ពលករថាការតវ៉ា​ដោយរ​លូន​នៅ​កូរ៉េ​ជា​ភាព​អាម៉ាស់​មេដឹក​​នាំ​គ្មាន​ឆន្ទៈ​ការ​ពារ​ទឹក​ដី

តំណាងពលករអះអាងថា បាតុកម្មលើទឹ​ក​ដី​ប្រទេស​កូរ៉េខាង​ត្បូង​​ បាន​ដំណើរកា​រ​ទៅ​ដោយ​រលូន គ្មាន​ការ​គំរាម​វាយខ្នោះ​ពី​អាជ្ញាធរ​កូរ៉េ ដូច​ការ​គំរាម​របស់​ឯក​អគ្គរាជ​ទូត​ខ្មែរ​នោះ​ទេ ដែល​ការណ៍​នេះ រង​ការ​រិះ​គន់​ថា ជា​ភាពអាម៉ាស់​នៃ​ប្រព័ន្ធ​ដឹក​នាំ​គំរាម​ឆ្លង​ដែន​របស់​គ្រួសារ​ហ៊ុន។

អនុប្រធានផ្នែកព័ត៌មានរៀបចំបាតុកម្ម លោក អន ចាន់​​ថន ប្រាប់ VOD ​​នៅ​ថ្ងៃ​ទី​៤ ខែ​​មិនា​​​នេះ​​ថា បាតុកម្មនេះ​ គ្មាន​ការ​រារាំង​ណាមួ​យ​ពី​ប៉ូលីស​កូរ៉េ​នោះ​ទេ។ លោកថា តែផ្ទុយទៅវិញ អាជ្ញាធរ​កូរ៉េ និង​ពលរដ្ឋ​កូរ៉េ បាន​លើក​ទឹក​ចិត្ត​ឱ្យ​មាន​សកម្មភាព​បែប​នេះ​បន្ត​ទៀត ដោយ​ថា ស្រប​តាម​គោល​ការណ៍​ប្រជាធិប​តេយ្យ។

លោកថា៖ «វាបានបង្ហាញអំពីមុខមាត់ ពីចរិតដឹកនាំនយោបាយរបស់រដ្ឋាភិបាលខ្មែរបច្ចុប្បន្ននេះ កម្ពុជាគឺជាប្រទេសមួយដែលមិនមែនជាប្រទេសប្រជាធិបតេយ្យ ទោះបីជារដ្ឋាភិបាលទាំង លោក ហ៊ុនម៉ាណែត ទៀត លោក ហ៊ុន សែន ធ្លាប់អះអាងថា ប្រទេសកម្ពុជាជាប្រទេសប្រជាធិបតេយ្យក៏ដោយ ប៉ុន្តែសកម្មភាព​​ទាំង​​អស់នេះវាបានបង្ហាញឲ្យឃើញ អំពីការរឹតត្បិតសិទ្ធិប្រជាពលរដ្ឋ ការធ្វើទុក្ខបុកម្នេញផ្សេង អ៊ីចឹងហើយវាបានបង្ហាញអំពីចរិលក្ខណៈ ឬក៏បង្ហាញអំពីអត្តចរិតផ្ដាច់ការរបស់រដ្ឋាភិបាលកម្ពុជា»

បន្ថែម​ពី​នេះ លោក​ថា រាល់​សកម្មភាព​ដែល​ក្រុម​ពលករ​ធ្វើ​នេះ ក៏​ដើម្បី​តែ​បុព្វ​ហេតុ​ទឹក​ដី ដោយ​មិន​ចង់ឃើញ​កម្ពុជា​បន្ត​បាត់​បង់​ទឹក​ដី​ទៅ​ប្រទេស​ជិត​ខាង​បន្ត​ទៀត។

មុនពេលបាតុកម្ម ពលករខ្មែរនៅ​​កូរ៉េខាងត្បូង​ ធ្លាប់ប្រាប់ VOD​​ ​ថា មន្រ្តី​​ទូត​កម្ពុជា​​បាន​​គំរាម​​ថា ​នឹង​មាន​ការ​ «ចាប់​​វាយ​​ខ្នោះ» ពីសំណាក់សមត្ថកិច្ចកូរ៉េ បើ​ពួក​គេនៅ​បន្ត​ធ្វើ​​បាតុកម្ម​​ទាម​ទារ​​កោះគុត តាម​​ការ​​គ្រោង​​ទុក​លើ​​ទឹក​ដី​កូរ៉េ​នោះ ។

យ៉ាងណា ក្រោយរលក​បាតុកម្មរបស់យុវជន នៅប្រទេស​កូរ៉េ រដ្ឋាភិបាល​ហាក់​បង្ហាញ​មោទកភាព​លើ​សារគំរាម​របស់​មន្ត្រី​ខ្លួន​ប្រចាំ​នៅ​ប្រទេស​កូរ៉េ ដោយ​ចែក​រំលែក​ព័ត៌​មាន ក្រុម​អ្នក​តវ៉ា​មាន​ប្រមាណ​មួយ​ភាគ​រយប៉ុណ្ណោះ បើ​គិត​ពី​ចំនួន​ពលករសរុប​​ដែល​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នេះ។

សម្រាប់ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ថា សកម្មភាពគំរាមកំហែងរបស់រដ្ឋា​ភិបាល​ដោយ​បំបិទ​សិទ្ធិ​ពលរដ្ធ​មិ​ន​ឱ្យ​ធ្វើ​សកម្មភាព​ផ្សេងៗ ហាក់​បង្ហាញពីភាពអាម៉ាស់របស់រដ្ឋា​ភិបាល ដែល​​​ការ​អនុវត្ត​​នយោបាយ​បែប​ឆ្លង​ដែន​នេះ​ ដើម្បីតែ​ការ​ពារ​អំណាច។

លោកថា៖ «ការដឹកនាំរបៀបដូចគ្រួសារហ៊ុន​សព្វ​ថ្ងៃ​ នៅ​ប្រទេសកម្ពុជា​ នឹង​ធ្វើ​ឲ្យប្រ​ទេស​កម្ពុជា​អន្ត​រាយអន្ត​រាយ​ទីមួយ​ហ្នឹង​ គឺបំបែក​បំបាក់​ស្មារតី​ជា​តិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ស្រឡាញ់​ជាតិ​ មិន​ឱ្យ​សាមគ្គីគ្នា​មិន​ឲ្យ​ចេញ​តវ៉ា​ការ​ពារ​សូម្បី​តែ​សេរីភាព​បញ្ចេញ​មតិ គាត់​និយាយ​អត់​បាន​ការ​គំរាម​កំហែង​អ៊ីចឹង វាហាក់​ដូច​ជា​បម្រើ​ឲ្យ​នយោបាយ​​បរទេស​ជិត​ខាង ពីព្រោះអ្ន​កដែល​ចេញ​ទាម​ទារ​តវ៉ា​នោះ​ គឺ​ដើម្បី​ផលប្រយោជន៍​ជាតិ» ។

រដ្ឋធម្មនុញ្ញ មាត្រា​៣៥ ប្រជាពលរដ្ឋខ្មែរទាំងពីរ​​ភេទ មាន​សិទ្ធិ​ចូល​រួម​​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេ​ដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។ សេ​ច​ក្ដី​ស្នើ​ទាំង​ឡាយ​របស់ប្រជា​ពលរដ្ឋ ត្រូវ​បាន​ទ​ទួល​​​ការ​​ពិនិត្យ និង​​ដោះ​ស្រាយ​​យ៉ាងហ្ម​ត់​ចត់​ពី​អង្គការ​រដ្ឋ។

កាលពីនៅថ្ងៃទី២ ខែមីនា ពលករខ្មែរនៅកូរ៉េ ប្រមាណ៣ពាន់នាក់ បាននាំគ្នា​ធ្វើ​បាតុកម្ម​​​ជំ​រុ​ញ​​ឱ្យ​​រដ្ឋាភិបាល​ខ្មែរ​​ប្តឹង​​តុ​លាកា​រ​អន្តរជាតិ (ICJ) ការពារ​​កោះគុត រួមទាំង ស្តារប្រជាធិបតេយ្យ គោរ​ព​តាម​កិច្ច​ព្រម​ព្រៀង​​ទីក្រុង​ប៉ារីស ដោះ​លែងអ្នកទោសមនសិកា និង​បញ្ឈប់​​ការ​​គំរាម​​កំហែង​​ឆ្លងដែនជាដើម។

រដ្ឋាភិបាលគ្រួសារហ៊ុន​ដែលបានក្តោបអំណាច​ច្រើន​ទសវត្សរ៍​ទៅ​នេះ រង​ការ​រិះ​គន់​ថា ធ្វើ​ឱ្យ​បាត់​​បង់​ទឹក​ដីជាច្រើ​ន​ទៅ​ប្រទេស​វៀត​ណាម ទាំង​ដី​គោក និង​ប្រជុំ​កោះ មានកោះ​ត្រល់​ជាដើម រួម​ទាំង​បាន​គំរាម​រំ​លា​យ​របប​​រាជានិយម​អាស្រ័យ​ធម្មនុញ្ញ បើព្រះអង្គហ៊ានជំទាស់នឹងមហិច្ឆតា​វៀតណាម​លេប​ទឹក​ដី តាម​រយៈ​​​ធ្វើ​ឱ្យ​សន្ធិ​សញ្ញា​ព្រំដែន​ខុស​ច្បាប់​រស់​​ឡើង​វិញ​នៅ​ឆ្នាំ២០០៥​នោះ។

លើសពីនេះ ក៏រងការចោទថា ធ្វើឱ្យបាត់បង់ទឹកដីទៅប្រទេសថៃដែរ ក្នុងនោះមានទាំងកោះគុត ដែលថៃកំពុង​គ្រប់​​គ្រង​​ទាំង​ស្រុង ដែល​បច្ចុប្បន្ន​ក្រុម​ប្រឆាំង​កំពុង​ជំរុ​ញ​ឱ្យ​ប្រើ​យន្ត​ការ​អន្តរ​ជាតិ ដើម្បី​ទប់​ស្កាត់​មហិច្ឆ​​តា​​ប​រទេស​ឈ្លាន​ពាន ប៉ុន្តែក្រុមអ្នកទាមទារនៅក្នុងប្រទេស ត្រូវបា​ន​បង្ក្រាប និង​ចាប់​ដាក់​ពន្ធនាគារ ដែលវិធាន​នេះ​ហាក់​បំពាន​រដ្ឋធម្ម​នុញ្ញ​ត្រង់​មាត្រា​៥២។

មាត្រា៥២នៃរដ្ឋធម្មនុញ្ញ ចែងថា រាជរដ្ឋាភិបាលកម្ពុជា​ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យ​ បូរណភាពទឹកដី អ​នុ​វ​​ត្ត​នយោបាយ​បង្រួបបង្រួមជាតិ ដើម្បីការឯកភាពជាតិ។

ដោយឡែកមាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ ចែងថា អ្នកធ្វើឱ្យបាត់ដីទាំងស្រុង ឬមួយផ្នែក មានទោសក្បត់ជាតិ ត្រូវផ្តន្ទាទោស​​ដាក់ពន្ធនាគារអស់មួយជីវិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ