សារគំរាម​ពី«សង្រ្គាម»​រង​ការ​រិះ​គន់​ថា​ជា​ល្បិច​បិទ​បាំង​មហិច្ឆតា​​បរទេស​ឈ្លាន​ពាន​ទឹក​ដី

អ្នក​មាន​បទ​ពិសោធន៍​កិច្ច​ការ​ព្រំដែន ចាត់​ទុក​សារ​គំរាមផ្ទុះ​សង្គ្រាម​ជាមួយ​ប្រទេស​ជិត​ខាង ជុំវិញ​ការ​ជំរុ​ញ​ឱ្យ​ការ​ពារ​ទឹក​ដី​នោះ​ថា ជា​ល្បិច​បិទ​បាំង​កំហុស លោក ហ៊ុន សែន ដែល​បាន​កាត់ទឹក​ដី​ឱ្យ​បរទេស ប្រឈម​នឹង​ជាប់​ទោស​ក្បត់​ជាតិ​មាន​ចែង​ក្នុង​មាត្រា​៤៤០ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។

ការ​លើកឡើងនេះ ក្រោយពីសារសំឡេងរបស់ លោក ហ៊ុន សែន ត្រូវ​បាន​គេ​ចែក​ចាយ​ឡើងវិញ ពី​ការ​ដែល លោក ហ៊ុន សែន គំរាម​​ពី​លទ្ធភាព​ផ្ទុះ​សង្ក្រាម​ជាមួយ​ប្រទេស​ថៃ ដូច​ករណីកើត​ឡើងនៅ​ប្រាសាទ​ព្រះ​វិហារ​ជាមួយ​ប្រទេស​ថៃ អំឡុង​ឆ្នាំ២០០៨ បើ​កម្ពុជា​ប្តឹង​ទៅ​តុលាការយុត្តិ​ធម៌​អន្តរ​ជាតិ (ICJ) ដើម្បី​ការ​ពារ​ទឹក​ដី។

លោកថា​៖ «ស្លាក​ស្នាម​សង្គ្រាម​នៅ​ព្រះ​វិហារ នៅ​ប្រាសាទ​តាមាន់ តា​ក្របី មិន​ទាន់​បាន​បញ្ចប់​ផង​ទេ ដោយ​ការ​ឈឺ​ចាប់របស់​ប្រជាពលរដ្ឋ​របស់​យើង ក៏​ដូ​ច​ជា​ប្រជាពលរដ្ឋ​ថៃ ទៅ​លើ​បញ្ហា​ការ​បាត់​បង់​ស្អីៗ ឬ​ការ​របួស​ស្នាម​នៅ​ក្នុង​សមរភូមិទាំង​នេះ។ តែ​ឥឡូវ​អ្នក​ជ្រុល​និយម​នៅ​ក្នុង​ប្រទេស​ថៃ និង​អ្នក​ជ្រុល​និយម​នៅ​កម្ពុជា ដែល​នៅ​ជ្រក​កោន​នៅ​ប្រទេស ​ក្រៅប្រទេស គួរ​ត្រូវ​ធ្វើ​រឿង​នេះ វា​ជា​បន្ត​ទៀត ឬ​ក៏​ត្រូវ​ឲ្យ​​​វា​មាន​សេចក្ដី​សុខ​ជាមួយ​គ្នា​សិន ដោះ​ស្រាយ​នៅ​តែដោះ​ស្រាយ ប៉ុន្តែត្រូវ​ធ្វើ​ដោយ​ការ​ចរចា​ យើង​មិន​ទាន់​ប្រើ​អស់​លទ្ធភាព​នៃ​ការ​ចរចា​រវាង​ទ្វេភាគី​នៅ​ឡើយ​ទេ តើ​ដល់​ពេល​ហើយ​ឬ​នៅ​ដែលយើង​ត្រូវ​និយាយ​ទៅ​កាន់​តុលាការ​អន្តរ​ជាតិ»

តែយ៉ាងណា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ចាត់​ទុក​សារ​របស់​លោក ហ៊ុន សែន គឺ​ដើម្បី​តែ​បិទ​បាំង​ការ​ធ្វើ​នយោបាយ​ ជ្រក​ក្រោម​ចំណង​បរទេស​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ ដែល​ថា​បាន​ចង​ លោក ហ៊ុន សែន ចាប់​តាំង​​ពី​ឆ្នាំ​១៩៧៩ ដែល​ពេល​នោះ វៀតណាម​បានលើក​បន្តុប​ លោក ហ៊ុន សែន ឱ្យ​កាន់​អំណាច។

លោកថា៖ «ដូច​មុន​បោះ​ឆ្នោត លោក ហ៊ុន សែន បើ​សិន​ជា​គណបក្ស​ប្រជាជន​ចាញ់​ឆ្នោត​នឹង​មាន​សង្គ្រាម! អ៊ីចឹ​ងប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​ហ៊ាន​បោះ​ឆ្នោត​ដើម្បី​ផ្លាស់​ប្ដូរ​មេដឹកនាំ​ផ្តាច់​ការ​សព្វ​ថ្ងៃ​ហ្នឹង​ចេញ​ទេ! អ៊ីចឹ​ងឥឡូវ​គាត់​យក​សង្គ្រាម​មក​បំភ័យ​ប្រជា​ពលរដ្ឋ​ទៀត ខ្ញុំ​យល់​ថា ប្រជាពលរដ្ឋ​មាន​ទៅ​ភ័យ​អី រឿង​សង្គ្រាម​ជាមួយ​ថៃ​នោះ​ទេ។ ការ​ដែល​ជំរុញ​ឱ្យ​​រដ្ឋា​ភិបាល​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ​ករណី​គោះ​គុត គឺ​ដើម្បី​បញ្ចៀស​សង្គ្រាម​ហ្នឹង​ឯង បើ​សិន​ជា​អត់​ប្តឹង​ទេ អាច​មាន​សង្គ្រាម​ ប៉ុន្តែ​បើ​ប្តឹង​គឺ​អត់​មាន​សង្គ្រាម​ទេ»។

បើតាមអ្នកមានបទពិសោធន៍កិច្ចការព្រំដែនរូបនេះ អនុសារណៈ​នៃ​ការ​យោគ​យល់​ឆ្នាំ​២០០១ កោះ​​គុត​​ត្រូវ​​បាន​​កាត់​​ឆ្វៀល​​​ទៅ​​ឱ្យ​​ថៃ ដោយ​​លោក សុខ អាន កាល​​នៅ​​មាន​​ជីវិត តាម​បញ្ជា​របស់លោក ហ៊ុន សែន ទើប​ធ្វើ​ឱ្យ​គ្រួសារ​ហ៊ុន​មិន​ហ៊ាន​ថា​កោះ​គុត​ជា​របស់​ខ្មែរ ដូច​ភាគី​ថៃ​ទេ។

ក្នុងន័យនេះ លោកថា មានតែយកករណីកោះគុត ប្តឹង​ទៅតុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដូចករណី​ប្តឹង​ទាម​ទារ​ប្រាសាទ​ព្រះវិហារ​ពី​ថៃ​ទេ ទើប​អាច​ការ​ពារ​ទឹក​ដីបាន។

លោកថា៖ «យើង​មើល​ករណី​ប្រាសាទ​ព្រះវិហារ កាល​ពី​ឆ្នាំ​១៩៦២ សម្តេច​តា ឈ្នះ​ក្ដី​រឿង​ករណី​ប្រាសាទ​ព្រះ​វិហារ​នៅតុលាការ​យុត្តិធ​ម៌​អន្តរ​ជាតិ អាយ.ស៊ី.ជេ មាន​សង្គ្រាម​ណា! បាន​ប្រាសាទ​ព្រះ​វិហារ​មក​វិញ​ក្នុង​ឆ្នាំ​៦២»។     

ដោយឡែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ព្រមានថា បើ​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន មិន​ប្រើ​យន្ត​ការ​អន្ត​រ​ជាតិ​​ដើម្បី​លាង​ជម្រះ​មន្ទិល​ ជុំវិញ​ការ​កាត់​កោះ​គុតទៅឱ្យថៃទេ នោះ​អាចវាជា​ហានិភ័យ​ដល់​​អំណាច​គ្រួសារ​ហ៊ុន បើ​ចរន្ត​ពលរដ្ឋ​បះ​បោរ​ទ្រង់​ទ្រាយ​ធំ​ ពីពលរដ្ឋ​​ដែល​បារម្ភ​រឿង​បាត់​ទឹក​ដី​ទប់​លែង​ជាប់។

លោកថា៖ «កាលណាបណ្ដោយឲ្យមានការប្រឈមមុខដាក់​គ្នាអ៊ីចឹង ហើយ​ពលរដ្ឋ​នៅ​តែ​ដាក់​ការ​សង្ស័យ​ធ្ងន់​ទៅៗ ដល់​រដ្ឋាភិបាល​ហ្នឹង រដ្ឋាភិបាល​ហ្នឹង​មិន​ស្រួល​ប៉ុន្មាន​ទេ។ ក្រែង​លោ​ប្រជាពលរដ្ឋ​ខឹង​សម្បារ​មែន​ទែន​ទៅ នាំ​ជំរុញ​ដល់ការ​ផ្លាស់​ប្ដូរ​មេដឹក​នាំ​ហ្នឹង​ចេញ​ក៏​អាច​ថា​បាន។ អាហ្នឹងវាហា​និភ័យ​ទាំង​ប្រឈម​ជាមួយ​នឹង​ភាគី​ថៃ ហើយ​ប្រឈម​​នឹង​ក្នុង​រដ្ឋាភិបាល​ខ្លួន​ឯង​ដែរ ពីព្រោះ​ទាហាន​កាល​ណាមើ​ល​យូរ​ៗ​ទៅ រដ្ឋាភិបាល​នឹង​មិន​កើត​អាច​បង្វិល​ចុង​កាណុង​អី​ទៅ​រដ្ឋាភិបាល​វិញ​ក៏ថាបាន អាហ្នឹង​ស្មារតី​ស្នេហា​ជាតិ​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ ទាំង​ស៊ីវិល​ទាំង​កង​កម្លាំង​ប្រដាប់​អាវុធ»

ជុំវិញរឿងនេះ អ្នកវិភាគ​នយោបាយលោកបណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់ចង្អុលបង្ហាញលើមូលដ្ឋានច្បាប់​ដ៏រឹងមាំ ដែល​កម្ពុជា​អាចការពារ​ទឹកដីបាន ដោយ​មិនចាំបាច់​ធ្វើ​សង្រ្គាម​ជាមួ​យ​ប្រទេសជិត​​​ខាង​ ដែល​មាន​មហិច្ចតា​ឈ្លាន​ពាន​ទឹកដី​កម្ពុជា។

បើតាម លោក​បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​បាន​បង្ហោះ​សារ​លើ​ហ្វេស​ប៊ុក​របស់​ខ្លួន​ថា កម្ពុជា​អាចប្រើ​ប្រា​​ស់យន្ត​ការ​ដោះ​ស្រាយ​ការ​រំលោភ​យក​កោះគុត​ពី​ភាគី​ថៃ ដោយ​ប្រើ​ប្រាស់​មាត្រា៥ នៃកិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​​ប៉ារីស។

បើតាមមាត្រា៥ នៃកិច្ចព្រមព្រៀង​​២៣​តុលា បញ្ជាក់​​ថា បើ​មាន​ការ​ការ​គំរាម​កំហែង​​រំលោភ​​លើអធិប​​តេយ្យ​​ភាព​​កម្ពុជា បណ្តា​ភាគី​ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ ត្រូវ​ពិគ្រោះ​ជា​បន្ទាន់ ដើម្បី​អនុម័ត​រាល់​​វិធាន​ការ​សមស្រប ដើម្បី​ដោះ​ស្រាយ​រាល់​ការ​រំលោភ​ទាំង​នេះ​​តាម​មធ្យោបាយ​សន្តិវិធី។

វិធានការដោះស្រាយ រួមមាន រាយការណ៍ទៅក្រុមប្រឹក្សាសន្តិសុខអង្គការ​សហប្រ​ជា​ជាតិ ឬ​ប្រើ​​ប្រាស់​មធ្យោបាយ​ដំណោះ​​ស្រាយ នូវ​ទំនាស់​ដោយ​សន្តិវិធី​ យោង​​តា​ម​​មាត្រា​​៣៣ នៃ​​ធម្ម​នុញ្ញ​​អង្គ​ការ​​សហប្រជា​ជាតិ ហើយ​ភាគី​ពាក់​ព័ន្ធ​ក៏​អាច​សុំ​ការ​ឧបត្ថម្ភ​ពី​សហប្រធាន​នៃ​សន្និសីទប៉ារីស​ស្តីពី​កម្ពុជា រួម​មាន ប្រទេស​បារាំង និង​ប្រទេស​ឥណ្ឌូនេ​​ស៊ី​ផង​ដែរ។

ជាងនោះទៅទៀត ក្នុងករណីរំលោភយ៉ាងធ្ងន់ធ្ងរ​លើ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ភាគី​នៃ​កិច្ច​ព្រមព្រៀង​ត្រូវ​ស្នើដល់​អង្គ​ការ​​មាន​សមត្ថកិច្ច​នៃ​អង្គការ​សហប្រជាជាតិ ឱ្យ​​ចា​ត់​​វិធាន​​ការ​​ដទៃ​​ទៀត ដែល​​សម​ស្រប ​ដើម្បី​ទប់​​ស្កាត់ និង​​លុប​​បំបាត់​​ការ​រំលោភ​បំពាន ​ស្រប​​តាម​​ច្បាប់​​អន្តរជាតិ​ដែល​ពាក់ព័ន្ធ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បញ្ជាក់​យ៉ាង​ច្បាស់​ថា ម្ចាស់ហត្ថ​លេខី​ទាំង១៨ប្រទេស ដែលជាសាក្សីនៃកិច្ចព្រមព្រៀង​នេះ រួម​ទាំង​ប្រទេស​ថៃ​ផង ត្រូវទទួលស្គាល់ និងគោរពគ្រប់បែប​យ៉ាង​​ទាំង​អស់ ដល់អធិបតេយ្យភាព ឯករាជ្យ បូរណ​ភាព និង​ភាព​មិនអាច​រំលោភបាន​នៃ​ដែន​ដី អព្យាក្រឹតភាព និងឯកភាពជាតិកម្ពុជា។

រដ្ឋាភិបាលគ្រួសារហ៊ុន ​ដែលបានក្តោបអំណាច​ច្រើន​ទសវត្សរ៍​ទៅ​នេះ រង​ការ​រិះ​គន់​ថា ធ្វើ​ឱ្យ​បាត់​​​​បង់​ទឹក​ដីជាច្រើ​ន​ទៅ​ប្រទេស​វៀត​ណាម ទាំង​ដី​គោក និង​ប្រជុំ​កោះ មានកោះ​ត្រល់​ជាដើម រួម​ទាំង​បាន​គំរាម​រំ​លា​យ​របប​​រាជានិយម​អាស្រ័យ​ធម្មនុញ្ញ បើព្រះអង្គហ៊ានជំទាស់នឹងមហិច្ឆតា​វៀតណាម​លេប​ទឹក​ដី តាម​រយៈ​​​ធ្វើ​ឱ្យ​សន្ធិ​សញ្ញា​ព្រំដែន​ខុស​ច្បាប់​រស់​​ឡើង​វិញ​នៅ​ឆ្នាំ២០០៥​នោះ។

លើសពីនេះ រដ្ឋាភិបាល​កម្ពុជា ក៏រងការចោទថា ធ្វើឱ្យបាត់បង់ទឹកដីទៅប្រទេសថៃដែរ ក្នុងនោះមានទាំងកោះគុត ដែលថៃកំពុង​គ្រប់​​គ្រង​​ទាំង​ស្រុង ដែល​បច្ចុប្បន្ន​ក្រុម​ប្រឆាំង​កំពុង​ជំរុ​ញ​ឱ្យ​ប្រើ​​យន្ត​ការ​អន្តរ​ជាតិ ដើម្បី​ទប់​ស្កាត់​មហិច្ឆ​​តា​​ប​រទេស​ឈ្លាន​ពាន ប៉ុន្តែក្រុមអ្នកទាមទារនៅក្នុងប្រទេស ត្រូវបា​ន​បង្ក្រាប និង​ចាប់​ដាក់​ពន្ធនាគារ ដែលវិធាន​នេះ​ហាក់​បំពាន​រដ្ឋធម្ម​នុញ្ញ​ត្រង់​មាត្រា​៥២។

មាត្រា៥២នៃរដ្ឋធម្មនុញ្ញ ចែងថា រាជរដ្ឋាភិបាលកម្ពុជា​ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យ​ បូរណភាពទឹកដី អ​នុ​វ​​ត្ត​នយោបាយ​បង្រួបបង្រួមជាតិ ដើម្បីការឯកភាពជាតិ។

ដោយឡែកមាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ ចែងថា អ្នកធ្វើឱ្យបាត់ដីទាំងស្រុង ឬមួយផ្នែក មានទោសក្បត់ជាតិ ត្រូវ​ផ្តន្ទា​ទោស​​​ដាក់ពន្ធនាគារអស់មួយជីវិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ