ពលករ​នៅ​កូរ៉េ​រំ​ឭក​គ្រួសារ​ហ៊ុន​ឱ្យ​ទាម​ទារ​កោះ​គុត ខណៈ​អ្នក​ក្នុង​ស្រុក​រង​ការ​បង្រ្កាប​បំបិទ​មាត់

ជាថ្មីម្តងទៀត ពលករខ្មែរនៅកូរ៉េខាងត្បូង បាន​ទាម​ទារ​ឱ្យ​មេដឹកនាំ​គ្រួសារ​ហ៊ុន ប្រើ​យន្ត​ការអន្តរ​ជាតិ ដើម្បី​បង្ហាញ​ឆន្ទៈ​ការ​ពារ​បូរណ​ភាព​ទឹក​ដី តាម​រដ្ឋ​ធម្ម​នុញ្ញ​ រួ​ម​ទាំង​កោះ​គុត ដែល​ថៃកំពុង​គ្រប់​គ្រង ខណៈ​ពលរដ្ឋ​នៅ​ក្នុ​​​ង​​ប្រទេស រងការបង្ក្រាបបំបិទ​មាត់ មិន​ឱ្យ​និយាយ​បញ្ហា​ទឹកដី និង​យុត្តិធម៌​សង្គម។

ការ​បន្លឺ​សំឡេង​នេះ តាម​រយៈ​ការ​ធ្វើ​​​បាតុកម្ម​​ទ្រង់​​ទ្រាយ​​​ធំ ​​នៅ​​​ថ្ងៃ​ទី​២ ខែ​​មី​នា ដើម្បី​​ជំរុញ​​ឱ្យ​​រដ្ឋាភិបាល​​គ្រួ​សារ​​​ហ៊ុន ការ​ពារ​ទឹកដី​ដោយ​ប្រើ​ប្រាស់​យន្តការ​អន្ត​រជាតិ។

សមាជិក​ចលនាសង្រ្គោះ​ជាតិ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក យ៉ង់ ស៊ីណេត ដែលចូលរួម​ធ្វើបាតុកម្ម​បាន​ស្រែក​ឱ្យ​មេដឹកនាំ​គ្រួសារ​ហ៊ុន​ ស្តារប្រជាធិប​តេយ្យ បញ្ឈប់​ការ​រំលោភ​សិទ្ធិមនុស្ស ជាពិសេស​ប្តឹង​ទៅ​តុលាការ​អន្តរ​ជាតិ (ICJ) ដើម្បី​ការ​ពារ​កោះ​គុត ដែល​ថៃ​កំពុង​គ្រប់​គ្រង។

លោក​ថា៖ «ថ្ងៃនេះ​ បង​ប្អូន​បាន​អញ្ជើញ​មក​ទី​នេះ គឺ​ជា​រឿង​មួយ​ដ៏​អស្ចារ្យ​ណាស់​បង​ប្អូន! យើងបា​ន​ចូល​រួម​សង​គុណ នូវ​ទឹក​ដី​កំណើតរបស់​យើង ជ័យ​យោយុវជន​ដ៏​អង់​អាច​ក្លាហាន!។ ខ្ញុំ​នៅតែ​សង្ឃឹម​យ៉ាង​មុត​មាំ​ថា បង​ប្អូន​នៅ​តែបន្ត​ដំណើរជាមួយ​ពួក​យើង ក្នុង​ការ​ការ​ពារ​ដែន​អធិប​តេយ្យ​ភាព ទាម​ទារ​នូវ​លិទ្ធិប្រជាធិប​តេយ្យ សម្រាប់ប្រទេសកម្ពុជារបស់យើង»។

ជាមួយគ្នានេះ តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ លោក អ៊ុំ សំអាន ដែល​បាន​ចូល​រួមបាតុកម្ម​តាម​ប្រព័ន្ធ ZOOM ប្រាប់​VOD​ថា ទោះលោក​មិន​បាន​ចូល​រួម​ផ្ទាល់​ក្តី តែ​លោក​នៅ​តែមាន​ឆន្ទៈ​ការ​ពារ​កោះ​កុត ព្រោះ​ខ្លាច​បាត់​បង់​ដូច​កោះ​ត្រល់ ហើយ​ថា គ្រួសារ​ហ៊ុន​ហ៊ាន​កាត់​ទឹកដី​ទៅ​ឱ្យ​ប្រទេស​ជិត​ខាង​ដើម្បី​តែ​អំណាច។

បើតាមអ្នកលោក សំអាន អនុសារណៈ​នៃ​ការយោគយល់ឆ្នាំ២០០១ កោះ​គុត​ត្រូវ​បាន​កាត់ឆ្វៀល​ទៅ​ឱ្យ​ថៃ ដោយ​ឧបនាយក​រដ្ឋ​មន្ត្រី លោក សុខ អាន កាល​នៅ​មាន​ជីវិត តាម​បញ្ជា​របស់លោក ហ៊ុន សែន ទើប​ធ្វើ​ឱ្យ​គ្រួសារ​ហ៊ុន​មិន​ហ៊ាន​ថា​កោះ​កុត​ជា​របស់​ខ្មែរ ដូច​ភាគី​ថៃ​ទេ។

លោក​ថា៖ «ត្រកូលហ៊ុនហ្នឹង គឺ​បំបិទ​សិទ្ធិ​ប្រជាពលរដ្ឋ​មិន​ឲ្យ​និយាយ​បញ្ហា​ទឹក​ដី​ហ្នឹង ដោយ​សារ​តែ​ចង់​កាត់​ទឹក​ដី​ខ្មែរ​ឱ្យ​​បរទេស​ជិត​ខាង ​ដើម្បីឲ្យ​ប្រទេស​ជិត​ខាង​ទាំង​ថៃ ទាំង​យួន​​ហ្នឹង ការ​ពារ​អំណាច​របស់​ខ្លួន។ អ៊ីចឹង​ហើយ​បាន​ជាព្យាយាម​បំបិទ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ មិន​ឱ្យ​ការ​ពារ​ទឹក​ដី​ មិន​ឲ្យ​បញ្ចេញ​មតិ​ជុំវិញ​បញ្ហា​ទឹក​ដី។ ខុស​ពី​ប្រទេស​ជិតខាង​ដែល​គេ​លើក​ទឹក​ចិត្ត ឱ្យ​ប្រជាពលរដ្ឋ​គេ​ចូល​រួម​ការ​ពារ​ទឹកដី។ អ៊ីចឹង​បាន​ជា​ដី​គេ​កាន់​តែ​រីក​ឡើង​ ទឹក​ដី​យើង​កាន់​តែរួម​ទៅៗ»។

ជុំវិញរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឆ្លើយ​តប​ថា ក្រុម​បាតុករ​នៅ​កូរ៉េ​មាន​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ដែល​គ្មាន​ភាព​ចំាំបាច់​អ្វី​ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើ​តាមក្រុម​បាតុករ​ទាំ​ង​នោះ​ទេ ពលរដ្ឋ​រាប់​លាន​នាក់​បាន​បោះ​ឆ្នោត​ឱ្យ​បក្ស​ប្រជាជន​កម្ពុជា​ ដឹក​នាំ​រដ្ឋា​ភិ​បាល។

លោកថា៖ «បាតុកម្ម​ទាម​ទារ​នេះ ទាម​ទារ​នោះ ឱ្យ​រាជរដ្ឋាភិបាល​ធ្វើ​តាម​ខ្លួន​នោះ វា​អត់​បាន​ការ​អី​ទេ! ពីព្រោះ​ចូល​រួម​១០០ (ទៅ) ២០០​នាក់ វា​បាន​ការ​អី! ប្រជាជន​កម្ពុជា បាន​ទៅ​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​កើត​រាជ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន តាម​រយៈ​ការ​បោះ​ឆ្នោត​រួច​ហើយ។ អ៊ីចឹងរាជរដ្ឋាភិបាល​គឺ​តំណាង​ប្រជាជន​រាប់​លាន​នាក់​នៅ​ទូទាំង​ប្រទេស ឥឡូវ​នេះយើង​១៧លាន​នាក់​ហើយ! ទៅយកមតិ ២ ទៅ ៣រយនាក់​នៅ​ក្រៅ​ប្រទេស វា​អត់​មាន​បាន​ឥទ្ធិពល​អី​មក​លើ​រាជ​រដ្ឋាភិបាល​ដែល​​តម្រូវ​ឲ្យ​រាជ​រដ្ឋាភិបាល​ត្រូ​វ​តែ​ធ្វើតាម​ខ្លួន​នោះ​ទេ»។

យ៉ាងណាក្តី អនុប្រធានផ្នែកព័ត៌មានរៀបចំបាតុកម្ម លោក អន ចាន់​ថន ប្រាប់​VOD​នៅ​ថ្ងៃ​ទី​៣​ ខែ​មីនា​នេះ​ថា តាម​ទិន្នន័យ​ពី​ប៉ូលីសកូ​រ៉េ​បញ្ជាក់​ថា អ្នក​ចូល​រួម​បាតុកម្ម​មាន​ប្រមាណ ៣ពាន់នាក់ ដែល​ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​ លោក សុខ ឥសាន ទាំង​ស្រុង។

លោកថា៖ «ហើយ​មួយទៀតគាត់ថា អ្ន​ក​បោះ​ឆ្នោត​ជូន​គណបក្ស​របស់​គាត់ គឺ​រាប់​លាន​នាក់​ ហើយ​អ្នក​ធ្វើ​បាតុកម្មប្រឆាំង​នឹង​មាន​ចំនួន​តិច​តួច ដូច្នេះ​គឺ​វា​មិន​មាន​ផល​ប៉ះពាល់​អ្វី​ដល់​គណបក្ស​នេះ​ទេ ប៉ុន្តែ​សូម​ឲ្យ​គណបក្ស​ប្រជាជន​ហ្នឹង ធ្វើ​ការ​ស្វែងយ​ល់​ម្ដង​ទៀត​ថា តើ​អ្វី​ដែល​ពួក​យើង​ធ្វើ​នេះ តើ​យើង​ធ្វើ​ដើម្បី​អ្វី គឺ​យើង​ធ្វើ​ដើម្បី​បូរណ​ភាព​ទឹក​ដី​យើង ធ្វើដើម្បី​ការ​ពារ​ប្រទេស​ជាតិ​របស់​យើង​ទាំង​អស់​គ្នា ដែល​មន្ត្រី​របស់​គណបក្ស​ប្រជាជន ក៏​កំពុង​តែ​រ​ស់​នៅ​ក្នុង​ប្រទេស​ដែលយើង​កំពុង​តែ​ព្យាយាម​ការ​ពារ​នេះ​ផង​ដែរ។ ដូច្នេះ​ខ្ញុំ​គិត​ថា អ្វី​ដែល​លោក​ សុខ ឥសាន បាន​លើក​ឡើង​ម​កនេះ គឺ​ជា​ការមិន​យល់​អំពី​គុណ​តម្លៃ​ ឬ​ក៏​មិន​ផ្តល់​តម្លៃ​ឲ្យ​បុគ្គល​ទាំង​ឡាយ​ណា ដែល​មាន​ចិត្ត​ចង់​ការ​ពារ​ប្រទេស​ជាតិ​របស់​ខ្លួន»។

បន្ថែម​លើ​នេះ លោក ចាន់​ថន ប្រាប់​ថា មុន​ពេល​បាតុកម្ម ក្រុម​មន្រ្តី​ទូត​កម្ពុជា​បាន​គំរាម​ថា​នឹងមាន​ការ​ចាប់​ខ្លួន បើ​ពួកគេ​នៅ​បន្ត​ធ្វើ​បាតុកម្ម តាម​ការ​គ្រោង​ទុក​លើទឹកដីកូរ៉េនោះ។

តែលោកថា ពលករកូរ៉េ នៅ​តែ​មាន​ទឹក​ចិត្ត​ស្នេហា​ជាតិ ដោយ​ចូល​រួម​ជាង ៣ពាន់​នាក់ ដែល​ជាចំនួន​លើស​​​ពី​ការរំពឹងទុក។

សម្រាប់ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ​នៅប្រទេសអូស្រ្តាលី លោក ស៊ឹង សែន​ករុណា ចាត់ទុក​សកម្ម​ភាព​បាតុកម្ម​នៅ​កូរ៉េ គឺ​ស្រប​តាម​ស្មារតី​រដ្ឋ​ធម្ម​នុញ្ញ ដែល​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន​ត្រូវយក​សំណើរ​ពួក​គេ​ទៅ​ពិចារណា ដើម្បី​ផល​ប្រយោជន៍​ជាតិ។

លោកថា៖ «អ្វី​ដែល​គប្បី​គួរ​តែ​មាន​ការ​ទទួល​យក​នូវ​សំណើ​ ដែល​បាតុករ​នៅ​កូរ៉េ ឬ​ក៏​បណ្ដា​ប្រទេស​ផ្សេង​ទៀត ដែល​គេបាន​ធ្វើ​ការ​ទាម​ទារ​តវ៉ា​ហ្នឹង យក​មក​ពិនិត្យ ហើយ​រក​ដំណោះ​ស្រាយ​ឲ្យ​សម​ស្រប​ណា​មួយ ដែល​ឆ្លើយ​តប​ដែល​គេ​អាចទទួល​យក​បាន។ ខ្ញុំ​ជឿ​ជាក់​ថា បញ្ហា​ការ​ទាម​ទារ​តវ៉ា​បាតុកម្ម​ផ្សេងៗ នៅ​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត គឺ​មាន​ការ​បញ្ឈប់! ហើយ​គេអា​ច​សាទរ​ជាមួយ​ទៅ​នឹង​ដំណោះ​ស្រាយ​របស់​រដ្ឋាភិបាល ដែល​មិន​បាន​ឆ្លើយ​តប ឬ​ក៏​គោរព​ទៅ​តាម​អ្វី​ដែល​ជាកាតព្វ​កិច្ច និង​តួនាទី​របស់​ខ្លួន ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​រដ្ឋ ដើម្បី​ការ​ពារ​នូវ​អធិបតេយ្យ​ភាព និង​បូរណ​ភាព​ទឹក​ដី​ តាម​ការប្ដេជ្ញា​របស់​ខ្លួន​ក៏​ដូច​ជា​ស្រប​តាម​ស្មារតី កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ផង និង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​យើង​ផង»

រដ្ឋធម្មនុញ្ញ មាត្រា៣៥ ប្រជាពលរដ្ឋខ្មែរទាំងពីរ​ភេទ មាន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។ សេ​ច​ក្ដី​ស្នើ​ទាំង​ឡាយ​របស់ប្រជា​ពលរដ្ឋ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះស្រាយ​យ៉ាងហ្ម​ត់​ចត់​ពី​អង្គការ​រដ្ឋ។

ចំណែកមាត្រា៤១ ចែងថា ប្រជាពលរដ្ឋខ្មែរ មានសេរីភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះ​ពុម្ភ​ផ្សាយ សេរីភាព​ខាង​ការ​ជួប​ជុំ។

ថ្វីបើ​រដ្ឋធម្មនុញ្ញចែងបែបនេះក្តី តែ​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន​ត្រូវ​គេ​មើល​ឃើញ​ថា បាន​ប្រើ​ប្រព័ន្ធតុលាការ​ចាប់​ចង​មនុស្ស ដែល​គាត់​មិន​ពេញ​ចិត្ត​តាម​ទំនើង​ចិត្ត រួម​ទាំង​អ្នក​ហ៊ាន​រិះ​គន់​ពី​បញ្ហាទឹក​ដី។

អ្នកឃ្លាំមើល ផ្ញើសារ​​ថា ដើម្បី​​កុំឱ្យ​​​ស្តាយ​​ក្រោយ​​ដូច​​ការ​​បាត់​​ប​ង់​​កោះ​​ត្រល់ ពលរដ្ឋ​​ខ្មែ​រ​​គួ​​រ​ចូល​រួម​​បញ្ចេញ​មតិ​ឱ្យ​សកម្ម ដើម្បី​ដាក់​សម្ពាធ​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន​ ការ​ពារ​កោះ​គុត​តាម​រយៈ​ប្តឹងទៅ​តុលាការ​អន្តរជាតិ (ICJ) ខណៈ​សកម្មភាព​ស្រុះ​គ្នារ​បស់​មហាជន​នេះ បាន​ជោគ​ជ័យ​ម្តង​រួចហើយ ក្រោយ​មាន​​បាតុកម្ម​​​ប្រឆាំង​​តំបន់​​ត្រី​កោណ CLV ពី​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​នៅ​ក្រៅ​ប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ