ជនជាតិដើម​ខេត្តព្រះវិហារ​រក​មេដឹកនាំ​ជួយ​ទប់​ស្កាត់​ឧកញ៉ា​រំលោភ​យក​ដី​សហគមន៍

ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​​កួ​យ​ជា​ច្រើន​គ្រួសារ​​ នៅភូមិចំនួន២ ក្នុង​ស្រុកឆែប​ ខេត្តព្រះវិហារ ទាមទារ​ឱ្យ​​​ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ កាត់ឆ្វៀលដីដែលពួកគាត់ធ្លាប់អាស្រ័យ​ផល ប្រគល់​ឱ្យ​ពលរដ្ឋ​​​​កាន់កាប់វិញ ក្រោយ​មានក្រុមហ៊ុន​របស់​អ្នកមានលុយមានអំណាច ប្រើគ្រឿង​ចក្រ​ទៅឈូសឆាយ​ដី​សហគមន៍ ដែលធ្វើឱ្យ​ប៉ះពាល់ដល់​សេដ្ឋកិច្ចគ្រួសារ​​របស់ពលរដ្ឋ។​

លោក សោម ណៃ អះអាង​ជា​ជនជាតិ​ដើមភាគតិច​កួយ រស់​នៅភូមិដងផ្លិត ក្នុងឃុំឆែប២ ស្រុក​​​ឆែប ​បានឱ្យ​ដឹង​នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥នេះថា ពួកគាត់​ជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​​ដង​ផ្លិត និង​ភូមិ​ណារ៉ុង បាន​​រង​គ្រោះ​ដោយ​សារ​​បញ្ហាដីធ្លី ចាប់តាំងពី​​អំឡុងឆ្នាំ​២០២៣​មក​ ដោយ​​មាន​ក្រុមហ៊ុនមិនស្គាល់ឈ្មោះមួយ​ បានទៅឈូសឆាយដីព្រៃ​ដែលពលរដ្ឋ​ធ្លាប់​​ទៅ​អាស្រ័យ​ផល​អស់ប្រមាណជាង ១ពាន់​ហិកតា គិតមកដល់បច្ចុប្បន្ន។

លោកបន្តថា ក្រុមហ៊ុន​ដែលគេដឹងថាជារបស់ឧកញ៉ា និងមានមន្ត្រីមានអំណាចនៅពី​ក្រោយ​ខ្នងនោះ បាន​ចាប់ផ្តើម​​​​​បង្កើនសកម្ម​ភាពឈូសឆាយដីព្រៃ​សហគមន៍ ចាប់ពីដើម​ខែ​មករាមក ដែលធ្វើឱ្យពលរដ្ឋ​បារម្ភពីការ​បាត់​បង់ដីធ្លីកាន់​តែ​ខ្លាំង​ឡើង​ និង​ប៉ះពាល់ដល់ដីស្រែចម្ការរបស់​ពួកគាត់។

លោក​ សោម ណៃ បានថ្លែង​ថា៖«[បញ្ហាដីធ្លីនេះ]​វាប៉ះពាល់ដល់សេដ្ចកិច្ចបងប្អូនប្រជាពលរដ្ឋ និង​​ជួបបញ្ហាជាច្រើន​ កន្លែងគាត់​ឃ្វៀលគោ​ក្របី អាស្រ័យ​ផល ដូចជា ផ្សិត​ប៉ក់ ជ័រ វល្លិ៍ អីជាដើម ដែលគាត់សម្រាប់​បង្កើនផលចិញ្ចឹម​គ្រួសារ​ វាប៉ះពាល់​ច្រើន​ដែលបាត់បង់ធនធានធម្មជាតិ​ និងដីធ្លីទាំងនោះ»

ករណីនេះ លោកថា ប្រជាពលរដ្ឋ បាននាំគ្នា​មករាជធានីភ្នំពេញ នៅថ្ងៃនេះ ដើម្បី​ស្នើ​ដល់​ក្រសួង​​ពាក់ព័ន្ធជួយ​​អន្តរាគមន៍ កាត់​ឆ្វៀល​ដីដែលពលរដ្ឋ​ធ្លាប់អាស្រ័យ​ផលនោះ ឱ្យ​សហគមន៍​​កាន់​កាប់​​វិញ ដើម្បីទប់ស្កាត់​វិនាសកម្ម​ព្រៃឈើ​ និងការ​រំលោភបំពាន​​ដីព្រៃសហគមន៍​ ពី​អ្នក​មាន​លុយ​មានអំណាច​ទាំងនោះបន្ថែម​ទៀត។

លោកបន្ថែម​ថា៖ «សំណូមពរ​​ពួកខ្ញុំ​​ទៅក្រសួង​ពាក់ព័ន្ធ អាជ្ញាធរ​ជាតិ ឱ្យ​គាត់​​ជួយពិនិត្យមើល​ពី​សិទ្ធិជនជាតិភាគតិច ទោះបីជាគាត់​មិនទាន់មានបញ្ជីកា​រជាក់លាក់ជា​ជនជាតិ​ដើម​ក៏ដោយ​ ប៉ុន្តែ​​​ខ្ញុំគឺជា​​​ម្ចាស់ទឹកដីជនជាតិដើម​ភាគ​តិច​ តាំងពីដូនតានៅទីនោះ ឱ្យគាត់​ជួយ​រកដំណោះស្រាយជូនប្រជាពលរដ្ឋ កាត់ឆ្វៀល​កាត់​ដក​ដីធ្លីហ្នឹង ​ជូន​ប្រជាពលរដ្ឋ​​ប្រើប្រាស់ដូចកន្លងមក»។

កាលពីថ្ងៃទី២២ ខែកុម្ភៈថ្មីៗនេះ ប្រជាពលរដ្ឋភូមិដងផ្លិត​ និង​ភូមិណារ៉ុង​ ប្រមាណជាង​ ១០០​នាក់ ក៏​បានចូល​ទៅ​ទប់​ស្កាត់​​ការឈូសឆាយដីព្រៃ​ និង​ដីប្រើ​ប្រាស់ជាក់ស្ដែង​ នៅតំបន់ប្រលាន់​តាដេវ​ និង​ត្រពាំង​អន្សម​ តែ​ត្រូវបាន​មន្រ្តីបរិស្ថាន​ថ្មកែវ​ ទាហាន​ និង​សមត្ថកិច្ច​​ស្រុក​ឆែប ដែលមានអាវុធក្នុងដៃ បានគំរាម​ពលរដ្ឋ​មិនឱ្យចូល​តំបន់មាន​ជម្លោះ បើពុំ​នោះ​ទេ​នឹង​បាញ់សម្លាប់។ ​នេះបើតាម​ទំព័រហ្វេសប៊ុក​របស់​ពលរដ្ឋ​ភូមិដង​ផ្លិត​។

ប្រភពដដែល បន្តថា លោក អ៊ុក​ គឹមសាន​ ដែលមានតួនាទី​​ជាអភិបាលរងខេត្តព្រះវិហារ​ និងតួនាទី​ជាឧកញ្ញ៉ា​ផងនោះ​ នៅតែមានឥទ្ធិពល​ និងបញ្ជាកងកំលាំងទាំងបី​ ឱ្យ​ការពារខ្លួនដែលបំផ្លាញព្រៃដដែល ហើយ​ហេតុអ្វីបាន​ជា​អភិបាលខេត្ត​ព្រះវិហារ​ គឹម​ រីទ្ធី​ នៅដេកលក់ស្រួលយ៉ាងនេះ? មន្ទី​រ និងក្រសួងពាក់ព័ន្ធ បានដឹងរឿងនេះទេ?

លោក​ ប្រុក​ ឆេត​ ពលរដ្ឋ​​ជនជាតិដើមភាគតិច​កួយ រស់នៅភូមិណារ៉ុង​ ឃុំឆែបពីរ​ ធ្លាប់បាន​លើក​ឡើង​កាលពីខែកុម្ភៈដែរថា ដីដែលក្រុមហ៊ុន​មក​រំលោភបំពាននេះ ជាដីដែលសហគមន៍បានអាស្រ័យ​​​​ផល​អនុផលព្រៃឈើ​​តាំងពីដូនតាមក ដែលករណីនេះពួកគាត់នឹង​តស៊ូ​ការ​ពារ​ដី​ព្រៃនេះ ​ទុក​ជាប្រយោជន៍សហគមន៍។

លោកថា៖ «ខ្ញុំតស៊ូនេះដើម្បីអីណា អត់មានដើម្បីជនណាម្នាក់ទេ តស៊ូសម្រាប់ដីនេះ ធ្វើម៉េច​ឱ្យ​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ ដើររកស៊ីរកកើតរកមាន សម្រាប់ជីវប្រវត្តិរបស់យើងឱ្យ​​​​គាត់រក​ស៊ី​ប៉ុន្មាន​ឆ្នាំ​ឱ្យបាន​ធូរធារ អត់មានចង់មក​សម្រាប់​របស់ខ្ញុំមួយ​អត់ទេ ចង់បានសម្រាប់​ប្រជាពលរដ្ឋ[…] ខ្ញុំសុំ​​​​ថា លោកឧកញ៉ាណា ហើយ​លោក​នាយករដ្ឋមន្ត្រី ជួយដោះស្រាយ​ឱ្យ​ខ្ញុំផង​ ឱ្យ​ប្រជាពលរដ្ឋ​បានធូរស្រាល ឱ្យមានសម្រាប់​ផ្លូវ​​​​ដើរ សម្រាប់អីឱ្យវា​ធូរធារ កុំឱ្យ​ប្រជាពលរដ្ឋនៅ​​​រហាម»។​

វីអូឌី មិនអាចសុំការ​អត្ថាធិប្បាយ​ជុំវិញករណីនេះ ពីអភិបាល​ខេត្តព្រះ​វិហារ លោក គឹម រិទ្ធី និង​អភិបាល​រង​ខេត្ត​ លោក អ៊ុក គឹមសាន រងការ​ចោទពីពលរដ្ឋនោះបានទេនៅថ្ងៃចន្ទនេះ ខណៈអ្នកនាំពាក្យ​ក្រសួង​រៀប​ចំ​ដែន​ដី នគរូបនីយ​កម្ម និង​សំណង់ លោក សេង ឡូត ក៏ពុំអាចទាក់​ទង​​បាន។

ជុំវិញរឿងនេះដែរ លោក គឹម ចាន់បញ្ញា អភិបាល​រង​ខេត្តព្រះវិហារ ធ្លាប់បានប្រាប់សារព័ត៌​មាន​​​ក្នុង​ស្រុក​ថា ក្រោយ​កើត​ហេតុប៉ះទង្គិចគ្នានេះ អភិបាល​ខេត្តបានចាត់តាំង​មន្ត្រីចុះជួបពលរដ្ឋ ដើម្បីស្វែងរកដំណោះស្រាយ និង​ស្តាប់សំណើរពលរដ្ឋ។ លោក​បន្តថា សម្រាប់យន្តការ​ដោះស្រាយ អាជ្ញាធរ​ខេត្តបានបង្កើត​គណៈកម្មការ​ដើម្បីទទួល​ពាក្យ​បណ្តឹងតវ៉ា និង​ការ​ស្នើ​សុំកិច្ចអន្តរាគមន៍រឿងដីធ្លីនេះ ចាប់តាំងពីថ្ងៃទី០៣ដល់ថ្ងៃទី០៥ ខែកុម្ភៈ ក្នុង​នោះមានចំនួន​អ្នក​ដាក់ពាក្យ ៣៣គ្រួសារ ដែលមានទំហំដីប្រហែល ២០០ហិកតា ហើយអាជ្ញាធរ​នៅតែ​បន្តចាំ​ទទួល​ពាក្យ​ស្នើសុំរបស់ពលរដ្ឋទាំង២ភូមិនេះបន្តទៀត។

នាយក​​ទទួល​បន្ទុក​កិច្ចការ​ទូទៅនៃអង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត ថ្លែង​​​​​ថា បញ្ហា​វិវាទ​​ដីធ្លីជនជាតិដើម​ភាគ​តិច​កួយនេះ បានកើតឡើង​រ៉ាំរ៉ៃជាច្រើនឆ្នាំមកហើយ ដែលក្រសួងពាក់ព័ន្ធ គួរមានដំណោះស្រាយ​បញ្ចប់​ឱ្យ​​បាន​​ឆាប់​ ដោយ​សារ​​​តែ​រដ្ឋាភិបាល ក៏មានយន្តការ​ថ្មីក្នុងការ​ដោះស្រាយ។ ​

លោកបន្តថា ប្រសិនបើរដ្ឋាភិបាល ​នៅបណ្តែត​បណ្តោយឱ្យករណីនេះ​បន្តមានវិវាទទៀត​នោះ​​ នោះអាច​​នឹង​បង្ក​ផល​ប៉ះពាល់​​ដល់​ដីធ្លីរបស់​ជនជាតិដើមភាគតិច ហើយពួកគាត់​​​អាចនឹងប្រឈម​នឹង​​ការ​ជាប់​បណ្តឹង​​​នៅ​​តុលាការ​ និ​ងជាប់ពន្ធនាគារជាដើម។

លោកថា៖ «អីចឹង​រឿង​នេះ បើសិនជាមិនមានដំណោះស្រាយ​ឱ្យបាន​ឆាប់ទេ ពលរដ្ឋ​អា​ចនឹង​រង​គ្រោះពីរ ទី១ អាចបាត់បង់​ទាក់ទង​នឹង​បញ្ហាដីធ្លី ទី២ អាចប្រឈម​មុខ​នឹង​ជាប់​ពន្ធនាគារ ឬក៏បណ្តឹង​នៅតុលាការ​ជា​ច្រើន​ទៀត​ផង​ដែរ។ យើងមានយន្តការ​ច្រើនណាស់ នៅក្នុងការ​ដោះស្រាយ​ អីចឹង​គួរ​តែ​ប្រើ​យន្តការ​របស់​​រដ្ឋ ដូចជា យន្តការ​​​សុរិយោ​ដី ឬ​ក៏គណៈកម្មការ​ដីធ្លី​​ថ្នាក់​​ខេត្ត ជាពិសេស​ក្រសួង​ ឥលូវ​នេះយើងឃើញ​ក្រសួង​រៀបចំដែនដី នគររូបនីយ​កម្ម មានភាពសកម្ម​ក្នុងកា​រដោះស្រាយ ចឹងគួរតែជួយអន្តរាគមន៍ដោះស្រាយ​រឿងនេះឱ្យបាន​ឆាប់»។​

ច្បាប់​ភូមិបាល ដែលរដ្ឋសភាអនុម័តឱ្យ​ប្រើ កាល​ពីថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០០១ បាន​ចែង​ពី​កាតព្វ​​កិច្ច​រដ្ឋ និង​​អាជ្ញាធរ​​ពាក់​​ព័ន្ធ ការពារ​​​​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច លើ​សិទ្ធ​ប្រើ​ប្រាស់​ដីធ្លី​តាម​របៀប​ជន​ជាតិ​ផង​ដែរ។

មាត្រា២៣ នៃច្បាប់នេះ​​ចែង​​ថា សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច គឺ​ដាំ​​ដុះ​​លើ​​ដី​​ដែល​​ខ្លួន​​កាន់​កាប់​​តាម​ក្បួន​​ខ្នាត ទំនៀម​​ទម្លាប់​​នៃ​​ការ​​ប្រើ​​ប្រាស់​​​ដី​​ជា​​សមូហ​ភាព តាម​បែប​វប្បធម៌ និង​ប្រពៃណី។ ដីជន​ជាតិ​ដើមភាគ​តិច មិនមែន​មាន​តែដីដែលបាន​ដាំដុះ​ជាក់​ស្តែង​នោះ​ទេ ប៉ុន្តែ​មាន​ដី​បំរុង​ចាំបាច់ ក្នុង​ការ​​ដូរ​វេន​ដំណាំ​ថែម​ទៀត ដែល​គេ​និយម​ហៅ​ថា ការធ្វើចំការវិលជុំ។

បន្ថែម​ពីនេះ មាត្រា២៨ ចែង​ថា គ្មាន​អាជ្ញាធរ​ណា​មួយ ក្រៅពី​សហគមន៍​​អាច​ទទួល​បាន​សិទ្ធិ​លើ​អចលន​វត្ថុ​​របស់​ជន​ជាតិ​ដើម​​ភាគតិច​បាន​ឡើយ។

ដោយឡែក ការបំពាន​នេះ ក៏បាន​បំពាន​លើ​កម្មវិធី​នយោបាយ​រដ្ឋាភិបាល​ផង​ដែរ ដែល​រដ្ឋាភិបាល បាន​ប្តេជ្ញា​​ចិត្ត​ការ​ពារ​ប្រជាពល​រដ្ឋ​ក្រីក្រ ងាយ​រង​គ្រោះ តាម​រយៈក​​ម្ម​វិធី«ផ្តល់​ដី ការ​​ពារ​​ព្រៃ» ក្នុង​​គោល​ដៅ​ដោះ​​ស្រាយ​​បញ្ហា​​ជូន​​ពលរដ្ឋ​ក្រីក្រ​ដែល​គ្មាន​ដី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ