បទវិភាគ៖ តើ​អ្វីជាឧបសគ្គ​ធ្វើ​ឱ្យ​កម្ពុជា​មាន​អំពើ​ពុក​​រលួយ​ខ្ពស់​ជិត​១០ឆ្នាំ?

បើគេសង្កេតមើលពីក្បាល​ម៉ាស៊ីនដឹកនាំរដ្ឋាភិបាល​បច្ចុប្បន្ន ហាក់មិនខុសពីរដ្ឋាភិបាល​ចាស់​ទេ គឺ​បន្ទាត់​ន​យោ​​បាយ បន្ត​វាយ​បំបែក​កញ្ចក់​សង្គម តាមកម្ទេច​សំឡេង​រិះគ​ន់ ដើម្បី​សម្រេច​មហិច្ឆតា​ក្តោប​អំណាច​គ្រួសា​រ​និយម តាម​រូប​មន្ត​ដែល​គេ​មើល​ឃើញ​ថា អ្នក​ខ្លាំង​​​គឺ​ជា​អ្នក​ឈ្នៈ យក​រដ្ឋ​ធម្មនុញ្ញ​ជា​ឧបករណ៍ និង​យកតុលាការ​នៅខ្សែ​ត្រៀម​ជួរ​មុខ ដើម្បី​បង្ក្រាប​និង​កម្ទេច​ដៃ​គូរប្រកួត។

យុទ្ធសាស្ត្រឈ្នះ​ប្រភេទនេះ ធ្វើឱ្យមនុស្សមួយ​ក្រុម​ដែល​​គ្មាន​អំណាច រស់​នៅ​ទាំង​ភ័យ​ខ្លាច គ្មាន​សុវត្ថិ​ភាព​ សង្គម ​គ្មាន​​យុត្តិ​​ធម៌ បន្សល់ទុកជនរងគ្រោះច្រើនលាននាក់ ហើយ​រុញឱ្យ​កម្ពុជា​ជាប់​ផុង ក្នុង​អំពើ​ពុក​រលួយបែប​ប្រទាក់​ក្រឡា​គ្នា​ដោយ​គ្រួសារ និង​បក្ខ​ពួក​និយម និង​ប្រឈម​នឹង​បែក​បាក់​ជាតិ។

របាយការណ៍​ថ្មីមួយ ចេញ​ផ្សាយ​ដោយ​អង្គការ​​តម្លាភាព​​អន្តរជាតិ នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ បាន​បន្ត​រកឃើញ​កម្ពុជា មាន​អំពើពុក​រលួយ​ខ្ពស់​ជាប់​គ្នាជិ​ត​១០​ឆ្នាំ បើ​ធៀប​នឹង​ប្រទេស​ជា​សមាជិក​អាស៊ាន។

ការបន្តរកឃើញ​នេះ ក៏ចំពេល​ដែល​រដ្ឋាភិបាល​ឈាម​ថ្មី របស់​គណបក្ស​កាន់​អំណាច បាន​ប្តេជ្ញា​ចិត្ត​ក្នុង​កម្មវិធី​នយោបាយ ជាអាទិភាព ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ផង​ដែរ។

ការ​រកឃើញនេះ ជា​សំណួរ​ចោទ​សួរ​ថា ​តើ​អ្វីជាឧបសគ្គធ្វើឱ្យ​កម្ពុជា​មានអំពើពុក​រលួយខ្ពស់ជិត១០ឆ្នាំ?

យ៉ាងណាក្តី អ្នកនាំ​ពាក្យ​រដ្ឋា​ភិបាល លោក ប៉ែន បូណា បាន​ថ្លែង​​ទទួល​ស្គាល់​​​ថា​ កម្ពុជា​មាន​អំពើ​ពុក​រលួយ ​ដូច្នេះ​​ទើប​​រដ្ឋាភិបាល​​បេ្តជ្ញា​​ចិត្ត ​និង​​មាន​​ឆន្ទៈ​ ក្នុង​​ការ​​ធ្វើ​សកម្ម​ភាព​​​ប្រយុទ្ធ​​ប្រឆាំង​​អំពើ​​ពុក​​រលួយ​​នេះ ​ដោយសារ​រដ្ឋាភិបាល​​​​បាន​បង្កើត​​ឲ្យ​មាន​​អង្គភាព​​ប្រឆាំង​​អំពើ​​ពុក​រលួយ ការ​ធ្វើ​​កំណែ​​ទម្រង់​​ជា​ច្រើន ដូចជា ការ​​បង្កើត​ច្រក​​ចេញ​​ចូល​​តែ​មួយ កំណែ​ទម្រង់​​ហិរញ្ញវត្ថុ និង​​រដ្ឋបាល​​សាធារណៈ និង​​កំណែ​​ទម្រង់​​ផ្សេង​​ៗជាច្រើនទៀត​ ដើម្បីធ្វើឲ្យ​មាន​តម្លាភាព និង​​អភិបាលកិច្ចល្អ​។ ​

យ៉ាងណាក្តី នៅក្នុង​គោល​​នយោ​បាយ​​អាទិភាព​៦​​ចំណុច ​​របស់​​រដ្ឋាភិបាល​​ឈាម​​ថ្មី​​របស់​​គណ​បក្ស​​ប្រជាជនកម្ពុជា ​ក្នុង​​នីតិកាល​​ទី​៧​​នេះ គេពុំ​​ឃើញ​មាន​​ចំណុច​​ណា​មួយ ​​មាន​​ចែង​​​ពី​ការ​​ប្រយុទ្ធ​​ប្រឆាំង​​អំពើ​​ពុក​​​រលួយ​នោះ​​ឡើយ​។

វិល​ទៅ​​សំណួរ​ខាង​ដើម​ថា​ តើ​កក្តា​​អ្វី​ខ្លះ​ដែល​​​ធ្វើ​​ឱ្យ​​ស្ថាន​ភាព​​អំពើ​​ពុក​​រលួយ​ ​នៅ​តែបន្ត​រីករាល​ដាល​ធ្ងន់ធ្ងរ​នៅ​កម្ពុជា?

បើ​តាម​អង្គការ​តម្លាភាព​អន្តរជាតិ ការ​បន្ត​ស្ថិត​នៅជិត​បាត​តារាងនៃ​ការ​​ប្រឆាំង​​អំពើ​​ពុក​​រលួយ​​របស់​​កម្ពុជា​នេះ គឺ​ដោយ​​សារ​​តែ​​កម្សោយ​​នៃ​​យន្ត​ការ​​អនុវត្ត និង​កង្វះ​ឆន្ទៈ​នយោ​បាយ​ ​ដូច្នេះ​ទាមទារ​ឲ្យមាន​កិច្ច​ប្រឹង​ប្រែង​បន្ថែម​ ដើម្បីពង្រឹង​គណ​នេយ្យ​ភាព នយោបាយ និង​នីតិរដ្ឋ។

បន្ថែម​ពីនេះ ​ការ​មិន​ប្រកាសទ្រព្យសម្បត្តិ​ជាសាធារណៈ​របស់មន្ត្រីកម្ពុជា​ ជាពិសេស​​មេ​ដឹក​​នាំ​​កំពូលៗ​ដូច​ដែល​​ប្រទេស​​ដទៃ​នៅលើ​​​ពិភព​លោក​​​គេ​ធ្វើ វា​ក៏​ជា​ផ្នែក​សំខាន់​​មួយ​​ដែរ ក្នុង​​ការ​​ប្រឆាំង​​នឹង​អំពើ​ពុក​រលួយ។​នេះ​​​បើ​តាម​​អ្នក​ឃ្លាំមើល​សង្គម។

ថ្មីៗនេះ គឺកាលពីថ្ងៃទី​៣ ​ខែ​មករា ​ឆ្នាំ២០២៥ ​គណៈកម្មាធិការជាតិប្រឆាំងអំពើពុក​រលួយ​​រប​ស់​​ប្រទេស​ថៃ បាន​លាត​ត្រដាង​ជា​សាធារណៈ​​ នូវ​សេចក្តី​ប្រកាស​​ទ្រព្យ​សម្បត្តិ​របស់​នាយក​រដ្ឋ​​មន្ត្រី​ថៃ​ លោក​ស្រី ភែថងថាន ស៊ីណា​វ៉ាត់ ដែល​​មា​ន​ទ្រព្យ​សម្បត្តិ​សរុប​ជាង ៤០០លាន​​ដុល្លារ ក្នុង​នោះមាន​ទ្រព្យ​សម្បត្តិ​ជា​អចលទ្រព្យជាច្រើន នៅ​ក្នុង​ប្រទេស​ថៃ ប្រទេស​​អង់​​គ្លេស និង​​ប្រទេស​ជប៉ុន។

ប្រាក់ក្នុងធនាគារ គ្រឿងអលង្ការ​ នាឡិកាទំនើបៗ​ចំនួន៧៥​គ្រឿង ​​ដែល​មានតម្លៃ ១៦២​លាន​បាត កាបូបម៉ាក​ល្បីៗចំនួន​២១៧ ដែល​មាន​តម្លៃ ៧៦លាន​​បាត​ និង​​រថយន្ត​​ទំនើប​ម៉ាក​​ល្បីៗ​ចំនួន ​២៣គ្រឿង​​​ជា​ដើម។ ក្រៅពី​ទ្រព្យសម្បត្តិ​ទាំង​​នេះ​ លោក​ស្រី ភែថងថាន ស៊ីណាវ៉ាត់ ក៏ប្រកាស​បំណុល​របស់​ខ្លួន​ទាំង​អស់ដែល​សរុប ១២៩​លាន​ដុល្លារ​ផង​ដែរ​។​ ចំណែក​​ស្វាមីរបស់លោកស្រី គឺ​លោក ភីដក សុគសាវ៉ាត កាន់​កាប់​ទ្រព្យ​សម្បត្តិ​ប្រមាណ​​តែ ៤,២៧​លាន​ដុល្លារ​ប៉ុណ្ណោះ។

​ចំណែក​​កម្ពុជា​​វិញ ​នៅក្នុង​ច្បាប់​ប្រឆាំង​អំពើពុករលួយ​ ក៏មានកំណត់​ឱ្យប្រ​​កាសទ្រព្យ​​សម្បត្តិ​ផង​ដែរ ​ប៉ុ​ន្តែ​​​ប្រកាស​ដាក់​ក្នុង​​ស្រោម​​សំបុត្រ ដែល​វា​ជារឿង​ចម្លែក ​ពីព្រោះ​​វាផ្ទុយ​ពី​អត្ថន័យ​នៃ​ពាក្យថា​ប្រកាស។

 បើ​តាម​វចនានុក្រមសម្តេច​ព្រះសង្ឃរាជ ជួន ណាត ​បាន​ពន្យល់​ពាក្យ​«ប្រកាស»​ថា សម្ដែង​​ប្រាប់ ស្រែក​ប្រាប់​​​ឲ្យ​​​ឮ​​រាល់​​គ្នា, សម្ដែង​​សេចក្ដី​​បើក​​ចំហ​​​ឲ្យ​​ច្បាស់​​លាស់។ ចុះបើប្រកាសដាក់ក្នុង​ស្រោម​​សំបុត្រ​​ ដែល​​អ្នករាល់​គ្នា​​មិន​បាន​ដឹង​ផង ​ហៅថា​ប្រកាសយ៉ាងដូចម្តេច​?​។

ត្រង់​ចំណុចនេះ ​ត្រូវ​បាន​ក្រុម​អ្នក​ឃ្លាំមើល ​លើក​ឡើង​តាំង​​ពីដើម​ទី​មក​​ថា ច្បាប់​ប្រឆាំង​អំពើពុករលួយ​​របស់កម្ពុជា ​ដែល​​បង្កើត​ឡើង​​ដោយ​​មន្ត្រី​​ពុក​​រលួយ​ ​តែង​​តែ​​ទុក​​ចន្លោះ​​ប្រហោង ​ដើម្បី​​ការ​​ពារ​ខ្លួន ​និង​​ក្រុម​​បក្ខ​ពួកខ្លួន​ ​គឺ​​​មិន​​អាច​​ទប់​ស្កាត់​​អំពើ​ពុក​​រលួយ​​បាន​​នោះទេ។

មួយវិញទៀត ក្នុង​ស្ថានភាពបច្ចុប្បន្ន ដែល​ទាំង​មេដឹកនាំ​កំពូល​ និង​ថ្នាក់ដឹកនាំនៅ​គ្រប់​ក្រសួង ​​មន្ទីរ​ ស្ថាប័ន​រដ្ឋ​ ​ស្ទើរ​តែ​ទាំង​​អស់ ​សុទ្ធ​​តែ​ត្រូវ​បាន​លើក​បន្តុប​​​ឱ្យឡើង​​កាន់​​តំណែង​​ជំនួស​​ឪពុ​កម្តាយ​​របស់​ខ្លួន ក្រោមពាក្យ​ថា​ «បង្កើត​​ថ្មី​រក្សា​ចាស់» ​មាន​​ន័យ​​ថា បន្ថែម​មន្ត្រីថ្មី​ទុក​មន្ត្រីចាស់ដដែល គឺជាប្រព័ន្ធ​ដឹកនាំរដ្ឋមួយ​ដែល​​ប្រ​កា​ន់​​​​បក្ខពួក​​​ចាក់ស្រែស ​រហូត​ដល់មាន​ភ្ជាប់​សាច់​ឈាម​​ធ្វើជាដន្លង​នឹងគ្នា​ថែមទៀតនោះ រឿងអីមិន​ជួយការ​ពា​រ​បិទបាំង​គ្នា​ បើ​សុទ្ធ​តែគ្នា​ឯង សាច់ឈាមឯង?។

ដោយ​សារ​តែហេតុដូច្នេះហើយ ទើប​មជ្ឈដ្ឋាន​ជាច្រើន ​បាន​លើក​ឡើង​ថា អំពើ​​ពុក​រលួយ​នៅ​​កម្ពុជា​ បាន​កើត​ឡើង​​​ជាប្រ​ព័ន្ធ ​ជា​​ចំហរ ហាក់​បី​ដូច​ជាគ្មាន​ការ​​លាក់​លាម​អ្វី​​​ឡើយ​ គឺ​ធំ​ស៊ី​តាម​ធំ តូចស៊ីតាម​តូច ស៊ីតាម​ជំនាញ កូន​ចៅ​ពុក​រលួយ​រកប្រាក់​ទៅ​​​ចិញ្ចឹមមេ ​ហើយ​ពេល​មាន​បញ្ហា ​មេជួយ​កាងការពារ​ជាដើម ​លើក​លែង​​​តែ​ករណី​មួយ​​ចំនួន​​តូច​​ ដូច​ជា​ ករណី ​លោក​ ​ដួង ដារ៉ា​ និង​​លោក ​លី សាម៉េត អតី​ត​​ទីប្រឹក្សា​​ លោក​ហ៊ុន សែន ​ជាដើម ​ដែល​​ត្រូវ​បាន​​ចាត់​​វិធាន​​ការ​​ទៅ​​តា​ម​​ផ្លូវ​​ច្បាប់ ​​បន្ទាប់​ពី​សំណុំ​រឿង​នេះ ​បាន​​បែក​ធ្លាយ​​ជាបន្ត​បន្ទាប់​​ធ្វើ​ឱ្យ​ប៉ះពាល់​​ដល់​​មុខ​មាត់​ កិត្តិយស​​​របស់​ ​លោក ​ហ៊ុន សែន ​ប្រធាន​​ព្រឹទ្ធ​​សភា ខណៈ​​លោក​ ​ហ៊ុន សែន ​ខ្លួន​​ឯ​ង​​គឺជា​មេក្លោង​ពុក​រលួយ​។

ក​រណីបែកធ្លាយថ្មីៗនេះ​ លោក​ ហ៊ុន សែន ​បាន​ផ្តល់ប្រាក់​រហូតដល់ជាង១០ម៉ឺន​​ដុល្លារ​​ដល់​​លោក​​បណ្ឌិត សេ​ង សារី ឱ្យ​​ធ្វើ​ជា​​ជន​​បង្កប់​​តាម​​យក​ព័ត៌មានពីថ្នាក់ដឹកនាំគណបក្ស​ប្រឆាំង​ និង​​ការ​​ប្រើទឹក​ប្រាក់​​​រហូត​​ដល់​​​​រាប់​លាន​​ដុល្លារ ​ទិញ​សកម្ម​ជន​គណបក្ស​ប្រឆាំងរាប់​រយនាក់​ ​​ជាបន្ត​បន្ទាប់​ ក្នុង​​រយៈ​​ពេល​​ជា​ច្រើន​​ឆ្នាំ​មក​​នេះ​​ជា​ដើម គឺសុទ្ធ​តែជាតឹកតាង​​នៃ​ការ​ប្រព្រឹត្ត​​អំពើ​ពុក​រលួយ​។

បើ​ប្រាក់​ទាំងនេះ ​មិន​បាន​មក​ពីអំពើ​ពុក​រលួយ​ សួរថា​តើ លោក ​ហ៊ុន សែន ​បាន​​ប្រាក់​​មក​​ពីណា​? តើ​លោក​ ឱម យ៉ិន​ទៀង ប្រធាន​​អង្គភាព​ប្រឆាំង​​អំពើ​​ពុក​រលួយ ​ហ៊ាន​​បើក​ការ​ស៊ើប​អង្កេត​​លើ ​លោក ​ហ៊ុន សែន ដែល​ជាមេបក្ស​​របស់​​ខ្លួន​​ដែរ​​ទេ? ប្រាកដ​ជាមិន​​ហ៊ាន​ទេ។

អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា បច្ចុប្បន្ន​ មន្ត្រីរាជការ​​នៅ​​តាម​​ស្ថាប័ន​​រដ្ឋ​​មួយ​​ចំនួន ទទួល​​បាន​​ប្រាក់​​ខែ​​មិន​លើស​ពី ១០០០​ដុល្លារ​នោះ​ទេ ប៉ុន្តែ​មាន​ទ្រព្យ​សម្បត្តិមហាសាល ​​​មាន​​ភូមិ​គ្រឹះស្តុកស្តម្ភ​​ មាន​ខុនដូ​ស្កឹម​ស្កៃ​ មាន​សណ្ឋាគារ​​ មាន​រីសតច្រើន​កន្លែង ​​មាន​ដីស្រែ​ដីចម្ការ​រាប់​ពាន់ហិកតា ជិះសុទ្ធតែ​រថយន្ត​ទំនើប​ជាច្រើ​ន​គ្រឿង​ មាន​តម្លៃ​ដល់​លាន​ដុល្លារ និង​សុទ្ធ​តែ​បញ្ជូន​កូន​ឱ្យ​ទៅ​រៀន​នៅ​បរទេស​​ ហើយ​ពេល​រៀប​ការ​កូន​ត្រូវចំណាយ​ប្រាក់​រហូត​ដល់​រាប់​លាន​ដុល្លារ​ជាដើម ខណៈ​ដែល​ពល​រដ្ឋ​ភាគច្រើន​ក្រនោះ​មហាក្រ​ ក្រ​រហូត​រកអាហារ​ហូប​ស្ទើរ​​មិន​​ចង់​គ្រប់ ក្នុង​​នោះ​​មាន​​ប្រជាពលរដ្ឋ​​ប្រមាណជិត ៥សែននាក់ ​កំពុង​​​ជំពាក់​បំណុល​ធនាគារ​វណ្ឌក។

សួរ​ថា តើមន្ត្រី​រដ្ឋាភិបាល​មួយ​​ចំនួន​​បច្ចុប្បន្ន ​បាន​​ប្រាក់​​បាន​​ទ្រព្យ​​សម្បត្តិ​មក​​​ពី​ណា​​អី​ក៏​​ច្រើ​ន​ម្ល៉េះ?

ចម្លើយ​​នៃ​សំណួរ​​នេះ​បង​ប្អូន​ប្រជាពលរដ្ឋ​ ​​អាច​​ធ្វើការ​ពិចារណា​រក​ចម្លើយ​ដោយ​ខ្លួនឯង។

លោក​​បណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត​សភាកម្ពុជា ​ធ្លាប់​​បាន​​លើក​ឡើង​​កាល​ពី​ពេល​​កន្លង​​មក ​ដោយ​ចោ​​ទ​សួ​​រ​ថា ការងារ​រដ្ឋប្រាក់​ខែតិចទេ។ ប៉ុន្តែ​​មាន​អ្នក​សូក​លុយ​​រហូត​ដល់​រាប់​​ម៉ឺន​ដុល្លារ​ តើហេតុ​អ្វី? ខណៈ​ការ​​ងារ​​នៅ​​ស្ថាប័ន​​ឯកជន ​ឬ​អង្គ​ការ​​​ក្រៅ​​រដ្ឋា​ភិបាល​ ​ប្រាក់​​ខែ​​រាប់​​ពាន់​​ដុល្លារ ​ប៉ុន្តែមិន​ដែល​មាន​អ្នក​សូកលុយទេ​។

ចំណែក ​លោក ​សុខ សុគន្ធ ហៅ ជែម សុខ អ្នក​ធ្វើអត្ថាធិប្បាយ​លើ​បណ្តាញសង្គម បាន​ថ្លែ​ង​កាល​ពី​ពេល​ថ្មីៗ​​នេះ​ថា អំពើ​ពុក​រលួយ​នៅ​កម្ពុជា ​បាន​កើតឡើង​ជាប្រព័ន្ធ​គ្រប់​​ជាន់ថ្នាក់​ឡើង​ ​​ខាប់​ដូច​បបរបាយជ្រូក។

ជាមួយគ្នា​នេះ ​លោក ​វន ចាន់​ឡូត អ្នក​​សិក្សា​ផ្នែក​​ច្បាប់​ ​បានកត់សម្គាល់​​ថា​ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​​ក្រោមការដឹក​នាំ​​របស់​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន ម៉ាណែត អំពើពុករលួយបានកើន​ឡើង។ លោក​លើក​ឡើងថា អំពើពុករលួយ​​ជាប្រព័ន្ធ​ ជាចោរលួចសេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​​របស់​ប្រទេស​មួយ ដែល​​មាន​ការ​​គុបគិត​គ្នា​​ ចាប់​​ពី​មន្ត្រី​​ថ្នាក់​កំពូល​រហូតដល់​មន្ដ្រី​ថ្នាក់​​ក្រោម​។

លោក​លើក​ឡើង​ថា អ្នកកាន់អំណាច​បច្ចុប្បន្ន ​ហាក់គ្មានឆន្ទៈពិតប្រាកដ ក្នុង​ការ​លុប​បំបាត់​​អំពើ​ពុករលួយ​នេះ​នោះ​​ទេ ទោះដឹ​ង​ថា ពលរដ្ឋ​ជា​អ្នក​​រ​ង​​គ្រោះ​ដោយ​ផ្ទាល់ និង​យូរ​អង្វែង​​​ក៏​ដោយ។

ចំណែក ​ប្រធានស្តីទីគណបក្ស​សង្គ្រោះជាតិ ​លោក​ សម រង្ស៊ី ដែលជាអ្នក​ជំនាញ​ខាង​សេដ្ឋ​កិច្ច ​បាន​សរសេរ​​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​​របស់​លោក​ថា អង្គភាពប្រឆាំង​​អំពើពុក​រលួយ ​ដែល​ដឹកនាំដោយ​​ លោក​ ឱម យ៉ិន​ទៀង ជា​ស្ថាប័ន​គ្មាន​ប្រសិទ្ធ​ភាព ដែលគ្រាន់តែខ្ជះខ្ជាយ​ថវិកា​រដ្ឋ ហើយអំពើពុករលួយ​ក៏កាន់តែរីករាលដាល​ខ្លាំងទៅៗ ដែលជំរុញឱ្យប្រទេសកម្ពុជា​​ធ្លាក់​ដល់បាតតារាង ដោយចាត់ថ្នាក់ជាប្រទេសដែលមានអំពើពុករលួយច្រើនជាងគេ​លើពិភព​លោក។

ជាសរុបមក​វិញ​ កម្ពុជា​មិន​អាច​ទប់ស្កាត់​ ឬកាត់បន្ថយ​​អំពើ​ពុក​រលួយ​ ​ដែល​កំពុង​តែមាន​ការ​រីករាលដាល​​ជាប្រព័ន្ធ​ពេញបន្ទុកនេះ​បានទេ​ ប្រសិន​បើ​មិនមានការ​កែប្រែប្រព័ន្ធ​ដឹកនាំ​រដ្ឋ​​តាម​បែបគ្រួសារ​និយម បក្ខពួកនិយម ឡើង​​កាន់​​តំណែង​តពូជ ​ដែ​ល​​មន្ត្រី​​តែង​​តែ​គុបគិត​ជួយការពារ​គ្នា​ទៅ​វិញ​ទៅម​ក​ ​ដូច​បច្ចុប្បន្ន​នេះទេនោះ។

បើតាមអង្គការតម្លាភាព ប្រទេស​ដែល​មិន​អាច​រើ​ខ្លួន​ពី​អំពើ​ពុក​រលួយ​ញាំញី​បាន បញ្ហា​ចម្បង​មួយ​ គឺ​ឥទ្ធិពល​នយោបាយ​ជ្រៀត​ជ្រែក​ប្រព័ន្ធ​យុត្តិធម៌ ហើយ​ថា បរិបទ​នេះ នឹងបង្កការឈឺចាប់ដល់ប្រជាពលរដ្ឋ​ជាម្ចាស់​ប្រទេស ក៏ព្រោះតែប្រព័ន្ធយុត្តិធម៌មិនអា​ចដា​ក់​ទោស​កំហុស​រដ្ឋាភិបាល​បាន។

ប្រភពនោះ សង្កត់​ធ្ងន់​ថា ដើម្បី​រើខ្លួន​ពី​បញ្ហា​នេះ ត្រូវ​បើក​លំហសេ​រីភាព​បញ្ចេញ​មតិ និ​ង​រៀបចំ​ការ​បោះឆ្នោត ឱ្យមាន​​លក្ខណៈ​សេរី ត្រឹមត្រូវ និងយុត្តិធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ