ក្រុមជនរងគ្រោះចាញ់បោកអតីតឧកញ៉ា ឡេង ចាន់ណា គ្រោងតវ៉ាទ្រង់ទ្រាយធំលើទឹកប្រទេសកូរ៉េ ដើម្បីបង្ហាញទុក្ខវេទនា ក្រោយយុត្តិធម៌របស់ពួកគេត្រូវជាប់គាំងជាង១ឆ្នាំ ធ្វើឱ្យជួបវិបត្តិបំណុលធ្ងន់ធ្ងរ ខ្លះបែកបាក់គ្រួសារ ក្រោមសម្ពាធបំណុល។
គម្រោងបាតុកម្មទ្រង់ទ្រាយធំនៅក្រៅប្រទេសនេះ ក្រោយជនរងគ្រោះនៅក្នុងស្រុក រងការគំរាមពីអាជ្ញាធរ ដែលបង្ខំឱ្យពួកគេរំសាយការតវ៉ា ដែលគ្រោងធ្វើនៅមុខសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥។
ពលករនៅកូរ៉េ លោក ខែម ស្តី ប្រាប់VOD នៅថ្ងៃទី៤ ខែមីនានេះថា ក្រុមជនរងគ្រោះជាពលករនៅកូរ៉េ កំពុងត្រៀមប្រមូលផ្តុំកម្លាំងដើម្បីធ្វើបាតុកម្មក្នុងពេលឆាប់ៗនេះ ក្រោយអស់ការអត់ធ្មត់រងចាំដំណោះស្រាយពីរដ្ឋាភិបាលជាង១ឆ្នាំទៅនេះ។
លោក ខែម ស្តី បញ្ជាក់ថា លោកចាញ់បោកអតីតឧកញ៉ា ឡេង ចាន់ណា ចំនួន១៨ម៉ឺនដុល្លារ អាមេរិក ធ្វើឱ្យជួបវិបត្តិផ្លូវចិត្ត ក្រោមសម្ពាធបំណុល និងថា យុត្តិធម៌សម្រាប់ជនរងគ្រោះស្ថិតក្នុងភាពមិនច្បាស់លាល់ ទោះមានមេធាវីរដ្ឋាភិបាលជួយការពារក្តីឱ្យជនរងគ្រោះក៏ដោយ។
លោកថា៖ «មិនដឹងថាតើទ្រព្យសម្បត្តិក្រុមហ៊ុននៅសល់ប៉ុន្មានអីប៉ុន្មានក៏អត់ដឹង! ហើយតើបុគ្គលប៉ុន្មាននាក់ដែលជាប់គុកហ្នឹង! ជាប់ពិតឬក៏យ៉ាងម៉េចក៏យើងមិនដឹង និយាយទៅគឺបិទទាំងអស់។ អ៊ីចឹងវាជាចម្ងល់មួយដែលពួកខ្ញុំជាជនរងគ្រោះមានចម្ងល់។ អ៊ីចឹងបើសិនយើងអត់ធ្វើសកម្មភាពអីមួយ គឺគេនៅតែអូសបន្លាយពេលមួយថ្ងៃហើយមួយថ្ងៃទៀត មិនដឹងថ្ងៃណាដើម្បីគាត់រក(ដំណោះស្រាយ) ឱ្យយើង បើគាត់អត់មានរហូតអ៊ីចឹង។ អ៊ីចឹងពួកយើងគិតថាប្រមូលផ្ដុំគ្នានៅពេលឆាប់ៗហ្នឹង គង់តែយើងរកដាក់ថ្ងៃ និងកៀរគរកម្លាំង»។
ជាមួយគ្នានេះ ជនរងគ្រោះម្នាក់ប្រាប់VODក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិភាពថា ក្រុមជនរងគ្រោះនៅក្នុងប្រទេសកម្ពុជា គ្រោងធ្វើបាតុកម្មម្តងរួចហើយ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមុខសាលាដំបូងខេត្តសៀមរាប។
តែលោកថា គម្រោងជួបជុំសម្តែងមតិរកយុត្តិធម៌នេះ ត្រូវបានរំសាយវិញ ដោយសារតែមានការពង្រាយកងកម្លាំងនៅទីតាំងប្រមូលផ្តុំ និងការគំរាមចាប់ខ្លួន។
លោកថា៖ «ការគំរាមនោះ ពួកគាត់ ខាងសមត្ថកិច្ចគេយាមកាម គេមិនឱ្យធ្វើបាតុកម្មគេចាប់ គេធ្វើយ៉ាងម៉េច តាមបញ្ជារបស់គេ បើសិនជាករណីមានគេធ្វើ(បាតុកម្ម) នៅកូរ៉េមែន ខ្ញុំគាំទ្រមួយរយភាគរយ។ មូលហេតុដោយសារតែពួកខាងក្រុមជនរងគ្រោះទាំងអស់គ្នា ឥលូវកំពុងយ៉ាប់នឹងធនាគារប្រឈមមុខនឹងការអត់លុយបង់ធនាគារ»។
ជុំវិញរឿងនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្រ្តាលី លោក ស៊ឹង សែនករុណា ចាត់ទុកការបិទសំឡេងពលរដ្ឋមិនឱ្យងើបតវ៉ា ឆ្លុះបញ្ចាំងពីការដឹកនាំដែលគ្មានការទទួលខុសត្រូវ និងជាការលើកទឹកចិត្តឱ្យពួកឧក្រិដ្ឋជនបន្តបោកប្រាស់ពលរដ្ឋបន្តទៀត។
លោកថា៖ «ការមិនយកចិត្តទុកដាក់ ការមិនដោះស្រាយទៅលើបញ្ហារបស់ពួកគាត់នៅក្នុងប្រទេសហ្នឹង! វាជាទង្វើមួយខ្វះការទទួលខុសត្រូវក្នុងនាមជាអ្នកដឹកនាំរដ្ឋ! ជាមេដឹកនាំប្រទេសដែលជាអ្នកទទួលខុសត្រូវលើវាសនារបស់ប្រជាពលរដ្ឋ ហើយជាការបណ្ដែតបណ្ដោយឲ្យឧក្រិដ្ឋជនជនឆបោកទាំងអស់នោះ ចេះតែប្រើល្បិចកិច្ចកលនឹងបន្តធ្វើការបោកប្រាស់ទៅលើជនស្លូតត្រង់ ដែលជាប្រជាពលរដ្ឋរបស់ខ្លួនជាបន្តទៅទៀត»។
ដោយឡែក តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន យល់ថា យុត្តិធម៌របស់ក្រុមជនរងគ្រោះ ត្រូវបានកប់ទុកចោលបែបនេះ ដោយសារគ្រួសារហ៊ុនគប់គិតជាមួយក្រុមឧកញ៉ាឆបោក ដើម្បីយកលុយមកពង្រឹងអំណាច ដោយមិនខ្វល់ពីសុខទុក្ខរាស្រ្តនោះទេ។
លោកព្រមានថា ប្រព័ន្ធដឹកនាំបែបបក្សពួកនិយមរបស់គ្រួសារហ៊ុននេះ នឹងបង្កទៅជាភាពចលាចលសង្គមក្នុងពេលឆាប់ៗនេះ បើពលរដ្ឋជាជនរងគ្រោះអស់ការអត់ធ្មត់។
លោកថា៖«មិនអាចបិទមិនឲ្យធ្វើបាតុកម្មតវ៉ាជារៀងរហូតបានទេ។ ប្រជាពលរដ្ឋយើងនៅពេលដែលគាត់ដល់ក គាត់ជំពាក់លុយធនាគារអត់បាយហូប! មនុស្សយើងតែក្រពះមិនដើរហើយ គ្មានអីហូបហើយ គ្មានអីខ្លាំងជាងអត់អីហូបហ្នឹងទេ គាត់ប្រាកដជាងើបឡើងរើបម្រះហើយ ដូចសុភាសិតខ្មែរយើងនិយាយថា ទីណាមានការជិះជាន់ទីនោះ តែងតែមានការរើបម្រះ ដូច្នេះគាត់ប្រាកដជានឹងងើបឡើងតវ៉ាទ្រង់ទ្រាយធំ ហើយអាចប៉ះពាល់ដល់ការកាន់តំណែងរបស់ត្រកូលហ៊ុនហើយ»។
អតីតឧកញ៉ា ឡេង ចាន់ណា ធ្លាប់ប្រាប់ពលរដ្ឋមុនពេលជាប់ពន្ធនាគារថា ក្រុមហ៊ុនខ្លួនមាននាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ជាខ្នងបង្អែក។
តែយ៉ាងណា នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត បានបដិសេធការលើកឡើងនេះ តាមរយៈលិខិតមួយសន្លឹក ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ទាំងគ្មានការស៊ើបអង្កេតណាមួយកើតឡើង។
ជាមួយគ្នានេះ លោក ស៊ាន បូរ៉ាត់ មន្រ្តីស្និទ្ធិលោក ហ៊ុន ម៉ាណែត ក៏ត្រូវបានក្រុមជនរងគ្រោះបន្តទម្លាយពីភស្តុតាងជាសំឡេង ដែលបង្ហាញពីការជាប់ពាក់ព័ន្ធស៊ីជម្រៅដែលមន្រ្តីរូបនេះ រួមគំនិតជាមួយអ្នកស្រី ឡេង ចាន់ណា បោកលុយពលរដ្ឋ។
សារសំឡេងនោះ បង្ហាញថា លោក ស៊ាន បូរ៉ាត់ បានប្រាប់អតីតឧកញ៉ា ឡេង ចាន់ណា ពីល្បិចបោកលុយពលរដ្ឋយកមករកស៊ី ដែលជាផែនការក្នុងគំនិតរបស់លោក ដើម្បីពង្រីកឥទ្ធិពលជំនួញក្នុងក្រុមហ៊ុនឆបោកប្រ៊ីលានស៊ីធី។
លោកថា៖ «តិចទៀតធនាគារប្រ៊ីលានម៉ង អូនឯងចាំមើលបើមិនជឿបង ដំបូងយើងយកលុយគេមករកស៊ី តែដល់ពេលទីបញ្ចប់ទៅ យើងយកលុយយើងឱ្យគេរកស៊ីវិញ ដាក់ឡានដាក់ផ្ទះម៉ង។ ហ្នឹងហើយដែលជាចំណុចសំខាន់ដែលយើងត្រូវធ្វើ ត្រូវតែមានចក្ខុវិស័យឱ្យវែងឆ្ងាយ ធនាគារប្រ៊ីលានត្រូវតែយកឱ្យបាន»។
លោក ស៊ាន បូរ៉ាត់ ជាអនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ដែលមានលោក ហ៊ុន ម៉ាណែត ជាប្រធាន។ ក្នុងជួររដ្ឋាភិបាលវិញ លោកជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។
អតីតឧកញ៉ា ឡេង ចាន់ណា ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដែលមានអ្នកចាញ់បោកប្រមាណ ៧០០០គ្រួសារ គិតជាទឹកប្រាក់ជាង ៣០០លានដុល្លារអាមេរិក។
បើតាមតុលាការខេត្តសៀមរាប អ្នកស្រី ឡេង ចាន់ណា ត្រូវជាប់ចោទពីបទ ឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង បទសម្អាតប្រាក់ និងបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។
ទោះជាមានការចាប់ខ្លួន បែបនេះក្តី តែគ្មានវិធានការរឹបអូទ្រព្យសម្បត្តិមកសងជនរងគ្រោះវិញនោះទេ។
រីឯ លោក ស៊ាន បូរ៉ាត់ វិញ បន្តរស់នៅក្រៅសំណាញ់ច្បាប់នៅឡើយ និងត្រូវបានតុលាការចាត់ទុកថា ជាសាក្សីក្នុងរឿងក្តីឆបោក ឡេង ចាន់ណា តែប៉ុណ្ណោះ បើទោះបីលោកជាមន្រ្តីដែលមានឥទ្ធិពលក្នុងការអូសទាញអតិថិជន ឱ្យផុងខ្លួនក្នុងអំពើឆបោកនេះក្តី។
នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត កាលពីខែឧសភា ឆ្នាំ២០២៤ បានបញ្ជាឱ្យ លោក គី តិច ប្រធានក្រុមមេធាវីរបស់រដ្ឋាភិបាល ជួយការពារក្តីឱ្យក្រុមជនរងគ្រោះ តែចាប់ពីមេធាវីរូបនោះ ជួយការពារក្តីជិតមួយឆ្នាំទៅនេះ អ្នកចាញ់បោកថានៅតែមិនទទួលបានយុត្តិធម៌ទេ ខណៈពួកគេបានលក់ដីស្រែ ខ្លះចំណាកស្រុក និងបែបបាក់គ្រួសារក្រោមសម្ពាធបំណុលធ្ងន់ធ្ងរ៕