បើគិតចាប់តាំងពីថ្ងៃចាប់ខ្លួន កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ មកដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ មានរយៈពេល៧ឆ្នាំ៦ខែហើយ ដែល លោក កឹម សុខា ត្រូវបានចាប់ខ្លួន និងមានរយៈពេល២ឆ្នាំ ដែលសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលោកឱ្យជាប់ឃុំនៅក្នុងផ្ទះ២៧ឆ្នាំ និងហាមមិនឱ្យធ្វើនយោបាយអស់១ជីវិត ក្រោមការចោទប្រកាន់ពីបទក្បត់ជាតិគប់គិតជាមួយបរទេស មានសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ជាដើម។
សំណុំរឿងដ៏ចម្រូងចម្រាស់នេះ ត្រូវបានសាលាឧទ្ធរណ៍បើកសវនាការលើកដំបូង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ដែលគិតរហូតមកដល់ពេលនេះ មានរយៈពេលជាង១ឆ្នាំហើយ គឺបានលើកពេលសវនាការរហូតមិនទាន់បិទបញ្ចប់នៅឡើយ បន្ទាប់ពីបានបើកសវនាការចំនួន១១លើក។
លោក កឹម សុខា ធ្លាប់បានថ្លែងក្នុងសម្តីដើមថា៖ «សព្វថ្ងៃនេះ ខ្ញុំគិតថា ជីវិតដែលជារូបកាយរបស់ខ្ញុំ អាចបានស្លាប់ ឬធ្លាប់ត្រូវបានគេសម្លាប់រួចទៅហើយ ក៏ប៉ុន្តែជីវិតដែលជាបេះដូងពិតរបស់ខ្ញុំ ដែលស្មោះត្រង់ចំពោះមាតុភូមិកម្ពុជា និងបងប្អូនរួមឈាមខ្មែររបស់ខ្ញុំនៅតែរស់ជាអមតៈ ទោះបីមានការចោទប្រកាន់ ឬចាប់បង្ខំ ឬភ្ជង់កាំភ្លើងឲ្យខ្ញុំក្បត់ជាតិខ្មែរ ក៏ខ្ញុំមិនធ្វើជាដាច់ខាត»។
នេះបើតាមលោក ចាន់ ចេន សហមេធាវី លោក កឹម សុខា ដែលបានសរសេរបង្ហោះលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។
លោក ចាន់ ចេន បានសរសេរក្នុងសម្តីដើមថា៖«នេះជាទស្សនៈគួរឲ្យសង្វែកក្រៃលែង និងមានគុណតម្លៃ ដែលមិនអាចកាត់ថ្លៃបាន ចំពោះជាតិមាតុភូមិរបស់ ឯ.ឧ កឹម សុខា ដែលបានប្រាប់សហការីនាពេលកន្លងមក»។
លោក ចាន់ ចេន បានចោទសួរថា តើសំណុំរឿងដែលចោទប្រកាន់ និងផ្តន្ទាទោស លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិថាបានគប់គិតត្រូវរូវគ្នាដោយសម្ងាត់ជាមួយបរទេស តើប៉ះពាល់ដល់អ្នកណាខ្លះ?
លោកថា រដ្ឋបរទេសក្នុងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ មានសហរដ្ឋអាមេរិក ដែលមានអង្គការUSAID អង្គការIRI និងសហភាពអឺរ៉ុប ជាពិសេស ប្រទេសអាល្លឺម៉ង់ តាមរយៈអង្គការខុនរ៉ាដ។
ទោះបីតុលាការខ្មែរ ផ្តន្ទាទោសតែ លោក កឹម សុខា ក៏ដោយ ប៉ុន្តែក្នុងសាលក្រមនេះចោទប្រកាន់ថា មានប្រទេសនិងអង្គការបរទេសខាងលើនេះ បានគប់គិតប្រព្រឹត្តអំពើប្រទូស្តរ៉ាយនៅកម្ពុជា។ វាមានន័យថា ជាប្រទេស ឬអង្គការបរទេសដែលបានប្រព្រឹត្ត ឬមានបំណងអាក្រក់មកលើកម្ពុជា អាចថាជាអមិត្តរបស់កម្ពុជា។
លោក ចាន់ ចេន បញ្ជាក់ថា ទោះបីក្នុងសាលក្រមនេះ តុលាការផ្តន្ទាទោសតែ លោក កឹម សុខា ក៏ដោយក៏បទចោទនេះ ថាបរទេសទាំងនេះ បានគប់គិតគ្នាជាមួយលោក កឹម សុខា។ ដូច្នេះពាក្យថា គបប់គិតគ្នាប្រព្រឹត្ត មានន័យថា បើម្ខាងខុស ក៏ម្ខាងទៀតខុសដែរ ទោះបីខំបិទបាំងប្រើអក្សរកាត់ស្ពិនភ្នែកក៏ដោយ។
ចំណែកលោក មុត ចន្ថា អតីតនាយខុទ្ទការល័យគណបក្សសង្គ្រោះជាតិ ក៏បានថ្លែងដែរថា យុត្តិធម៌សម្រាប់ លោក កឹម សុខា ត្រូវបានគេបំពាន ដោយផ្តើមចេញពីអតីតនាយករដ្ឋមន្រ្តី លោកហ៊ុន សែន ចោទសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ថាបានគប់គិតជាមួយលោក កឹម សុខា និងគណបក្សសង្រ្គោះជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល។
លោកថា បើទោះបីតុលាការមិនបានកាត់ទោសសហរដ្ឋអាមេរិក អង្គការអាមេរិក និងអង្គការអាល្លឺម៉ង់ Konrad-CDU ក៏ដោយ គឺច្បាស់ណាស់ សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ត្រូវបានចោទប្រកាន់ជាមេគំនិតធំនៅពីក្រោយអ្វីដែលគេហៅថា បដិវត្តន៍ពណ៌ដែលគេបានចោទមកលើ លោក កឹម សុខា។
បើតាមលោក មុត ចន្ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បានសរសេរលិខិតមក លោក ហ៊ុន សែន កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយបានបដិសេធយ៉ាងដាច់អហង្ការថា សហរដ្ឋអាមេរិកមិនមានបំណងណាមួយផ្លាស់ប្តូររបបដឹកនាំនៅកម្ពុជាឡើយ។
ប៉ុន្តែបើទោះបីជា លោក ដូណាល់ ត្រាំ បានបដិសេធជាផ្លូវការបែបនេះក្តី ក៏មេធាវីរបស់ លោក ហ៊ុន សែន នៅតែដាក់បញ្ជីឈ្មោះនៃរដ្ឋបរទេស អង្គការបរទេស និងបុគ្គលបរទេស ក្នុងនោះមានសហដ្ឋអាមេរិក វិទ្យាស្ថានសាធារណរដ្ឋនៃគណបក្សសាធារណរដ្ឋ និងអង្គការ Konrad-CDU ដើម្បីចោទភ្ជាប់ជាមួយ លោក កឹម សុខា ដដែល។ លោកបានចោទសួរថា តើនេះឬដែលគេអះអាងថា មិនប៉ះពាល់ដល់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី?
ទាំងលោក ចាន់ ចេន និងលោកមុត ចន្ថា បានចោទសួរថា តើអាចទៅរួចទេ បើកម្ពុជាចង់បន្តកិច្ចសហប្រត្តិបត្តិការណ៍ ជាមួយប្រទេសទាំងនោះ?។
តើសាម៉ីប្រទេសទាំងនោះល្ងង់ណាស់ទៅ ដែលសហប្រតិបត្តិការណ៍ល្អជាមួយប្រទេសកម្ពុជា ដែលចោទគេជាអមិត្តនោះ? ហើយតើកម្ពុជាអៀនខ្មាស់ឬទេដែលទៅសុំជំនួយ ឬអង្វរឲ្យប្រទេសអមិត្តមកវិនិយោគនៅកម្ពុជានោះ? ដៃម្ខាងចោទគេ ដៃម្ខាងសុំជំនួយគេ។
សម្រាប់លោក ចាន់ ចេន និងលោក មុត ចន្ថា បើកម្ពុជាមិនបញ្ចប់ការចោទប្រកាន់នេះទេ គឺដូចជានៅតែចាត់ទុកថា ប្រទេសទាំងនោះ នៅតែជាអមិត្តហើយគ្មានថ្ងៃអាចជឿទុកចិត្តគ្នាបានទេ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ និងកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា និងជាពិសេសប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ។
លោក មុត ចន្ថា បានថ្លែងក្នុងសម្តីដើមថា៖«អ្វីដែលគួរសោកស្តាយបំផុតនោះ ចាប់តាំងពីសាលក្រមអយុ ត្តិធម៌ ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ គឺមានរយៈពេល២ឆ្នាំគត់ ដែលរឿងក្តីនេះ ត្រូវបានកប់ទុកនៅសាលាឧទ្ធរណ៍ ដែលបាក់ត្រកៀកដើរទៅមុខមិនរួច។ ជាអំពើអយុត្តិធម៌បង្កបង្កើតឡើងដោយតុលាការ និងមេខ្លោងត្រួតត្រានៅពីលើ ដោយមានចេតនាផ្អឹបទុករឿងក្តីនេះ ដើម្បីធ្វើទារុណកម្មតាមទម្រង់ផ្សេងៗ។ បងប្អូនជនរួមជាតិគួរតែចូលរួមស្រែកទាមទារយុត្តិធម៌ ដើម្បីពន្លឺប្រជាធិបតេយ្យ និងសេរីភាព»។
លោក ឃុន លាងម៉េង អ្នកនាំពាក្យសាលាឧទ្ធរណ៍ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ មិនអាចទាក់ទាងសុំការអត្ថាធិប្បាយបានទេ ដោយទូរសព្ទចូលច្រើនដងតែត្រូវបានកាត់ផ្តាច់ ។
ចំណែក លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបដិសេធធ្វើអត្ថាធិប្បាយអំពីបណ្តឹងឧទ្ធរណ៍របស់ លោក កឹម សុខា ដោយលោកថ្លែងថា ការងារនេះ គឺស្ថិតនៅក្រោមយុត្តាធិការរបស់តុលាការ មិនត្រូវមកសួរអ្នកនាំពាក្យរដ្ឋាភិបាល ឬអ្នកនាំពាក្យគណបក្ស ឱ្យធ្វើអត្ថាធិប្បាយនោះទេ ពីព្រោះគ្មានស្ថាប័នណាអាចលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់តុលាការបានហើយ។
ក្រុមអ្នកជំនាញសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ បាននិយាយក្នុងសេចក្តីថ្លែងការណ៍រួម អំឡុងខែសីហា ឆ្នាំ២០២៤ថា តុលាការនៅកម្ពុជា ត្រូវបានបក្សកាន់អំណាចប្រើប្រាស់ ដើម្បីបំបិទមាត់អ្នករិះគន់ មានការរៀបចំច្បាស់លាស់លក្ខណៈជាប្រព័ន្ធ និងផ្តន្ទាទោសដោយមិនត្រឹមត្រូវ ផ្ទុយពីកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលបានជះឥទ្ធិពលអាក្រក់ ដល់អ្នកធ្វើការងារសិទ្ធិមនុស្ស និងរារាំងពលរដ្ឋ មិនឱ្យចូលរួមឈឺឆ្អាលពីបញ្ហាសង្គម។
សម្រាប់ លោក សុក សំអឿន ជាប្រធានមេធាវីប្រចាំក្រុមអ្នកច្បាប់ និងជាប្រធានក្រុមអ្នកច្បាប់អមរិន្ទ្រ បានប្រាប់VOD នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះថា ច្បាប់កម្ពុជា មិនបានចែងកំណត់ច្បាស់ទេ ពីរយៈពេលនៃការបន្តនីតិវិធីរឿងក្តីព្រហ្មទណ្ឌ ដល់អីចឹងទៅចៅក្រមអាចធ្វើស្រេចតែចិត្ត។ ប៉ុន្តែលោក សុក សំអឿន បានជំរុញឱ្យមេធាវី លោក កឹម សុខា សាកប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ដោយសំអាងថា ការពន្យារពេលសំណុំរឿងក្តីមេបក្សប្រឆាំង គឺបំពានសិទ្ធិជនជាប់ចោទ។
ឆ្លើយតបទៅនឹងសំណួរដែលសួរថា តើការបន្តឃុំខ្លួននៅក្នុងផ្ទះ និងដកសិទ្ធិធ្វើនយោបាយលើ លោក កឹម សុខា ដែលជាអ្នកនយោបាយ ជាការរំលោភដល់សិទ្ធិគាត់ដែរឬទេ?។
លោកមេធាវី សុក សំអឿន បានលើកពីមាត្រា១៤ នៃកតិការសញ្ញាអន្តរជាតិ ស្តីពី សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយដែលចែងថា ជនគ្រប់រូបត្រូវមានសិទ្ធិស្មើគ្នាចំពោះមុខតុលាការ និងសាលាជម្រះក្តី។
ជនគ្រប់រូបត្រូវមានសិទ្ធិឱ្យសាលាក្តីមានសមត្ថកិច្ចឯករាជ្យ និងមិនលម្អៀងដែលបង្កើតឡើងដោយច្បាប់ ជំនុំជម្រះរឿងក្តីរបស់ខ្លួន ដោយសមធម៌ និងជាសាធារណៈ ដើម្បីសម្រេចលើការចោទប្រកាន់ប្រឆាំងមកលើខ្លួន ក្នុងវិស័យព្រហ្មទណ្ឌ ឬលើសិទ្ធិ និងករណីកិច្ចក្នុងវិស័យរដ្ឋប្បវេណី។
លើសពីនេះ នៅត្រង់ប្រការ៣ នៃចំណុច គ បានចែងថា ជនជាប់ចោទត្រូវបានជំនុំជម្រះដោយឥតពន្យាពេលយូរហួសហេតុឡើយ។
ចំពោះសំណួរដែលសួរថា តើករណីលោក កឹម សុខា មានអង្គហេតុ ឬអង្គច្បាប់គ្រប់គ្រាន់ ដើម្បីឱ្យតុលាការសម្រេចដាក់ទោសគាត់ដែរទេ ឬក៏ជាសំណុំរឿងនយោបាយ ដូចដែលមជ្ឈដ្ឋានជាតិ និងអន្តរជាតិ បានលើកឡើង?។
លោក សុក សំអឿន បានថ្លែងក្នុងសម្តីដើមថា៖ «គ្រាន់តែគិតចេះទៅ ក្នុងច្បាប់ អំពើក្បត់ជាតិទាល់តែមានការបង្កើតហិង្សា ឬមានអាវុធចឹងមែនទេ? តើមានភស្តុតាង គាត់មានអាវុធដែរទេ? គាត់មិនទាន់មានទោសផង ទៅរំលាយបក្សគាត់ តើសមហេតុផលទេ គិតខ្លួនឯងទៅ! សាច់រឿងមុនដំបូងមានបណ្តឹងប្តឹងសម រង្សី ប្តឹងហើយបែបនៅខ្លាំងទៀត លេចរឿង កឹម សុខា! អស់មេពីរហើយនៅអត់ខ្សោយ រំលាយបក្សតែម្តង! ឃើញសាច់រឿងណែងណងចឹងយល់ទេ? ហើយឥឡូវមានបក្សណាលេចធ្លោ មេបក្សនោះមានបណ្តឹង ចាប់ដាក់គុក»។
នៅក្នុងស្ថានភាពដែល លោក កឹម សុខា នៅបន្តជាប់ឃុំក្នុងផ្ទះដូចបច្ចុប្បន្ន លោក វន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់ បានលើកឡើងថា ក្នុងកម្មវិធីធំៗរបស់ខ្មែរក្រៅប្រទេស និងក្នុងប្រទេស បើអាចគួរដាក់បញ្ចូលនូវរបៀបវារៈ លោក កឹម សុខា ដើម្បីជាស្ពានស្ដារការរួបរួមឡើងវិញ ដាស់អន្ដរជាតិឱ្យគិតគូពីបញ្ហានយោបាយនៅកម្ពុជា និងបង្ហាញពីអត្ថិភាពនៃគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជាង៣លាននាក់។
សម្រាប់អ្នកតាមដាននយោបាយរូបនេះ មិនរំពឹងថា លោក កឹម សុខា អាចនឹងត្រូវបានដោះលែងក្នុងពេលឆាប់ៗនេះនោះទេ ដោយសំអាងថា អតីតកម្មាភិបាលខ្មែរក្រហម លោក ហ៊ុន សែន បាននិងកំពុងប្រើគ្រប់មធ្យោបាយទាំងសុចរិត និងទុច្ចរិត ដើម្បីកម្ទេចនិងបំភិតបំភ័យក្រុមអ្នកនយោបាយប្រឆាំង មិនឱ្យមានកម្លាំងខ្លាំង ដើម្បីប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានកូនប្រុសរបស់លោក គឺលោកហ៊ុន ម៉ាណែត ឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីនៅអាណត្តិទី៨ ក្នុងឆ្នាំ២០២៨នោះឡើយ។
បន្ទាត់នយោបាយបែបនេះ ត្រូវបានគេមើលឃើញថា កំពុងរុញកម្ពុជាឱ្យវិលទៅរករបបដឹកនាំបែបផ្តាច់ការ បំពានរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ធ្ងន់ធ្ងរ ដែលជាក្តីបារម្ភពីចរន្តបំបែកបំបាក់ជាតិ បង្ករងគ្រោះដល់ប្រជាពលរដ្ឋគ្មានទីបញ្ចប់ បើគ្មានចរន្តចូលរួមពីមហាជន ដើម្បីជំរុញឱ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌តាមគន្លងប្រជាធិបតេយ្យទេនោះ៕