នគរបាលជាតិ បាននិយាយថា ជនល្មើសពាក់ព័ន្ធអំពើឆក់ ប្លន់ ប្រមាណជា៩០ភាគរយ ដែលបានទទួលទោសចប់ ចេញពីពន្ធនាគារវិញ ពួកគេមិនប្តូរមុខរបរទេ ទោះបានអះអាងថា ៣ខែដើមឆ្នាំ២០២៥នេះ សមត្ថកិច្ចជំនាញ បង្ក្រាបបានបទល្មើសសរុបបាន ៩៥ភាគរយក្តី។
ការណ៍នេះ ជំរុញឱ្យមានការព្រួយបារម្ភពីការកើនឡើងនៃជនរងគ្រោះ ពីបទល្មើសឆក់ ប្លន់នេះ បើរដ្ឋាភិបាលមិនពិនិត្យឡើងវិញ លើចំណុខ្វះចម្លោះ ដើម្បីធានាសន្តិសុខសង្គមទេនោះ។
អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ បាននិយាយកាលពីថ្ងៃ៤ ខែមិនានេះថា នៅដើមឆ្នាំ២០២៥នេះ មន្ត្រីជំនាញបានបង្ក្រាបបទល្មើសមានប្រសិទ្ធភាពខ្ពស់ ដោយបង្ក្រាបបានបទល្មើសសរុបទាំងបទល្មើសឧក្រិដ្ឋ និងមជ្ឈឹមបានរហូត ៩៥ភាគរយ។
ប៉ុន្តែលោកថា មេខ្លោងមួយចំនួននៅបន្តរត់គេចខ្លួន សមត្ថកិច្ចកំពុងតាមប្រមាញ់ ដែលលោកសង្ឃឹមថា នឹងទប់ស្កាត់បានបើមន្ត្រីជំនាញនៅទូទាំងប្រទេសស្រុះដៃគ្នាទប់ស្កាត់។
លោកថា៖ «ដូច្នេះបើយើងធ្វើបែបនេះ យើងគិតថា បើធ្វើព្រមគ្នាពីរាជធានីទៅខេត្ត ខ្ញុំគិតថាបទល្មើសនេះងើបអត់រួចទេ ហើយមុខសញ្ញាដែលជាប់ពន្ធនាគារពីបទល្មើសនេះ ពេលទទួលទោសកែប្រែខ្លួនចប់ អាជ្ញាទោសនៅក្នុងពន្ធនាគារ ចេញមកវិញ៩០ភាគរយ គាត់អត់ដែលដូរមុខរបរទេ អ៊ីចឹងគាត់មក បើគាត់បន្តធ្វើទៀត អ៊ីចឹងទេពេលថ្មីៗនេះ គឺយើងឃាត់ចាប់ទៅ គឺថាសុទ្ធតែអ្នកធ្លាប់ជាប់អស់អាជ្ញាទោសនៅក្នុងពន្ធនាគារ ហើយចេញមកប្រព្រឹត្តដដែល»។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្នជាស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន សាទរចំពោះការខំប្រឹងប្រែងរបស់សមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសនេះ។
ប៉ុន្តែលោកស្តាយ និងព្រួយបារម្ភ ពេលឮថា ឧក្រិដ្ឋជនដល់ទៅ៩០ភាគរយ មិនរៀងចាល ក្រោយទទួលទោសចប់ បានបន្តបទល្មើសចាស់ដដែល ខណៈមណ្ឌលឃុំឃាំងដាក់ឈ្មោះមណ្ឌលកែប្រែ តែមិនអាចកែប្រែឥរិយាបទ អ្នកពាក់ព័ន្ធនឹងបទល្មើសទាំងនោះបាន។
លោកថា៖ «បើស្ថានភាពនេះ នៅតែដដែលមិនអាចកែប្រែបានទេ អនាគតយើងនឹងជួបបញ្ហានេះកាន់តែធ្ងន់ទៅៗហើយ ព្រោះមនុស្សកាន់តែកើន ហើយបើនៅតែមានស្ថានភាពបែបនេះ អ្នកដែលប្រព្រឹត្តបទល្មើសហ្នឹង ក៏កាន់តែច្រើនទៅៗដែរ»។
សម្រាប់លោក អ៊ូ ច័ន្ទរ័ត្ន បញ្ហាមិនរៀងចាល វាអាចមកពីកត្តាអប់រំ កត្តាជីវភាព ឬភាពក្រីក្រខ្លាំង ធ្វើឱ្យជីវភាពពួកគេនៅក្រៅពន្ធនាគារ ដូចនៅក្នុងពន្ធនាគារ ភាពអត់ការងារធ្វើ និងកង្វះយន្តការបណ្តុះបណ្តាលជំនាញ អំឡុងពួកគេទទួលទោស ដែលថាបញ្ហានេះ រដ្ឋាភិបាលគួរពិចារណាដោះស្រាយបន្ទាន់ផងដែរ ទើបអាចទប់ស្កាត់កំណើនជនរងគ្រោះបាន។
ដោយឡែក ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ដែលត្រូវបានរដ្ឋាភិបាលចាប់ដាក់ពន្ធនាគារប្រមាណជា ៥ខែ ដោយសារភាពសកម្មជំរុញលក្ខខណ្ឌការងារ និងសិទ្ធិមនុស្ស បាននិយាយថា កត្តាមិនរៀងចាលអាចមកពីការអនុវត្តច្បាប់នៅមានកម្រិត និងកម្រិតជីវភាព។
ក្នុងន័យនេះ លោកបញ្ជាក់ថា ពន្ធនាគារនៅកម្ពុជា ជាកន្លែងចែករំលែកបទពិសោធន៍គ្នា រវាងអ្នកទោសនិងអ្នកទោស ដែលធ្វើឱ្យខ្លះធ្លាប់ប្រព្រឹត្តអំពើលួច ចេញពីពន្ធនាគារវិញប្លន់។
មួយទៀត សម្រាប់អ្នកទោស ដែលមានងារជាឧកញ៉ា ឬមានប្រាក់ ច្បាប់ហាក់ត្រូវបានបន្ធូរបន្ថយ ដែលលោកហៅថាស្តង់ដារពីរ ដែលនេះធ្វើឱ្យអ្នកទោសខ្លះមានខ្នងបង្អែក ឬលុយកាក់មិនរៀងចាលទេ។
លោកថា៖ «ចំណុចទីបី គឺយើងមានការព្រួយបារម្ភ ក្នុងនាមអ្នកធ្វើការនៅជាមួយបងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រោះកាលណាបទល្មើសកើនច្រើនបែបនេះ ធ្វើឲ្យយើងពិបាកក្នុងការរកទទួលទាន ក្នុងការប្រកបមុខរបរអាជីវកម្ម មានន័យថា យើងអសុវត្ថិភាពគ្មានសន្តិសុខគ្រប់គ្រាន់ សម្រាប់ការពារយើងនៅពេលយប់ពេលអីជាដើម ចឹងហើយធ្វើឲ្យគាត់ខកខានមិនបានប្រកបមុខរបរ អាជីវកម្មគ្រប់ពេលវេលាទៅតាមតម្រូវការរបស់ពួកគាត់»។
លោកគូសបញ្ជាក់ថា បញ្ហានេះវានឹងគំរាមកំហែងដល់ឆ្នាំងបាយពលរដ្ឋងាយរងគ្រោះច្រើនទៀត បើរដ្ឋាភិបាលមិនអាចទប់ស្កាត់បាន។
លោកថា៖ «ចំណុចសំខាន់មួយទៀត កាលណាប្រទេសយើងអសន្តិសុខ សម្បូរទៅដោយចោរលួចចោរប្លន់ អំពើឃាតកម្មគ្រប់រូបភាពបែបនេះ ធ្វើឲ្យភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ មិនហ៊ានធ្វើដំណើរមកកម្សាន្តនៅប្រទេសយើង ឬក៏ភ្ញៀវទេសចរជាតិ មិនហ៊ានដើរកម្សាន្តកន្លែងផ្សេងៗទេ អ៊ីចឹងកាលណាអត់មានភ្ញៀវទេសចរធ្វើឲ្យពួកយើងបាត់បង់ប្រាក់ចំណូល អត់អាចមានពេលទៅរកប្រាក់ចំណូល ប្រាក់ចំណូលធ្លាក់ចុះអ៊ីចឹង ធ្វើឲ្យការធ្លាក់ខ្លួនក្នុងភាពក្រីក្ររបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ កាន់តែធ្ងន់ទៅៗសម្រាប់ពួកគាត់»។
ដោយឡែក អាជីវករលក់គ្រឿងសំណង់ នៅសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ លោក អេង នីន ហៅការរីករាលដាលនៃអំពើឆក់ប្លន់ ធ្វើឱ្យពលរដ្ឋរស់នៅទាំងភ័យខ្លាច។
លោកថា៖ «សម្រាប់ខ្ញុំ ចង់ឲ្យអាជ្ញាធរគាត់ពង្រឹងពាក់ព័ន្ធនឹងការពារជូនពលរដ្ឋ ព្រោះបើសិនវានៅអ៊ីចឹងដែរ អ្នករងគ្រោះនៅតែពលរដ្ឋដដែលទេ ករណីឆក់ប្លន់ពេលខ្លះអាចប៉ះពាល់ទៅដល់ការរឿងថ្នាំរឿងអីទៀត»។
គ្រូបង្រៀនម្នាក់សុំមិនបញ្ចេញឈ្មោះនិយាយថា បើរដ្ឋាភិបាលមិនអាចកែប្រែឥរិយាបទឧក្រិដ្ឋជនបាន វាជាគ្រោះថ្នាក់ធ្ងន់ធ្ងររបស់ប្រជាពលរដ្ឋ គ្រួសារ និងសហគមន៍ ដែលគាត់ចង់ឃើញរដ្ឋាភិបាលពង្រឹងវិធានទប់ស្កាត់ ដើម្បីការពារជីវិតជនងាយរងគ្រោះ។
អ្នកស្រីថា៖ «មីងមានការព្រួយបារម្ភ ទាំងមីងទាំងប្រជាពលរដ្ឋទូទៅ មិនថាតែមីងម្នាក់ឯងទេ ព្រោះអី ពួកយើងរស់នៅដោយគ្មានសន្តិភាពផ្លូវចិត្ត ព្រោះអីពេលពួកគេចេញមក ហើយពួកគេនឹងធ្វើសកម្មភាពដដែលអ៊ីចឹង ពួកយើងជាពលរដ្ឋសុទ្ធតែជាជនរងគ្រោះ ទៅណាក៏យើងមានការព្រួយបារម្ភពីបញ្ហាសន្តិសុខសុវត្ថិភាព ផ្ទះយើងសម្រាប់ខ្លួនយើងផង ហើយនិងក្នុងសហគមន៍ពួកយើងផង។ សុំស្នើដល់ក្រសួងសមត្ថកិច្ចពាក់ព័ន្ធនឹងបញ្ហាទាំងអស់ហ្នឹង ដើម្បីឲ្យភូមិឃុំយើង ប្រទេសជាតិយើង ក៏មានសុខសុវត្ថិភាពពីបញ្ហាទាំងអស់នេះ ព្រោះបើសិនជាពួកគេចេញមកនៅតែប្រព្រឹត្តអំពើទាំងអស់នេះ ពួកយើងសុទ្ធតែជាជនរងគ្រោះនៅក្នុងបញ្ហាទាំងអស់ហ្នឹង»។
យ៉ាងណា ជុំវិញបញ្ហានេះ រដ្ឋាភិបាលបានដាក់ចេញច្រើនឆ្នាំហើយដែរ ពីកម្មវិធីនយោបាយភូមិឃុំមានសុវត្ថិភាព ក្នុងគោលដៅទប់ស្កាត់ អំពើចោរកម្ម និងបញ្ហាគ្រឿងញៀនជាដើម ប៉ុន្តែមកដល់ពេលនេះ រដ្ឋាភិបាលខ្លួនឯងធ្លាប់អះអាងបញ្ហាគ្រឿងញៀនមិនថយចុះទេ។
ដោយឡែកអំពើឆក់ប្លន់ គេនៅតែប្រទះឃើញជាហូរហែរ ពេលខ្លះកើតឡើងនៅតាមផ្លូវសាធារណៈ ដែលជាផ្នែកគំរាមកំហែងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរផងដែរ៕