អ្នកមានបទពិសោធន៍កិច្ចការព្រំដែន ពីគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បង្ហាញក្តីបារម្ភថា ថៃនឹងបន្តច្បាមយកប្រាសាទតាមាន់ធំមួយទៀត រួមទាំងដែនសមុទ្រត្រួតស៊ីគ្នាជិត ៣ម៉ឺនគីឡូម៉ែត្រការ៉េ បើកម្ពុជា មិនប្រញាប់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដើម្បីទប់ស្កាត់ទេនោះ។
លោក អ៊ុំ សំអាន បាននិយាយលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី៥ ខែមិនានេះថា ក្នុងដំណើរទៅកាន់ប្រាសាទតាមាន់ធំ ក្នុងខេត្តឧត្តរមានជ័យ ថ្មីៗនេះ របស់រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា លោក ឡាំ ជា គឺទាហានថៃបានយកតង់កៅស៊ូ និងស្បៃហ៊ុំព័ទ្ធទឹកដីមួយផ្នែកនៃប្រាសាទតាមាន់ធំ សម្គាល់ជាទឹកដីរបស់ថៃ លើប្រាសាទរបស់ខ្មែរ នៅចំដែលពេល លោក ឡាំ ជា ទៅកាន់ទីនោះ។
លោកគូសបញ្ជាក់ថា ទាហានថៃ ហាមខ្មែរ និងលោក ឡាំ ជា មិនឱ្យចូលទៅខាងក្រោយតង់កៅស៊ូនោះទេ ព្រោះថៃថា ជាទឹកដីរបស់ថៃ ប៉ុន្តែលោកថា តាមពិតប្រាសាទតាមាន់ធំជារបស់ខ្មែរ។
សម្រាប់លោក អ៊ុំ សំអាន លោក ឡាំ ជា ក៏បានជួបជាមួយទាហានថៃ៥នាក់ ដែលកំពុងយាមរួមគ្នា ជាមួយទាហានខ្មែរ នៅប្រាសាទតាមាន់ធំ។
លោកគូសបញ្ជាក់ថា បើទោះបីទាហានថៃ បង្ហាញសកម្មភាពបែបនេះក្តី តែថា មេដឹកនាំខ្មែរ លោក ហ៊ុន ម៉ាណែត នៅតែរក្សាភាពចាស់ទុំ ដូចករណីកោះគុតដែរ យកហេតុផលកំពុងចរចាយន្តការទ្វេភាគី។
លោកបង្ហាញការព្រួយបារម្ភថា៖ «ចរចាចុះចរចាឡើង ខ្លាចតែបាត់បង់ប្រាសាទតាមាន់ធំទាំងស្រុង ដូចបាត់បង់ប្រាសាទតាមាន់តូច និងកោះគុត»។
លើសពីនេះ លោក អ៊ុំ សំអាន អះអាងថា សព្វថ្ងៃនេះ ថៃមិនគ្រាន់តែគ្រប់គ្រងកោះគុតរបស់ខ្មែរប៉ុណ្ណោះទេ តែថៃ បានច្បាមយកប្រាសាទតាមាត់តូច របស់ខ្មែរទៅគ្រប់គ្រងទាំងស្រុងរួចរាល់ហើយ។
លោកថា លើសពីនេះ ថែកំពុងបន្តច្បាមយកប្រាសាទតាមាន់ធំ និងប្រាសាទតាក្របីរួចរាល់ហើយដែរ ដែលបច្ចុប្បន្នប្រាសាទខ្មែរទាំងពីរនេះ កំពុងដាក់ឱ្យត្រួតត្រារួមគ្នា។
សម្រាប់ លោក អ៊ុំ សំអាន បញ្ហានេះ រដ្ឋាភិបាលខ្មែរត្រូវតែប្តឹងថៃ ទៅតុលាការអន្តរជាតិក្រុងឡាអេ ដើម្បីទាមទារចំណែកនៃកោះគុត កម្មសិទ្ធិទាំងស្រុងលើប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។
លើសពីនេះ លោកថា តុលាការធម្មនុញ្ញថៃ ក៏បានកាត់ក្តីឱ្យពលរដ្ឋថៃ អាចតវ៉ាប្រឆាំង MOU44 ពីបញ្ហាកោះគុត រវាងប្រទេសថៃ និងកម្ពុជា។
លោកបញ្ជាក់ថា ក្រុមប្រឆាំងថៃចង់ឱ្យរដ្ឋាភិបាលថៃ លុបចោល MOU44 ដើម្បីឱ្យរដ្ឋាភិបាលថៃ ច្បាមយកតំបន់សមុទ្រត្រួតស៊ីគ្នាទំហំ ២៦០០០ គីឡូម៉ែត្រការ៉េ មកគ្រប់គ្រងផ្តាច់មុខរួមទាំងកោះគុត។
MOU44 គឺជាអនុស្សារណៈយោគយល់ឆ្នាំ២០០១ ដែលជាកិច្ចព្រមព្រៀងធ្វើឡើង រវាងភាគីថៃ និងកម្ពុជានាពេលនោះ ដែល លោក ហ៊ុនសែន តំណាងឱ្យកម្ពុជា។
លោក ហ៊ុន សែន បានច្បាមយកអំណាចកំពូលៗ ក្នុងក្បាលម៉ាស៊ីនដឹកនាំជាតិ ក្រោយផ្ទេរកៅអី នាយករដ្ឋមន្ត្រីឱ្យទៅ លោក ហ៊ុន ម៉ាណែត អំឡុងចុងឆ្នាំ២០២៣ ដែលការផ្ទេរអំណាចពីឳពុកទៅកូននេះ អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិរិះគន់ថា ការដឹកនាំតាមបែបលក្ខណៈគ្រួសារ គឺបំពានរដ្ឋធម្មនុញ្ញ។
បច្ចុប្បន្ន លោក ហ៊ុន សែន បន្តកាន់អំណាចកំពូលៗ ជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទោះបានបន្សល់ទុកបញ្ហាសង្គមចាក់ស្រេះ រួមទាំងអំពើពុករលួយ និងបញ្ហាព្រំដែន។
លោក ហ៊ុន សែន ធ្លាប់ចោទថា អ្នកដែលបំផុសបញ្ហាព្រំដែន ជាចេតនាដុតរោលឱ្យមានសង្ក្រាម ជាមួយប្រទេសជិតខាង។
ប៉ុន្តែអ្នកឃ្លាំមើលយល់ថា សារព្រមានពីសង្ក្រាមជាល្បិចបិទបំាងមហិច្ឆតាបរទេសឈ្លានពាន ដោយសំអាងថា លោក ហ៊ុន សែន ជាប់អន្ទាក់វៀតណាម ចាប់តាំងពីឆ្នាំ១៩៧៩រហូតមក ដើម្បីតែចង់ក្តោបអំណាចតពូជ។
សម្រាប់អ្នកឃ្លាំមើល ដែលមានបទពិសោធន៍កិច្ចការព្រំដែនវិញ ការប្តឹងទៅតុលាការអន្តរជាតិ ជាជម្រើសតែមួយគត់ ដើម្បីទប់ស្កាត់មហិច្ឆតាឈ្លានទឹកដីពីប្រទេសជិតខាង ប្រកបដោយប្រសិទ្ធភាព និងទប់ស្កាត់មិនឱ្យមានសង្គ្រាម ដូចករណីកម្ពុជាធ្លាប់ឈ្នះក្តីប្រទេសថៃ ករណីប្រាសាទព្រះវិហារ៕