អ្នកឃ្លាំមើលជំរុញ​ឱ្យទប់ស្កាត់​ក្រុមឧក្រិដ្ឋជន​ចិន​រួម​ទាំង​បទ​ឃាតកម្ម​លើ​ស្ត្រី​ខ្មែរ

ករណីឧក្រិដ្ឋជនចិនរួមដៃគ្នាសម្លាប់ស្ត្រីខ្មែរ​យកទៅកប់ក្នុងដី​ខ្សាច់ ដើម្បីបំបាត់​ដាន​ដែល​បានកើតឡើងនៅ​រាជធានីភ្នំពេញ នាពេលថ្មីៗនេះ​ ជំរុញឱ្យមាន​​ការលើកឡើងពីការគំរាម​កំហែងកម្ពុជា ជុំវិញបញ្ហាអសន្តិ​សុខ​​សង្គម​ ​ដែល​នឹង​នាំទៅដល់ការភ័យ​ខ្លាច ​ប៉ះ​ពាល់​ដល់​​សេដ្ឋកិច្ច និងមុខ​មាត់រដ្ឋាភិបាល​​ បើមិនមាន​​ការ​ទប់ស្កាត់បន្ទាន់ទេនោះ។

ការជំរុញពីសំណាក់​មន្ត្រីបក្សប្រឆាំង និង​សង្គមស៊ីវិល​នេះ ចំពេលដែលកម្ពុជារងការរិះគន់ថា បានក្លាយជាជម្រកពួកឧក្រិដ្ឋជន គំរាមកំហែង​​​​ទាំងសន្តិសុខ​​ជាតិ បង្កការភ័យខ្លាចដល់ភ្ញៀវទេស​ចរ​បរទេស អ្នកនិយោគ និង​ជីវភាពរស់​នៅពលរដ្ឋជាម្ចាស់ប្រទេសជាដើម។

កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥នេះ សមត្ថកិច្ច​កម្ពុជា បាន​​បំបែក​សំណុំ​រឿង​ឃាតកម្ម​ សម្លាប់​នារីខ្មែរម្នាក់ ពីសំណាក់ជនជាតិ​ចិន​ រួចយកសពកប់ក្នុងដីខ្សាច់​ ​នៅ​ក្បែរ​ផ្សារទំនើប​អ៊ី​អន​៣ ក្នុង​​សង្កាត់​ជើង​​ឯក ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ ដោយ​សមត្ថកិច្ច​បានចាប់ខ្លួនជនសង្ស័យ ២នាក់ ជាជនជាតិ​​ចិន ក្នុងនោះមាន​ឈ្មោះ CHEN CONG អាយុ​៣០ឆ្នាំ ជា​​សង្សារ​នារី​រង​គ្រោះ និង​ឈ្មោះ​ LI HAOHAO ភេទប្រុស ​អាយុ​៣៤ឆ្នាំ។​ នេះ​​បើតាមការ​ផ្សព្វ​ផ្សាយ​​​ក្នុង​​​ទំព័រហ្វេ​​សប៊ុក​របស់​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ។

ប្រភពដដែល បន្តថា​​ ក្រោយពីការសាកសួរជនសង្ស័​យជនជាតិ​ចិន​​​ទាំង ២នាក់​នោះ គឺពួកគេ​​បានសារភាពថា ពួក​គេ​​ពិតជា​បាន​ចូល​រួម​ក្នុង​សកម្ម​ភាពសម្លាប់​​​នារី​ជន​រង​គ្រោះនោះ​មែន កាល​​​ពី​យប់​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ២០២៥ ដោយ​មានឈ្មោះ YANG KAIXIN ភេទប្រុស អាយុ​២៦​ឆ្នាំ ជាជនជាតិចិន ដែល​កំពុង​​រត់​គេច​ខ្លួន ជា​អ្នក​រៀប​ចំ​គម្រោង​​​សម្លាប់នារីជនរគ្រោះ ដោយមូលហេតុនារីរងគ្រោះបានដឹងរឿងសង្ងាត់របស់ពួកខ្លួន។

ការ​ឈាន​ទៅ​ដល់​បំបែកសំណុំរឿង​ឃាតកម្មនេះ ដោយ​សារ​តែម្តាយ​នារីរងគ្រោះ បាន​ដាក់ពាក្យ​បណ្តឹងទៅ​កាន់​នាយក​​ដ្ឋាន​នគរ​បាល​ព្រហ្ម​ទណ្ឌ ​កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ពាក់ព័ន្ធ​ករណីបាត់កូនស្រី​របស់គាត់ ឈ្មោះ ហេង សៀវលី អាយុ១៨ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យ​​ទាំង ២នាក់ និង​វត្ថុ​តាង​ដែល​ដក​ហូត​បាន ត្រូវ​បាន​នាយកដ្ឋាន​បញ្ជូន​​ទៅ​​កា​ន់​​សាលាដំបូង​រាជធានីភ្នំពេញ ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិវិធី។

ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌនៃអគ្គស្នងការ​នគរបាល​ជាតិ​​ លោក ង៉ែង ជូ នៅ​ថ្ងៃអង្គារ​នេះ បានបដិសេធ​​ផ្តល់ព័ត៌មានលម្អិត​ជុំវិញឃាតកម្មនេះ ដោយសារ​នៅមាន​មេខ្លោង​ជនជាតិ​ចិន​ម្នាក់ទៀត ដែលសមត្ថកិច្ច​កំពុង​ស្រាវជ្រាវតាមរកចាប់ខ្លួន។ ​

លោកថា៖ «ដោយសារ​នៅមុខសញ្ញាមួយទៀត អីចឹង​ខ្ញុំអត់ទាន់ឆ្លើយ​បានទេណា ចាំឱ្យវា​ចប់សព្វគ្រប់អស់ ចាំឱ្យ​អ្នក​នាំ​ពាក្យគាត់​ឆ្លើយតបជាមួយនឹង​​​អ្នកសារព័ត៌មាន»។

ជុំវិញបញ្ហានេះ អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរិទ្ធ សង្កេតឃើញថា នា​ពេល​បច្ចុប្ប​ន្ន​​​នេះ មានករណីអសន្តិ​សុខ​សង្គម បានកើតឡើង​ជាហូរ​ហែរ​​ដែលបង្ក​ឡើង​ដោយ​ជនបរទេស ក្នុងនោះភា​គច្រើ​នជាជន​ជាតិ​ចិន ដូចជា​ ករណីឃាត​កម្ម ហិង្សា ការប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​បាញ់ប្រហារគ្នាតាមទីធ្លា​សា​ធារណៈ ការ​ចាប់ជំរិត និង​​​ការ​ឆបោក​តាមអនឡាញជាដើម។ ចំណែក​ឯការ​បង្ក្រាប​វិញ លោក​ថា ហាក់​ដូចជា​បាន​​តិច​តួច និង​​មិន​​ទាន់​​​មាន​​ប្រសិទ្ធិ​ភាពនៅឡើយ។

ក​រណីនេះ លោកជំរុញឱ្យមានការ​ពិនិត្យឡើង​វិញ និង​ធ្វើការ​ស៊ើបអង្កេត​ថាតើបញ្ហាដែលបានកើត​ឡើង​ទាំ​ង​​​នោះ​​​មាន​​មន្ត្រី​ចូលទៅពាក់ព័ន្ធទេ? ហើយ​មួយទៀត ត្រូវ​ធ្វើយុទ្ធនាការ​ផ្សព្វ​ផ្សាយ​​​​​ឱ្យបាន​ទូលំទូលាយពី​បញ្ហា​​ឧក្រិដ្ឋ​កម្ម​ទាំងនោះ ទៅ​​ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស​ ដើម្បីឱ្យពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន។

លោក អ៊ូ ច័ន្ទរិទ្ធិ ​បន្តថា បើបញ្ហានេះ​មិន​ត្រូវ​បាន​ទប់ស្កាត់​ទាន់​ពេល និងមានប្រសិទ្ធិភាពទេ​ នោះ​នឹង​បង្កឱ្យ​មាន​ផល​ប៉ះ​ពាល់​ដល់ការ​រស់នៅរបស់ពលរដ្ឋ ប៉ះពាល់ដល់វិស័យ​ទេស​ចរណ៍ ការ​វិនិយោគ សេដ្ឋកិច្ច​ជាតិ និង​មុខមាត់​របស់​រដ្ឋាភិបាល​ផង​ដែរ។

លោកថា៖ «ដូច្នេះបើការ​ទប់ស្កាត់នេះ​​វាមិន​មានបញ្ហាទេ[មិនមានប្រសិទ្ធភាព​​ទេ​] វាធ្វើឱ្យប៉ះពាល់ដល់​ប្រជា​​ពលរដ្ឋខ្មែរហ្នឹង ទាំង​សេដ្ឋកិច្ចផងដែរ ទាំងសន្តិ​សុខក្នុង​​ការ​រស់​នៅ ទាំង​សេដ្ឋកិច្ច​ ហើយ​វា​ប៉ះ​ពាល់ដល់​មុខ​មាត់រាជ​រដ្ឋាភិ​បាលហ្នឹង​ ជាពិសេស​​ភ្ញៀវទេស​ចរ យើង​ដឹង​​ហើយ​ប៉ុន្មាន​ឆ្នាំ​មក​នេះ មានការ​ផ្សព្វ​ផ្សាយ​​​ច្រើន​ ពីរឿង​ឧក្រិដ្ឋ​កម្ម​អន​ឡាញ មានការ​ចាប់ជំរិត មានការ​ប្រើ​ប្រាស់អំពើ​ហិង្សាអីជាដើម​​ នៅតាមដងផ្លូវតាមអីចឹង​​ មានការ​បាញ់បោះអីចឹង រួមទាំងក្មេង​ក្មាំង​​ទំនើង​ ក្មេង​អីក្នុង​ស្រុក​ផងដែរ​ ឃើញមួយរយៈមុន​ មានការ​បង្ក្រាបច្រើន ហើយ​នៅ​​តែបន្ត​ចឹង​​ជា​ហូរ​ហែរ»។​

ចំណែក អ្នកនាំពាក្យសមាគម​ការ​ពារសិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី មាន​ប្រសាសន៍​​​ថា កាលណា​​ប្រទេស​​​មួយ មាន​​អសន្តិ​សុខសង្គម​​​​កើត​ឡើង​ច្រើន វាមិនមែន​ជា​ចំណុច​​ល្អ​របស់ប្រទេស ឬអ្នក​​ដឹកនាំនោះ​ទេ ព្រោះបញ្ហានេះ វា​បាន​បង្ក​ឱ្យ​ផលប៉ះពាល់​ដល់​ការ​រស់​នៅរបស់ប្រជាពលរដ្ឋ បង្កការ​ភ័យខ្លាចដល់អ្នក​ទេស​​​ចរ និង​អ្នកវិនិយោគ​ជាដើម។ ត្រង់នេះ​ហើយ លោកថា ប្រទេស​និមួយៗ ត្រូវ​តែធានា​ឱ្យ​បាន​ពីបញ្ហា​​សន្តិ​សុខ​ សុវត្ថិ​ភាពជូន​ប្រជា​ពលរដ្ឋ​របស់ខ្លួន និង​ភ្ញៀវបរទេស​។

លោក​បន្តថា ចំពោះករណីឃាត​កម្ម​ទៅ​​លើ​​នារីរងគ្រោះខ្មែរ ពីសំណាក់ជនជាតិ​ចិន​នេះ ក៏ដូចជា​ករណីឧក្រិដ្ឋ​កម្ម និង​បទល្មើស​ផ្សេង​ៗ​ ដែលបង្ក​ដោយជន​បរទេស​នេះ​ សមត្ថ​កិច្ច​ត្រូវ​តាម​ចាប់​​មេខ្លោងយកមកផ្តន្ទាទោស​​ឱ្យ​បាន និង​​ត្រូវ​ស៊ើបអង្កេត​ទៅដល់​ឬសគល់នៃបញ្ហា​ ដើម្បី​ធានា​​​​​សុវត្ថិ​ភាព​សង្គមឡើង​វិញ ក៏ដូចជាផ្តល់​នូវ​យុត្តិធម៌ដល់​ជន​រង​​គ្រោះ។

លោក យិន ម៉េងលី បន្ថែមថា៖ «យើង​​ឃើញថា អំពើល្មើសកើត​ឡើង​ជាបន្តបន្ទាប់ ដូចជា​មានក្រុម​​​​ឧក្រិដ្ឋ​ជន​ខ្លះ ​​មានទាំង​កាំភ្លើង​ទាញចេញពីសណ្ឋាគារ​មកដេញ​បាញ់ដេញអី​ស្រស់ៗហ្នឹង​​ អីចឹង​​ពេលដែលយើងបង្ក្រាប យើងមិន​មែន​ត្រឹម​តែបង្ក្រាប​​ទៅលើ​ការ​ប្រើប្រាស់អាវុធ​ខុសច្បាប់ មិន​មែនត្រឹម​តែ​បង្ក្រាប​​លើអំពើ​ឃាតកម្ម​ សួរថា​តើ​អ្នកទាំងអស់​ហ្នឹង​បាន​អាវុធមក​ពី​ណា​ទៅ រកឬសគល់នៃបញ្ហាអស់ហ្នឹង។ បើសិនជាយើង​គ្រាន់តែបង្ក្រាប​ទៅលើ​រឿង​ឃាត​កម្ម​​ ដែល​យើង​មើលឃើញ​ហើយ​យើង​អត់​រកអ្វីដែលនៅពីក្រោយ​ហ្នឹង​​ អំពើអសន្តិ​សុខនេះវាអត់ថយចុះទេ អាកា​រ​ដែលប្រព្រឹត្តបទល្មើសដែលមាន​អាវុធនេះ ដែលវាធ្វើឱ្យ​មាន​​ការ​ប៉ះពាល់​ហ្នឹង​​ អីចឹង​​ការស៊ើបអង្កេត​ត្រូវ​លាត​ត្រដាង​ ត្រូវពង្រីក​ការ​ស៊ើបអង្កេត​ឱ្យបានគ្រប់ជ្រុង​ជ្រោយ ពាក់ព័ន្ធទៅ​​​នឹងបញ្ហា​​​រឿង​ឃាតកម្ម ក៏ដូចជាការ​ឆបោក​​​តាមអនឡាញដែរ បើ​យើងគ្រាន់តែ​បង្ក្រាប​នៅចំពោះមុខ អីចឹងវា​អត់បំបែកបាន អ្នកហ្នឹង​គេចពីកន្លែងមួយទៅកន្លែងមួយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ