វប្បធម៌ច្រានចោលរបស់គ្រួសារហ៊ុន ត្រូវគេមើលឃើញថា នឹងទាញកម្ពុជាឱ្យផុងខ្លួនកាន់តែជ្រៅក្នុងអន្ទាក់ក្រុមឧក្រិដ្ឋជនឆ្លងដែន ដែលវានឹងគំរាមកំហែងដល់សន្តិសុខជាតិ បង្កការភ័យខ្លាចដល់អ្នកវិនិយោគ និងជីវភាពរស់នៅរបស់ពលរដ្ឋរាប់លាននាក់នៅទូទាំងប្រទេស បើគ្មានការកែលម្អទេនោះ។
ការលើកឡើងនេះ ក្រោយអគ្គស្នងការនគរបាលជាតិ ចេញសេចក្តីប្រកាសព័ត៌មានច្រានចោលការផ្សព្វផ្សាយ ដែលថានគរបាលជាតិកម្ពុជា លាក់ព័ត៌មានឱ្យក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ ករណីជនជាតិចិនកំពុងរងគ្រោះដោយការធ្វើទារុណកម្ម ក្នុងទីតាំងឆបោកតាមប្រព័ន្ធអនឡាញ ដែលផ្សព្វផ្សាយដោយមានជនជាតិចិន ដែលប្រើគណនី Weibo ឈ្មោះ Tie Xiao Jun។
ប្រភពនោះថា ការផ្សព្វផ្សាយបែបនេះ ជាចេតនាទុច្ចរិតចោទប្រកាន់មកលើស្ថាប័ននគរបាលជាតិកម្ពុជា បង្កើតឱ្យមានការភ័ន្តច្រឡំដល់មតិសាធារណៈជាតិ និងអន្តរជាតិយ៉ាងធ្ងន់ធ្ងរ និងបង្កឱ្យមានការភ័យខ្លាចដល់ភ្ញៀវទេសចរ និងអ្នកវិនិយោគទុនបរទេស។
ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សួន សូរីដា កត់សម្គាល់ថា មុននឹងបដិសេដការចោទប្រកាន់បែបនេះ គួរតែចុះធ្វើការស៊ើបអង្កេតដោយឯករាជ្យមួយ ដើម្បីបង្ហាញតម្លាភាព ជាជាងចេញលិខិតមួយច្រានចោល រួចក៏ចប់រឿង។
អ្នកនយោបាយរូបនេះ សង្កត់ធ្ងន់ថា បើរដ្ឋាភិបាលគ្រួសារហ៊ុន បន្តវប្បធម៌ច្រានចោលដើម្បីតែការពារមុខមាត់ខ្លួន ដោយមិនទទួលយកការពិត វានឹងធ្វើឱ្យគោលនយោបាយបោសសម្អាតឧក្រិដ្ឋកម្ម និងលុបអំពើពុករលួយជាដើម នឹងបរាជ័យ។
លោកថា៖ «ជាក់ស្ដែងដូចនៅក្នុងរឿងថ្មីៗ ទាក់ទងទៅនឹងភ្ញៀវទេសចរចិនចូលមករស់នៅហ្នឹង អាហ្នឹងគឺជាករណីមួយក្នុងចំណោមករណីជាច្រើន ដែលរដ្ឋាភិបាលត្រូវឆ្លើយតបឲ្យមានប្រសិទ្ធភាព ដើម្បីធ្វើម៉េចឲ្យកំណែទម្រង់របស់ខ្លួនទទួលបានជោគជ័យ។ រឿងទីពីរ ប្រសិនបើរដ្ឋាភិបាលមានវប្បធម៌ចេះតែច្រានចោល មិនទទួលស្គាល់នូវការពិត ហើយចេះតែប្រើពាក្យមួយថា ការពារបិទបាំងនូវទង្វើកំហុសរបស់ខ្លួន កំណែទម្រង់របស់ខ្លួនអត់ទទួលបានជោគជ័យទេ»។
យ៉ាងណា នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ធ្លាប់ជំរុញឱ្យមន្រ្តីរដ្ឋាភិបាលប្រញាប់បដិសេដឱ្យបានឆាប់រហ័ស ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ។ យ៉ាងណា លោកធ្លាប់ទទួលស្គាល់ថា ពលរដ្ឋហាក់អស់ជំនឿលើព័ត៌មានរបស់រដ្ឋាភិបាល។
លោកថា៖ «ប៉ុន្តែអាព័ត៌មានដែលគាត់បំផ្លាញ គាត់បង្ហាញអាក្រក់នេះ គឺមនុស្សរាប់លាននាក់មើល ដល់យើងបង្ហាញព័ត៌មានពិត មនុស្សប្រហែលជាងមួយម៉ឺន (ទៅ) ពីរម៉ឹននាក់ ចឹងត្រូវបង្កើនបញ្ហា»។
សម្រាប់ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ឱ្យជាយោបល់ថា បើរដ្ឋាភិបាលច្រានចោលភ្ជាប់ជាមួយការស៊ើបអង្កេត ដោយតម្លាភាពក្នុងរឿងចោទប្រកាន់ណាមួយ នោះទើបបង្ហាញថាខ្លួនស្អាតស្អំបាន។
លោកថា៖ «វប្បធម៌ច្រានចោលទាល់តែមានភស្តុតាង បើសិនជារាល់ការច្រានចោល ដោយមិនបានធ្វើការស៊ើបអង្កេត ហើយមិនបានដឹងរឿង ហើយមិនបានបង្ហាញនូវទឡ្ហីករណ៍គ្រប់គ្រាន់ វាគឺជារឿងមួយដែលគេអាចវាយតម្លៃនៅក្នុងផ្លូវអវិជ្ជមានគ្រប់ទម្រង់ទាំងអស់។ ដូច្នេះខ្ញុំចង់លើកឡើងថា រាល់ការដោះសារ វាមិនមែនជាដំណោះស្រាយ ក៏ប៉ុន្តែបើសិនជារាល់ការដោះសារដោយឈរទៅលើគោលការណ៍វិទ្យាសាស្ត្រ វាគឺជារឿងដែលត្រឹមត្រូវ ហើយយើងអាចយកមកធ្វើជាមូលដ្ឋាន ក្នុងការបកស្រាយដោយអាចធ្វើឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ អាចទទួលយកបាន»។
បើជាបែបណា គេសង្កេតឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាហាក់បានក្លាយជាជម្រកឧក្រិដ្ឋជនឆបោក និងចាប់ជំរិត ចំពេលដែលកម្ពុជារងការរិះគន់ថា បានក្លាយជាជម្រកពួកឧក្រិដ្ឋជន គំរាមកំហែងទាំងសន្តិសុខជាតិ បង្កការភ័យខ្លាចដល់ភ្ញៀវទេសចរបរទេស អ្នកនិយោគ និងជីវភាពរស់នៅពលរដ្ឋជាម្ចាស់ប្រទេសជាដើម។
កាលពីឆ្នាំ២០២៤ ប្រទេសកូរ៉េខាងត្បូង បានប្រកាសអាសន្នពីការភ័យខ្លាចអំពើចាប់ជំរិតនៅកម្ពុជា ដោយហាមពលរដ្ឋខ្លួនមិនឱ្យធ្វើដំណើរមកកាន់កម្ពុជា ខណៈប្រទេសឥណ្ឌា ក៏ធ្លាប់រកឃើញថា ជនជាតិខ្លួនប្រមាណ ៥ ០០០នាក់ បានរងគ្រោះដោយការបង្ខាំងមនុស្សខុសច្បាប់នៅកម្ពុជា។
ដោយឡែក នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានថៃ Bangkork Post បានចុះផ្សាយថា «ជនបរទេសចំនួន ២១៥នាក់ រួមទាំងជនជាតិថៃ ត្រូវបានជួយសង្គ្រោះលើទឹកដីកម្ពុជា ពាក់ព័ន្ធនឹងអំពើឆបោកនៅកម្ពុជា»។
បន្ថែមលើនេះ ក្រុមឧកញ៉ាដែលអន្តរជាតិរកឃើញថាជាឧក្រិដ្ឋជន សុទ្ធសឹងតែជាមនុស្សដែលនៅកៀកនឹងគ្រួសារហ៊ុន រួមមាន ឧកញ៉ា លី យ៉ុងផាត់ ឧកញ៉ា កុក អាន ឧកញ៉ា ហ៊ុន តូ និងឧកញ៉ា ចេន ហ្ស៊ី ទីប្រឹក្សាលោក ហ៊ុន សែន ដែលត្រូវតុលាការចិនរកឃើញថាជាឧក្រិដ្ឋជនលាងលុយ និងឆបោកតាមអនឡាញ ជាដើម។
ឧកញ៉ា លី យ៉ុងផាត់ អ្នកគ្រប់គ្រងលុយឱ្យបក្សកាន់អំណាច ត្រូវក្រសួងរតនាគារជាតិអាមេរិក ដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ ក្រោយមានជាប់ព័ន្ធការជួញដូរមនុស្ស ការរកស៊ីឆបោកតាមអនឡាញ។
ទោះជាមានការរកឃើញបែបនេះក្តី តែរដ្ឋាភិបាលគ្រួសារហ៊ុន តែងតែច្រានចោលរបាយការណ៍ទាំងនោះ ទាំងគ្មានការស៊ើបអង្កេតណាមួយកើតឡើងនោះទេ ដែលវប្បធម៌បដិសេដបែបនេះ រងការរិះគន់ថា នឹងធ្វើឱ្យកម្ពុជាផុងខ្លួនកាន់តែជ្រៅក្នុងអន្ទាក់ក្រុមឧក្រិដ្ឋជន បង្កគ្រោះថ្នាក់ដល់ពលរដ្ឋរាប់លាននាក់ នៅទួទាំងប្រទេស បើគ្មានការកែលម្អទេនោះ៕