មកដល់ពេលនេះ សំណុំរឿងបាញ់សម្លាប់ និងដុតផ្ទះពលរដ្ឋនៅភូមិពូធឿង ស្ថិតក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ សមត្ថកិច្ចជំនាញខេត្តព្រះសីហនុ នៅមិនទាន់បង្ហាញពីការវិវត្តថ្មីទៀត នៃរឿងក្តីនេះនៅឡើយទេ ក្រៅពីចាប់ជនសង្ស័យ ៦នាក់ បញ្ជូនទៅតុលាការ។
ទង្វើឃោរឃៅព្រៃផ្សៃនេះ ជំរុញឱ្យមានការបារម្ភពីយុត្តិធម៌ជនរងគ្រោះ និងការរីករាលដាលនៃវប្បធម៌នីទណ្ឌភាព បើប្រព័ន្ធច្បាប់ មិនអាចកាត់ទោសមេខ្លោងនៅពីក្រោយបទល្មើសនេះបានទេនោះ ខណៈទីតាំងកើតហេតុ បានកើតឡើងលើដីធ្លាប់មានជម្លោះជាមួយសែស្រឡាយមេដឹកនាំគ្រួសារហ៊ុន។
បញ្ហាទាំងនេះ ជំរុញឱ្យមានការលើកឡើងថា អាវុធហាក់បានក្លាយជាវិធីដោះស្រាយដ៏មានប្រសិទ្ធភាពរបស់អ្នកមានអំណាច ដើម្បីយកប្រៀបលើដៃគូ ក្រៅពីប្រើប្រព័ន្ធតុលាការដែលបានកើតឡើងប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសក្នុងវិវាទដីធ្លី។
ជារឿយៗ ការប្រើប្រាស់កម្លាំងបាញ់រះលើអ្នកតវ៉ា បានកើតឡើងនៅតាមបណ្តាខេត្តមួយចំនួន នៅក្នុងអាណត្តិទី៦ នៃការគ្រប់គ្រងរបស់ លោក ហ៊ុន សែន ដែលបញ្ហានេះវាបានកើតឡើងនៅខេត្តក្រចេះ កំពង់ស្ពឺ កណ្តាល និងព្រះសីហនុជាដើម។
ករណីថ្មីមួយ ដែលបានកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ខ្មាន់កាំភ្លើងបានបាញ់សម្លាប់ពលរដ្ឋម្នាក់ ប្រឆាំងការតស៊ូមតិរឿងវិវាទដីធ្លីមួយកន្លែង ស្ថិតនៅក្នុងភូមិសាស្រ្ត នៃភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្រោយមានអំពើបាញ់ប្រហារនេះកើតឡើង ប្រមាណ១សប្តាហ៍ ពោលកាលពីថ្ងៃទី២៨ ខែកុម្ភៈ ទើបជនរងគ្រោះ ឈ្មោះ សឿង សុភ័ក្រ បានស្លាប់បន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា។
នៅចំពោះមុខនេះ ក្រុមសមត្ថកិច្ចខេត្តព្រះសីហនុ បានប្រាប់កាសែតក្នុងស្រុកថា មានជនសង្ស័យ៦នាក់ ហើយដែលជាប់ទាក់ទិននឹងរឿងក្តីនេះ ត្រូវចាប់ខ្លួន ហើយក្រុមនគរបាលយុត្តិធម៌ ក៏កំពុងបន្តស្វែងរកជនសង្ស័យដទៃទៀត ដែលមានតម្រុយបង្ហាញពីអំពីមនុស្សឃាតនេះដែរ។
ប៉ុន្តែ គិតមកដល់ពេលនេះ ខាងស្ថាប័នជំនាញរបស់ខេត្តព្រះសីហនុ នៅមិនទាន់បង្ហាញកិច្ចខិតខំប្រឹងប្រែងថ្មីណាបន្ថែមទៀត ជុំវិញរឿងក្តីនេះនៅឡើយទេ។
ពលរដ្ឋបានប្រាប់បណ្តាញព័ត៌មានក្នុងស្រុក ដោយបញ្ជាក់ថា មុនថ្ងៃកើតហេតុមួយថ្ងៃ គឺនៅថ្ងៃទី២០ ខែកុម្ភៈ ជនរងគ្រោះត្រូវបានជនសង្ស័យម្នាក់ឈ្មោះ ផល គឹមវរៈ ប្តឹងក្រុមគ្រួសារលោក សឿង សុភ័ក្រ ដោយចោទប្រកាន់ពីបទចូលទៅកាន់កាប់លើដីរបស់គេ ដោយខុសច្បាប់។
ក្រោយមានការប្តឹងផ្តល់នេះ នៅថ្ងៃទី២១ ខែកុម្ភៈ មនុស្សមួយក្រុមដែលមានគ្នាប្រមាណ ២០នាក់ បានចូលទៅដុតផ្ទះរបស់ពលរដ្ឋលើទីតាំងដីដែលមានវិវាទ ឆេះគ្មានសល់ និងប្រើហិង្សាបណ្តាលឱ្យជនរងគ្រោះ២នាក់ រងរបួសធ្ងន់ និងស្រាល។
យ៉ាងណា ការដោះស្រាយដោយយកចុងកាំភ្លើង និងរូបភាពនៃអំពើហិង្សានេះ បានក្លាយទៅជារូបភាពមួយដ៏អាក្រក់នៅកម្ពុជា ជាពិសេសដោយការជិះជាន់ពីសំណាក់អ្នកមាន មន្រ្តី និងឧកញ៉ា ជាដើមទៅលើពលរដ្ឋនៅតាមមូលដ្ឋាន ដែលគ្មានសិទ្ធិ និងអំណាច។ ពួកគេបានក្លាយជាគោលដៅ នៃការកេងប្រវ័ញ្ចគ្រប់រូបភាព ពីមន្រ្តីរបស់រដ្ឋាភិបាលទាំងនោះ ឬក្រុមវិនិយោគិនទៅវិញ។
បើគិតពីច្បាប់កំពូលរបស់ប្រទេស គឺរដ្ឋធម្មនុញ្ញបញ្ញត្តិមាត្រា៥១ថ្មី បានកំណត់ថា ពលរដ្ឋខ្មែរគឺជាម្ចាស់វាសនា នៃប្រទេសជាតិរបស់ខ្លួន ហើយសិទ្ធិអំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ។
ប៉ុន្តែទ្រឹស្តីនៃច្បាប់នេះ ហាក់ផ្ទុយពីអ្វីដែលគេកំពុងតែអនុវត្តសព្វថ្ងៃនេះ។ ពលរដ្ឋខ្មែរ បានក្លាយជាជនរងគ្រោះ ហើយអ្នកធំបានក្លាយជាអ្នកមានអំណាចទៅវិញ។
អ្នកដែលតែងប្រើប្រាស់អំណាច គាបសង្កត់អ្នកទន់ខ្សោយ ភាគច្រើនគឺជាក្រុមមនុស្សជ្រកក្រោមផ្លាកឧកញ៉ា ឯកឧត្តម និងអ្នកមានបណ្តាសក្តិធំៗមួយចំនួនទៀត ក្នុងនោះមានទាំងមន្រ្តីនគរបាល និងកងយោធពលខេមរភូមិន្ទ។
ដូចករណីទំនាស់ដីធ្លីនៅភូមិពូធឿង ក្នុងឃុំបិតត្រាំងនេះជាដើម បើគិតពីប្រវត្តិដីទំនាស់ជាមួយពលរដ្ឋនេះ គឺជាឈ្មោះឧកញ៉ាម្នាក់ឈ្មោះ ឡាញ់ ភារ៉ា។
ដើមឡើយដីនេះ ជាកម្មសិទ្ធិកាន់កាប់របស់ពលរដ្ឋ ៧៧គ្រួសារ តាំងពីក្រោយឆ្នាំ១៩៧៩ ប៉ុន្តែក្រោយៗមកទៀត ចំនួនគ្រួសារនេះ ចេះតែបន្តកើនឡើងឥតឈប់។
បណ្តាញព័ត៌មានក្នុងស្រុកបានផ្សាយថា ដីនេះចាប់មានជម្លោះកើតឡើងនៅអំឡុងឆ្នាំ១៩៩៤ បន្ទាប់ពីឈ្មោះ ផូ ឆាំ ជាអ្នករកស៊ីគួកជេរ និងរៀបចំដីឱ្យវិនិយោគិន ជនជាតិចិន៣នាក់។ ដីមួយផ្នែក ពលរដ្ឋបានលក់ដូរពិតប្រាកដមែននៅពេលនោះ ប៉ុន្តែផ្នែកខ្លះទៀត ពួកគាត់រក្សាទុក។
តែក្រោយមកឈ្មួញដីដែលជាជនជាតិចិន បានធ្វើប្លង់គ្របលើដីរបស់ពលរដ្ឋ ដែលពួកគេមិនបានលក់ដូរ បន្ថែមជាន់លើដីអាស្រ័យផលទៀត។ ផ្តើមចេញពីបញ្ហានេះហើយ ទើបពលរដ្ឋផ្ទុះការតវ៉ាជានិច្ច។
ដូចគ្នានេះដែរ គេហទំព័រ កំណត់ត្រា(Kamnotra) បានរកឃើញថា ឃុំបិតត្រាំងបានក្លាយជាឃុំមួយ ក្នុងចំណោមឃុំដែលមានជម្លោះដីធ្លីច្រើនបំផុតក្នុងប្រទេសកម្ពុជា ខណៈឧកញ៉ា និងក្រុមហ៊ុនអភិវឌ្ឍន៍បានបន្តប៉ះទង្គិចគ្នាជាមួយពលរដ្ឋ ទាក់ទងនឹងកម្មសិទ្ធិដីធ្លី មិនចប់មិនហើយនោះ។
កាសែតក្នុងស្រុក បានរាយការណ៍ទៀតថា តែនៅដើមខែតុលា ឆ្នាំ២០១៩ លើទីតាំងដីដែលមានជម្លោះនេះ ស្រាប់តែលេចឈ្មោះមនុស្សថ្មី មកកាន់កាប់ជំនួសជនជាតិចិនវិញម្តង។
អ្នកកាន់កាប់ថ្មី គឺជាមេធាវីការពារសិទ្ធិឱ្យស្រ្តីម្នាក់ ដែលត្រូវជាសាច់ញាតិរបស់លោក ហ៊ុន សែន ប្រធានគណបក្សកាន់អំណាចសព្វថ្ងៃនេះ។ មេធាវីតំណាងដោយអាណត្តិរបស់អ្នកស្រី ហ៊ុន សេងនី គឺលោក បាន សីយុទ្ធ ។
អ្នកស្រី ហ៊ុន សេងនី ដែលត្រូវជាប្អូនស្រីបង្កើតរបស់ លោក ហ៊ុន សែន បានតម្រូវឱ្យមេធាវីរបស់ខ្លួនយកបណ្ណ ស្តីពីការគ្រប់គ្រងក្បាលដីចំនួន១៧ប័ណ្ណ មករកភាពខុសត្រូវជាមួយពលរដ្ឋទាំង៧៧គ្រួសារ។
ហើយភ្លាមនោះ មេឃុំបិតត្រាំង លោក មាច ចាន់ បានកោះហៅពលរដ្ឋទាំង៧៧គ្រួសារ ដើម្បីផ្ទៀងផ្ទាត់។ ប៉ុន្តែផ្ទៀងផ្ទាត់មិនបានប៉ុន្មានផង ពួកគាត់ក៏ផ្ទុះការតវ៉ា ដោយចោទប្រកាន់ថា បណ្ណក្បាលដីដែលមេធាវីតំណាងដោយអាណត្តិរបស់អ្នកស្រី ហ៊ុន សេងនី គឺមិនត្រឹមត្រូវទេ ដែលធ្វើឱ្យដីធ្លីរបស់ពួកគេ ត្រូវបាត់បង់គ្មានសេសសល់។
ការតវ៉ាលើកនេះហើយ ដែលជាយុទ្ធនាការបង្រ្កាបការតវ៉ាប្រឆាំងអ្នកការពារសិទ្ធិដីធ្លី បានផ្ទុះឡើងជាលើកដំបូង ក្រោយពីមានការបញ្ជាកម្លាំងកងរាជអាវុធហត្ថពីលោកឧកញ៉ា ឡាញ់ ភារ៉ា និងអ្នកគួកជេរដី លោក ផូ ឆាំ។
បើគេពិនិត្យពីលទ្ធភាពនៃការគ្រប់គ្រងដី នៅក្នុងភូមិសាស្រ្តភូមិពូធឿងនេះ គេនៅរកមិនទាន់ឃើញ មានអ្នកណាផ្សេងណាក្រៅពីអ្នកស្រី ហ៊ុន សេងនី ដែលត្រូវជាប្អូនស្រីបង្កើតរបស់លោក ហ៊ុន សែន នៅឡើយទេ។ ចំណែក លោក ឡាញ់ ភារ៉ា ដែលទទួលបានងារជាអ្នកឧកញ៉ាមួយកម្រិតទៀតនេះ គឺជាប្តីរបស់អ្នកស្រី ហ៊ុន សេងនី។
ហេតុនេះ ការដុតបំផ្លាញផ្ទះពលរដ្ឋ និងបាញ់គ្រាប់ពិតប្រឆាំងអ្នកភូមិបណ្តាលឱ្យមានរបួស និងស្លាប់នេះ ជាមន្ទិលការស្វែងរកមេគិតនៅពីក្រោយអំពើឃោរឃៅនេះ ដើម្បីផ្តល់យុត្តិធម៌ឱ្យជនរងគ្រោះ។
លោក ឡាញ់ ភារ៉ា ដែលជាប្តីរបស់អ្នកស្រី ហ៊ុន សេងនី ប្អូនស្រីបង្កើតរបស់ លោក ហ៊ុន សែន គឺជាម្ចាស់ក្រុមហ៊ុន ហ្រ្គីន ខេមបូឌាន ប្រផឹធី អ៊ីនវេស ខនស្រ្តាក់ស៊ិន(Green Cambodian Property Investment Construction)។
ហើយ លោក ហ៊ុន សែន ក្នុងពេលនៅជានាយករដ្ឋមន្រ្តី កាលពីដើមខែមករា ឆ្នាំ២០២៣ ធ្លាប់បានកាត់ដីបឹងតាមោក ជាយក្រុងភ្នំពេញឱ្យប្អូនថ្លៃរបស់លោក គឺលោក ឡាញ់ ភារ៉ា នេះជាង១៣ម៉ឺនម៉ែត្រការ៉េ ឬជាង១៣ហិកតាដូចមន្រ្តីគ្រាក់ៗដទៃទៀតដែរ។
បច្ចុប្បន្នភាពនៅកម្ពុជា អ្នកដែលមានសក្តិយស ឬខ្សែស្រឡាយរបស់មន្រ្តីកាន់អំណាច ពួកគេមានឱកាសច្រើន ក្នុងការទទួលបានដីនៅតំបន់ការពារ ដូចជាដីនៅតំបន់ជាប់មាត់សមុទ្រ ទន្លេ ឬដីក្នុងតំបន់គម្របព្រៃឈើជាដើម។
ឧកញ៉ាខ្លះ ត្រូវបានបានសហរដ្ឋអាមេរិកដាក់ក្នុងបញ្ជីខ្មៅ បង្កកទ្រព្យសម្បត្តិ ពាក់ព័ន្ធនឹងបទឧក្រិដ្ឋ រួមទាំងការរំលោភសិទ្ធិមនុស្ស ក្នុងនោះក៏មានអ្នកឧកញ៉ា ទ្រី ភាព និងឧកញ៉ា លី យ៉ុងផាត់ ផងដែរ ដែលឧកញ៉ាទាំងពីររូបនេះ ត្រូវគេស្គាល់ថា ជាមនុស្សស្និទ្ធនឹងមេដឹកនាំកំពូល។
ដូច្នេះ ការគ្រប់គ្រងអាវុធជាតិផ្ទុះ ត្រូវរងការរិះគន់ថា កម្ពុជាកំពុងតែអនុវត្តស្តង់ដារពីរ ដែលមានន័យថា គេអនុវត្តបានតែទៅលើអ្នកទន់ខ្សោយ ពលរដ្ឋសាមញ្ញ ឬក្រុមដែលមានសំឡេងជំទាស់ប៉ុណ្ណោះ។
ការអនុវត្តស្តង់ដារពីរនេះ សូម្បីមន្រ្តីរបស់រដ្ឋាភិបាល ដែលប្រចាំការនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក៏ធ្លាប់ស្រែកទាមទារយុត្តិធម៌ដែរ ក្នុងពេលកន្លងទៅ ចំពោះការអនុវត្តស្តង់ដារពីរនេះ។
ក្រុមអ្នករិះគន់ចំអកឱ្យថា នៅពេលខ្លួនឯងអនុវត្តស្តង់ដារពីរចំពោះពលរដ្ឋរបស់ខ្លួន ហេតុអ្វីមិនគិតពីការឈឺចាប់របស់គេផង។ តើការឈឺចាប់នេះ មានតែចំពោះមន្រ្តីប៉ុន្មាននាក់នេះទេ ឬការឈឺចាប់នេះអ្នកដទៃគ្មានទេ។
VOD មិនអាចសុំការបំភ្លឺពីអ្នកស្រី ហ៊ុន សេងនី និងស្វាមីគឺលោក ឡាញ់ ភារ៉ា បាននៅឡើយទេ នៅថ្ងៃទី៥មិនានេះ។ ចំណែក អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ ក៏មិនទាន់ទាក់ទងបាន ដើម្បី បញ្ជាក់ថា តើជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបាន៦នាក់នោះ បម្រើការងារនៅស្ថានប័នណាពិតប្រាកដទេ និងជាប់ពាក់នឹងរឿងកន្លងទៅឬក៏អត់ទេ ដោយទូរស័ព្ទចូលជាច្រើនដង តែគ្មានអ្នកទទួល។
យ៉ាងណា នាយករដ្ឋមន្ត្រីបន្តវេន លោក ហ៊ុន ម៉ាណែត ធ្លាប់បង្ហាញការតាំងចិត្តធ្វើកំណែទ្រង់បញ្ហាដីធ្លី និងយុត្តិធម៌សង្គម ក្រោមហេតុផលថា ដើម្បីរុញសេវាយុត្តិធម៌ឱ្យដល់ពលរដ្ឋងាយរងគ្រោះ។
លោកថា៖ «សូម្បីតែការបែងចែកផលលាភដោយសមធម៌ក៏ហៅថាយុត្តិធម៌ដែរ។ សេដ្ឋកិច្ចកើនទាល់តែប្រជាពលរដ្ឋរីកចម្រើនទាំងអស់គ្នា បានហៅថាយើងមានយុត្តិធម៌សង្គម បើយើងប្រមូលផ្តុំដូចជំនាន់អាពត ប្រមូលតែនៅអង្គការ អ្នកផ្សេងវេទនា មិនយុត្តិធម៌ទេ»។
ស្ថិតក្រោមហេតុផលនេះ អ្នកការពារសិទ្ធិមនុស្ស ជំរុញទៅរដ្ឋាភិបាល គួរធ្វើការងារដោយប្រុងប្រយ័ត្ន និងបំពេញតួនាទីភារកិច្ច ធ្វើយ៉ាងណាឆ្លើយតបពីតម្រូវការជាក់ស្តែងរបស់ពលរដ្ឋ ដើម្បីចៀសវាងពីការចោទប្រកាន់ថា វាជាការអនុវត្តស្តង់ដារពីរផ្សេងគ្នា រវាងរាស្រ្ត និងមន្រ្តី។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) យល់ឃើញថា ករណីនេះ ជាប្រភេទសំណុំរឿងរដ្ឋប្បវេណី ដែលងាយនឹងដោះស្រាយទេ ប៉ុន្តែការប្រើអាវុធណាមួយ ដើម្បីបញ្ចប់បញ្ហា វាជាបទល្មើសព្រហ្មទណ្ឌទៅវិញ។
លោកថា ករណីនេះ ស្ថាប័នជំនាញគួរបើកការស៊ើបអង្កេត ដោយហ្មត់ចត់ ដើម្បីប្រាកដថា ជនរងគ្រោះទទួលបានយុត្តិធម៌។ មួយវិញទៀត លោកថា ការដោះស្រាយគ្នាក្រៅប្រព័ន្ធតុលាការ ដោយអំពើបាញ់ប្រហារបែបនេះ ជារូបភាពមួយដ៏អាក្រក់ ហើយក៏ជាអំពើនិទណ្ឌភាព ត្រូវតែចូលរួមទប់ស្កាត់ និងលុបបំបាត់ដែរ។
លោកបន្តថា៖《បញ្ហាយកអាវុធមកដោះស្រាយ គឺជារឿងខុសនឹងច្បាប់ ហើយក៏ជារឿងដែលមិនគោរពច្បាប់ទាល់តែសោះ។ អ្នកដែលប្រើប្រាស់កម្លាំងដើម្បីដោះស្រាយបញ្ហាដីធ្លីក្រៅប្រព័ន្ធតុលាការនេះ គឺត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ ហើយអនុវត្តវិធានការផ្លូវច្បាប់ឲ្យបានតឹងរ៉ឺង ដើម្បីកុំឲ្យបន្តនូវវប្បធម៌ហិង្សា វប្បធម៌យកអាវុធមកដោះស្រាយបញ្ហាដីធ្លីក្រៅប្រព័ន្ធតុលាការទៅទៀត》។
ច្បាប់ស្តីពីការគ្រប់គ្រង់អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ បើគេពិនិត្យមើលទៅ ទំនងជាគតិយុត្តិមួយ ដែលអាចជួយការពារជីវិតជនស្លូតត្រង់បាន ដោយគ្មានការភ័យខ្លាច និងព្រួយបារម្ភ។
នៅក្នុងបញ្ញត្តិមាត្រា១០ នៃច្បាប់នេះ កំណត់ថា ក្រសួងការពារជាតិ ទទួលខុសត្រូវលើការផ្គត់ផ្គង់ ការត្រួតពិនិត្យ ការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទរបស់កងយោធពលខេមរភូមិន្ទ។
ដោយឡែក ក្រសួងមហាផ្ទៃ មានសមត្ថកិច្ចចេញប័ណ្ណសំគាល់សិទ្ធិប្រើប្រាស់អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវដល់កងកម្លាំងនគរបាលជាតិ ស្ថាប័នសាធារណៈ មន្រ្តី និងជនស៊ីវិល។
ជុំវិញសំណុំរឿងនៃវិវាទដីធ្លីនៅភូមិពូធឿង ក្នុងភូមិសាស្រ្តឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ករណីប្រើអាវុធបាញ់រះលើជនរងគ្រោះនេះ ក្លាយជាក្តីបារម្ភថ្មីទៀតពីការធានាយុត្តិធម៌ជនរងគ្រោះ និងការរីករាលដាលទៅតំបន់ផ្សេងទៀត បង្កឱ្យមានសោកនាដកម្មជនងាយរងគ្រោះច្រើននាក់ទៀត បើរដ្ឋាភិបាលខ្វះឆន្ទៈទប់ស្កាត់ ខណៈវិបត្តិដីធ្លីនៅតែបន្តអូសបន្លាយនោះ៕