អង្គការ-សមាគមផ្នែកសារព័ត៌មាន ជំរុញដល់រដ្ឋាភិបាល និងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ ផ្តល់ការងារ បង្កើនសុវត្ថិភាព និងគាំទ្រឱ្យកាន់តែច្រើនដល់អ្នកសារព័ត៌មានជាស្ត្រី ខណៈអ្នកសារព័ត៌មានស្ត្រី នៅទូទាំងពិភពលោក រួមទាំងកម្ពុជា បាននិងកំពុងប្រឈមនឹងការបៀតបៀនតាមអនឡាញ ការគំរាមកំហែង និងអំពើហិង្សាជាដើម។
ការជំរុញរបស់សង្គមស៊ីវិលនេះ ធ្វើឡើងស្របពេលកម្ពុជា ប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិថ្ងៃទី៨ ខែមិនា ឆ្នាំ២០២៥នេះ។
បើតាមសារក្នុងទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJa) ផ្សព្វផ្សាយនៅថ្ងៃទី០៥ ខែមីនានេះ ឱ្យដឹងថា អ្នកសារព័ត៌មានស្ត្រីទូទាំងពិភពលោក ប្រឈមមុខនឹងការបៀតបៀនតាមអនឡាញ ការគំរាមកំហែង និងអំពើហិង្សា ដែលជាឧបសគ្គបំបិទសំឡេងរបស់ពួកគេ និងធ្វើឱ្យសេរីភាពសារព័ត៌មានចុះខ្សោយ។
ប្រភពដដែល បន្តថា ការសិក្សាឆ្នាំ២០២៣ របស់អង្គការយូណេស្កូ បានបង្ហាញថា ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាភាគច្រើន ខ្វះគោលនយោបាយសាធារណៈ ឬគោលការណ៍ណែនាំស្តីពីសមភាពយេនឌ័រ ឬសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មានស្ត្រី។
ក្នុងន័យនេះ អង្គការ-សមាគមទាំង២ បានជំរុញឱ្យស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ ផ្តល់ការការពារ និងការគាំទ្រកាន់តែច្រើនដល់អ្នកសារព័ត៌មានស្ត្រីតាមរយៈការជ្រើសរើស រក្សា និងលើកកម្ពស់ស្ត្រីបន្ថែមទៀតក្នុងវិស័យសារព័ត៌មាន ដោយផ្តល់ឱកាសស្មើគ្នា, បង្កើនសុវត្ថិភាពនៅកន្លែងការងារតាមរយៈការអនុវត្តគោលការណ៍មិនអត់ឱនចំពោះការបៀតបៀននានា និងធានាឱ្យមានតុល្យភាពយេនឌ័រក្នុងការរាយការណ៍ ដោយដាក់បញ្ចូលស្ត្រីអ្នកជំនាញបន្ថែមទៀតនៅក្នុងសារព័ត៌មាន។
ក្រៅពីនោះ ពួកគេក៏បានជំរុញឱ្យពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកប្រព័ន្ធផ្សព្វផ្សាយ ប្រកបដោយបរិយាបន្ន និងសមភាពយេនឌ័រនៅកម្ពុជាផងដែរ។
ដោយឡែក កាលពីថ្ងៃម្សិលមិញ អង្គការ-សមាគមទាំង២ ក៏បានបញ្ជាក់ពីគោលជំហរឡើងវិញនូវការប្តេជ្ញាចិត្ត ក្នុងការការពារដល់អ្នកការពាររឿងពិត តាមរយៈការពង្រឹងការពារផ្នែកច្បាប់ សម្រាប់អ្នកសារព័ត៌មានជាស្ត្រី និងធានាឱ្យមានចំណាត់ការយ៉ាងឆាប់រហ័ស ប្រឆាំងនឹងការបៀតបៀននិងអំពើហិង្សា។
ជារឿយៗ ឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកសារព័ត៌មាន តែងតែមិនត្រូវបានផ្តន្ទាទោស ដែលធ្វើឱ្យប៉ះពាល់ដល់សេរីភាពសារព័ត៌មានក្នុងប្រទេស ដែលបន្ថែមពីលើករណីថ្មីៗមួយចំនួន ដូចជា ការបិទស្ថាប័នសារព័ត៌មាន ដឹ ខេមបូឌា ដេលី ក្នុងឆ្នាំ២០១៧ និងវិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី នៅឆ្នាំ២០២៣ និងការបង្ខំលក់ស្ថាប័នសារព័ត៌មានភ្នំពេញប៉ុស្តិ៍ នៅឆ្នាំ២០១៨។
គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ កម្ពុជាបានបន្តធ្លាក់ចុះរហូតដល់ទៅ៩លេខ ក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោក របស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ដោយឈរនៅលេខរៀងទី១៥១ ក្នុងចំណោម ១៨០ប្រទេស ដែលមានន័យថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា នៅមានការគំរាមកំហែងធ្ងន់ធ្ងរ ដោយសារតែការធ្វើទុក្ខម្នេញពីរដ្ឋាភិបាល។
ចំណែក សហព័ន្ធអ្នកកាសែតអន្តរជាតិ IFJ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ក៏បានបង្ហាញរបាយការណ៍មួយដែរថា ក្នុងឆ្នាំ២០២៤នេះ មានអ្នកកាសែតសរុប ១០៤នាក់ ត្រូវបានសម្លាប់នៅជុំវិញពិភពលោក ដោយក្នុងចំណោមនោះជាងពាក់កណ្តាល គឺនៅតំបន់ហ្កាហ្សា។ IFJ បន្តថា តួលេខឆ្នាំ២០២៤នេះ មានការថយចុះពីតួលេខកាលឆ្នាំ២០២៣ ដែលមានអ្នកកាសែតស្លាប់ ១២៩នាក់ ប៉ុន្តែវានៅតែជាឆ្នាំដ៏អាក្រក់បំផុតមួយ ក្នុងកំណត់ត្រា៕