ជនរងគ្រោះ​ថា​ប្រព័ន្ធ​ច្បាប់​កំពុង​ក្លាយ​ជា​ជម្រក​ឧក្រិដ្ឋ​ជន​ឆបោក ហ៊ី គឹម​ហុង ឱ្យ​បន្ត​បោក​ពលរដ្ឋ

ប្រព័ន្ធច្បាប់គ្រួសារហ៊ុន រងការស្តី​បន្ទោស​ពី​ក្រុម​ជន​រង​គ្រោះ​ថា កំពុង​ធ្វើ​ជា​ជម្រក​ឧក្រិដ្ឋ​ជនឆបោក ហ៊ី គឹម​​​​ហុង ដោយ​ថា ពួក​គេ​ជិត​៨ពាន់​គ្រួសារ ជួប​វិបត្តិ​បំណុល​ច្រើន​ឆ្នាំ រហូត​ស្លាប់​ជិត២០​នាក់​ ដោយ​អំពើ​ឆបោ​ក​​នេះ មិន​ទទួល​បា​ន​យុត្តិធម៌​ តែ​មេឆបោក​បែរ​ជា​ដំណើរ​ការ​ទីផ្សារឡើង​វិញ ទាំង​គ្មាន​ការ​រំខាន​ពីស្ថាប័ន​ពា​​ក់​ព័ន្ធ។

ការ​រិះ​គន់​នេះ ក្រោយ​ទំព័រ​ហ្វេស​ប៊ុករបស់​ក្រុម​ហ៊ុន​ពិភព​ដី​មាស​នៅ​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០២៥ បាន​បង្ហោះ​សារ​ពី​ដំណើរ​ការ​រៀប​ចំ​កែ​លំអរ និង​បង្កើត​គម្រោង​អភិវឌ្ឍន៍ ដែល​ក្រុម​ហ៊ុន​ឆបោកនេះ​ថា​ជា​កិច្ច​សហការ​គាំទ្រ និង​ជំរុញ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​អតិថិជន​ទាំង​អស់។

ជន​រងគ្រោះម្នាក់ប្រាប់ VOD ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា គម្រោង​ថ្មី​នេះ គ្រាន់​តែ​ជាល្បិច​បោក​ព​លរដ្ឋ​​ប​ន្ត​តែ​ប៉ុណ្ណោះ ដោយ​ថា ក្រោយ​ជន​ឆបោក ហ៊ី គឹមហុង ចេញ​ពី​ពន្ធនាគារមិន​បាន​សង​សំណង​តាម​ការ​សន្យា​នោះ​ទេ។

ប្រភពបន្តថា ខ្លួនចាញ់បោកក្រុមហ៊ុន​ពិភព​ដីមាស​ចំនួន ១៥០០០​ដុល្លារ ក្នុង​នោះ​ខ្ចី​ធនាគារចំនួន​ ១ម៉ឺន​ដុល្លារ ដែល​ធ្វើ​ឱ្យ​ប្រឈម​វិបត្តិ​បំណុល​វណ្ឌក​ក្នុង​ពេល​បច្ចុប្បន្ន។

លោកថា៖ «និយាយ​ឱ្យ​ចំយល់​ឃើញ​ថា វា(បោក)​តាម​ប្រព័ន្ធ​វា​មក តាំង​ពី​លើ​មក គេ​រៀបចំ​ធ្វើ​អ៊ីចឹង​ម៉ង! គេ​មិន​ឱ្យ​ខ្មែរមាន​ម៉ង ដល់​តែ​ខ្មែរ​ណាមាន​តិច​តួច​បង់​ធនាគារ​ទៅ បង់​យូៗ​អស់​អាលីង​ចឹង​ទៅ។ មាន​តែ​ឲ្យ​ខាង​ព័ត៌​មាន​ជួយ​ផ្សព្វ​ផ្សាយ ឱ្យ​បាន​ខ្លាំង​បន្តិច​ទៅ ក្រែង​លោរ​គេ​ជួយ​គេ​អី​អ៊ីចឹង​ទៅ មិន​ដឹង​ម៉េច​ទេ! ដូច​ពិបាក​ដល់​ហើយ»។

បើតាមក្រុមជនរងគ្រោះ មាន​អ្នកសា្លប់កើនជិត​២០នាក់​ហើយ ក្នុងនោះ​មាន​ទាំង​អ្នក​ធ្វើ​អត្ត​ឃាត​​ដោយ​ចងករ និង​ខ្លះ​គ្មាន​លុយ​ព្យាបាល​ជំងឺ ដោយ​សារ​ចាញ់​បោក​អតីត​ឧកញ៉ា ហ៊ី គឹម​ហុង ធ្វើ​ឱ្យ​ជួប​វិបត្តិ​បំណុល​ធ្ងន់​ធ្ងរ។

គណនី​ហ្វេសប៊ុកឈ្មោះ​ សេង ហាន់ បាន​បង្ហោះ​សារ​ក្នុង​ន័យ​ដើម​ដោយ​ភ្ជាប់​រូប​ភាព លោក ហ៊ី គឹម​ហុង ថា៖ «ចង់​​​ទៅសួរ​ម្ចាស់​ក្រុម​ហ៊ុន​​ផ្ទាល់​ តើ​ចង់​លក់​ដី​ ឬក៏​​រៀបចំ​​គម្រោង​​បោក​បន្ត​ បើ​សិន​ជា​លក់ បង​ប្អូន​​របស់​ខ្ញុំ​​ហាម​​មិ​នឱ្យ​លក់​ជា​​ដាច់​​ខាត់​ ទុកឱ្យ​តុលាការ​​ចាត់​ចែង​​​ទៅតាម​ច្បាប់​»។

ដោយឡែក ហ្វេសប៊ុក​​ឈ្មោះ ប៉ែន សុលីលី បញ្ចេញ​មតិ​ថា រឿង​ក្រុម​ហ៊ុន​ពិភព​ដីមាស ដែលមាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្លាន់ សង្កាត់​ពន្សាំង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដែល​បាន​ឆបោក​លុយ​ប្រជា​ពលរដ្ឋ​រាប់​រយ​លាន​ដុល្លារ ហើយ​សំណុំ​រឿង​នេះ​ កំពុង​តែ​ជំនុំជម្រះ​​នៅសាលា​​ដំបូង​​រាជធានីភ្នំពេញ ពលរដ្ឋ​ស្នើសុំ​ឲ្យ​អភិបាល​ខណ្ឌ​ព្រែក​ព្នៅ ចុះ​ត្រួត​ពិនិត្យ​​ក្រុម​ហ៊ុន​​មាន​អាជ្ញាប័ណ្ណ​ត្រឹម​ត្រូវ​ដែរ​ឬទេ។

ជុំវិញរឿងនេះ VOD មិនអាចសុំការឆ្លើយតបពីអភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន បានទេ ដោយទូរសព្ទមិនអាចទាក់ទងបាន។  

សម្រាប់ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ចាត់​ទុក​ការ​បណ្តោយ​ឱ្យ​អតីតឧកញ៉ា ហ៊ី គឹមហុង រស់នៅក្រៅសំណាញ់​ច្បាប់ និង​ថែម​ទាំង​ឱ្យ​ក្រុម​ហ៊ុន​ដំណើរ​ការ​បន្ត​ដោយមិន​រឹប​អូស​ទ្រព្យ​មក​សង​ពលរដ្ឋ​បែប​នេះ ឆ្លុះ​បញ្ចាំង​ថា តុលាការ​កំពុង​រួម​ដៃ​ជាមួយ​ឧក្រិដ្ឋ​ជនដើម្បី​បោក​ពលរដ្ឋ។

លោកថា៖ «ខ្ញុំយល់ថា តាម​ពិត​រដ្ឋាភិបាល​​ក៏​ដូច​ជា​ខាង​តុលាការ​ គួ​រតែ​ឲ្យ​ឧកញ៉ា ហ៊ី គឹម​ហុង សងសំណង​ទៅ​ដល់ប្រជា​ពលរដ្ឋ​ជាមុន​​សិន មុន​​ដំណើរ​​ការ​​ក្រុ​ម​ហ៊ុ​ន​របស់​​គាត់​​ហ្នឹង! បើ​​មិ​ន​អ៊ីចឹងទេ​ ត្រូវ​ចាប់​គាត់​ដាក់​គុក​ហើយ​រឹប​អូស​ទ្រព្យសម្បត្តិ​របស់​គាត់​ យក​ទៅ​សង​ប្រជាពលរដ្ឋ​ទើប​ជា​ការ​ត្រឹម​ត្រូវ។ បែរជាឲ្យ​គាត់​រួចខ្លួនហើយ ដោះ​លែង​គាត់​ហើយ! គាត់អត់​សងលុយ​ប្រជាពលរដ្ឋ​ហើយ ឲ្យក្រុមហ៊ុនរបស់គា​ត់​ដំណើរ​ការ​ទៀត​ អ៊ីចឹង​មាន​ន័យ​ថា ដូច​ពាក្យ​សម្ដី​ លោក ហ៊ុន ម៉ាណែត និយាយ​អ៊ីចឹង​ឯង រក្សា​មេមាន់​ដើម្បី​យក​ពង​ហ្នឹង! មាន​ន័យ​ថា ទុក​ឲ្យ​ឧកញ៉ា​ ហ៊ី គឹម​ហុង រក​លុយ​ឲ្យ​គណបក្សប្រជា​ជន​ត្រកូល​ហ៊ុន​ដើម្បី​យក​ទៅ​ពង្រឹ​ង​អំណាច»។ 

យ៉ាងណា ក្រោយផ្ទុះរឿងក្រុមឧក្រិដ្ឋជន​រកស៊ីខាងវិស័យ​អចនទ្រព្យ បោក​ពលរដ្ឋ​ជា​បន្ត​បន្ទាប់ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ នាយករដ្ឋ​មន្រ្តី​កម្ពុជា លោក ហ៊ុន ម៉ាណែត ធ្លាប់​ផ្ញើសារថា ការ​​មិន​ចាត់​ការ​លើ​ក្រុម​អ្នក​ជំនួញ​បោក​ពលរដ្ឋ​ ជា​យុទ្ធ​សាស្រ្ត​រក្សា​ទុក​មេមាន់​ដើម្បី​យកពង​ឱ្យ​ពលរដ្ឋ។

លោកថា៖ «រដ្ឋាភិបាល​ពិត​ណាស់​ មិន​ងាក​ចាប់ៗ​នោះ​ទេ! យើង​មិន​អាច​យក​រូប​មន្ត​សម្លាប់​មេមាន់​នោះ​ទេ យើង​ត្រូវ​ធ្វើម៉េច​ឲ្យ​មេមាន់​នៅ​រស់ ដើម្បី​យក​ពង​ទៅ​នាំ​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​នេះ​ជា​គោលដៅ​ធំ»។

ប៉ុន្តែ សារនយោបាយ រក្សា​ទុកមេមាន់ដើម្បី​យក​ពង រងការរិះគន់ថា កំពុង​បង្កើន​វិបត្តិ​បំណុលធ្ងន់​ធ្ងរ​ដល់​អ្នក​ចាញ់​បោក​ក្រុម​ឧកញ៉ា​ ដែល​កំពុង​ប្រឈម​នឹង​វិធាន​រឹប​អូស​ពី​ធនាគារ ជាក់​ស្តែង​ក្នុង​ករណី​ជន​រង​គ្រោះ​ចាញ់​បោក​អតីត​​ឧកញ៉ា ហ៊ី គឹម​ហុង នេះ​ជាដើម។

អតីត​​​ឧកញ៉ា ហ៊ី គឹម​ហុង ត្រូវ​​បាន​​​ចាប់ខ្លួន​​កាល​ពី​ខែ​​សីហា ឆ្នាំ​២០២៣ ពីបទ​​​ឆបោក​​​ពលរដ្ឋ តែ​​ប្រមាណ ​៤ខែ​​ក្រោយ​​​​​មក ​​ពោល​​​​គឺ​​​​នៅ​​ខែ​​វិច្ឆិកា ឆ្នាំ​២០២៣ តុលាការ​​​ដោះ​​លែង​​​​វិញ ក្រោយ​សន្យា​​​​រក​​លុយ​​​សង​​​​​​​ជនរង​គ្រោះ​​វិញ តែ​​ពេល​បាន​​​នៅ​​ក្រៅ​ឃុំ​ លោក​​បាន​​គេច​វេស​​​មិន​​គោរព​​សន្យា​​​នោះ​​​​ទេ។

ជុំវិញអំពើឆបោកនេះ​​​​ដែរ ក្រោយ​​​យុត្តិធម៌​​​សម្រាប់អ្នកចាញ់​បោក អតីត​​ឧកញ៉ា ហ៊ី គឹមហុង ​ត្រូវ​បាន​​​​កប់​ចោ​ល​​​ច្រើន​​​ឆ្នាំ និង​​​មាន​​​អ្នក​​ស្លាប់​​កើន​​ឡើងជិត២០នាក់​ តែនៅ​​តែ​​គ្មាន​​ដំណោះ​​ស្រាយ​​នោះ ក្រុម​​ជន​​រង​គ្រោះ​​បាន​​ធ្វើ​យុទ្ធនា​ការ​​​លើ​បណ្តាញ​​សង្គម​​​ចោទ​​​​ថា ឧបសគ្គ​​​រារាំង​​​ដល់​​​ការ​​​ស្វែង​​​រក​​​យុត្តិ​ធម៌​​​​សម្រាប់​​ពួក​​​គេ អាច​​​ជាប់​​​ពាក់​​ព័ន្ធ​​មន្ត្រី​មាន​​​អំណាច នៅ​​​ពី​ក្រោយ​​​ក្រុម​​ហ៊ុន​​ឆបោក​​​នេះ ដោយ​​​​​ក្នុង​​​​នោះ​ពួក​​គេ​​​បាន​​​រំលេច​​​មុខ​​អនុ​ប្រធាន​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា ​​លោក​​ស្រី ម៉ែន សំអន និង​​អតីត​​ប្រធាន​​រដ្ឋសភា​ ​លោក ហេង សំរិន ​ផង​​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ