ការផលិតគ្មានកិច្ចសន្យា​ជាមុន​ធ្វើឱ្យកសិករ​ជាប់​អន្ទាក់​បំណុល​វណ្ឌក​តជំនាន់

ការដែលឈ្មួញអាច​ទម្លាក់តម្លៃកសិផល​តាមទំនើងចិត្ត នារដូវប្រមូល​ផល​ច្រើន​ទសវត្សរ៍ ធ្វើ​ឱ្យ​កសិករជាប់​ផុង​ក្នុង​អន្ទាក់​បំណុល​តជំនាន់​នោះ បណ្តាល​មក​ពី​កត្តាធំ​ៗ​៤ ក្នុង​នោះ​រួម​ទាំង​កង្វះ​ឆន្ទៈ​របស់​ស្ថាប័ន​រដ្ឋ ក្នុង​ការ​ជំរុញ​ឱ្យ​ឈ្មួញ​ចុះ​កិច្ច​សន្យា​តំណត់​តម្លៃ​កសិផល​ជាមុន ជាមួយ​កសិករ​មុន​ធ្វើការ​ផលិត។

មក​ទល់​ពេល​នេះ ក៏​ដូច​ឆ្នាំមុនៗ​ដែរ ឱ្យ​តែ​ដល់​រដូ​វប្រមូល​ផល​ស្រូវ និង​ដំឡូង​មី​ជា​ដើម គេ​តែង​តែ​ប្រទះឃើញ​កសិករ បង្ហោះ​វីដេអូ ត្អូញ​ត្អែរ​ពី​តម្លៃ​កសិផល​ចុះ​ថោក តាម​មាត់​ឈ្មួញ ធ្វើឱ្យ​​ពួក​គេ​ខាត​បង់ ជំពាក់បំណុល​ធនាគារ​រើ​ខ្លួន​មិន​រួច​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

ទុក្ខ​លំបាក ដែល​បាន​កើត​ឡើង​លើ​កសិករ​ច្រើន​ឆ្នាំ​ទៅ​នេះ គេ​ហាក់​មិន​ជឿ​ទាល់​តែ​សោះ បើ​គេ​ក្រឡេកទៅ​មើល​ការ​ប្តេជ្ញា​ចិត្ត​ជា​ចម្បង របស់​រដ្ឋាភិបាល​ចាស់ និង​រដ្ឋាភិបាល​ថ្មី ដែល​បាន​ដាក់​ចេញ​ក្នុង​គោល​នយោបាយ​​ជាអា​ទិភាព​របស់​ខ្លួន​នោះ។

ជាក់ស្ដែង នៅក្នុងផែនការយុទ្ទសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ​២០១៩-២០២៣ រដ្ឋាភិបាល​ចាស់​របស់​លោក ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ជា​ច្រើន ដើម្បី​ជួយ​កសិករ​ក្នុង​ការ​ផ្តល់​សេវា​បច្ចេក​ទេសកសិកម្ម កាត់​បន្ថយ​ថ្លៃដើម។

គោលនយោបាយនោះ សំដៅដល់ការពង្រឹងគុណភាព​នៃធាតុចូល​កសិកម្ម ការ​លើក​កម្ពស់​ឧស្សាហ​កម្មកែ​ច្នៃ ជំរុ​ញ​ឱ្យ​មាន​ការ​វិនិយោគ​ឯកជន​លើ​កសិផល​ ដែល​មាន​សក្ដានុពល ដូច​ជា ស្រូវ ដំឡូងមី ស្វាយ ស្វាយចន្ទី ចេក កៅស៊ូ បន្លែ ជាដើម។ បន្ថែម​ពី​នេះ មាន​ការ​និយាយ​ផង​ដែរ ពី​ការ​រៀប​ចំ​បង្កើត​ទីផ្សារ​បោះ​ដុំ បន្ត​ជំរុញ​ការអភិវឌ្ឍ​ជន​បទ​ឲ្យ​រស់រវើក ផ្លូវ​ជនបទ ប្រព័ន្ធ​ធារា​សាស្ត្រ​ខ្នាត​តូច ប្រព័ន្ធ​អគ្គិសនី ជាដើម។

បន្ថែមពីនេះ រដ្ឋាភិបាលថ្មី នីតិកាលទី៧នេះ ក៏បាន​​ដាក់​ចេញ​គោល​នយោបាយ សំដៅ​ទៅ​ដល់​ការ​លើក​កម្ពស់​ជីវភាព​​កសិករ​ដែរ។ កម្មវិធីគោលនយោបាយ​អាទិភាព​ចំនួន៦ ដែល​បាន​ដាក់​ចេញ​កាល​ពី​ថ្ងៃ​ទី២៤ ខែ​តុលា ឆ្នាំ​២០២៣ ដែល​មាន​ផង​ដែរ​ត្រង់​ចំនុច​ទី៥ និង​ទី៦។

រដ្ឋាភិបាលថ្មី បាន​អះអា​ង​ថា ការ​ដាក់​ចេញ​នេះ «សំដៅ​លើក​ស្ទួយ​ផលិតកម្ម, រក​ទីផ្សារ និង​រក្សាលំនឹងថ្លៃកសិផល​សំខាន់ៗ ក្នុង​កម្រិត​សមរម្យ ការ​ដាក់​ពង្រាយ​មន្ត្រី​បច្ចេក​ទេស​កសិកម្ម​ទៅគ្រប់​ឃុំសង្កាត់  ដែលមាន​សកម្ម​ភាព​កសិកម្ម​នៅ​ទូទាំង​ប្រទេស និង​ការ​រៀបចំ​ឱ្យ​មានសមាគម​​កសិករ​នៅ​តាម​ទី​ជនបទ»។

ប៉ុន្តែបើគេសង្គេតពីបញ្ហាជា​ក់​ស្តែង​របស់​កសិករ​វិញ ហាក់​មិន​ទទួល​បាន​ផល​ពី​កម្ម​វិធីនយោ​បាយ​របស់​បក្ស​កាន់​អំណាច ទាំង​រដ្ឋាភិបាល​ចាស់ និង​រដ្ឋាភិបាល​​បន្ត​វេន​នេះ​ទេ។

គិត​ត្រឹមខែមករា ឆ្នាំ​២០២៥​នេះ ប្រជាកសិករ​នៅ​បណ្តា​ខេត្ត​មួយ​ចំនួន រួម​ទាំង​ខេត្ត​ជាប់​ព្រំដែនវៀត​ណាម និង​ខេត្ត​ជាប់​ព្រំដែន​ថៃ បាន​បង្ហោះ​វីដេអូ​ជា​បន្ត​​បន្ទាប់​ត្អូញ​ត្អែរ​ពី​តម្លៃ​ស្រូវ និង​ដំឡូង​មី​ចុះ​ថោក តាម​មាត់​ឈ្មួញ ធ្វើ​ឱ្យ​ពួក​គេ​ខាត​បង់ ប្រឈម​នឹង​វិបត្តិ​បំណុល។

ដោយឡែក កសិករនៅខេត្តឧត្តរមានជ័យ កន្លង​ទៅ បាន​អះអា​ង​ថា តម្លៃ​ដំឡូង​មី បាន​បន្ត​ធ្លាក់ចុះ ដោយ​ថា ដំ​ឡូង​មីស្រស់​ក្នុង​១គីឡូ​ក្រាម មានត​ម្លៃច​ន្លោះពី​ ១៨០ ទៅ​២២០​រៀល រីឯ​ដំឡូងមី​ក្រៀម មាន​តម្លៃ​ចន្លោះ​ពី ៥៥០ ទៅ ៦៥០​រៀល​ក្នុង​១គីឡូ​ក្រាម ធ្វើ​ឱ្យ​ពួក​គេ​ខាត​បង់ ដែល​ហ្វេស​ប៊ុក​ឈ្មោះ ប្រាក់ វិសាល និយាយថា ១០ហិកតា ពួក​គាត់​ខាត​អស់​បា្រក់​ប្រហែល ១ម៉ឺន​ដុល្លារ។

បន្ថែម​ពីនេះ លោក អ៊ុង សេរីវុទ្ធ ដែលគេស្គាល់ថា ជាគ្រូបង្រៀន​នៅ​ខេត្ត​កំពត បាន​ធ្វើ​វីដេអូផ្សព្វ​ផ្សាយតា​ម​បណ្ដាញ​​សង្គម សម្ដែង​នូវ​ការ​ខក​ចិត្ត​ចំពោះ​តម្លៃ​ស្វាយ​កែវ​រមៀត​ ដែល​លោកដាំ​បាន​មាន​តម្លៃ​ថោក​ពេក។

បញ្ហានេះ លោក​សម្រេចចិត្ត​មិន​លក់​ឱ្យ​ឈ្មួញ​សម្រាប់​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស ដោយ​សុខ​ចិត្តបេះ​​យក​ទៅ​បរិច្ចាក​ឱ្យ​មណ្ឌលកុ​មារ​កំព្រា និង​អ្នក​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ព្រម​ទាំង​ស្វះ​ស្វែងលក់​រាយ​ដោយ​ខ្លួន​ឯង​នៅ​ក្នុង​ស្រុក ដើម្បី​បាន​ថ្លៃ​ដើម​មក​វិញ​ខ្លះ។

មិនមែនជារឿងថ្មីទេ ព្រោះកាលពី​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ កន្លង​ទៅ គេ​ក៏​ឃើញ​វីដេអូ​ដែលបង្ហាញ​អំពី​គំន​រ​ស្វាយ​​​កែវ​រមៀត ​ដែ​ល​កសិករ​យក​ទៅ​ចាក់​ចោល​នៅ​តាម​ផ្លូវ​ផង​ដែរ។

លោក ប្រ៉ុក ប្រ៉ម អ្នក​ដាំដំឡូង​មី​ម្នាក់​នៅ​ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរមាន​ជ័យ បាន​ប្រាប់​សារព័ត៌​មាន​ក្នុង​ស្រុក​ថា តម្លៃ​ដំឡូង​មី​បច្ចុប្បន្ន​ ត្រូវបាន​ឈ្មួញ​ប្រមូល​ទិញ​ចន្លោះ​ពី​១៨០​រៀល ទៅ២០០​រៀល ក្នុង១​គីឡូក្រាម អាស្រ័យ​ទៅ​តាម​តំបន់ ខណៈ​ដែល​តម្លៃ​នេះ មិន​អាច​ផ្តល់​ប្រាក់ចំណេញ​ដល់​កសិករ​នោះ​ទេ។

វិបត្តិនេះ ត្រូវបានកសិករ អះអាងថា កំពុងគំរាម​កំហែង​ជីវភាព​ពួក​គេ ឱ្យ​ជាប់​បំណុល​វណ្ឌក ជំរុ​​ញឱ្យ​ពួក​គេ​ខ្លះ​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក​ទាំង​គ្រួសារ​ ប្រថុយ​នឹង​គ្រោះ​ថ្នាក់​ដើម្បី​ដោះ​បំណុល​។

ខ្លះធ្វើចំណាកស្រុកទាំងប្រថុយនឹងគ្រោះថ្នាក់ ខ្លះ​លក់​ដី​ស្រែ ខ្លះ​លក់​ផ្ទះ ដើម្បី​យក​លុយ​សងធនាគារ​​ដែល​ពួក​គេ​បាន​ខ្ចី។ នេះបើ​យោ​ងតា​ម​ឃ្លីប​វីដេអូ​ដែល​បាន​បង្ហោះ​ជា​សាធារណៈ កាលពី​ថ្ងៃ​ចន្ទ ទី១៣ ខែមករា ឆ្នាំ២០២៥

យ៉ាងណា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ថ្លែងពីខេត្តពោធិ៍សាត់ អំឡុង​ខែមករា ឆ្នាំ២០២៥​នេះ​ថា តម្លៃ​កសិផល​ឡើង​ចុះ មិន​មែន​កើត​មាន​តែ​នៅ​កម្ពុជា​ទេ។ តែ​យ៉ាង​ណា លោក​ធានាដោះ​ស្រាយ​បញ្ហា​នេះ ដោយ​អំពាវ​នាវ​ឱ្យ​កសិករ​ជឿ​លើ​សមត្ថភាព​រដ្ឋាភិបាល។

លោកថា៖ «បងប្អូនប្រជាពលរដ្ឋ រួមទាំង​កសិករ​របស់​យើង​ សូម​ទុក​ចិត្ត​រដ្ឋា​ភិបាល​ រដ្ឋាភិបាល​មិ​ន​នៅ​ឱប​ដៃ​ទុក​ឱ្យ​បង​ប្អូន​វេទនា​នោះ​ទេ យើង​ខិត​ខំ​ដោះ​ស្រាយ​វា​បន្ត​បន្ទាប់ »។

បញ្ហា​គ្មាន​​ទីផ្សារ​ សម្រាប់​​លក់​ផលិតផល​​​កសិកម្ម​​ក្នុង​តម្លៃ​​សមរម្យ​​នេះ ត្រូវ​​បាន​​​អ្នក​​​ជំនាញ​​ពាក់​ព័ន្ធ​ ​​​បាន​លើក​ឡើ​ង​​​ថា បាន​ក្លាយ​​​​​ទៅ​​​ជា​វិបត្តិ​សង្គម​​​ធំ​មួយ​ ដែល​​ធ្វើ​​ឱ្យកសិករខ្មែរ ​ធ្លាក់​​ខ្លួន​ជំ​ពាក់​​​​​​បំ​ណុ​ល​​ធនាគារ។

របាយ​ការណ៍​ការសិក្សាមួយ​ដែល​ផ្សាយ​កាល​ពី​ឆ្នាំ​២០២២ ដែល​ផ្តល់​មូល​និធិ​ដោយ​ក្រសួងសហព័ន្ធ និង​ស​ហប្រតិបត្តិ​ការ​សេដ្ឋ​កិច្ច​របស់​រដ្ឋាភិបាលអា​ល្លឺម៉ង់ ដែល​ជា​អ្នក​ផ្តល់​មូល​និធិឈាន​មុខ​គេមួយ​របស់​ឧស្សា​ហកម្ម​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ បាន​ឱ្យដឹ​ង​ថា ពលរដ្ឋ​កម្ពុជាប្រមាណ​ជាង ១សែន​៦ម៉ឺន​​គ្រួសារ បានលក់ដីធ្លី ដើម្បី​សង​បំណុល​ក្នុង​រយៈ​ពេល​​៥ឆ្នាំ​ចុងក្រោយ​នេះ។

យ៉ាង​ណា ថ្មីៗនេះ លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បាន​អះអាង​ថា អាទិភាព​សម្រាប់​ឆ្នាំ​២០២៥ គឺ​ការ​បង្កើន​គុណ​ភាព​ផលិត​កម្ម​សម្រាប់ទីផ្សារ និង​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិតកម្ម ដើម្បី​​បង្កើន​​ប្រាក់​ចំណូល​ដល់​កសិករ និង​បន្ត​រក្សា​ស្ថិរភាព​នៃ​តម្លៃ​ស្បៀង​អាហារ​ចាំបាច់​ សម្រាប់​ប្រជាជន​ទាំង​អស់។

ការ​បន្សល់​​ទុក​នូវ​​វិបត្តិ​​​ទីផ្សារ​ លក់​​ផលិតផល​​កសិកម្ម​​ច្រើនឆ្នាំទៅនេះ រងការរិះគន់ថា មេដឹកនាំបក្សកាន់អំណាច មិនត្រឹម​តែបរាជ័យ​​នូវ​​ការ​​អនុវត្ត​កម្មវិធី​នយោបាយ ដែល​បា​​នដាក់ចេញ ពី​ការ​​លើក​​កម្ពស់​​ជីវភាព​​កសិករ​ប៉ុណ្ណោះ​ទេ​ វា​ថែម​ទាំង​​​​មិន​​បាន​​​បំពេញ​កាតព្វ​កិច្ច​តប​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ​ផង​ដែរ។

​មាត្រា៦២និង ៦៣ នៃ​រដ្ឋធម្មនុញ្ញ​ ចែង​ថា រដ្ឋ​យកចិត្ត​ទុកដាក់​ជួយ​ដោះ​ស្រាយ​​មធ្យោបាយ​ផលិត ការ​ពារ​ថ្លៃ​ផលិត​ផល ជូនកសិករ សិប្បករ និងជួយ​រក​ទីផ្សារ​លក់​ផលិតផល។ រដ្ឋ​យកចិត្ត​ទុក​ដាក់​​គ្រប់​គ្រង​ទីផ្សារ ជួយ​ឱ្យ​ជីវភាព​រស់​នៅ​​របស់​ប្រជាពលរដ្ឋ មាន​កម្រិតសមរម្យ។

សម្រាប់ ទីប្រឹក្សាបច្ចេកទេសអង្គការសាមគ្គីភាព​កសិករ លោក ឌី គន្ធា បាន​ពន្យល់ថា ជំងឺកសិករ​នេះ មកពីបញ្ហាចម្បង​៤ ក្នុងនោះមានទាំង ឈ្មួញធំៗ​ទាំងក្នុង និង​ក្រៅប្រ​ទេស បានព្រម​ព្រាង​គ្នា កំណត់​តម្លៃ​ទីផ្សារ​ជា​ស្រេច រវាង​ក្រុម​ហ៊ុន​ធំៗ និង​ភ្នាក់​ងារ​ដើរ​ប្រមូល​ទិញ។

លោក​បន្ត​ថា រឿង​នេះ​គឺ​មក​ពី​កសិករ​ផលិត​ដោយ​គ្មាន​កិច្ច​សន្យា​ជាមួយ​ឈ្មួញ​ជាមុន ដោយមិន​មាន​លទ្ធភាព​ចរចា​អំពី​តម្លៃ​ដែល​សម​ស្រប និង​អាច​ទទួល​យក​បាន​ជាមុន កម្សោយអភិ​បាល​កិច្ច និង​ឆន្ទៈ​នយោបាយ។

មួយវិញទៀត លោកថា មក​ពី​កសិករ​ភាគ​ច្រើន ខ្ចី​លុយ​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ មកធ្វើ​ជា​ដើម​ទុក​ប្រកប​របរ​កសិកម្ម នៅពេលទ​ទួល​ផល​មិន​គ្រប់​ការ​ចំណាយ ធ្វើ​ឱ្យ​កសិករ​ចេះតែខាត​បង់ ជួបវិបត្តិបំណុល​វ័ណ្ឌក ហើយ​ថា ជំងឺ​នេះ​នឹង​គំរាម​កំហែង​ជីវិត​កសិករ​ខ្មែរ​ច្រើន​ឆ្នាំទៀត បើ​រដ្ឋ​ខ្វះសមត្ថភាព​ព្យាបាល ។

លោកថា៖ «បើសិនជារដ្ឋាភិបាល មិនមានផែនការ​ប្តេជ្ញា​ចិត្ត ឬយន្តការ​ដោះស្រាយ ដើម្បីបង្កើត​​​ជា​​ដុកទ័រ​សង្គម​ទៅ​ព្យាបាល​​ជំងឺ​កសិករ​​ទេ ផលប៉ះពាល់ទី១ កសិករគាត់នឹ​ងប្រឈមមុខ​បំណុលវ័ណ្ឌ​ក ទី២សមាជិក​របស់​គាត់​​នឹ​ង​​ប្រឈម​​មុខ​​នឹង​​ការ​​ចំណាក​​ស្រុក ទី៣សមាជិករបស់គាត់នឹង​ប្រឈម​មុខ​ការ​បោះបង់​ការ​សិក្សា​ ទី​៤ គាត់​នឹង​ប្រមុខ​កា​រលក់ទ្រព្យសកម្មរបស់គាត់ដើម្បីទូទាត់បំណុល»។

លោកផ្តល់យោបល់ថា ដើម្បីដោះស្រាយវិបត្តិនេះ រដ្ឋាភិបាល​ត្រូវតែពិនិត្យមើលឡើងវិញ នូវគុណ​តម្លៃពិតនៃគោល​នយោបាយ​ ស្ដីពី ផលិត​កម្ម​ដំឡូង​មី និង​ស្រូវ និង​ទីផ្សារ​គាំទ្រ ដំណាំដំឡូង​មី និង​ស្រូវ​របស់​កសិករ ថា​តើគោ​លន​យោបាយ​ទាំង​អស់​នោះ​ មាន​ឥទ្ធិពល​កម្រិត​ណា ក្នុង​ការ​លើក​ទឹក​ចិត្ត ដល់​កសិករ​កម្ពុជា ដែល​ប្រកប​មុខ​របរ​នេះ។

រដ្ឋត្រូវតែប្ដេជ្ញាចិត្ត និងមានឆន្ទៈនយោបាយខ្ពស់ ក្នុងការធានា​ថា ទោះ​បី​កាលៈ​ទេសៈ ឬ​រូប​ភាពណា​ក៏​ដោយ គឺ​រដ្ឋ​ត្រូវ​ធានា​តម្លៃ​ទីផ្សារ​ផលិត​ផល​ស្រូវ ឬ​តម្លៃ​ដំឡូង​មី​របស់​កសិករ​ឱ្យ​លក់​បានតម្លៃ​សមរម្យ បើធៀប​ទៅនឹ​ង​ថ្លៃ​ចំណាយ​​ថ្លៃដើម។

ទី២ រដ្ឋត្រូវពង្រឹងតួនាទីគណៈក​ម្ម​ការ​ជាតិ​ទទួល​បន្ទុក​ផ្នែក​ធ្វើ​ផលិត​កម្ម​តាម​កិច្ច​សន្យា ទាំងនៅ​ថ្នាក់​ជាតិ និង​ថ្នាក់​​ក្រោម​ជាតិ គឺ​ត្រូវ​ធ្វើ​ការ​សម្រប​សម្រួល​ឱ្យ​មាន​ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា រវាង​តួអង្គ​វិស័យ​ឯកជន ជា​ឈ្មួញ​កណ្ដាល​ធំៗ ដែល​ប្រមូល​ទិ​ញ​នៅ​ក្នុង​ស្រុក និងឈ្មួញ​ដែល​ប្រមូល​ទិញ​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ជិត​ខាង ជាមួយ​តំណាង​កសិករ ជាពិសេស​ គឺ​ត្រូវ​មើល​គំរូ​រដ្ឋាភិបាល​ប្រទេស​ជិត​ខាង ដូចជា វៀត​ណាម និ​ង​ថៃ ក្នុង​ការ​រក្សា​តម្លៃទីផ្សារ​កសិផល​ជូន​កសិករ​របស់​គេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ