ច្បាប់ដែលលោក ហ៊ុន សែន ចង់​បាន​ត្រូវ​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្ត​ទាំងថ្ងៃ​ឈប់​សម្រាក

ទីបំផុតទៅ ច្បាប់ស្តីពីការប្រឆាំងការមិនទទួលសស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុង​រយៈកាលនៃរបបកម្ពុជា​ប្រជាធិបតេយ្យខ្មែរក្រហម ដែលមេដឹកនាំ​បក្ស​កាន់ លោក ហ៊ុន សែន ស្នើ​ឡើង ត្រូវ​បាន​ព្រះ​មហាក្សត្រ​ឡាយ​ព្រះហស្តលេ​ខា​ កាល​ពី​ថ្ងៃទី១ ខែ​មិនា​នេះ ដែល​ជា​ថ្ងៃ​សៅរ៍​ ជាថ្ងៃឈប់​សម្រាក។

នេះបើ​តាមកា​រ​ចែក​ចាយ​លើ​បណ្តាញ​សង្គម និង​នៅ​លើ​គេហទំព័រ​របស់​ក្រសួង​យុត្តិធម៌ ដែល​បានផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​ទី​៤ ខែ​មិនា​នេះ។

ច្បាប់ថ្មីនេះ មានចុះ​ហត្ថលេខា អម​ដោយ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត និង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ លោក កើត រិទ្ធ។

ច្បាប់នេះ​ មាន៧មាត្រា ដែលសភាបានអនុម័ត​យល់​ព្រម​ទាំង​ស្រុង គ្មាន​សំឡេង​ជំទាស់ កាល​ពី​ថ្ងៃ​ទី​១៨ខែ​កុម្ភៈ បន្ទាប់​មក​ព្រឹទ្ធ​សភា បានអនុម័តយល់ព្រម នៅថ្ងៃទី​២៦ ខែ​កុម្ភៈ ពោល​គឺ​ប្រមាណ​ជា៨ថ្ងៃ​បន្ទាប់។

ច្បាប់​ដែល​ដំណើរការ​ទៅ​លឿន ក្រោម​សារ​ជំរុញ​របស់​ លោក ហ៊ុន សែន នេះ​បាន​កំណត់​ពី​វិធាន​ផ្តន្ទាទោស ចំពោះ​បុគ្គល​ទាំង​ឡាយ​ណាដែ​ល​បំពាន​ច្បាប់​នេះ ត្រូវ​ដាក់​ពន្ធនាគារ​ពី ១ឆ្នាំ ទៅ៥​ឆ្នាំ និង​ពិន័យ​ជាប្រាក់​ពី ១០​លាន​រៀល ទៅ ៥០​លាន​រៀល។

សម្រាប់អ្នកវិភាគបញ្ហាសង្គម លោក គឹម សុខ បានលើកឡើង​​នៅ​​លើហ្វេសប៊ុករបស់​លោក ហាក់មិនឱ្យតម្លៃច្បាប់​នេះ​ទេ ដោយ​​លោកនិយាយថា  អ្នកណាធ្វើច្បាប់​ស្អី ក៏ធ្វើទៅ ពីព្រោះ ពួកគេ​គ្មាន​សមត្ថភាព​ជួយជាតិ ហើយ​ធ្វើបាន​តែរឿងឥតតម្លៃ។

តែផ្ទុយទៅវិញ លោក​ថា រីឯ​ពលរដ្ឋ​ខ្មែរ អ្នក​សង្គ្រោះ​ប្រទេស​ជាតិ ត្រូវ​រឹងមាំ​លើផ្លូ​វ​ផ្លាស់​ប្ដូរ​ត្រូវ ដែល​ត្រូវ​បន្ដ​ទាម​ទារ​កោះ​គុត ប្ដឹង​ទៅ​តុលាការ​អន្តរ​ជាតិ បន្ត​ទាម​ទារ​ឱ្យ​ដោះលែង​អ្នក​ទោស​មនសិការ ដោយ​ឥត​លក្ខ​ខណ្ឌ។ ក្រៅពីនេះ ត្រូវទាមទារ​ឱ្យស្ដារ​ប្រជាធិប​តេយ្យ និង​ការ​បោះ​ឆ្នោត​ត្រឹម​ត្រូវ រួម​ទាំង​យុត្តិធម៌​សង្គម និង ការ​គោរព​សិទ្ធិ​មនុស្ស​ បន្ត​​ទាម​ទារ​ឱ្យ​សើរើ​ដី​សម្បទាន​នៃ​ក្រុម​ហ៊ុន​ប្រទេស​ជិត​ខាង និង​បញ្ហា​អន្តោ​ប្រវេសន្ដ​ខុស​ច្បាប់​ជាដើម។

ដោយឡែក ប្រធានក្រុមឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បានហៅច្បាប់នេះថា​មាន​ខ្លឹមសារ​បង្កប់​នូវគោល​ដៅ​អវិជ្ជ​មាន ផ្ទុយ​ពី​គោល​ការណ៍​ប្រជាធិប​តេយ្យ មិន​ស្រប​ស្មារតី​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ដែល​ជា​ច្បាប់កំពូល​របស់​ជាតិ។

លោកថា អ្នក​ធ្វើច្បាប់​នេះ មាន​ចរិ​ត​បំបែក​បំបាក់​ស្មារតីជាតិខ្មែរ និង​ខ្មែរ បង្ក្រាប​អ្នក​ប្រជាធិបតេយ្យ​មា​ន​បំណង​ដាក់​ទោសទណ្ឌ​ដល់​អ្នក​ប្រឆាំង​នឹង​ទិវា ៧​មករា ដែល​ជា​ថ្ងៃ​រំឭក​ដល់​ការ​ឈ្លាន​ពាន​របស់​វៀត​ណាម កាល​ពីឆ្នាំ​១៩៧៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ