នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែងដោយមានសុទិដ្ឋិនិយមខ្ពស់ ចំពោះកំណើនសេដ្ឋកិច្ចកម្ពុជាដែលថា នៅមានចលនការរឹងមាំ ក្នុងអត្រាកំណើនរង្វង់ ៦,៣% ជាមធ្យមប្រចាំឆ្នាំ នៅក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ ខណៈពលរដ្ឋច្រើនលាននាក់ កំពុងរងទុក្ខដោយសារជាប់បំណុលវណ្ឌករ។
ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត នេះធ្វើឡើងនៅក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា ដែលធ្វើឡើងកាលពីថ្ងៃទី៤ ខែមីនានេះ។
លោកថា៖ «ជាក់ស្តែងកំណើនសេដ្ឋកិច្ចបានវិលទៅរកគន្លងសក្តានុពលជាសន្សឹមៗក្នុងអត្រា ៣,១ភាគរយ ៥,១ភាគរយ ៥ភាគរយ ទៅ៦ភាគរយ នៅក្នុងឆ្នាំ២០២១-២២-២៣ និង២៤។ នៅក្នុងឆ្នាំ២០២៥នេះ សេដ្ឋកិច្ចកម្ពុជារំពឹងថា នឹងបន្តរក្សាបាននូវចលនការរឹងមាំក្នុងអត្រាកំណើន ៦,៣ភាគរយ ដែលបន្តទ្រទ្រង់ដល់វិស័យដំណើរការនាំចេញ តួយ៉ាងដូចជាវិស័យកាត់ដេរ និងកម្មមត្តសាលមិនមែនកាត់ដេរ ការបន្តនិន្នាការឡើងវិញនៃវិស័យទេសចរណ៍ និងសេវាគាំទ្រ»។
យ៉ាងណា លោកថា កំណើននេះ នឹងមិនកើតឡើងដោយឯកឯងនោះទេ ដោយទាមទារឱ្យមានការខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការពង្រឹងការអនុវត្តគោលនយោបាយ និងការកែទម្រង់នូវចំណុចគន្លឹះៗ។
បើតាមមេដឹកនាំរូបនេះ ដើម្បីអាចសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៦,៣% នៅក្នុងទស្សវត្សរ៍ខាងមុខ ទាមទារឱ្យកម្ពុជារៀបចំគោលនយោបាយឱ្យបានជាក់លាក់ និងជាក់ស្ដែងនិយម អមជាមួយនឹងការអនុវត្តប្រកបដោយប្រសិទ្ធិភាព។ បង្កើនភាពប្រកួតប្រជែង និងពង្រឹងភាពធន់ លើកកម្ពស់ភាពប្រកួតប្រជែង និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ៍សកល ដែលថា មានភាពមិនប្រាកដប្រជាខ្ពស់ឆ្នាំ«២០២៥-២០២៨» ដោយផ្តោតលើសសរស្តម្ភ៣សំខាន់ៗ គឺកម្មវិធីគាំទ្រសេដ្ឋកិច្ចតាមវិស័យក្នុងរយៈពេលពីខ្លីទៅមធ្យម កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង ពង្រឹងភាពធន់ និងកម្មវិធីត្រៀមលក្ខណៈចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីធានានូវការចាកចេញដោយរលូនជាដើម។
យ៉ាងណាក្តី អ្នកនយោបាយប្រឆាំង និងអ្នកឃ្លាំមើលសង្គម បានហៅការអះអាងនេះថាជាសារប្រជាភិថុតិដែលថាពួកគេធ្លាប់ឮជាង៤០ឆ្នាំទៅនេះ។
ពួកគេគូសបញ្ជាក់ថា មេដឹកនាំគ្រួសារហ៊ុន តែងតែធ្វើប្រជាភិថុតិបំភ្លៃការពិត មិនមែនជារដ្ឋាភិបាលដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពប្រសើរឡើងនោះទេ ដោយសំអាងថា បច្ចុប្បន្នប្រជាពលរដ្ឋកាន់តែច្រើនឡើង មិនត្រឹមតែក្រីក្រប៉ុណ្ណោះទេ ថែមទាំងជំពាក់បំណុលធនាគារវណ្ឌកថែមទៀតផង។
បន្ថែមពីនេះ ពួកគេថា បញ្ហាទឹកដី ក៏មេដឹកនាំគ្រួសារហ៊ុន ផ្ញើសារបែបប្រជាភិថុតិដែរ ដូចករណីបាត់បង់កោះត្រល់ បាត់ដីតាមព្រំដែន និងដែនសមុទ្រ រួមទាំងកោះគុត ដែលថៃកំពុងគ្រប់គ្រងជាដើម។
លោក សម រង្ស៊ី ដែលជាអ្នកជំនាញសេដ្ឋកិច្ច និងជាអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ បានសរសេរក្នុងសំណេរដើមបង្ហោះនៅលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ថា «កោះត្រល់ក៏បាត់ កោះគជ់ក៏បង់ ព្រំដែនក៏ផុង ខាងក្នុងសម្បទាន ភ្នំបឹងក៏លក់ លិចកើតឈ្លានពាន រស់នៅសុំទានអួតថាខ្លួនខ្លាំង»។
លោកថា៖ «រាស្ត្រខ្មែរសព្វថ្ងៃម្នាក់ៗ តឹងទ្រូងស្ទើរប្រេះមិនហ៊ាននិយាយ វេទនា ពិបាកណាស់ ហើយជំពាក់បំណុលគេវណ្ឌកទៀត»។
លោក សម រង្ស៊ី លើកឡើងទៀតថា ប៉ុន្តែរដ្ឋាភិបាលកម្ពុជា មិនដែលខ្វល់ពីប្រជាពលរដ្ឋឡើយ ថ្នាក់ដឹកនាំនិងមន្ត្រីរដ្ឋាភិបាល បែរជាចូលរួមប្រព្រឹត្តបទឧក្រិដ្ឋជាមួយក្រុមម៉ាហ្វីយ៉ា ហើយធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗជារៀងរាល់ថ្ងៃ។
លោកបន្ថែមថា មេដឹកនាំសព្វថ្ងៃនេះ ជាមនុស្សអសមត្ថភាព មិនចេះជួយ មិនចេះដោះស្រាយបញ្ហាសង្គម តែបែរជាបន្ទោសជនរងគ្រោះ បន្ទោសកសិករដែលខំប្រឹងប្រែងចិញ្ចឹមជីវិតចិញ្ចឹមគ្រួសារទៅវិញ។
សាររបស់លោក ហ៊ុន ម៉ាណែត ក៏ចំពេលដែលកសិករកំពុងជួបការលំបាក ដោយសារកសិផលស្រូវ ដំឡូងមីចុះថោក ទំនិញនៅតាមទីផ្សារបែរជាហក់ឡើងថ្លៃ ដែលកាន់តែធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាកទ្វេឡើងថែមទៀត។
ជ្រុងមួយនៃបញ្ហានេះ ធនាគារជាតិនៃកម្ពុជា បានចេញផ្សាយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ថា អតិផរណាក្នុងខែមករា ឆ្នាំ២០២៥ បានកើនឡើងគិតជាមធ្យម៦% បើធៀបនឹងខែមករា ឆ្នាំ២០២៤ ក្នុងនោះ មុខទំនិញមួយចំនួនមានកម្រិតអតិផរណាកើនលើសពី ៥% ។
ដោយឡែក របាយការណ៍ស្ថានភាពឥណទាននៅកម្ពុជា ដែលក្រុមហ៊ុន Credit Bureau Cambodia (CBC) បានចេញផ្សាយកាលពីចុងខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២៣ ប្រជាពលរដ្ឋកម្ពុជាចំនួន ៤,៩៨លាននាក់ កំពុងប្រើប្រាស់កម្ចីពីប្រព័ន្ធធនាគារ ដែលមានទំហំទឹកប្រាក់ប្រមាណ ៥៧,៦ពាន់លានដុល្លារ។ CBC បានកត់ត្រាទិន្នន័យឥណទានរបស់រូបវន្តបុគ្គល គ្រឹះស្ថាននិងសហគ្រាស ដែលបានមកពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ជាសមាជិករបស់CBCទាំងចំនួន ១៩៤ ស្ថាប័ន ក្នុងឆ្នាំ២០២៣។
សម្ព័ន្ធជំរឿននិងការពារសិទ្ធិមនុស្សលីកាដូ ក៏ធ្លាប់បានធ្វើការសិក្សាស្រាវជ្រាវលើករណីប្រជាពលរដ្ឋកម្ពុជាជំពាក់បំណុលធនាគារនេះផងដែរ។
លោក អំ សំអាត នាយកគ្រប់គ្រងទូទៅនៃសម្ព័ន្ធជំរឿននិងការពារសិទ្ធិមនុស្សលីកាដូ បានថ្លែងថា គិតត្រឹមឆ្នាំ២០២៣ បំណុលដែលពលរដ្ឋកំពុងជំពាក់តាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្នាតតូច គឺមានប្រមាណ ២,៨៩លានកម្ចី ដោយនេះមិនទាន់រាប់បញ្ចូលកម្ចីតាមគ្រឹះស្ថានខ្នាតធំ និងធនាគារឡើយ។
ជាមួយគ្នានេះ លោក អំ សំអាត បានសម្តែងការព្រួយបារម្ភនូវហានិភ័យ ចំពោះសេដ្ឋកិច្ចសង្គម ប្រសិនបើពលរដ្ឋជាប់ជំពាក់បំណុលកាន់តែច្រើន ខណៈអង្គការលីកាដូបានរកឃើញថា ពលរដ្ឋប្រមាណ ៦% ឬជិត១៧ម៉ឺននាក់(១៦៧០០០)បានលក់ដីដើម្បីសងបំណុល។
រដ្ឋធម្មនុញ្ញមាត្រា៦១ ចែងថា រដ្ឋជំរុញការអភវឌ្ឍសេដ្ឋកិច្ចគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម សិប្បកម្ម ឧស្សាហកម្ម ចាប់ពីតំបន់ដាច់ស្រយាល ដោយយកចិត្តទុកដាក់ទៅលើនយោបាយទឹក ភ្លើង ផ្លូវ និងមធ្យោបាយដឹកជញ្ជូនបច្ចេកទេសទំនើប និងប្រព័ន្ធឥណទាន។
បន្ថែមពីនេះ មាត្រា៦២ ចែងថា រដ្ឋយកចិត្តទុកដាក់ជួយដោះស្រាយមធ្យោបាយផលិត ការពារថ្លៃផលិតផលជូនកសិករ សិប្បករ និងជួយរកទីផ្សារលក់ផលិតផល។ មាត្រា៦៣ ចែងថា រដ្ឋយកចិត្តទុកដាក់គ្រប់គ្រងទីផ្សារ ជួយឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានកម្រិតសមរម្យ។
ចំណែកមាត្រា៦៤ បានចែងថា រដ្ឋហាមឃាត់ និងផ្តន្ទាទោសជាទម្ងន់ដល់ជនណា ដែលនាំចូលផលិត លក់ដូរគ្រឿងញៀន ទំនិញក្លែងក្លាយហួសរយៈពេលប្រើ ដែលប៉ះពាល់ដល់សុខភាពអាយុជីវិតអ្នកប្រើ។
ប៉ុន្តែធាតុពិតជាក់ស្តែង រដ្ឋាភិបាលដែលមានក្បាលធំសំពីងសំពោង ប្រមូលផ្តុំទៅដោយមន្ត្រីយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្រោមការដឹកនាំរបស់គ្រួសារហ៊ុន ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ មិនត្រឹមតែបរាជ័យក្នុងការរកទីផ្សារលក់កសិផលជូនកសិករប៉ុណ្ណោះទេ ថែមទាំងបើកដៃឱ្យឈ្មួញវៀតណាម នាំចូលផលិតផលកសិកម្ម និងសត្វចិញ្ចឹមដែលមានសារធាតុគីមី ប៉ះពាល់ដល់សុខភាព មកលក់ពេញទីផ្សារកម្ពុជាទៀតផង។ លើសពីនេះ មន្ត្រីរដ្ឋាភិបាល មិនត្រឹមតែមិនបានធ្វើការដោះស្រាយពីទុក្ខលំបាករបស់ប្រជាពលដ្ឋ ឱ្យមានប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងស្តីបន្ទោសពលរដ្ឋថា បានផលិតច្រើនលើសតម្រូវការទីផ្សារជាដើម៕