កំណើនអ្នកឃុំខ្លួនធ្វើឱ្យ​ពន្ធនាគារចង្អៀតណែន​ជាង​១០​ឆ្នាំ​​ឆ្លុះ​បញ្ចាំង​ពី​កម្សោយ​ប្រព័ន្ធ​យុត្តិធម៌

ភាពចង្អៀតណែនក្នុងពន្ធនាគារច្រើនឆ្នាំទៅនេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា វា​ឆ្លុះ​បញ្ចាំង​ពី​ការ​កើន​ឡើង​នៃប​ទ​​ល្មើស ច្បាប់​ក្លាយ​ជា​ឧបករណ៍​នយោបាយ ដែល​នឹង​បង្ក​ឱ្យ​មាន​ជន​រង​គ្រោះ​ច្រើន​លាន​នាក់​ទៀត បើ​គ្មាន​​​ការ​កែ​លម្អ​​ទាន់​​ពេល។

ក្តីបារម្ភនេះ ក្រោយពីការ​សិក្សាថ្មីៗ រកឃើញថា ចំនួនអ្នកបញ្ជូនទៅឃុំខ្លួន​មាន​ការ​កើន​ឡើង ដែល​ធ្វើ​ជាប់ឃុំ​បន្ត​រស់​នៅ​ស្ថាន​ភាព​ចង្អៀត​ណែន ពិសេស​ពន្ធនាគារ​ខេត្ត​កណ្តាល ត្រូវ​បាន​រក​ឃើញ​ថា​មាន​ហានិភ័យជាង​គេ ដោយផ្ទុក​​អ្នក​ជាប់​ឃុំ​លើ​ស​កម្រិត​ដល់​ទៅ​ជិត​៧ដង។

ជុំវិញបញ្ហានេះ កាលពីថ្ងៃទី៥ ខែមិនា​នេះ កាសែត​ក្នុង​ស្រុក​ជា​ច្រើន​​ស្និទ្ធ​នឹង​រដ្ឋាភិបាល បាន​រាយ​ការណ៍​ថា  អ្នក​ជាប់​​ឃុំ​ជា​ស្រ្តី​មួយ​ចំនួន នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​ខេត្ត​កណ្តាល ត្រូវ​​បា​ន​គេ​ផ្ទេរ​ចេ​ញ​ទៅ​​​ពន្ធនា​គារ​​ព្រៃ​ស ក្នុង​រាជធានីភ្នំពេញ​វិញ​ម្តង។ ប្រភព​នោះ​ បញ្ជាក់​ថា ការ​ផ្ទេរ​ចេញ​នេះ ដោយ​បញ្ហា​ចង្អៀ​​ត​ណែន​ខ្លាំង​។

នាយកទទួលបន្ទុកកិច្ចការទូទៅ​នៃអង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ​(Licadho) លោក អំ សំអាត និយាយ​ថា ក្រប​ខណ្ឌ​នៃ​ការ​ផ្ទេរ​អ្នក​ទោស​ពី​ពន្ធនាគារ​មួយ ទៅ​ពន្ធនាគារ​មួយ​ទៀត មិន​ទាន់​ដោះ​ស្រាយបញ្ហា​​នេះ​បាន​ទេ ដោយ​ថា បច្ចុប្បន្ន​ពន្ធនាគារ​ទាំង​អស់ មាន​ស្ថានភាព​ចង្អៀត​ដូច​គ្នា។

លោកបន្តថា ការ​ធ្វើដូចនេះ វា​គ្រាន់​តែ​បាន​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​ខ្លាំង​ប៉ុណ្ណោះ ប៉ុន្តែ​មិន​មែន​ជាដំណោះ​ស្រាយ​យូរ​អង្វែង ក្នុង​ការ​ធានា​សិទ្ធិ​ជន​ជាប់​ឃុំ​ទេ ដែល​លោក​ចង់​ឃើញ​ក្រសួង​ពាក់​ព័ន្ធ​ពង្រឹងវិធាន​ដោះ​ស្រាយ​បន្ថែម​ទៀត។

លោក​គូស​បញ្ជាក់​ថា កំណើន​ជន​ជាប់​ឃុំ ក៏​វា​ឆ្លុះ​បញ្ចាំង​ផង​ដែរ ពី​កំណើន​នៃ​បទ​ល្មើស​ដែល​ក្រសួង​ពាក់ព័ន្ធ​ គួរ​ពិចារណា​ទប់​ស្កាត់ ទើប​អាច​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុងពន្ធនាគារបាន ។

លោកថា៖«បើយើងនិយាយអំពីភាព​ចង្អៀតនៃពន្ធនាគារនេះ វាកើត​ចេញ​អំពី​ការ​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​ហ្នឹង​វា​ច្រើន អ៊ីចឹង​ហើយ​បាន​ធ្វើ​ឲ្យ​ពន្ធនាគារ​ហ្នឹង វា​មាន​ភាព​ចង្អៀត​ណែន​បច្ចុប្បន្ន​នេះ។ យើងឃើញ​​ថា ជន​ជាប់​ឃុំ​ភាគ​ច្រើន​ដែល​ជាប់​នៅ​ពន្ធនាគារ វា​ទាក់​ទង​នឹង​បទ​ល្មើស​គ្រឿង​ញៀន និង​បទល្មើស​ផ្សេងៗ​ទៀត អ៊ីចឹង​ការ​អប់​រំ​ទាក់​ទង​នឹង​បញ្ហា​ផ្លូវ​ច្បាប់ ដើម្បី​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​យល់​ដឹង​កុំ​ឲ្យ​ប្រព្រឹត្ត​នូវ​បទ​ល្មើស​ដែល​នាំ​ឲ្យ​ឈាន​ទៅ​ដល់​ការ​ចោទ​ប្រកាន់​ថា ឃុំ​ខ្លួន​វា​ជា​រឿង​ល្អ​មួយ​ដើម្បី​បញ្រ្ជាប​យ៉ាង​​ម៉េ​ច​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ ឲ្យ​បាន​យល់​អំពី​បញ្ហា​ទាំង​អស់​ហ្នឹង»។

​បន្ថែមពីនេះ អង្គការលីកាដូ បាននិយាយក្នុងរបាយការណ៍ ចេញផ្សាយថ្ងៃទី១៨ ខែ​កុម្ភៈ ឆ្នាំ២០២៥​នេះ​ថា ពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា មាន​ភាព​ចង្អៀត​ណែន ដោយសារ​តែការ​​កើន​​​ឡើង​​យ៉ាង​​ខ្លាំង ​ពិសេស​ពន្ធ​នាគា​រ​​ខេត្ត​កណ្តាល​ ​គឺ​​ដាក់​​ជន​​ជាប់​ឃុំ​​ជាង​ ​៣​​៩​០​០​​​នាក់​ ​​ដែល​​​ធ្វើ​​ឱ្យ​​ពន្ធ​នាគា​រ​នេះ ​មាន​​អាត្រា​​​ជ​ន​​ជាប់​ឃុំ​ដល់ទៅ​​ជាង​​​៦​៥​០​ភាគរយ។

សម្រាប់លីកាដូ រយៈពេលជាង១៥ឆ្នាំមកនេះ ស្ថានភាពពន្ធនាគារនៅកម្ពុជា នៅតែបន្តមានភាព​ចង្អៀត និង​​កង្វះ​​ធន​ធាន​។ ​​ពន្ធ​នាគា​រ​ជាច្រើន​កន្លែង​ មាន​ដាក់​ជន​ជាប់​ឃុំ​​ចំនួន​ ​១​៧​៥​​ភាគរយ ដែល​ជា​ចំនួនលើស​​​សមត្ថ​ភាព​​ដែល​​​​ពន្ធ​នាគា​រ​អា​ច​ដាក់អ្នកជាប់ឃុំ​បាន​។

អំឡុងខែធ្នូ ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ធ្លាប់អះអាងថា ភាពចង្អៀនណែនក្នុងពន្ធនាគារ ភាគច្រើន​កើត​ចេញ​ពី​បទ​ល្មើស​គ្រឿង​ញៀន ដែល​លោក​ថា តួលេខ​នៃ​ការចា​ប់​ខ្លួន​ក្នុង​១ថ្ងៃ រហូត​១០០​នាក់​ក៏​មាន ដែល​បារម្ភ​ថា បើ​មិន​ធ្វើអី​សោះ មួយ​ឆ្នាំ​បន្ទាប់​អ្នក​ទោសនឹងឡើងដល់៥ម៉ឺននាក់។

លោកថា៖«ឥឡូវជារួម អ្នកជាប់ពន្ធនាគារនៅកម្ពុជា សរុបទាំងអស់ ៤២ ២៣៤នាក់។ ស្រី ២ ៥៧៦នាក់ ប៉ុន្តែអ្វីដែលសំខាន់លើ ៤២ ០០០ជាងនាក់នេះ ៥១ភាគរយ គឺជាប់ដោយសារតែគ្រឿងញៀន ចឹងមានន័យថា គ្រឿងញៀនគឺជាបញ្ហាប្រឈម ហើយយើងមើលទិដ្ឋភាពរួមមួយថ្ងៃៗ អ្នកប្រព្រឹត្តបទល្មើសដែលត្រូវចូលពន្ធនាគារ ចន្លោះពី៥០ទៅ៦០ជាងនាក់ក្នុងមួយថ្ងៃ ហើយថ្ងៃ​​ខ្លះចូលដល់ ១០០នាក់ ក៏មានដែរ។ ប៉ុន្តែចេញមិនដល់១០នាក់ទេ ចឹងចូលច្រើនជាងចេញ។ ចឹងខ្ញុំគិតថា ពេលនេះ អាចឆ្នាំក្រោយ អ្នក​​ដែលជាប់ទៅពន្ធនាគារបើយើងអត់ធ្វើសោះ វាអាចឡើងដល់ ៥ម៉ឺននាក់ ចំនួនេះធំណាស់»

សម្រាប់ លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស​អាដហុក(Adhoc) និយាយ​ថា កំណើន​អ្នកជាប់​ឃុំ វា​ឆ្លុះបញ្ចាំង​ផង​ដែរ ​ពី​កម្សោយ​នៃ​ការ​អនុវត្ត​ច្បាប់ រួម​ទាំង​បញ្ហា​គ្រឿង​ញៀន។

លោកគូសបញ្ជាក់ថា បញ្ហានេះ ក្រសួងពាក់ព័ន្ធ រួម​​ទាំង​ថ្នាក់​ដឹក​នាំ​ត្រូវ​ពិនិត្យ​ឡើង​វិញ ពី​កង្វះ​ខាត​របស់​ខ្លួន ទើប​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន។

លោកថា៖«ដំណោះស្រាយមិនមែនមានន័យថា យើងចាប់ដាក់ពន្ធនាគារ ឬក៏កាត់ទោសកាត់អីជា ដំណោះស្រាយល្អទេ។ ដំណោះស្រាយ គឺយើងត្រូវពិនិត្យមើលឡើងវិញ អំពី តើសង្គមយើងវាមានលក្ខណៈយ៉ាងម៉េច? ការដឹកនាំរបស់យើងមានលក្ខណៈយ៉ាងម៉េច? ទាក់ទងទៅនឹងបញ្ហាដែលនាំឱ្យមនុស្ស​​ប្រព្រឹត្តកំហុសច្រើនហ្នឹង។ តើ​​​ការដឹកនាំរបស់យើង វាអាចជះឥទ្ធិពលធ្វើឱ្យសង្គមហ្នឹង មានបញ្ហា បណ្តាលឱ្យមានអ្នកជាប់ឃុំច្រើន អ្នកប្រព្រឹត្តិកំហុសច្រើនដែរក៏អត់? អីចឹងណាស់។ អីចឹងយើងគួរតែមានការពិនិត្យមើលទៅលើប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ការដឹកនាំរបស់រដ្ឋាភិបាលទាំងអស់ហ្នឹង ដើម្បីយើងដោះស្រាយបញ្ហាហ្នឹង អាហ្នឹងបានជារឿមួយដែលល្អប្រសើរ ជាងយើងទៅចាប់គាត់ដាក់ពន្ធនាគារហើយទៅកាត់សេចក្ដី អាហ្នឹងវាមិនមែនជារឿងមួយដែលល្អទេ»

លោកផ្តល់យោបល់ថា ដើម្បីដោះស្រាយ​ស្ថាន​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​នេះ ត្រូវ​ពិចារណា​លើ​វិធាន ឱ្យ​នៅ​ក្រៅ​ឃុំ ចំពោះ​អ្នក​ដែល​មិន​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ធ្ងន់​ធ្ងរ រួម​ទាំង​អ្នក​ទោស​មនសិកា​ជាដើម។

VOD មិន​អាច​សុំការអត្ថាធិប្បាយពីអ្នក​​នាំ​​ពាក្យ​អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក ​ឃៀង សុណា​ឌីន ដើម្បី​សុំ​ពន្យល់​ជុំវិញ​បញ្ហា​នេះ​បាន​ទេ ដោយ​ទូរសព្ទមិនអាចទាក់ទងបាន។

លោក ស ខេង អតីតរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ កាលពី​ថ្ងៃទី​​២៧ ខែ​​វិច្ឆិកា ឆ្នាំ​​២០១៨ បាន​​ចុះ​ហត្ថលេខា​ ​បង្កើត​​ក្រុម​​ការ​ងារ​​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​នៅក្នុង​​ពន្ធនាគារ​។ ប៉ុន្តែមកដល់ពេលនេះ បញ្ហាចង្អៀតណែន​ក្នុងពន្ធនាគារ នៅតែមិនអាចដោះស្រាយបាន ខណៈ​ដែល​ប្រព័ន្ធ​ដឹកនាំ ត្រូវ​បាន​អង្គ​ការ​តម្លាភាពអន្តរ​ជាតិ រក​ឃើញ​ថា មាន​អំពើ​ពុក​រលួយ​ខ្ពស់​ជាប់​គ្នា​ជិត​១០ឆ្នាំ បើធៀប​នឹង​ប្រទេស​ជា​សមាជិក​អាស៊ាន។

សង្គមស៊ីវិល ធ្លាប់​អះ​អាង​ថា ​ភាព​​ចង្អៀត​​ណែន​ក្នុង​ពន្ធនាគារ ជាដើម​ចម​ជំរុញ​ឱ្យ​មាន​ការ​រំលោភ​បំពាន​​សិទិ្ធ​​ជន​ជាប់ចោទ ​អំពើ​ពុករលួយ​​រីករាល​ដាល​​នៅក្នុង​ប្រព័ន្ធ​ពន្ធនាគារ​ផងដែរ។

ជុំវិញបញ្ហានេះ លីកាដូ និយាយ​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ភាព​ចង្អៀន​ណែន​ក្នុង​ពន្ធនាគារ គួរ​ក​ម្រិត​​ការ​​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន ​រង់ចាំ​​សវនាការ​ ​លើកលែងតែ​ក្នុង​ករណី​ចាំបាច់​ ​ដូច​មាន​ចែង​ក្នុង​ច្បាប់​។

ការធ្វើ​ឱ្យ​ប្រសើរ​ឡើង​​នូវ​​លក្ខ​ខណ្ឌ​​រស់​នៅ​ក្នុង​​ពន្ធ​នាគា​រ​ ​ដោយ​​ធានា​​ថា ​គ្រប់​​ជន​​ជាប់​ឃុំ​​ទាំង​អស់ ​ទទួល​បាន​​នូវ​​អាហារ​​ដែល​​មាន​​ជីវជាតិ​​គ្រប់​គ្រាន់​ ​សេវា​ថែទាំ​សុខភាព​ ​ការ​សួរសុខទុក្ខ​ពី​គ្រួសារ​ ​និង​ឱកាស​អភិវឌ្ឍ​ន៍​ខ្លួន​​ទៅតាម​​អាយុ​​របស់​​ជន​​ជាប់​ឃុំ​។

ធានា​ថា ​ពន្ធ​នាគា​រ​ទូទាំង​ប្រទេស ​គោរព​តាម​​បទដ្ឋាន​អប្បបរមា​របស់​អង្គការសហប្រជាជាតិ ​សម្រាប់​​ដាក់​អ្នក​ទោស​ ​និង​​វិធាន​របស់​អង្គការសហប្រជាជាតិ​ ចំពោះ​វិធានការ​ឃុំ​ខ្លួន​ ​និង​វិធានការ​មិន​ឃុំ​ខ្លួន​​សម្រាប់​អ្នកទោស​​ជា​ស្ត្រី​​ដើម្បី​លើកកម្ពស់​​សេចក្តីថ្លៃថ្នូរ​ ​ជន​ត្រូវ​បាន​ដកហូត​សិទិ្ធ​​ដោយសារ​ប្រព្រឹត្ត​បទល្មើស​៕​ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ