កូដករណាហ្គាវើល​ដ៏បន្ត​បន្លឺ​សំឡេង​ទាម​ទារ​ទោះ​យុត្តិធម៌​ត្រូវ​បាន​គេ​ផ្អឹបទុក​ជាង​៣ឆ្នាំ

កូដករណាហ្គាវើលដ៍​ដែលអះ​អាង​ថា ត្រូវ​បាន​ថៅកែ​បញ្ឈប់​ពី​ការ​ងារ​ក្រោម​រូប​ភាព​រើស​អើង​សហជីព​នោះ នៅថ្ងៃ​ទី៦​ខែមិនា​នេះ បន្ត​ជួប​ជុំ​តាម​ការ​គ្រោង​ទុក មុខ​ក្រុមហ៊ុន​ជិត​របង​រដ្ឋសភា បន្លឺ​សំឡេង​ជំរុញ​ឱ្យ​មានការ​​ដោះ​ស្រាយ ដោយ​សំអាង​ថា ទោះ​រ​ង​ភាព​អយុត្តិធម៌​ជាង​៣ឆ្នាំ​ទៅ​​នេះ​ក្តី។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការងារលោក កត្តា អ៊ន ធ្លាប់ការពារ​ថា ករ​ណី​វិវាទ​ការ​ងារ​​​នៅ​ក្រុម​ហ៊ុន​ណា​ហ្គា ​ក្រសួង​​​បាន​​​​ដោះ​​​ស្រាយ​​មក​​ជា​​ហូរហែ​​។ មួយវិញទៀតលោកថា ក្រុម​ហ៊ុន​​ក៏​បាន​​ផ្ទេរ​ប្រាក់​បំណាច់ និង​សំណង​​បញ្ចប់​កិច្ច​សន្យា​ការ​ងារ ចូល​គណនី​ធនាគារ​​អ​តីត​​បុ​គ្គលិក​​ ដែល​ក្រុម​ហ៊ុន​​បាន​បញ្ចប់​​កិច្ច​សន្យា​ការ​​​ងារ​​ចំនួន ៣៧៣នាក់​ ​រួច​​មក​​ហើយ​​ដែរ។

ដោយឡែក លោក ឃុន ថារ៉ូ មន្ត្រី​​កម្ម​វិធី​​ការងារ​​នៃ​​មជ្ឈមណ្ឌល​​​សម្ព័ន្ធភាព​​ការងារ និង​​សិទ្ធិ​​​មនុស្ស ហៅ​​កាត់​​​ថា​ សង់​ត្រាល់ ក៏ធ្លាប់និយាយថា​ ​ដើម្បី​បញ្ច​ប់​វិវាទនេះ វាទាល់តែភាគី​​ក្រុម​ហ៊ុន និង​​ក្រសួង​ការ​ងារ ​មាន​ឆន្ទៈ​​ផ្សះ​ផ្សា​​បញ្ចប់​​វិវាទ ​ពាក់ព័ន្ធ​នឹង​ការ​​ទទួល​យក​កូដករ​ឱ្យ​​ចូល​ធ្វើ​ការ​​ងារ​វិញ និង​ការ​​ទទួល​ស្គាល់​សហជីព ។​

វិវាទនៅក្រុមហ៊ុនណាហ្គាវើលដ៏ ផ្តើមចេញពី​ក្រុមហ៊ុន​​​​ណាហ្គាវើលដ៍ បាន​​បញ្ឈប់​​បុគ្គលិក​​ប្រមាណ ១ ៣០០​នាក់ កាល​​​​​​ពី​ខែ​មេសា ឆ្នាំ២០២១ ដែល​ភាគច្រើនជាប្រធាន​និង​សមាជិក​សហជីព អំឡុង​ពេល​ផ្ទុះជំងឺ​​កូវីត-១៩ ដែលថៅកែ​អះអា​ង​ពី​មូលហេតុ​ជួបវិបត្តិហិរញ្ញវត្ថុ។

ប៉ុន្តែភាគីបុគ្គលិកដែលបានបញ្ឈប់ ​អះអាង​ថា ជា​ចេតនា​របស់​ថៅកែ ដើម្បី​បំបាត់​​សហជីព​​ឯករាជ្យ ​ក្នុង​ក្រុម​ហ៊ុន​ដែល​តែង​តែ​ជំរុញ​លក្ខខណ្ឌ​ការ​ងារ ការ​ពារ​សិទ្ធិ​បុគ្គលិក។

​ការជំរុញលក្ខខណ្ឌការងារនៅក្រុមហ៊ុននេះ ត្រូវបានគេមើលឃើញថា ជាការតស៊ូមតិធំជាងគេក្នុងប្រទេសកម្ពុជា ដែលបាន​អះអាងបន្លាយរហូតជាង៣ឆ្នាំ ទោះប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ ត្រូវ​បានចាប់​ដាក់ពន្ធនាគាររហូតពីរលើក។

ភាពជាប់គាំងនៃការរកដំណោះសា្រយនេះ ជំរុញ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភថា កម្មករនិងបុគ្គលិក​ច្រើន​កន្លែងទៀត នឹង​ត្រូវបានគេរំលោភ​សិទ្ធិការងារ ដោយយកគំរូមិនល្អចេញ​ពីក្រុមហ៊ុនណាហ្គាវើលដ៍នេះ បើក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាល មិនអាចចាប់បង្ខំឱ្យថៅកែបរទេស គោរពច្បាប់របស់កម្ពុជាបាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ