបរទេស អង្គការបរទេស និងបុគ្គលបរទេស ក្នុងនោះមានសហដ្ឋអាមេរិក វិទ្យាស្ថានសាធារណរដ្ឋនៃគណបក្សសាធារណរដ្ឋ និងអង្គការ Konrad-CDU ដើម្បីចោទភ្ជាប់ជាមួយថ្នាក់ដឹកនាំរបស់ខ្លួន គឺលោក កឹម សុខា ដដែល។
លោកចោទជាសំណួរថា នេះឬដែលគេអះអាងថា មិនប៉ះពាល់ដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី? តើអាចទៅរួចរបៀបណា ដែលរដ្ឋាភិបាលកម្ពុជាចង់បន្តកិច្ចសហប្រត្តិបត្តិការជាមួយរដ្ឋបរទេសទាំងនោះ? តើរដ្ឋបរទេសនោះ មានសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ល្ងង់ណាស់ទៅឬ ដែលត្រូវមកសហប្រតិបត្តិការល្អជាមួយប្រទេសកម្ពុជា ដែលបានចោទគេជាអមិត្តនោះ? តើកម្ពុជាចេះអៀនខ្មាស់ឬទេ ដែលទៅហារមាត់លើកដៃសុំជំនួយ ឬអង្វរឱ្យប្រទេសអមិត្តទាំងនោះមកវិនិយោគនៅកម្ពុជានោះ ដោយដៃម្ខាងចោទគេ ដៃម្ខាងទៀតលាសុំគេនោះ?
លោកគូសបញ្ជាក់ថា សរុបមកវិញ ប្រសិនជាមិនបញ្ចប់ការចោទប្រកាន់នេះទេ ដោយនៅតែបន្តចាត់ទុករដ្ឋបរទេសទាំងនោះជាអមិត្ត គ្មានថ្ងៃដែលគេជឿទុកចិត្តនោះទេ។
ជាងនេះទៀត លោកថា រឿងក្តីរបស់ លោក កឹម សុខា ដែលត្រូវបានចោទភ្ជាប់ជាមួយអាមេរិក និងអាល្លឺម៉ង់ អាចប៉ះពាល់ដល់ផលប្រយោជន៍ និងកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា និងជាពិសេសប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរទាំងមូល។
សំណុំរឿង លោក កឹម សុខា បានអូសបន្លាយពេលជិត ៨ឆ្នាំហើយ គិតពីថ្ងៃចាប់ខ្លួននៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥នេះ។
សម្រាប់មន្ត្រីស្និទ្ធរូបនេះថា អ្វីដែលគួរសោកស្តាយបំផុតនោះ ចាប់តាំងពីសាលក្រមអយុត្តិធម៌ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥នេះ គឺមានរយៈពេល ០២ឆ្នាំគត់ ដែលរឿងក្តីនេះ ត្រូវបានកប់ទុកនៅសាលាឧទ្ធរណ៍ ដែលបាក់ត្រកៀកដើរទៅមុខមិនរួច។
លោកចាត់ទុកថា៖ «នេះជាអំពើអយុត្តិធម៌បង្កបង្កើតឡើងដោយតុលាការ និងមេខ្លោងត្រួតត្រានៅពីលើ ដោយមានចេតនាផ្អឹបទុករឿងក្តីនេះ ដើម្បីធ្វើទារុណកម្មតាមទម្រង់ផ្សេងៗ ដែលថា បងប្អូនជនរួមជាតិគួរតែចូលរួមស្រែកទាមទារយុត្តិធម៌ ដើម្បីពន្លឺប្រជាធិបតេយ្យ និងសេរីភាព»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានច្រានចោលការលើកឡើងនេះ ដោយសំអាងថា លោក កឹម សុខា កំពុងមានសេរីភាពជួបជុំគ្រួសារ ក្រោមអំណាចតុលាការ ដោយគ្រាន់តែមិនឱ្យចេញក្រៅនឹងជួបមន្ត្រីការទូត រយៈពេល២៧ឆ្នាំ និងគ្មានការធ្វើទារុណកម្មអ្វីនោះទេ។
បន្ថែមពីនេះ លោកថា សំណុំរឿងនេះ កំពុងស្ថិតក្នុងនីតិវិធីរបស់តុលាការ គ្មានជនណាអាចជ្រៀតជ្រែកកិច្ចការតុលាការបានទេ។
លោកថា៖ «ការនិយាយក្រៅថាមានការធ្វើបាបធ្វើអីគាត់ វាអត់មានទេ។ តែធម្មតាកាលណាស្ថិតក្នុងនីតិវិធីរបស់តុលាការ អាហ្នឹងមានតែតុលាការទេទើបអាចដោះស្រាយបាន ហើយក៏គ្មានការរំលោភបំពារបំពានលើរូបកាយ ឬធ្វើទុក្ខបុកម្នេញគាត់នៅក្នុងផ្ទះគាត់អីគ្មានទេ។ ឥឡូវនេះ គាត់កំពុងរស់នៅសុខស្រួលនៅក្នុងផ្ទះជាមួយក្រុមគ្រួសារ គ្រាត់តែគេហាមមិនឱ្យចេញក្រៅ ទាក់ទងជាមួយភ្ញៀវជាតិ និងអន្តរជាតិប៉ុណ្ណឹងទេ »។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ធ្លាប់និយាយថា តុលាការនៅកម្ពុជា ត្រូវបានបក្សកាន់អំណាចប្រើប្រាស់ ដើម្បីបំបិទមាត់អ្នករិះគន់ជាលក្ខណៈជាប្រព័ន្ធ ដែលវិធាននេះ បានជះឥទ្ធិពលអាក្រក់ដល់អ្នកធ្វើការងារសិទ្ធិមនុស្ស និងរារាំងពលរដ្ឋ មិនឱ្យចូលរួមឈឺឆ្អាលពីបញ្ហាសង្គម។
ដោយឡែក សហរដ្ឋអាមេរិក ធ្លាប់និយាយថា លោក កឹម សុខា ជាមនុស្សស្អាតស្អំ ដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ ក្រោមការចោទប្រកាន់មិនពិត ហើយថា ការផ្តន្ទាទោស លោក កឹម សុខា ច្រើនឆ្នាំ ដើម្បីបំបិទសំឡេង លោក កឹម សុខា ដោយផ្អែកលើបទសមគំនិតប្រឌិត គឺជាបរាជ័យនៃប្រព័ន្ធយុត្តិធម៌។
មួយទៀត ធ្វើឲ្យប៉ះពាល់ដល់រដ្ឋធម្មនុញ្ញកម្ពុជា បំណងអន្តរជាតិ និងវឌ្ឍនភាពកន្លងមក ដើម្បីក្លាយជាសង្គមពហុបក្សប្រកបដោយបរិយាបន្នមួយ។
សម្រាប់ប្រធានអង្គការលទ្ធិប្រជាធិបតេយ្យខ្មែរ នៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា និយាយថា សំណុំរឿងលោក កឹម សុខា គេដឹងទាំងអស់គ្នាថា ជាសំណុំរឿងនយោបាយ មិនមែនជាបទល្មើសអ្វីនោះទេ។ លោកថា ដើម្បីបញ្ចប់សំណុំរឿងនេះ វាទាល់តែមេដឹកនាំបក្សកាន់អំណាច មានចេតនាចង់តម្កល់ប្រយោជន៍ជាតិជាធំ។
ប៉ុន្តែផ្ទុយទៅវិញ លោកថា បច្ចុប្បន្ននេះ គ្មានញ្ញាណណាមួយបង្ហាញពីការតម្កល់ប្រយោជន៍ជាតិជាធំទេ តែវាហាក់កើនឡើងនូវរូបភាពគំរាមកំហែង ចាប់ចងសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស និងសកម្មជនបរិស្ថាន មិនថយចុះទេ ដើម្បីតែពង្រឹងអំណាចតាមបែបឯកបក្ស។
លោកថា៖ «បញ្ហាលោក កឹម សុខា ដែលបានអូសបន្លាយពេល គឺជាចេតនានយោបាយមួយ គឺដើម្បីកុំឱ្យមានកម្លាំងគណបក្សប្រឆាំងហ្នឹងកើតមានឡើង នៅក្នុងការប្រកួតផ្នែកនយោបាយបន្តទៀត[…] ដែលគេមិនចង់ឃើញ លោក កឹម សុខា ចូលប្រឡូកក្នុងឆាកនយោបាយសារជាថ្មីនោះទេ ដោយការប្រើប្រាស់នូវប្រព័ន្ធតុលាការនេះ គឺមានចេតនាអូសបន្លាយ ឬក៏មិនបើកសវនាការតែម្តង ដើម្បីគំរាមកំហែងបំបាក់ស្មារតីអ្នកនយោបាយប្រឆាំងផ្សេងទៀតដែរ នេះជាអ្វីដែលយើងមើលឃើញ»។
លោកគូសបញ្ជាក់ថា ការមិនអើពើដោះស្រាយវិបត្តិនយោបាយច្រើនឆ្នាំទៅនេះ វាបានរុញកម្ពុជាឱ្យក្លាយជារបបដឹកនាំបែបឯកបក្ស ធ្វើឱ្យពលរដ្ឋរងគ្រោះស្ទើរគ្រប់វិស័យ មានទាំងវិស័យទេសចរណ៍ វិបត្តិបំណុលវណ្ឌក លំហូរគ្រឿងញៀន និងការរីករាលដាលនៃអំពើឆបោក និងបញ្ហាចាក់ស្រេះជាច្រើនទៀត ដោយសារតែកម្ពុជាងាកចេញពីប្រព័ន្ធពហុបក្ស ដែលធ្វើឱ្យពលរដ្ឋក្លាយជាជនរងគ្រោះនៃអំពើពុករលួយ។
យ៉ាងណា លោកថា ការស្តារស្ថានភាពនេះបាន វាទាល់តែពលរដ្ឋចូលរួមជំរុញឱ្យកម្ពុជា មានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមគន្លងប្រជាធិបតេយ្យ គ្មានការគំរាមខាងនយោបាយ៕