អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួនដោយសារតែឡោមព័ទ្ធដោយបណ្តឹង ពីគណបក្សកាន់អំណាចនោះ បានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាផ្លាស់ប្តូរមេដឹកនាំគ្រួសារហ៊ុន ដោយសំអាងពីការរើខ្លួនចេញពីវិបត្តិបំណុល រួមទាំងឧក្រិដ្ឋកម្មដែលថាកំពុងរីករាលដាលពេញផ្ទៃប្រទេស។
លោក សម រង្ស៊ី បាននិយាយនៅលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី៦ ខែមិនានេះថា មិនថាអ្នកគាំទ្ររដ្ឋាភិបាល ឬអ្នកប្រឆាំងរដ្ឋាភិបាលទេ ពេលនេះម្នាក់ៗពិបាកវេទនាដូចៗគ្នា។
ទុក្ខវេទនានេះ លោកបញ្ជាក់ថា ពួកគេកំពុងប្រឈមមុខនឹងបញ្ហាលុយកាក់ បញ្ហាបំណុល បញ្ហាសេដ្ឋកិច្ច បញ្ហាលំនៅដ្ឋាន បញ្ហាការងារ បញ្ហាសុខភាព និងកំពុងប្រឈមមុខនឹងឧក្រិដ្ឋកម្មនៅទូទាំងប្រទេស។
បន្ថែមពីនេះ លោក សម រង្ស៊ី ហាក់ស្តីបន្ទោសថា មេដឹកនាំសព្វថ្ងៃនេះ ជាមនុស្សអសមត្ថភាព មិនដោះស្រាយបញ្ហាសង្គមទេ តែបែរជាបន្ទោសជនរងគ្រោះជាកសិករ កម្មករ ដែលខំប្រឹងប្រែងធ្វើការចិញ្ចឹមជីវិត ចិញ្ចឹមគ្រួសារទាំងលំបាកវេទនាតោកយ៉ាកជាខ្លាំង។
ផ្អែកលើហេតុផលខាងលើ លោក សម រង្ស៊ី អំពាវនាវថា «ឱ្យប្រជាពលរដ្ឋខ្មែរ អាចរួបរួមគ្នា រួបរួមជាមួយគណបក្សនយោបាយទាំងអស់ ដើម្បីផ្លាស់ប្តូររបបនេះចេញ ដើម្បីអនាគតរបស់កូនចៅខ្មែរយើងទៅថ្ងៃមុខ»។
ជុំវិញរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ប្រាប់VODនៅថ្ងៃទី០៦ ខែមីនានេះថា លោកសុំច្រានចោលការលើកឡើងរបស់ លោក សម រង្ស៊ី ដោយលោកចាត់ទុកថាការផ្លាស់ប្ដូមេដឹកនាំមានតែច្រកមួយគត់ គឺការបោះឆ្នោត។
លោកថា៖ «ដូច្នេះការស្រែក ការផ្សាយតាមហ្វេសប៊ុកនានាថា ប៉ុនប៉ងផ្តួលរំលំមេដឹកនាំ ឬរាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ ដែលកំពុងដឹកនាំប្រទេសនេះ ខ្ញុំយល់ថា វាអត់បានការអីទេ»។
ដោយឡែក ពលរដ្ឋម្នាក់ដែលជំពាក់បំណុលធនាគារ លោក ប៊ុន ធឿន បានប្រាប់VODថា បច្ចុប្បន្នលោកកំពុងជួបវិបត្តិបំណុលធ្ងន់ធ្ងរ ដែលថា មានតែប្រថុយចំណាកស្រុក ដើម្បីរកលុយដោះបំណុល។
លោកថា៖ «ពិបាកខ្លាំង ដោះមិនចេញបង ពិបាកហ្នឹង ពិបាកដោយសារយើងរាល់ថ្ងៃហ្នឹង វាអត់លុយមើលឈឺមើលខ្លួនមើលអីចឹងទៅ ពិបាកក្រុមគ្រួសារនៅក្នុងចិត្ដ ហើយអាធនាគារនឹងប្ដឹងផ្ដល់ទៅ យើងអត់មានលុយបង់ឲ្យគេ គ្រួសារក៏ឈឺអីក៏ឈឺ ហើយណាមួយធនាគារក៏គេប្ដឹងផ្ដល់ ចឹងទៅមានតែប្រឈមនឹងផ្លូវច្បាប់ មានតែធនាគារគេរឹបអូសផ្ទះដីអស់ហ្នឹងបង មានអីក្រៅពីប៉ុននឹងធនាគាររឹបអូសមានតែទៅដើរធ្វើខ្ញុំគេចំណាកស្រុក»។
អ្នកឯកទេសផ្នែកសង្គម គោលនយោបាយ និងសេដ្ឋកិច្ច លោក ឌី គន្ធា និយាយថា ការលើកឡើងរបស់លោក សម រង្ស៊ី ត្រូវមួយផ្នែកនៃបញ្ហាសង្គម រួមទាំងបញ្ហាប្រជាពលរដ្ឋ។ ប៉ុន្តែលោកចង់ឃើញអ្នកនយោបាយខ្មែរ រួមគ្នាដោះស្រាយបញ្ហាចាក់ស្រេះសង្គម តបតាមស្មារតីរដ្ឋធម្មនុញ្ញ ដើម្បីតម្កល់ប្រយោជន៍ជាតិ និងដោះស្រាយបញ្ហាម្ចាស់ប្រទេស។
លោកថា៖ «ធ្វើការផ្លាស់ប្តូរឥរិយាបថនយោបាយ ដោយបើកបេះដូងទូលំទូលាយ បង្ហាញនូវឆន្ទៈនយោបាយខ្ពស់ មានផែនការប្ដេជ្ញាចិត្តយ៉ាងសកម្ម នៅក្នុងការគោរពនូវស្មារតីរួមនៃសមាជិកកិច្ចព្រមព្រៀងសន្តិភាព២៣តុលា[ឆ្នាំ]១៩៩១ ដំណោះស្រាយករណីបញ្ហាផ្ទៃក្នុងជាតិខ្មែរ តាមគ្រប់រូបភាពសកម្មភាពគ្រប់ទម្រង់ គ្រប់មធ្យោបាយ ដើម្បីតម្កល់ឧត្ដមប្រយោជន៍ជាតិខ្មែរជាធំ»។
បើតាមរបាយការណ៍ពី CBC ចេញផ្សាយអំឡុងខែមេសា ឆ្នាំ២០២៤ រកឃើញថា ពលរដ្ឋខ្មែរជិត៥លាននាក់ជាប់បំណុល។ ចំនួននេះមិនទាន់រាប់បញ្ចូលជនរងគ្រោះរាប់ម៉ឺនគ្រួសារទៀត ដែលកំពុងរួមរឹតដោយវិបត្តិបំណុល ដោយសារពួកគេចាញ់បោកក្រុមឧកញ៉ាលក់អចលនទ្រព្យ ដែលស្និទ្ធនឹងមេដឹកនាំ មានឧកញ៉ា ឡេង ណាវ៉ាត្រា អតីតឧកញ៉ា ហ៊ី គឹមហុង និងអតីតឧកញ៉ា ឡេង ចាន់ណា ជាដើម។
ករណីនេះ ធ្វើឱ្យជនរងគ្រោះខ្លះបានសម្លាប់ខ្លួនជាបន្តបន្ទាប់ ដោយសារតែយុត្តិធម៌របស់ពួកគេ ត្រូវបានប្រព័ន្ធយុត្តិធម៌ដែលជាឧបករណ៍នយោបាយ បានកប់ចោលច្រើនឆ្នាំ។
រីឯវិបត្តិទីផ្សារលក់កសិផលវិញ កសិករនៅតែបន្តរងគ្រោះ ជួបវិបត្តិបំណុលវណ្ឌក ដែលជាផ្នែកជំរុញឱ្យមានលំហូរចំណាកស្រុកខុសច្បាប់ ប្រឈមនឹងគ្រោះថ្នាក់ច្រើនម៉ឺននាក់ក្នុងមួយឆ្នាំៗ ដែលខ្លះគេចផុតពីការស្លាប់ ត្រូវបានភាគីថៃដឹកមកទម្លាក់ចោលនៅតាមព្រំដែនជាដើម។
ដោយឡែក ករណីលោក សម រង្ស៊ី ត្រូវគេមើលឃើញថា មេដឹកនាំបក្សកាន់អំណាច បានប្រើដៃតុលាការ ដើម្បីបិទខ្ទប់មិនឱ្យចូលរួមប្រកួតការបោះឆ្នោតរហូតបច្ចុប្បន្ន ខណៈមេដឹកនាំគ្រួសារហ៊ុន ធ្លាក់ចុះប្រជាប្រិយភាពយ៉ាងគំហុក ចាប់ពីឆ្នាំ២០១៧មក ធ្វើឱ្យគណបក្សប្រឆាំងដណ្តើមបានអសនៈ ទាំងក្នុងសភា និងឃុំសង្កាត់ ជិតពាក់កណ្តាល។
បរិបទនេះ ធ្វើឱ្យ លោក សម រង្ស៊ី ត្រូវឡោមព័ទ្ធដោយបណ្តឹងពីគណបក្សប្រជាជន ក្នុងនោះរួមទាំងករណី ដកបង្គោលព្រំដែន នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង អំឡុងឆ្នាំ២០០៩។
ឥទ្ធិពលនៃបណ្តឹងស្អេកស្កះនេះ ស្នាក់ការកណ្តាលរបស់គណបក្សសង្ក្រោះជាតិ នៅសង្កាត់ចាក់អង្រែលើ ក្នុងរាជធានីភ្នំពេញ ត្រូវបានតុលាការប្រកាសលក់ឡាយឡុង អំឡុងឆ្នាំ២០២១ ដើម្បីយកលុយសងជំងឺចិត្តដើមបណ្តឹងមេដឹកនាំបក្សកាន់អំណាច រួមទាំង លោក ហ៊ុន សែន។
បើតាមដីកាចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ របស់ លោក អ៊ឹម វណ្ណៈ ចៅក្រមតុលាការក្រុងភ្នំពេញ ការលក់ស្នាក់ការនេះ ប្រាក់១លានដុល្លារ ត្រូវបង់ទៅឱ្យលោក ហ៊ុន សែន។
រីឯប្រាក់ ៥០ម៉ឺនដុល្លារបង់ឱ្យ លោក ស ខេង ខណៈជាង ៦ម៉ឺនដុល្លារ បានទៅលើ លោក ហេង សំរិន និង៤៥ម៉ឺនដុល្លារទៀត បង់ឱ្យភាគីដើមបណ្តឹង គឺរដ្ឋាភិបាល៕