ក្រុមប្រជាពលរដ្ឋប្រមាណ ២០នាក់ តំណាងឱ្យជាង ៣០គ្រួសារ រស់នៅតាមដងផ្លូវជាតិលេខ៥៥ នៅតំបន់ភ្នំ១៥០០ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃព្រហស្បតិ៍នេះ បាននាំគ្នាមកដាក់ញត្តិនៅស្ថាប័នថ្នាក់ជាតិ ក្នុងរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យមានដំណោះស្រាយរឿងដីធ្លី និងជួយជំរុញទៅតុលាការទម្លាក់បទចោទលើពលរដ្ឋម្នាក់ដែលជាប់ឃុំក្នុងរឿងដីធ្លីនេះ។
តំណាងពលរដ្ឋនៅតំបន់ភ្នំ១៥០០ ក្នុងឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ លោក ម៉ែន ស៊ីម បានឱ្យដឹងថា ពួកគាត់បាននាំគ្នាឡើងមកដាក់ញត្តិនៅក្រសួងយុត្តិធម៌ និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីស្នើដល់ក្រសួងស្ថាប័នទាំងនេះ ជួយអន្តរាគមន៍រកយុត្តិធម៌ឱ្យពលរដ្ឋ ដែលប្រឈមនឹងការបាត់បង់ដី ដោយសារតែអាជ្ញាធរបានតម្រូវឱ្យពួកគាត់រុះរើផ្ទះចេញពីដីនោះ ដោយចោទពលរដ្ឋថាទៅទន្ទ្រានដីតំបន់ការពារខុសច្បាប់។
លោកបញ្ជាក់ថា ដីនោះ ពលរដ្ឋបានទិញពីក្រុមទាហាន និងពលរដ្ឋផ្សេងទៀត ដោយរស់នៅតំបន់នោះជាង១០ឆ្នាំមកហើយ ដោយបានសង់ផ្ទះថ្មរស់នៅយ៉ាងសុខសាន្តរហូតមក ដោយពុំបានទន្ទ្រានដីព្រៃរបស់រដ្ឋ ដូចការចោទប្រកាន់នោះទេ។
លោកថា៖ «ខ្ញុំដាក់នៅក្រសួងយុត្តិធម៌ គោលបំណងពួកខ្ញុំ សុំរកយុត្តិធម៌ដើម្បី[សុំ]ដីធ្លីមកវិញ ដីខ្ញុំទិញគេយូរហើយ ទិញបួនដប់ឆ្នាំជាង ឥឡូវនេះមកឱ្យខ្ញុំរុះរើ ខ្ញុំបានអីនៅ»។
បើតាម លោក ម៉ែន ស៊ីម នៅពេលដាក់ញត្តិនៅក្រសួងយុត្តិធម៌នេះ ខាងមន្ត្រីក្រសួងបានទទួលយកញត្តិរបស់ពលរដ្ឋ តែមិនទាន់មានការឆ្លើយតបយ៉ាងណានៅឡើយ។
តំណាងពលរដ្ឋមួយរូបទៀត អ្នកស្រី សែម សុធា បានឱ្យដឹងដែរថា ការណ៍ដែលពួកគាត់មកដាក់ញត្តិទៅក្រសួងយុត្តិធម៌ និងខុទ្ទកាល័យនាយករដ្ឋមន្ត្រីនេះ ដោយសារតែពួកគាត់មានក្តីបារម្ភពីការបណ្តេញចេញដោយបង្ខំ ក្រោយអាជ្ញាធរខេត្តបានដាក់ឱសានវាទជាថ្មីទៀត ឱ្យពួកគាត់រុះរើផ្ទះចេញពីតំបន់នោះ ក្នុងរយៈពេល១៥ថ្ងៃ។
អ្នកស្រីបន្តថា ក្នុងញត្តិនោះ ពលរដ្ឋបានស្នើសុំយ៉ាងទទូចដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងក្រសួងយុត្តិធម៌ ជួយអន្តាគមន៍ឱ្យមានការកាត់ឆ្វៀលដីជូនពួកគាត់សម្រាប់រស់នៅ ដោយអ្នកស្រីថាដីនោះនៅក្រៅតំបន់ការពារ ហើយពលរដ្ឋបានរស់នៅទីនោះជាង១០ឆ្នាំមកហើយ។
ក្រៅពីនោះ អ្នកស្រីថា ពលរដ្ឋក៏បានស្នើដល់រដ្ឋាភិបាល និងក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍ឱ្យមានការទម្លាក់ចោលបទចោទ និងដោះលែងពលរដ្ឋម្នាក់ដែលកំពុងជាប់ឃុំនៅពន្ធនាគារ ដោយសាររឿងដីធ្លីនេះ។
អ្នកស្រីនិយាយថា៖ «សុំឱ្យគាត់[ក្រ]ជួយអន្តរាគមន៍ ទៅ[តុលាការ]រដ្ឋបាលខេត្តពោធិ៍សាត់ ឱ្យជួយដោះលែងជនជាប់ពន្ធនាគារហ្នឹង ឈ្មោះ សេន ពិសី ហ្នឹង ហើយនិងជួយសហគមន៍ពួកនាងខ្ញុំនេះ ដែលត្រូវដាក់ឱសានវាទកន្លះខែទៀត ឱ្យរុះរើផ្ទះ»។
បើតាមក្រុមប្រជាពលរដ្ឋ កន្លងមក អាជ្ញាធរបានហាមឃាត់ការរស់នៅលើដីតំបន់ការពារ និងផ្លូវអន្ទង់អាំង ហើយពលរដ្ឋដែលរស់នៅទីនោះ ក៏បានចាកចេញពីតំបន់នោះហើយ ប៉ុន្តែសម្រាប់ពួកគាត់ទាំងជាង ៣០គ្រួសារដែលមិនព្រមចាកចេញនេះ ដោយសារតែពួកគាត់រស់នៅលើដីផ្នែកខាងក្រោម ក្នុងគីឡូម៉ែត្រលេខ១៣៥ ដល់១៣៧ ដែលមិនពាក់ព័ន្ធនឹងផ្លូវអន្ទង់អាំងនោះទេ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន នៅពេលសុំការអត្ថាធិប្បាយ ជុំវិញសំណួរVOD ដែលសួរថា តើក្រសួងនឹងជួយជំរុញបែបណាជុំវិញបញ្ហានេះ លោកថា៖ «អធ្យាស្រ័យ យើងឆ្លើយតបតែសារព័ត៌មានស្របច្បាប់ទេ»។
មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ ចែងថា សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឱ្យផ្លាស់ទីចេញពីតំបន់ជិតផ្លូវអន្ទង់អាំងជាដាច់ខាត និងដកហូតទីតាំងដីនោះទុកជាសម្បត្តិរដ្ឋ។ រដ្ឋបាលខេត្តពោធិ៍សាត់ បញ្ជាក់ថា ប្រជាជនរស់នៅលើដីនោះដោយខុសច្បាប់ ហើយអាជ្ញាធរត្រូវរៀបចំដោះស្រាយតំបន់អន្ទង់អាំង ភ្នំ១៥០០ ឱ្យទៅជាតំបន់បៃតង។
ក្រោយមក រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញលិខិតជាបន្តបន្ទាប់ ដោយបានកំណត់ទុកពេលឱ្យប្រជាពលរដ្ឋ ៣០ថ្ងៃ និងចុងក្រោយនេះ ១៥ថ្ងៃ សម្រាប់ការរុះរើ និងចេញពីតំបន់អន្ទង់អាំង ដោយខ្លួនឯង ហើយក្នុងករណីប្រជាពលរដ្ឋមិនព្រមរើចេញ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី យល់ថា ការណ៍ដែលពលរដ្ឋនាំគ្នាឡើងមកដាក់ញត្តិនៅក្រសួងស្ថាប័នថ្នាក់ជាតិនេះ ដោយសារតែពលរដ្ឋមិនមានជំនឿលើការដោះស្រាយរបស់រដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ខណៈឯកសារដែលបណ្តេញពួកគេចេញ មានភាពមិនច្បាស់លាស់ និងខុសគ្នា រវាងអាជ្ញាធរថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ។
លោក យិន ម៉ែងលី ថ្លែងថា៖ «ចឹងសម្រាប់សង្គមស៊ីវិល សម្រាប់ការចុះទៅពិនិត្យដល់ទីតាំងផ្ទាល់ យើងសំណូមពរដល់ក្រសួងពាក់ព័ន្ធ ដល់ប្រមុខរដ្ឋាភិបាល បញ្ជូនមន្ត្រីថ្នាក់ជាតិចុះទៅ ហើយធ្វើការបោះជាបង្គោលឱ្យបានត្រឹមត្រូវ ចេញជាលិខិត ចេញជាស.ជ.ណ ចេញជាអនុក្រឹត្យឱ្យបានច្បាស់លាស់ ថាត្រឹមចំណុចណាដែលហាមឃាត់ប្រជាពលរដ្ឋមិនឱ្យរស់នៅ ដើម្បីបញ្ចប់បញ្ហាហ្នឹង ឱ្យបានច្បាស់លាស់ ព្រោះប្រជាពលរដ្ឋគាត់បានឃើញ ស.ជ.ណ អត់ប៉ះពាល់បានគាត់ធ្វើការតវ៉ា ហើយដោះលែងប្រជាពលរដ្ឋសិនទៅ ឱ្យគាត់នៅក្រៅឃុំសិនទៅ តើយើងមើលមើរឃើញភាពអយុត្តិធម៌ទេ? ៣១គ្រួសារ ប៉ុន្តែជាប់ ១គ្រួសារ គាត់ជាអ្នកមានវោហាស័ព្ទនិយាយ គាត់ដើរដាក់ពាក្យបណ្តឹងឬយ៉ាងម៉េច? នេះដែលខាងសង្គមស៊ីវិល បានទទូចសុំឱ្យខាងថ្នាក់ជាតិ បញ្ជូនមន្ត្រី និងចាត់វិធានការទៅលើបញ្ហានេះ»។
បើតាមប្រភពដដែល តាមការចុះទៅអង្កេតផ្ទាល់បញ្ហាទំនាស់ដីធ្លីនេះ មិនមែនជាកំហុសរបស់ប្រជាពលរដ្ឋនោះទេ ដោយសារតែរដ្ឋបាលខេត្ត មិនបានកំណត់ឬបោះបង្គោលថា តំបន់ណាដែលហាមឃាត់ពលរដ្ឋមិនឱ្យរស់នៅ និងមិនមានឯកសារយោងពីការតម្រូវឱ្យពលរដ្ឋរុះរើចេញ។ ចំណែក ពលរដ្ឋវិញ មានឯកសារយោងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ពីចំណុចគីឡូម៉ែត្រដែលត្រូវហាមឃាត់មិនឱ្យរស់នៅ និងត្រូវរុះរើចេញ ដើម្បីធ្វើការអភិរក្ស ខណៈពលរដ្ឋបញ្ជាក់ច្បាស់ថា ពួកគាត់រស់នៅក្រៅតំបន់ហាមឃាត់នោះ៕