មេដឹកនាំគណបក្សជំទាស់ បានអះអាងថា តុលាការប្រទេសបារាំងនឹងលើកយករឿងក្តីប្រឆាំងមេបញ្ជាការជាន់ខ្ពស់ ២រូប របស់លោក ហ៊ុន សែន នៅពាក់កណ្តាលខែមីនានេះហើយ ដែលសំណុំរឿងនេះ បានកប់ទុកជិត៣០ឆ្នាំទៅហើយ មកជំនុំជម្រះ នៅបន្ទាប់ពីសំណុំរឿងព្រហ្មទណ្ឌនេះ ត្រូវបានមេដឹកនាំគណបក្សនៅក្រៅរដ្ឋាភិបាល បានប្តឹងស្វែងរកការពិតទៅស្ថាប័នយុត្តិធម៌ នៃប្រទេសបារាំងកាលពី៥ឆ្នាំមុន។
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង បានលើកឡើងបែបនេះ កាលពីថ្ងៃទី៨ ខែមីនា ដែលសំឡេងប្រជាធិបតេយ្យ វីអូឌី ទើបទទួលបាននៅថ្ងៃនេះ ឱ្យដឹងថា តុលាការប្រទេសបារាំង នឹងបើកសវនាការ តបតាមបណ្តឹងរបស់ លោក សម រង្ស៊ី ប្រឆាំង លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ដែលជាកូនចៅរបស់លោក ហ៊ុន សែន ក្នុងរយៈពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។
បើតាមលោក សម រង្ស៊ី អ្វីដែលតុលាការយុត្តិធម៌ប្រទេសបារាំង អនុវត្តនីតីវិធីក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ក្រោយបើកការស៊ើបអង្កេត អស់ពេលជាច្រើនឆ្នាំមក ជាសញ្ញាបង្ហាញថា អំពើនិទណ្ឌភាពនៅកម្ពុជា ដែលកប់ទុកជាយូរហើយនេះ នឹងដល់ទីបញ្ចប់។
ក្នុងន័យនេះ អតីតមេបក្សជំទាស់រូបនេះ ប្រៀបធៀបថា ការបញ្ចប់ទៅ នៃអំពើនិទណ្ឌភាពក្រោយឥទ្ធិពលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា វាមិនខុសអី្វពីការបញ្ចប់ទៅនៃសង្រ្គាមស៊ីវិល តាមរយៈកិច្ចព្រមព្រៀងនយោបាយ ស្តីពីកម្ពុជា ដោយរដ្ឋការបារាំង ដូចគ្នាទៅនឹងធម្មនុញ្ញអន្តរជាតិ ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ឡើយ។
លោកបន្តថា៖ «ហ៊ីង ប៊ុនហៀង និងហ៊ុយ ពិសិដ្ឋ នឹងត្រូវកាត់ទោសនៅទីក្រុងប៉ារីស ថ្ងៃ ១៩-២០-២១ មីនា ២០២៥ ចំពោះការវាយប្រហារដោយគ្រាប់បែកដៃ នៅទីក្រុងភ្នំពេញ ថ្ងៃ៣០ មីនា ១៩៩៧។ និទណ្ឌភាព ចំពោះឧក្រិដ្ឋកម្មនយោបាយនៅកម្ពុជា នឹងឈានដល់ទីបញ្ចប់ពីទីក្រុងប៉ារីស ដូចសង្រ្គាមនៅស្រុកយើង ក្នុងសតវត្សរ៍កន្លងមក ត្រូវបានបញ្ចប់ពីទីក្រុងប៉ារីស អញ្ចឹងដែរ ដោយសារតែកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ១៩៩១ » ។
ជិត៣០ឆ្នាំមកហើយ គណបក្សជំទាស់តែងប្រារព្វរំលឹកគុណ មិនដែលលោះពេល ចំពោះអ្នកដែលបានបូជាជីវិត ក្នុងអំពើគប់គ្រាប់បែកដៃ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។
ការវាយប្រហារកាលណោះ បានឆក់យកជីវិតមនុស្សចំនួន ១៦នាក់ និងជាង ១៥០នាក់ផ្សេងទៀតរងរបួស។ ជនរងគ្រោះទាំងនោះ ជាក្រុមបាតុករដើរតាម លោក សម រង្ស៊ី និងខ្លះទៀត ជាអ្នកដែលឈរក្បែរហ្វូងបាតុកម្ម។
លោក សម រង្ស៊ី ដែលពេលនោះជាប្រធានគណបក្សជាតិខ្មែរ បានដឹកនាំបាតុកម្មដែលមានអ្នកចូលរួមប្រមាណ ២០០នាក់ នៅក្បែរអគាររដ្ឋសភាចាស់ ផ្នែកខាតកើតព្រះបរមរាជវាំង។
ភ្លាមៗនោះ ស្រាប់តែគ្រាប់បែកបួន៤គ្រាប់ ត្រូវបានជនអនាមិកបោះចូលក្នុងហ្វូងបាតុកម្ម។ហេតុការណ៍បំផ្ទុះគ្រាប់បែកនេះ បណ្តាលឱ្យមានអ្នកស្លាប់ និងរងរបួសជាច្រើននាក់ ក្នុងនោះមានទាំង លោក សម រង្ស៊ី ម្នាក់ផង។
លោក សម រង្ស៊ី ក្នុងនាមជាជនរងគ្រោះ តែងទាមទារយុត្តិធម៌ក្នុងសំណុំរឿងនេះ ជាបន្តបន្ទាប់ ប៉ុន្តែគ្មានទទួលបានលទ្ធផលអ្វីជាដុំកំភួនទេ ចាប់តាំងពីថ្ងៃកើតហេតុមក។
តែយ៉ាងណា ក្នុងចំណោមជនរង្គោះទាំងជាង ១០០នាក់ ក្រៅពីលោក សម រង្ស៊ី និងជនរងគ្រោះឯទៀតហើយ ក៏មាន លោក រ៉ន អាប់នី (Rong Abney) ដែលជានាយកវិទ្យាស្ថានសាធារណរដ្ឋ អន្តរជាតិ IRI ម្នាក់ទៀតដែរ ត្រូវរងរបួសដោយអំពើគប់គ្រាប់បែកដៃនេះ។
ស្ថិតក្រោមហេតុផលនេះហើយ ដែលជំរុញឱ្យការិយាល័យស៊ើបអង្កេត របស់ប៉ូលីសសហព័ន្ធអាមេរិក ដែលហៅកាត់ថា អេហ្វប៊ីអាយ(FBI) លូកដៃក្នុងការស៊ើបអង្កេតរឿងក្តីមួយនេះឡើង។
ក្រោយបិទបញ្ចប់នីតិវិធីនៃការស៊ើបអង្កេត ប៉ូលីស FBI បង្ហាញលទ្ធផលតាមការចុះផ្សាយ ដោយកាសែត Washington Post កាលពីខែមីនា ឆ្នាំ១៩៩៧ ថាលោក ហ៊ុន សែន ដែលកាលណោះជានាយករដ្ឋមន្រ្តីទី២ ជាអ្នកពាក់ព័ន្ធដោយផ្ទាល់ ក្នុងអំពើមនុស្សឃាតនេះ។
តាមការយកចម្លើយពី ប៉ូលីស អេហ្វប៊ីអាយ លោក ហ៊ុយ ពិសិដ្ឋ ដែលកាលណោះជានាយឧត្តមសេនីយ៍ ក្នុងកងពលតូចលេខ៧០ បានសារភាពថាខ្លួនជាអ្នកទទួលខុសត្រូវ ក្នុងការដាក់ពង្រាយកម្លាំង នៅត្រង់បរិវេណរបស់អ្នកធ្វើបាតុកម្ម។
តម្រុយនៃចម្លើយសារភាពនេះហើយ ដែលក្រុមប៉ូលីសអន្តរជាតិ អេហ្វប៊ីអាយ សន្មតិថា អំពើគប់គ្រាប់បែកនេះ គ្មានអ្នកផ្សេងណាអាចធ្វើបាន ក្រៅពីលោក ហ៊ុន សែន ទេ។
ជាមួយគ្នានោះ របាយការណ៍ស៊ើបអង្កេតរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ដែលស្រង់សំពីអ្នកសង្កេតការណ៍បង្ហាញដែរថា ជារឿងដែលចម្លែកខុសថ្ងៃធម្មតា។
តាមពិតកម្លាំងសម្ងាត់របស់រដ្ឋាភិបាល និងកម្លាំងនគរបាល ឬកងអង្គរក្សតែងនៅជិតៗ ឬក្បែរក្រុមបាតុករ។ ប៉ុន្តែលើកនេះ មិនដូច្នេះឡើយ កម្លាំងទាំងនោះ បែរជានៅឆ្ងាយខុសប្រក្រតី ហើយហាក់បានត្រៀមខ្លួនធ្វើសកម្មជាមុន យ៉ាងដូច្នោះដែរ។
សំឡេងប្រជាធិបតេយ្យ វីអូឌី មិនអាចស្នើសុំការឆ្លើយតបពីលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ បានភ្លាមៗទេ ដោយទូរស័ព្ទ មិនអាចទាក់ទងបាននៅថ្ងៃនេះ។
តែយ៉ាងណា កាសែតក្នុងស្រុកធ្លាប់ចុះផ្សាយ កាលពីឆ្នាំ១៩៩៧ ដោយស្រង់សំដីរបស់លោក ហ៊ីង ប៊ុនហៀង មេកងអង្គរក្សរបស់លោក ហ៊ុន សែន ដោយគំរាមផ្តាច់ជីវិតអ្នកកាសែតរូបណា ហ៊ានចុះផ្សាយថា អង្គរក្សរបស់អតីតនាយករដ្ឋមន្រ្តី មានជាប់ពាក់ព័ន្ធនឹងការសម្លាប់មនុស្ស ដោយអំពើបោកគ្រាប់បែកដៃនេះ។
សម្រាប់លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ(Licadho) លើកឡើងថា តាមពិតរឿងក្តីមួយនេះ មិនមែនជារឿងថ្មីទេ ដែលត្រូវបានបណ្តាញព័ត៌មានចុះផ្សាយ អំពីការវិវត្តន៍នៃសំណុំរឿង។
ប៉ុន្តែអ្វីដែលសំខាន់ នៅត្រង់ថាតើនៅក្នុងដំណាក់កាលនៃសវនាការលើអង្គសេចក្តី និងអង្គច្បាប់ តើភាគីទាំងដើមបណ្តឹង និងចុងចម្លើយបានត្រៀមខ្លួន ដើម្បីទទួលយកការជំនុំជម្រះនេះរួចរាល់ហើយឬនៅ។
មិនតែប៉ុណ្ណោះ តើភាគីនៅក្នុងរឿងក្តីនេះ មានភស្តុតាងដាក់ និងដោះបន្ទុកគ្រប់គ្រាន់ដែរទេ ដែលជាមូលដ្ឋានអាចឱ្យតុលាការពិចារណាថា សំណុំរឿងនៃបទឧក្រិដ្ឋមួយនេះ ពិតជាមានតម្លៃ។
លោកថា៖《ឃើញព័ត៌មានចុះជាច្រើនជាបន្តបន្ទាប់រួចមកហើយនៅតុលាការបារាំងហ្នឹង។ អញ្ចឹងអ្វីដែលសំខាន់ គឺនីតិវិធី ការស៊ើបអង្កេត និងកិច្ចសហការ ឬក៏តើមានភស្តុតាង ឬក៏មានអំណះអំណាងគ្រប់គ្រាន់ដែរឬទេ នៅពេលសវនាការហ្មឹង។ វាអាស្រ័យទៅលើសមត្ថកិច្ច និងតុលាការរបស់គេ ហើយនិងកិច្ចសហការផងដែរ》។
ការសើរើរឿងក្តី ដែលបានកប់បាត់ជិត៣០ឆ្នាំទៅហើយនេះ នៅបន្ទាប់ពីលោក សម រង្ស៊ី កាលពីខែមីនា ឆ្នាំ២០២០ បានដាក់បណ្តឹងទៅតុលាការព្រហ្មទណ្ឌបារាំង ស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះ និងខ្លួនលោកផង។
មិនយូរប៉ុន្មាន ចៅក្រមស៊ើបសួរ និងជាអនុប្រធានផ្នែកស៊ើបអង្កេត នៃតុលាការយុត្តិធម៌បារាំង លោក សាប៊ីន ខេរីស(Sabine Khéris) បានចេញដីកាបញ្ជាឱ្យចាប់ខ្លួនមេអង្គរក្ស លោក ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង និងឧត្តមសេនីយ៍យោធា លោក ហ៊ុយ ពិសិដ្ឋ។
ក្រៅពីដីកាបញ្ជាឱ្យចាប់ខ្លួនមនុស្សទាំងពីរនាក់នេះហើយ ចៅក្រមរូបនេះ ក៏បានចេញដីកាដាច់ដោយឡែកមួយផ្សេងទៀត បញ្ជាឱ្យចាប់ខ្លួន លោក ហ៊ុន សែន ដូចគ្នាដែរ។ ប៉ុន្តែត្រូវជំទាស់ពីរដ្ឋាភិបាលបារាំង ក្រោមហេតុផលថា លោក ហ៊ុន សែន នៅមានអភ័យឯកសិទ្ធិសភា។
បើទោះជាបែបណា ក្រោយហេតុការណ៍កើតឡើង គេស្រាប់តែលេចមុខ លោក គង់ សំរិទ្ធ ហៅអាប្រេស៊ីលផ្តល់បទសម្ភាសន៍នៅក្នុងសន្និសីទកាសែតមួយ នៅអំឡុងឆ្នាំ១៩៩៧។
តាមរយៈ ឃ្លីបវីដេអូ ដែលមានរយៈពេលជិត៥នាទី បុរសរូបនេះ បានសារភាពដោយឥតលាក់លៀមថាខ្លួនគឺជាឃាតករ ដែលត្រូវបានគេបញ្ជាឱ្យបោកគ្រាប់បែក សម្លាប់លោក សម រង្ស៊ី ហើយរូបលោក ក៏ជាកងអង្គរក្សរបស់ លោក ហ៊ុន សែន ដែរ ដែលស្ថិតក្រោមបញ្ជាពីមនុស្សម្នាក់ផ្សេងទៀត នៅជាកូនចៅរបស់លោក ហ៊ីង ប៊ុនហៀង។
បើតាមលោក គង់ សំរិទ្ធ ហៅអាប្រេស៊ីលនេះ មូលហេតុដែលដែលខ្លួនត្រូវបង្ខំចិត្ត ត្រូវឡើងបកអាក្រាតពីផែនការសម្លាប់មនុស្សដូចនេះ ដោយគ្មានជំរើស និងដើរដល់ផ្លូវទាល់ច្រក ហើយខ្លួនក៏ត្រូវគេតាមសម្លាប់វិញដូចគ្នាដែរ។
លោកថា៖《តើណោក្នុងឆ្នាំ១៩៩៧ ហ្នឹងតើប្អូនបានទទួលបញ្ជាឲ្យធ្វើអ្វីខ្លះ។ ខ្ញុំបានទទួលបញ្ជាកាលពីថ្ងៃទី២ ខែមករា ឆ្នាំ១៩៩៧ ឲ្យធ្វើឃាតទៅលើលោក សម រង្សី។ តែដូចខ្ញុំបានជម្រាបជូនម្តងរួចហើយ។ ក្រៅពីហ្នឹងតើគេឲ្យប្អូនធ្វើអ្វីទៀតដែរទេ។ គេលែងប្រើ គេលែងទុកចិត្តខ្ញុំ ហើយគេតាមសម្លាប់ខ្ញុំវិញម្តង》។
ប្រភពដដែលបញ្ជាក់ទៀតថា មុនពេលធ្វើសកម្មភាពអ្នកបញ្ជា បានប្រាប់ និងសន្យាថាបើធ្វើកិច្ចការនេះជោគជ័យ រូបលោកនឹងរស់នៅដោយស្រួល។ ប៉ុន្តែក្រោយធ្វើសកម្មភាពរួចរាល់ ផ្ទុយស្រឡះពីការសន្យា តែបែរជាត្រូវគេតាមសម្លាប់បំបិតមាត់ទៅវិញ ហើយជនសង្ស័យរូបនេះ ក៏ដឹងច្បាស់ដែរថា បើលោកហ៊ានផ្តល់បទសម្ភាសន៍បែបនេះទៅហើយ គឺប្រាកដណាស់គ្មានវាសនានឹងរួចខ្លួនឡើយ។
របាយការណ៍នៃការស៊ើបអង្កេតនៃការិយាល័យ ប៉ូលីស FBI របស់អាមេរិក បានសម្ភាសន៍អ្នកឃើញការណ៍ផ្សេងៗគ្នា លើកឡើងថា នៅបន្ទាប់ពីជនអនាមិកធ្វើសកម្មរួច គេឃើញជនសង្ស័យមួយចំនួន រត់ចូលទៅក្នុងបន្ទាយអង្គរក្ស ដែលនៅក្បែរនឹងវត្តបទុមវតី ហើយអ្នកផ្សេងទៀត រត់ចូលផ្ទះមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា នៅក្បែរនោះដែរ។
របាយការណ៍បន្តថា ភ្លាមៗ ក្រោយកើតហេតុមានពលរដ្ឋមួយក្រុម ប្រឹងដេញតាមចាប់ជនសង្ស័យ តែត្រូវក្រុមនគរបាល ដែលគេដាក់ពង្រាយក្បែរទីតាំងនោះ បាញ់គំរាមសម្លុតពួកគេវិញ ក្នុងន័យជួយការពារជនសង្ស័យ។
មិនខុសគ្នាដែរ លោក ហ៊ុន សែន ដែលកាលណោះ ជាអតីតនាយករដ្ឋមន្រ្តីទី២ បែរជាអំពាវនាវឱ្យតាមចាប់ខ្លួន មេដឹកនាំបាតុកម្មទៅវិញ។
ចំណែក លោក គង់ សំរិទ្ធ ហៅអាប្រេស៊ីល ដែលបានចូលឆ្លើយសារភាព បាត់ដំណឹងសូន្យឈឹង មកទល់សព្វថ្ងៃ បន្ទាប់ពីបានបកអាក្រាតពីផែនការសម្លាប់មនុស្ស ដែលរៀបចំដោយលោក ហ៊ុន សែន នេះ៕