សង្គមស៊ីវិលថា​ស្ត្រី​កាត់​ដេរ​៩១​ភាគ​រយ​ជាប់​បំណុល​​និង​ផ្សេង​ទៀត​រង​ការ​បំពាន

ក្រុមអង្គការសមាគម​ជិត ៨០​ស្ថាប័ន ជំរុញ​ឱ្យ​រដ្ឋាភិបាល​បង្កើន​​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ស្ត្រី ជាពិសេស​​កម្មករ​​ក្នុ​ង​វិស័យ​​ការ​ងារ​​ ក្រោយ​​ពី​រក​ឃើញ​ថា ស្ត្រី​ច្រើន​​វិស័យ​​រង​​ការ​រំលោភ​បំពាន ក្នុង​នោះ​មាន​ទាំង​វិស័យ​កាត់​ដេរ ដែល​​ថា ៩១​ភាគ​រយ ជួប​វិបត្តិ​បំណុល និង​ការ​កេង​ប្រវ័ញ្ច​​កម្លាំង​​ពលកម្ម។

ការជំរុញ​នេះ ធ្វើឡើង​តាម​រយៈសេចក្តីថ្លែងការណ៍រួម របស់​​ក្រុម​អង្គការ​​សង្គម​ស៊ីវិល ក្នុង​​ថ្ងៃ​ប្រារព្ធ​ទិវា​​សិ​​ទ្ធិ​នារី ថ្ងៃទី៨ ខែមិនា ក្រោម​ប្រធាន​​បទ​ ​«​ពង្រឹង​សិទ្ធិ​អំណាច​ស្ត្រី​ ​និង​ក្មេងស្រី​ ​ដើម្បី​សមភាព​ ​ស្ថិរភាព​​សេ​ដ្ឋ​​កិច្ច​ ​និង​​យុត្តិធម៌​​សង្គម​»​។

ក្រុមអង្គការ​សង្គមស៊ីវិល​ទាំងនោះ រួមមាន ​អង្គការ​ ​សមាគម​ ​សហភាព​សហជីព​ ​និង​សហ​ព័ន្ធ​ ​សហជីព​​ឯករាជ្យ​ ​បណ្តាញ​​យុវជន​ ​និង​សហគមន៍​មូលដ្ឋាន​ ជាដើម។

ពួកគេ​ទទួលស្គាល់ ​ចំពោះ​សមិទ្ធ​​ផល​​នានា​​ដែល​​​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​​ខិតខំ​​ប្រឹង​ប្រែង​សម្រេច​​បាន ក្នុង​រយៈពេ​ល​​៧អាណត្តិ​​កន្លង​ទៅ​នេះ​ ​ក្នុង​​​​ការ​​​ការ​ពារ​ ​និង​​ការ​​លើក​​ក​ម្ពស់​​សិទ្ធិ​​ស្រ្តី​និង​​​សមភាព​យេ​ន​ឌ័រ ។

​ប៉ុន្តែថា​ អំពើ​​ហិង្សា​ទាក់ទង​នឹង​យេ​ន​ឌ័រ​​ ​និង​​ការបៀត​​បៀ​ន​ ​ការ​រើស​​​អើង​ ​ការ​​កេង​ប្រវ័ញ្ច​ពល​កម្ម​ ​ជាពិ​សេ​ស​​​​​​លើ​​​ស្ត្រី​​​ក្នុង​​​ខ្សែ​​ចង្វាក់​​​ផ្គត់​ផ្គង់​សម្លៀក​​​បំពាក់​​នៅ​តែ​​បន្ត​​​កើត​​មាន​​​គ្រប់​​ទម្រង់​ ​និង​​គ្រប់​​ទី​កន្លែង​ ​ដូច​ជា​ ​នៅ​ក​ន្លែង​​ការងារ​ ​តាម​​ទី​សាធារណៈ​ ​តាម​​ផ្ទះ​ ​និង​​តាម​​អន​​ឡា​ញ​ជា​ដើម​។​

សេចក្តីថ្លែងការណ៍នោះ បានដកស្រង់របាយ​ការណ៍​ ​ស្តីពី​ ​«​សម្ពាធ​​ក្រោម​​ថ្នេរ​​សាច់​ក្រណាត់​»​ ​មក​ផ្ស​ព្វ​ផ្សា​យ​​​ថា កម្មករ​កាត់​ដេរ​ ៩១ភាគរយ កំពុង​ជាប់​បំណុល​ ​ដោយ​៧​០​ភាគរយ​នៃ​កម្មករ​មាន​ការ​​កើន​​ឡើង​​បំ​ណុ​ល​​ចាប់តាំង​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១​៩​។​ ​

​ពួកគេថា៖ «កម្មករ​ជា​ស្ត្រី​ត្រូវ​បាន​បង្ខំចិត្ត​ខ្ចី​បំណុល​ដែល​មាន​អត្រា​ការប្រាក់​ខ្ពស់​ ​ដែល​ធ្វើ​ឱ្យ​ពួក​គេ​ធ្លាក់ខ្លួន​កាន់តែ​ជ្រៅ​នៅ​​ក្នុង​​អន្ទាក់​​បំណុល​។​ ​ជាង​នេះ​ទៀត​ ​ក្រុមហ៊ុន​ម៉ាក​យីហោ​ ​និង​ក្រុម​ហ៊ុន​ផ្តត់​ផ្គង់​​ពុំបាន​បើ​ក​ប្រាក់ឈ្នួល​ ​និង​នៅ​​ជំពាក់​​អត្ថ​ប្រយោជន៍​​​នានា​​​របស់​​កម្មករ​​កាត់​​ដេរ ​ចាប់​​​ពី​​​អំឡុង​​​ពេល​​​នៃ​​​ការ​​រាត​​ត្បា​ត​​ជំងឺ​​កូ​វី​ដ​១​៩​ ​ដែល​នាំ​​​ឱ្យ​​កម្មករ​​ជាច្រើន​​ពាន់​​គ្រួសារ​​ធ្លាក់​​ខ្លួន​​ក្នុង​​បំណុល​ ​និង​​មាន​​អារម្មណ៍​​តាន​តឹ​ង​​​ក្នុ​ង​​កា​រ​​រក​ប្រាក់​​សង​បំណុល​»។​

ករណីនេះ ពួកគេ​បានអំពាវ​នាវ​​ដល់​​​រដ្ឋាភិបាល​​កម្ពុជា​ ​និង​ក្រសួង​​ពាក់ព័ន្ធ​ ​និយោជក​ ​និង​ក្រុម​ហ៊ុន​​ម៉ាក​​យីហោ​ ​មាន​​វិធាន​ការ​​ជាក់​លាក់​​​ប្រកប​​ដោយ​​​ប្រសិទ្ធ​​​ភាព​ ​និង​​​បន្ទាន់ ដើម្បី​ពង្រឹង​កិច្ច​គាំ​ពារ​​ផ្នែក​​សេដ្ឋកិច្ច​ ​និង​សង្គម​សម្រាប់​កម្មករ​និយោជិត​ជា​ស្ត្រី​។​

​លើសពីនេះ ពួកគេ​អំពាវនាវ​​ដ​ល់​​​​ក្រុម​ហ៊ុន​​ម៉ាក​យីហោ​ ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​​​នានា បញ្ឈប់​​​ការ​​កេង​​ប្រវ័ញ្ច​​​កម្លាំ​ង​​​ពលកម្ម​ ​ដូចជា​ ​ការ​បង្ខំ​ឱ្យ​ធ្វើការងារ​ថែម​ម៉ោង​ ​ការ​មិន​​បើក​​ប្រាក់​ឈ្នួល ​​ចំពោះ​​​ការងារ​​ថែម​​ម៉ោង​ ​និ​ង​​​ការ​កេង​បន្លំ​ប្រាក់ឈ្នួល​​ក្នុង​​ខ្សែ​​ចង្វាក់​​ផ្គត់ផ្គង់​​ស​ម្លៀ​​ក​បំពាក់​ ​ និង​​ផ្តល់​​អត្ថប្រយោជន៍​ ​ព្រមទាំង​ប្រាក់បំ​ណា​​ច់​បញ្ចប់​កិច្ចសន្យា​ការងារ​ជូន​កម្មករ​។​

បន្ថែមពីនេះ ពួកគេ​​អំពាវនាវរកកិច្ចអន្តរាគមន៍ ដើម្បី​​​ដោះ​ស្រាយ​​ករណី​​កេង​​បន្លំ​​ប្រាក់​ឈ្នួល​ ​និង​​អត្ថប្រ​យោ​ជន៍​​នានា ​ក្នុង​អំឡុង​ពេល​កូ​វី​ដ-​១​៩​ ​ជាពិសេស​​ក្នុង​ករណី​រោងចក្រ​បញ្ឈប់​ប្រតិ​បត្តិ​​ការ​។​

នាយកទទួលបន្ទុកកិច្ចការ​ទូទៅនៃអង្គការ​ការ​ពារសិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត​ មាន​ប្រសាសន៍​ថា បើ​​ទោះ​បី​មាន​​​កិច្ច​ខិត​ខំ​កែលម្អពីរដ្ឋាភិបាលក្តី តែបញ្ហាវានៅតែបន្ត​កើត​មាន រាប់​មិនអស់ ​​ទាំង​អំពើ​​ហិង្សា ការ​​បៀត​​បៀន លើ​​ស្រ្តីដែ​ល​ធ្វើកា​រ​នៅ​គ្រប់​វិស័យ រួម​ទាំង​ការ​រំលោភ​បំពាន​ដីធ្លី។

លោ​​កបង្ហាញក្តី​បារម្ភ​ថា បើរដ្ឋាភិបាល​មិន​ពន្លឿន​ដោះ​ស្រាយ​បញ្ហា​នេះ​ទេ បញ្ហា​ទាំង​អស់​នេះ ជា​ដើម​ហេ​តុ​ ធ្វើ​ឱ្យ​​កម្មករ​ធ្លាក់​ទៅ​ក្នុ​ងការ​ជំពាក់បំណុលវណ្ឌក។

លោកថា៖ «ដូចជារឿងបញ្ហាដីធ្លី បញ្ហាបងប្អូនក​ម្មករ​​កម្ម​ការិនី ហើយ​និង​​ស្ត្រី​មួយចំ​នួន នៅ​ពេល​​ដែល​គា​​ត់​រង​​​បញ្ហា​ដីធ្លីហើ​យ គាត់​បន្ថែម​បញ្ហា​មួយ​ទៀត គឺ​បំណុល បង​ប្អូន​កម្មករ​កម្មកា​រិនី ក៏​មាន​បំណុល ចឹង​បំណុល​មួយ​ចំនួន​វាក្លាយ​ទៅ​ជាបំ​ណុល​វណ្ឌក។ បំណុល​វណ្ឌក វា​​បង្ក​​ឱ្យ​មាន​អំពើហិង្សា​ក្នុង​គ្រួសារ វា​នាំ​ឱ្យ​​មាន​ការ​បែក​បាក់​នៅ​ក្នុង​គ្រួសារ វា​នាំ​​​ឱ្យ​កូន​របស់​ពួក​គាត់​បាត់​បង់​ការ​​សិក្សា នាំ​ឱ្យ​​មាន​ចំណាក​ស្រុក បញ្ហា​​ទាំង​អស់​នេះ​គឺ​ត្រូវ​​​តែ​មាន​ការ​​​ពិនិត្យ និង​ធ្វើ​ការ​​ដោះ​ស្រាយ​រួម​គ្នា ដើម្បី​ធ្វើ​ម៉េច​ផ្តល់​សិទ្ធិ​​អំណាច​ទៅ​ស្រ្តី ឬ​ក៏​កុមារី តាម​គោល​នយោបាយ​របស់​​រាជ​រដ្ឋាភិបាល»  

សម្រាប់ លោក អំ សំអាត ប្រសិទ្ធភាពនៃការដោះស្រាយ ស្ថាប័នពាក់ព័ន្ធ ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ​ស្តីពី​​ការងារ និង​គាំពារ​​ផ្នែកសេដ្ឋកិច្ច និង​​សង្គម​សម្រាប់​កម្មក​រនយោជិត​ ព្រមទាំង​លុប​បំបាត់​ការ​បៀតបៀន និង​អំពើហិង្សា​ទាក់ទងនឹង​យេនឌ័រ​ជាដើម។

អ្នកនាំពាក្យក្រសួង​ការ​ងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ លោក កត្តា អ៊ន ​មិន​អាច​សុំ​ការ​អត្ថាធិ​ប្បាយ​​បាន​​ទេ​ នៅ​ថ្ងៃ​ទី​១០ ខែ​មិនា​​នេះ។

​កាលពី​ខែ​មីនា​ ​ឆ្នាំ​២​០​២​៤​ ​ក្នុង​ឱកាស​​ប្រារព្ធ​​ទិ​វា​​អន្តរជាតិ​​នារី​លើក​​ទី​១​១​៣​ ​អង្គការសង្គម​ស៊ីវិល​ទាំង​នេះ ក៏​​​បាន​​ចេញ​សេចក្តីថ្លែង​ការណ៍​រួម ​ដោយ​​បាន​​លើក​ឡើង​​នូវ​​តម្រូវ​​ការ​​ចំនួន​ ​១​៦​​​ចំណុច​ ​សម្រាប់​​ជូន​​រាជរដ្ឋាភិបាល​​​ដោះស្រាយ។

​​ប៉ុន្តែ​​​​ថា ​សំណើរ​ ​​​​ឬ​​​តម្រូវ​កា​រទាំងនេះ​ ​នៅ​​ពុំទាន់​​ត្រូវ​​បាន​​រាជ​រដ្ឋា​​ភិ​បាល​ ​ដោះ​ស្រាយ​​ពេញ​លេញ​ ​និង​​ប្រ​កប​ដោ​​​យ​ប្រសិទ្ធ​ភាព​​នៅឡើយ​។

​ហេតុ​ដូច្នោះ​ ​ក្នុង​ឱកាស​ប្រារព្ធ​​ខួប​​លើក​ទី​១​១​៤​ ​នៃ​ទិវា​សិទ្ធិនារីអន្តរជាតិ​នារី​នេះ​ ក្រុមអង្គការ​សង្គម​​ស៊ីវិល ​លើក​​នូវ​សំណើ​ ​ឬ​តម្រូវ​កា​រទាំង​១​៦​ចំណុច​នោះ​ឡើងវិញ​ ដាក់​​ជូនរដ្ឋាភិបាល​ពិ​ចារ​​​ណា​ ​និង​​​​ដោះ​ស្រាយ​​​ប្រកប​ដោយ​​ប្រសិទ្ធ​​ភាព​​ខ្ពស់។

​សំណើរទាំង​នោះ មានដូចជា ធ្វើ​​វិសោធនកម្ម​​ច្បាប់​​ស្តីពី​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ​និង​កិច្ចការ​ពា​រ​ជនរងគ្រោះ​ ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ ​និង​តឹងរ៉ឹង​ចំពោះ​អំពើ​​ហិង្សា​ ​និង​ការ​​បៀត​​បៀន​​​គ្រប់​​ទម្រង់​​​​លើ​​ស្ត្រី​ ​និង​ក្មេងស្រី​។

ធ្វើការ​កែ​ទម្រង់​ ​និង​​ពង្រឹង​​សុវត្ថិភាព​​​​ស្តង់​ដារ​​នៃ​​មធ្យោបាយ​​ដឹក​ជញ្ជូន​​កម្មករ​​ ក្នុង​​វិ​ស័​​យ​​វាយន​ភណ្ឌ​​កាត់​​ដេរ​ ​​​ពង្រីក​​​ទី​ផ្សារ​​ការ​ងារ​​ក្នុង​ស្រុក​ ​ពន្លឿន​​ការ​​អនុវត្ត​​គោល​​នយោបាយ​​ផ្តល់​ប្រាក់​ឧបត្ថម្ភ​​​អំឡុង​​ពេល​​បាត់​​បង់​​ប្រាក់​ចំណូល ពិសេស​ ​សម្រាប់​​​​ស្ត្រី​ ​និង​យុវជន​ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ